en     km
en     km

ជន​ផ្ដាច់​ការ​នៅ​ Gambia​ បញ្ជា​ឱ្យ​បិទ​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ចំនួន​៣​ទៀត​ព្រោះ​រិះគន់​លោក​

Share

Gambia​៖ ​យ៉ាង​ហោច​ណាស់​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ចំនួន​៣​ទៀត​ ត្រូវ​បាន​លោក​ប្រធានាធិបតី​ចាញ់ឆ្នោត​ Yahya​ Jammeh​ នៃ​ប្រទេស​ Gambia​ បាន​បញ្ជា​ឱ្យ​បិទ​ការ​ផ្សាយ​ជា​បន្ទាន់​នៅ​ថ្ងៃនេះ​ ដោយសារ​តែ​វិទ្យុ​ទាំងនោះ​ បាន​ធ្វើ​អត្ថាធិប្បាយ​នយោបាយ​ រិះគន់​ការ​ដឹកនាំ​របស់​លោក​។​

gambia-4
តាម​ទីភ្នាក់ងារសារព័ត៌មាន​រយ​ទ័​រ​ ស្ថានីយ​វិទ្យុ​ទាំងនោះ​រួម​មាន​ ៖​ Teranga​ FM​ ,​ The Hill​ FM​ និង​ Afri​ Radio​ ។​

​ស្ថានីយ​វិទ្យុ​ទាំង​បី​នេះ​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​ជា​បន្ដបន្ទាប់​គ្នា​ គឺ​ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​មន្ដ្រី​ព័ត៌មាន​របស់​រដ្ឋាភិបាល​រក​ឃើញ​ថា​ ស្ថានីយ​វិទ្យុ​ទាំងនេះ​ ផ្សាយ​ព័ត៌មាន​ញុះញង់​អោយ​ពលរដ្ឋ​ Gambia​ ប្រឆាំង​នឹង​លោក​ Yahya​ Jammeh​។​

​ប៉ុន្ដែ​អង្គការសិទ្ធិមនុស្ស​អន្ដរជាតិ​ និង​អង្គការ​ក្នុងស្រុក​របស់​ប្រទេស​នេះ​ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ថ្កោលទោស​ចំពោះ​វិធានការ​នេះ​ ដោយ​ចាត់​ទុក​ថា​ ជា​ការ​បំបិទ​សម្លេង​របស់​អ្នក​ឯករាជ្យ​ ។​

​លោក​ Yahya​ Jammeh​ ដែល​ជា​បេក្ខជន​ចាញ់ឆ្នោត​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃ​ទី​ ០១​ធ្នូ​ បាន​ប្រកាស​ថា​ លោក​មិន​ចុះ​ចេញពី​អំណាច​ដាច់ខាត​  លើកលែងតែ​តុលាការ​កំពូល​សម្រេចសេចក្ដី​ថា​លោក​ពិតជា​ចាញ់ឆ្នោត​មែន​នោះ​។​

​លោក​ Yahya​ Jammeh​ បាន​កាន់​អំណាច​រយៈពេល​ ២២​ឆ្នាំ​ ។

​លោក​បាន​កាន់​អំណាច​តាម​រយៈ​ការ​ធ្វើ​រដ្ឋប្រហារ​យោធា​នៅ​ឆ្នាំ​ ១៩៩៤​។​ ប៉ុន្ដែ​អំឡុង​រយៈពេល​ ២២​ឆ្នាំ​នេះ​ លោក​បាន​ឈ្នះ​ឆ្នោត​តាម​រយៈ​ការ​បោះ​ឆ្នោត​ ដែល​បក្ស​ប្រឆាំង​ចោទ​ថា​ ឈ្នះ​ឆ្នោត​ដោយ​ការ​បន្លំ​សន្លឹក​ឆ្នោត​។​

​យ៉ាងណា​ក៏​ដោយ​ បេក្ខជន​ឈ្នះ​ឆ្នោត​ Adama​ Barrow​ បាន​ព្រមាន​លោក​ Jammeh​ អោយ​ប្រុង​ប្រយ័ត្ន​ធ្លាក់ខ្លួន​ជា​មេដឹកនាំ​ទ័ព​ឧទ្ទាម​ បើ​លោក​មិន​ព្រម​ចាក​ចេញពី​អំណាច​មុន​ថ្ងៃ​ ១៨​មក​រា​ នោះ​។​

​ករណី​ដែល​លោក​ Yahya​ Jammeh​ មិន​ព្រម​ចុះ​ចេញពី​អំណាច​នោះ​ នាំ​អោយ​កងទ័ព​សហភាព​អាហ្វ្រិក​ព្រមាន​ថា​ នឹង​ចូល​អន្ដរាគមន៍​បណ្ដេញ​លោក​ចេញពី​អំណាច​៕

Share

Image
Image
Image