en     km
en     km

ស្រី​លង្កា​បើក​ដំណើរការ​សាងសង់​តំបន់​វិនិយោគ​របស់​ប្រទេស​ចិន​ ខណៈ​ជន​រង​គ្រោះ​ធ្វើការ​តវ៉ា​

Share

​ស្រី​លង្កា​ ៖​កាលពី​ថ្ងៃ​សៅរ៍​ទី​០៧​ ម្សិលមិញ​ ប៉ូ​លី​ស​ស្រី​លង្កា​បាន​បើក​ការ​បង្ក្រាប​ដោយ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​ និង​ទឹក​លើក​ក្រុម​បាតុករ​រាប់រយ​នាក់​ ដើម្បី​បំបែក​សកម្មភាព​គប់​ដុំ​ថ្ម​តវ៉ា​ប្រឆាំង​នឹង​គម្រោង​វិនិយោគ​មួយ​ ដែល​ជា​គម្រោង​របស់​ប្រទេស​ចិន​។​

សកម្មភាពបង្រ្កាបរបស់អាជ្ញាធរស្រីលង្កាមកលើក្រុមបាតុករ។រូបភាពពីAp
សកម្មភាពបង្រ្កាបរបស់អាជ្ញាធរស្រីលង្កាមកលើក្រុមបាតុករ។រូបភាពពីAp
បុគ្គលិក​នៃ​មន្ទីរពេទ្យ​មួយ​បានឱ្យ​ដឹង​ថា​ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ២១​ នាក់​បាន​រង​របួស​ក្នុង​ការ​តវ៉ា​នេះ​។​ ចំណែក​មន្ត្រី​ប៉ូលិស​បាន​បញ្ជាក់​ថា​ មាន​បាតុករ​ ៥២​ នាក់​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​។​

​ក្រុម​អ្នក​តវ៉ា​បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ ម៉ៃ​ទ្រី​ប៉ា​ឡា​ សេរី​សេនា​(Maithripala​ Sirisena)​ កំពុង​ព្យាយាម​បណ្តេញ​ប្រជាជន​រាប់​ពាន់​គ្រួសារ​ ដើម្បី​កាត់​យក​ដី​ប្រមាណ​ ៦០៧០​ ហិ​កតា​ ផ្តល់​ឱ្យ​គម្រោង​វិនិយោគ​របស់​ចិន​ធ្វើ​ជា​តំបន់ឧស្សាហកម្ម​។​

តំបន់​អភិវឌ្ឍន៍​នេះ​ គឺ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​ស្រុក​ ហាំ​បាន​តូ​តា​(Hambantota)​ ដែល​ចិន​បាន​សាងសង់​កំពង់​ផែ​ និង​ព្រ​លាន​យន្តហោះ​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១,៥​ ពាន់​លាន​ដុល្លារ​លាន​។​ ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​លោក​ប្រធានាធិបតី​ Sirisena​ លោក​ចង់​បង្កើន​ទឹកប្រាក់​ប្រមាណ​ ៥០​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ក្នុង​គម្រោង​អភិវឌ្ឍ​នេះ​ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ប្រទេស​។​

យ៉ាងណា​រដ្ឋាភិបាល​បាន​បដិសេធ​ការ​អះអាង​របស់​ក្រុម​បាតុករ​ និង​បាន​និយាយ​ថា​ ការ​តវ៉ា​នេះ​គឺ​មានការ​ជំរុញ​ពី​គណបក្សប្រឆាំង​របស់​អតីត​ប្រធានាធិបតី​ ម៉ា​ហិ​ដា​ រ៉ា​ចា​ប៉ាក់​សា​(Mahinda​ Rajapaksa)​ ដែល​នេះ​ជា​មហិច្ឆតា​នយោបាយ​មួយ​។​

លោក​ Rajapaksa​ ដែល​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​នយោបាយ​វិល​ត្រលប់​ក្រោយ​ បាន​រិះគន់​ផែនការ​នេះ​ជា​សាធារណៈ​ថា​ គម្រោង​នេះ​នឹង​ធ្វើ​ឱ្យ​មានការ​ដកហូត​ដី​កសិកម្ម​ពី​ប្រជាពលរដ្ឋ​។​

ក្នុង​ពិធី​បើក​នៃ​តំបន់​វិនិយោគ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ឯកអគ្គរដ្ឋទូត​ចិន​ លោក​ យ៉ី​ សៀន​ឡា​ង​(Yi​ Xianlang​ និយាយ​ថា​ ៖​ នេះ​គឺជា​ឱកាស​សម្រាប់​ប្រទេស​ចិន​ក្នុង​ការ​ជួយ​ប្រទេស​ផ្សេង​ទៀត​ដែល​ត្រូវការ​ការ​វិនិយោគ​»​។​ «​គ្មាន​កម្លាំង​ណា​អាច​បញ្ឈប់​កិច្ច​សហប្រតិបត្តិការ​រវាង​ ចិន​ និង​ស្រី​លង្កា​បាន​ឡើយ​»​។​

លោក​ សៀន​ឡា​ង​ បន្ត​ថា​ តំបន់​វិនិយោគ​នេះ​នឹង​ក្លាយជា​គម្រោង​សេដ្ឋកិច្ច​សំខាន់​បំផុត​របស់​រដ្ឋាភិបាល​ស្រី​លង្កា​ ហើយ​ប្រសិនបើ​អ្វី​គ្រប់យ៉ាង​ដំណើរការ​ទៅ​យ៉ាង​ល្អ​ នោះ​ប្រទេស​ចិន​នឹង​វិនិយោគ​ទឹកប្រាក់​ចំនួន​ ៥​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​បន្ថែម​ក្នុង​រយៈពេល​បី​ទៅ​ប្រាំ​ឆ្នាំ​បន្ទាប់​ទៀត​ ហើយ​ថា​ការ​វិនិយោគ​នេះ​នឹង​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ចំនួន​ ១​ សែន​នាក់​ផង​ដែរ​។​

រដ្ឋាភិបាល​លោក​ Sirisena​ បាន​ពិភាក្សា​រួច​ហើយ​នៅ​ដំណាក់កាល​ចុង​ក្រោយ​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​កំពង់​ផែ​ Holdings​ Ltd​ របស់​ចិន​ ដើម្បី​ធ្វើការ​អភិវឌ្ឍ​កំពង់​ផែ​ចិន​ដែល​បាន​សាងសង់​។​ រដ្ឋាភិបាល​ស្រី​លង្កា​ បាន​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ភាគហ៊ុន​ចំនួន​ ៨០​ ភាគរយ​នៅ​ក្នុង​កិច្ចសន្យា​រយៈពេល​ ៩៩​ ឆ្នាំ​ លើ​ទំហំ​ទឹកប្រាក់​ ១,១២​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​

ចំណាប់អារម្មណ៍​របស់​ចិន​នៅ​កំពង់​ផែ​នេះ​ អាច​ឆ្លុះ​បញ្ចាំង​ពី​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​កសាង​ "​ផ្លូវជំនួញ​សូត្រ​សមុទ្រ​"​ ដែល​សម្បូរ​ដោយ​ប្រេង កាត​នៅ​ម​ជ្ឈឹ​ម​ខាងកើត​ និង​តទៅ​កាន់​អឺរ៉ុប​ផង​ដែរ​។​

កំពង់​ផែ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មាន​ជំនួយ​ជា​ប្រាក់​កម្ចី​ និង​អ្នកម៉ៅការ​របស់​ចិន​ក្នុង​ឆ្នាំ​ ២០១០​ដែល​កាល​ណ្ណោះ​គឺ​ក្រោម​រដ្ឋបាល​លោក​ Rajapaksa​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​នេះ​ បន្ទាប់​ពី​ការ​បញ្ចប់សង្គ្រាម​ដែល​បាន​អូស​បន្លាយ​ប្រមាណ​២៦​ ឆ្នាំ​មក​ហើយ​នោះ​៕​ប្រភព​៖CNA

Share

Image
Image
Image