en     km
en     km

​ប្រទេស​ Gambia៖​ ជន​ផ្ដាច់​ការ ​Jammeh​ រៀបចំ​ជំរំ​ទ័ពព្រៃ​រួច​ហើយ​ ដើម្បី​ក្រាញ​អំណាច​ (មានសំឡេង)

Share

Gambia​៖ ល្បែង​នយោបាយ​ឆ្មា​ចាប់​កណ្ដុរ​នៅ​វគ្គ​ទី​៤​នេះ​ អស់លោក​ នឹង​បានដឹង​ពី​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ Gambia​ កាន់តែ​គ្រោះថ្នាក់​។​ កាន់តែ​គ្រោះថ្នាក់​ ដោយសារ​ជន​ផ្ដាច់​ការ​ចាញ់ឆ្នោត​ លោក​ Yahya​ Jammeh​ បាន​ទៅ​រៀបចំ​មូលដ្ឋានទ័ព​ឧទ្ទាម​របស់​លោក​រួច​ហើយ​ ដើម្បី​ទប់ទល​នឹង​ទ័ព​សហភាព​អាហ្វ្រិក​ ដឹកនាំ​ដោយ​ ប្រទេស​ហ្សេ​នេ​ហ្គា​ល់​ ខណៈ​មេទ័ព​ដែល​ពី​មុន​គាំទ្រ​លទ្ធផល​បោះ​ឆ្នោត​ គឺ​ពេល​នេះ​ លោក​ថា​ត្រូវ​ការពារ​ប្រទេស​កុំឱ្យ​មានការ​ឈ្លានពាន​ពី​ប្រទេស​ជិតខាង​។​

​នេះ​  គឺជា​រឿង​ភាគ​ ល្បែង​នយោបាយ​ឆ្មា​ចាប់​កណ្ដុរ​នៅ​ប្រទេស​តូច​មួយ​ នៅ​អាហ្វ្រិក​ ដែល​ជន​ផ្ដាច់​ការ​ Yahya​ Jammeh​ គឺ​ ជា​អ្នក​បង្កើត​ព្រឹត្តិការណ៍​នេះ​ឡើង​ ។​

​សូម​ស្ដាប់​ការ​ ប្រែ​សម្រួល​ រឿង​ល្បែង​ឆា្ម​ចាប់​កណ្ដុរ​នៅ​ Gambia​ ដែល​ជា​ភាគ​បន្ត​ ដោយ​រៀបរៀង​ដោយ​លោក​ នួន​ បូ​រិ​ន​  ដូច​តទៅ​៖

gambia5-1
លោក​ Yahya​ Jammeh

រឿង​ឆ្មា​ចាប់​កណ្ដុរ​ក្នុង​ខ្សែភាពយន្ត​គំនូរជីវចល​ មាន​តួអង្គ​២​សំខាន់​ គឺ​Tomy​ និង​Jerry​ ជា​រឿង​ភាគ​ពេញ​និយម​របស់​ កុមារ​ ។​ រឿង​នេះ​ កុមារ​មើល​សឹងតែ​មិន​ចង់​ស្ពាយ​កា​តាប​ទៅ​សាលារៀន​ រហូត​ម្ដាយ​ឪពុក​ ស្ដីបន្ទោស​ ទាញ​ រំពាត់​វាយ​ ។​

​ចំណែក​រឿង​ល្បែង​នយោបាយ​ ឆ្មា​ចាប់​កណ្ដុរ​ភាគ​ទី​៤​នៃ​ប្រទេស​ Gambia​ មានរឿង​ប្លែក​ជា​ច្រើន​កើតឡើង​ដែល​សុទ្ធតែ​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ ជីវិត​មនុស្ស​ សេចក្ដីសុខ​របស់​ប្រជាជន​និង​ល​ទិ្ធ​ប្រជាធិបតេយ្យ​។​

​រឿង​ភាគ​ទី​៤​នេះ​ យើង​ ចាប់ផ្ដើម​និយាយ​ពី​ លោក​ Jammeh​ រៀបចំ​មូលដ្ឋានទ័ព​ ការពារ​ខ្លួន​លោក​ នៅ​ពេល​ លោក​ត្រូវ​បាន​ទ័ព​សហភាព​អាហ្វ្រិក​ចូល​អន្តរាគមន៍​ដើម្បី​ បណ្ដេញ​លោក​ពី​អំណាច​។​

​ការ​រៀបចំ​មូលដ្ឋានទ័ព​ដើម្បី​បន្ត​ក្រាញ​អំណាច​

​សារព័ត៌មាន​មួយ​ឈ្មោះ​ថា​ Freedom​ News​ Paper​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​៥​មក​រា​នេះ​ថា​លោក​ Yahya​ Jammeh​ បាន​ទៅ​មើល​ជំរំ​ហ្វឹកហ្វឺន​ទ័ព​ពិសេស​មួយ​របស់​លោក​ នៅ​ភាគ​ខាងត្បូង​ប្រទេស​។​ សារព័ត៌មាន​នេះ​ ចុះ​ផ្សាយ​ថា​ ជំរំ​ទ័ព​នេះ​ គឺជា​មូលដ្ឋាន​សឹក​ធំ​មួយ​ ដើម្បី​ការពារ​ប្រទេស​ផង​ និង​ការពារ​ខ្លួន​លោក​និង​គ្រួសារ​ ប្រសិនបើ​ លោក​មិន​អាច​រស់នៅ​វិមាន​ប្រធានាធិបតី​នៅ​រដ្ឋធានី​ Banjul​ បាន​ទៀត​នោះ​។​ តាម​ប្រភព​ដដែល​ យ៉ាងតិច​ មេទ័ព​ ៣​រូប​ បាន​អមដំណើរ​លោក ​Jammeh ទៅ​កាន់​ មូលដ្ឋានទ័ព​ នៅ​ទីនោះ​។​ ជាមួយ​គ្នា​នេះ​  គេ​ឃើញ​ក្រុម​អង្គរក្ស​របស់​លោក​ Jammeh​ បាន​ប្រើប្រាស់​រថយន្ត​យោធា​ដែល​មានការ​បំពាក់​ដោយ​ កាំភ្លើងយន្ត​រួច​ហើយ​ ដោយ​បើក​ហ្វឹកហ្វឺន​ក្នុង​ជំរំ​នេះ​។​

​តាម​សេចក្ដីរាយការណ៍​ ទ័ព​ក្នុង​ជំរំ​នេះ​មាន​ ជិត​២០០០​នាក់​។​ មេទ័ព​ម្នាក់​ដែល​ជាប់​សាច់ឈាម​ជាមួយ​ Jammeh​ និយាយ​ប្រាប់​ Freedom​ Newspaper​ ថា​ លោក​ Jammeh​ ប្ដេជ្ញា​ថា​ លោក​ត្រូវ​តែ​ធ្វើសង្គ្រាម​ ដើម្បី​ប្រទេស​ និង​ប្រជាជន​របស់​លោក​ដោយ​មិន​បណ្ដោយ​ឱ្យ​ កងទ័ព​បរទេស​ ចូល​ប្រទេស​លោក​បាន​ឡើយ​។​ ប៉ុន្តែ​តាម​ប្រភព​ចារកម្ម​របស់​ប្រទេស​ហ្សេ​នេ​ហ្គា​ល់​  កងទ័ព​កំពុង​ហ្វឹកហ្វឺន​ក្នុង​ជំរំ​នោះ​ គឺ​ទា​ហ៊ាន​ ស៊ី​ឈ្លួ​ល​ មក​ពី​ប្រទេស​ Liberia,​ Sierra​ Leone,​ Mali,​ និង​កង​អង្គរក្ស​ របស់​លោក​។​

​កងទ័ព​សហភាព​អា​ហ្រិ្វ​ក​ត្រៀម​ចូល​អន្តរាគមន៍​ ឱ្យ​លោក​ Adama​ Barrow​ ឡើង​កាន់​តំណែង​

gambia5
កងទ័ព​សហភាព​អាហ្វ្រិក​ដឹកនាំ​ដោយ​ប្រទេស​ហ្សេ​ណេ​ហ្គា​ល់​ ត្រៀម​ចូល​អន្ដរា​គម​អោយ​លោក​ Adama​ Barrow​ ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ ១៨​មក​រា​ ប្រសិនបើ​លោក​ Jammeh​ មិន​ព្រម​ចាក​ចេញពី​វិមាន​ប្រធានាធិបតី​។​

​ប្រធាន​សហគមន៍​សេដ្ឋកិច្ច​អា​ហ្រិ្វ​ច​ខាងលិច​ (ECOWAS),​  លោក​ Marcel​ De​ Souza​ បានអោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ DW​ របស់​អា​ល្លឺ​មង់​ ដឹង​ថា​ កងទ័ព​សហភាព​អាហ្វ្រិក​ខាងលិច​ បាន​ត្រៀមខ្លួន​រួច​ទៅ​ហើយ​ ដើម្បី​ចូលលុក​លុយ​ប្រទេស​ហ្គាំ​ប៊ៀ​ នៅ​ថ្ងៃ​ទី​ ១៩​មក​រា​  ក្នុង​ករណី​ដែល​ លោក​ Adama​ Barrow​ បេក្ខជន​ឈ្នះ​ឆ្នោត​ ប្រធានាធិបតី​មិន​អាច​ចូល​កាន់​តំណែង​បាន​នោះ​ ។​

​លោក​បាន​បញ្ជាក់​ទៀត​ថា​ កងទ័ព​សហភាព​អាហ្វ្រិក​គាំទ្រ​ដោយ​សន្ដិសុខ​អង្គការសហប្រជាជាតិ​មាន​កាតព្វកិច្ច​ក្នុង​ករណី​នេះ​ ហើយ​ត្រូវ​តែ​បំពេញបេសកកម្ម​នេះ​ អោយ​មាន​ប្រសិទ្ធិ​ភាព​ ។​

​ប្រធាន​រៀបចំ​បោះ​ឆ្នោត​រត់ចោលស្រុក​និង​ការ​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​

​មុន​លោក​ទៅ​កាន់​ជំរំ​ទ័ពព្រៃ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ លោក​ Yahya​ Jammeh​ បាន​គំរាម​សម្លាប់​លោក​ Alieu​ Momar​ Njai​ ប្រធាន​រៀបចំ​ការ​បោះ​ឆ្នោត​រហូត​រត់ចោលស្រុក​ ហើយ​ក្រោយមក​ទៀត​លោក​បញ្ជា​ឱ្យ​កង​សន្តិសុខ​រដ្ឋ​ទៅ​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ចំនួន​៣​ ដែល​ធ្វើ​អត្ថាធិប្បាយ​ ពី​ការ​ដឹកនាំ​ប្រទេស​របស់​លោក​ពោរពេញ​ដោយ​ការ​រំលោភសិទ្ធិ​មនុស្ស​។​

​ប្រធាន​រៀបចំ​ការ​បោះ​ឆ្នោត​ រូប​នេះ​ បាន​ចេញ​មុខ​ប្រឆាំង​លោក​ Jammeh​ ដែល​បង្ក​អសន្តិសុខ​ នៅ​ពេល​ដឹង​ថា​ លោក​ ចាញ់ឆ្នោត​ មេ​បក្ស​ប្រឆាំង​ Adama​ Barrow​ នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​១​ធ្នូ​។​ ករណី​នេះ​លោក​ Momar​ Njai​ បាន​ប្ដឹង​លោក​Jammeh​ ទៅ​តុលាការ​កំពូល​។​

​តាម​សេចក្ដីរាយការណ៍​ ប្រធាន​រៀបចំ​បោះ​ឆ្នោត​ប្រទេស​នេះ​បាន​ភៀសខ្លួន​ទៅ​ក្រៅប្រទេស​បាត់​ហើយ​។​ ស្រប​ពេល​នេះ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ចំនួន​៣​ ដែល​ផ្សាយ​ព័ត៌មាន​អំពី​សិទ្ធិ​មនុស្ស​ និង​ល​ទិ្ធ​ប្រជាធិបតេយ្យ​ ត្រូវ​បាន​លោក​ Jammeh​ បញ្ជា​ឱ្យ​បិទ​ការ​ផ្សាយ​ទាំងស្រុង​ ដោយ​ចោទ​ថា​ ផ្សាយ​ព័ត៌មាន​បែប​បង្ក​អសន្តិសុខ​។​

gambia5-2
តុលាការ​កំពូល​នឹង​បើក​សវន​ការ​ ករណី​លទ្ធផល​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​១០​មក​រា​

​តាម​សេចក្ដីរាយការណ៍​ តុលាការ​កំពូល​ប្រទេស​នេះ​ នឹង​បើក​សវនាការ​លើ​បណ្ដឹង​លោក​ Jammeh​ ដែល​បាន​ប្ដឹង​សុំ​ទុកជា​មោឃៈ​ ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ថ្ងៃ​ទី​ ១​ធ្នូ​ ដែល​នាំ​អោយ​លោក​ចាញ់ឆ្នោត​។​

​ក្នុង​សំណុំរឿង​លទ្ធផល​បោះ​ឆ្នោត​នាំ​អោយ​មានការ​ព្រួយបារម្ភ​ថា​ តុលាការ​នេះ​ អាច​នឹង​លម្អៀង​ទៅ​រក​លោក​ Jammeh​ ដោយសារ​តែ​ធ្លាប់​រង​ឥទ្ធិពល​អំណាច​របស់​លោក​ Jammeh​។​ ចៅក្រម​របស់​តុលាការ​នេះ​ ត្រូវ​គេ​មើលឃើញ​ថា​ ជា​សមាសភាព​នៃ​បក្ស​កាន់​អំណាច​របស់​លោក​ Jammeh​។​

​តាម​សេចក្ដីរាយការណ៍​ក្នុង​ចំណោម​ ចៅក្រម​៩​រូប​ គឺ​ មាន​តែ​ ២​រូប​ប៉ុណ្ណោះ​ដែល​គេ​ដឹង​ថា​ ប្រកាន់​ចំហរ​ឯករាជ្យ​។​ តែ​បែប​នេះ​ក្ដី​ លោក​ Marcel​ De​ Souza​ ប្រធាន​សហគមន៍​សេដ្ឋកិច្ច​អា​ហ្រិ្វ​ច​ខាងលិច​ ព្រមាន​ថា​ ទោះបី​សេចក្ដីសម្រេច​របស់​តុលាការ​យ៉ាងណា​ក្ដី​ គឺ​ លោក​ Jammeh​ មិន​អាច​កាន់​អំណាច​បាន​ឡើយ​។​

​លោក​ Jammeh​ ថា​ អំណាច​របស់​លោក​បាន​មក​ពី​ការ​ប្រទាន​របស់​ព្រះ​ជា​ម្ចាស់​

​លោក​ Jammeh​ បាន​ឡើង​កាន់​អំណាច​នៅ​ឆ្នាំ​ ១៩៩៤​ តាម​រយៈ​នៃ​ការ​ធ្វើ​រដ្ឋប្រហារ​។​ប៉ុន្ដែ​ លោក​បាន​អនុញ្ញាត​ឲ្យ​មានការ​បោះ​ឆ្នោត​គ្រប់​អាណត្តិ​ទាំងអស់​។​

​ការ​បោះ​ឆ្នោត​ក្រោម​ការ​ចាត់ចែង​របស់​គណៈ​ក​ម្មា​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ ប្រទេស​នេះ​ កន្លង​មក​ត្រូវ​បាន​មើលឃើញ​ថា​ គ្រាន់តែ​ជា​រូបភាព​នៃ​ការ​បន្ដ​កាន់​អំណាច​របស់​លោក​ Jammeh​ តែ​ប៉ុណ្ណោះ​។​ ជា​ការ​ពិត​ការ​បោះ​ឆ្នោត​ពោរពេញ​ដោយ​ការ​បន្លំ​សន្លឹក​ឆ្នោត​ និង​ទិញ​ទឹកចិត្ត​អ្នកបោះឆ្នោត​។​ យ៉ាងនេះ​ក្ដី​ លោក​បាន​ហៅ​ការ​ឡើង​កាន់​អំណាច​របស់​លោក​បាន​មក​ពី​ការ​ប្រទាន​របស់​ព្រះ​អាឡោះ​ ។​លោក​ថា​ មាន​តែ​ព្រះ​អាឡោះ​អាច​ឃា​ឃាំង​លោក​មិន​អាច​បន្ដ​កាន់​អំណាច​បាន​ទៀត​៕​ប្រភព​:DW​

Share

Image
Image
Image