en     km
en     km

អតីត​អ្នក​បុរី​កីឡា​ដែល​សម្រុក​រស់នៅ​ទីតាំង​ចាស់​ តែ​ត្រូវ​សមត្ថកិច្ច​បណ្តេញចេញ​ជា​ថ្មី​(មានសំឡេង)

Share

ភ្នំពេញ ៖ ​អតីត​ពលរដ្ឋ​បុរី​កីឡា​ប្រមាណ​ ៤០​ គ្រួសារ​ នៅ​ថ្ងៃ​ទី​០៣​ មក​រា​ នេះ​ បាន​មក​ជួបជុំ​គ្នា​និង​សម្រុក​ឡើង​ទៅ​រស់នៅ​លើ​អាគារ​បុរី​កីឡា​ចាស់​វិញ​ ដោយ​អះអាង​ថា​ នឹង​មិន​ត្រឡប់​ទៅ​រស់នៅ​ភ្នំ​បាត​វិញ​។​ ពួក​គាត់​ថា​ ការ​រស់នៅ​ទីនោះ​ ពលរដ្ឋ​រង​ទុក្ខវេទនា​ខ្លាំង​ណាស់​ ហើយ​ចាប់ តាំងពី​ឆ្នាំ​២០១២​មក​ ពលរដ្ឋ​ ១៣​ នាក់​បាន​ស្លាប់​ដោយសារ​ខ្វះ​អាហារ​ទទួលទាន​។​

​កត្តា​ដែល​បង្ក​ឱ្យ​មាន​ភាព​ស្មុ​ក​ស្មាញ​ និង​កើតហេតុ​ការណ៍​តវ៉ា​ជា​បន្តបន្ទាប់​ដូ​នេះ​ ក៏​ព្រោះតែ​ភាគី​ក្រុមហ៊ុន​មិន​បាន​គោរព​តាម​កិច្ចសន្យា​របស់​ខ្លួន​ ដែល​សន្យា​សង់​អគារ​ជូន​ពលរដ្ឋ​ចំនួន​ ១០​ អាគារ​ តែ​ជាក់ស្តែង​បាន​តែ​ ៨​អាគារ​តែ​ប៉ុណ្ណោះ​។​ យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​មិន​ឱ្យ​ស្នាក់​នៅឡើយ​។

 

អតីតពលរដ្ឋបុរីកីឡាធ្វើការតវ៉ាសុំសំណងជាថ្មី។រូបភាពwmc
អតីតពលរដ្ឋបុរីកីឡាធ្វើការតវ៉ាសុំសំណងជាថ្មី។រូបភាពwmc
ការ​លើក​ឡើង​របស់​អតីត​អ្នក​ភូមិ​បុរី​កីឡា​ ដែល​ត្រូវ​បាន​បណ្តេញចេញ​ទាំង​បង្ខំ​ឱ្យទៅ​រស់នៅ​ភ្នំ​បាត​ ស្រុក​ឧត្ដុង្គ​កាលពី​៤​ឆ្នាំ​មុន​នេះ​ធ្វើ​ឡើង​នៅ​គ្រា​ ពួក​គាត់​សម្រុក​ឡើង​លើ​ផ្ទះ​ចាស់​ពួក​គាត់​វិញ​ កាលពី​ព្រឹក​មិ​ញ​នេះ​ ។​ ពួក​គាត់​បាន​ប្ដេជ្ញា​ថា​មិន​ត្រឡប់​ទៅ​រស់នៅ​ភ្នំ​បាត​វិញ​នោះ​ទេ​ បើ​ទោះបីជា​ត្រូវ​បណ្តេញចេញ​ក៏​ដោយ​។​

​អ្នកស្រី​ ខៀវ​ ឡៃ​ តំណាង​ពលរដ្ឋ​លើក​ឡើង​ថា​ ពល​ពួក​គាត់​១៤០​ គ្រួសារ​នឹង​លើកគ្នា​មក​រស់នៅ​តំបន់​បុរី​កីឡា​ថែម​ទៀត​។​ អ្នកស្រី​បន្ត​ថា​ ការ​ដែល​ពលរដ្ឋ​សម្រេច​មក​រស់នៅ​បុរី​កីឡា​វិញ​នេះ​ ក៏​ព្រោះតែ​ពលរដ្ឋ​មិន​អាច​ទ្រាំ​រស់នៅ​ជើងភ្នំ​បាត​ បាន​ទៀត​ទេ​ ។​ តាម​ការ​បញ្ជាក់​របស់​អ្នកស្រី​ ខៀវ​ ឡៃ​ គឺ​ទីនោះ​មិន​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹមត្រូវ​ គ្មាន​មន្ទីរពេទ្យ​ គ្មាន​អគ្គី​ស​នី​ គ្មាន​ដីស្រែ​ចំការ​សម្រាប់​បង្កបង្កើន​ផល​ ចំណែក​សាលារៀន​ និង​ប្រភព​ទឹក​ក៏​នៅ​ឆ្ងាយ​ថែម​ទៀត​។​

​អ្នកស្រី​ឱ្យ​ដឹង​ទៀត​ថា​ មក​ដល់​ពេល​នេះ​ពលរដ្ឋ​អតីត​បុរី​កីឡា​ដែល​រស់នៅ​ភ្នំ​បាត​ បាន​ស្លាប់​ ១៣​ នាក់​ហើយដោយ​កង្វះ​អាហារ​បរិភោគ​។​ ​អ្នកស្រី​ ខៀវ​ ឡៃ​៖«​ខ្ញុំ​ស្តាប់​បាន​ហើយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថា​មិន​ឱ្យ​ពលរដ្ឋ​ណា​ស្លាប់​ដោយ​អត់បាយ​ តែ​ឥឡូវនេះ​ពួក​ខ្ញុំ​ ១៣​ នាក់​ហើយ​ស្លាប់​ដោយ​អត់បាយ​ អត់​មាន​លុយ​មើល​ ជំងឺ​អត់​មាន​លុយ​ជិះ​កង់​បី​ទៅ​ព្យា​ល​ជំងឺ​ សូម​រដ្ឋាភិបាល​ដែល​ឃើញ​ហើយ​ លឺ​ហើយ​សូម​ជួយ​ដោះ ស្រាយ​សំណង​បន្ថែម​ផង​ ខ្ញុំ​គ្មាន​ចង់បាន​អ្វី​ទៀត​ទេ​គឺ​ចង់បាន​សំណង​បន្ថែម​តេ​ប៉ុណ្ណោះ​»​។​

អ្នកស្រី ខៀវ ឡៃ តំណាង ពលរដ្ឋអតីតបុរីកីឡាុ។រូបពីWMC(ថតដោយ កែវ សុខា)
អ្នកស្រី ខៀវ ឡៃ តំណាង ពលរដ្ឋអតីតបុរីកីឡាុ។រូបពីWMC(ថតដោយ កែវ សុខា)
បន្ទាប់​ពី​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​រួច​ ពលរដ្ឋ​ក៏​សម្រុក​ឡើង​ទៅ​លើក​អគារ​បុរី​ឡា​នោះ​តែ​ម្តង​។​ អ្នកខ្លះ​បាន​ស្ពាយ​បង្វិច​សំលៀក​បំពាក់​ មាន​ទាំង​ចានឆ្នាំង​ផង​ ឡើង​ទៅ​លើ​អាគារ​ ហើយ​បាន​រៀបចំ​បោសសំអាត​ទីតាំង​នោះ​ដើម្បី​រស់នៅ​ ដោយ​រំពឹង​ថា​ អាគារ​ចាស់​នេះ​នឹង​អាច​រំដោះ​ជីវិត​ពួក​គាត់​ពី​ភាព​អត់ឃ្លាន​បាន​។​

​តែ​យ៉ាងណា​ ក្តី​សង្ឃឹម​នេះ​ បាន​រលាយ​សាបសូន្យ​វិញ​ក្នុង​ពេល​តែ​ប៉ុន្មាន​នាទី​តែ​ប៉ុណ្ណោះ​ បន្ទាប់​ពី​សមត្ថកិច្ច​ ខណ្ឌ​ ៧​ មក​រា​ បាន​លើកគ្នា​មក​បណ្តាញ​ពលរដ្ឋ​ពីលើ​អាគារ​នោះ​វិញ​ ដោយ​បាន​ទាញ​យក​សម្ភារៈ​របស់​របប​របស់​ពលរដ្ឋ​ចេញ​ពីលើ​អាគារ​។​ អាជ្ញាធរ​អះអាង​ ថា​ ពលរដ្ឋ​មក​រស់នៅ​លើ​អាគារ​នេះ​គឺ​គ្មាន​ការ​អនុញ្ញាត​ ហើយ​សកម្ម​បែប​នេះ​ជា​ទ​ង្វើ​ខុសច្បាប់​។

សកម្មភាពចាប់ពលរដ្ឋបណ្តេញចេញពីលើអាគារបុរីកីឡា។រូបភាពពីWMC(កែវ សុខា)
សកម្មភាពចាប់ពលរដ្ឋបណ្តេញចេញពីលើអាគារបុរីកីឡា។រូបភាពពីWMC(កែវ សុខា)
​ចៅសង្កាត់​វាលវង់​ ខ័​ណ្ឌ​៧​ មក​រា​ អ្នកស្រី​ កែវ​ សាកល​ ដែល​បាន​ចុះ​ពិនិត្យ​ហេតុការណ៍​នេះ​និយាយ​ថា​ ការ​ដែល​ប្រជាពលរដ្ឋ​សម្រុក​ឡើង​មក​រស់នៅ​លើក​អាគារ​ទាំង​មិន​ទាន់​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ ដែនដី​បែប​នេះ​ គឺ​មិន​សមរម្យ​នោះ​ទេ​។​

ចៅសង្កាត់​រូប​នេះ​ និយាយ​ថា​ការ​ទាមទារ​រស់នៅ​លើ​អាគារ​ក្នុង​តំបន់​បុរី​កីឡា​នេះ​ គឺ​មិន​អាច​ទៅ​រួច​ន​នោះ​ទេ​ ព្រោះ​ប្រជាពលរដ្ឋ​ បាន​យល់ព្រម​ទទួល​សំណង​ជា​ថ្នូរ​នឹង​ការ​ព្រម​ចាកចេញ​រួម​ហើយ​។​ ​អ្នកស្រី​ កែវ​ សាកល​៖«​ចង់​និយាយ​ថា​ កាល​យើង​ទៅ​ភ្នំ​បាត​គេ​ឱ្យ​យើង​ទៅ​ យើង​ស្ម័គ្រចិត្ត​ទៅ​ហើយ​ ហើយ​ឥឡូវនេះ​យើង​មក​ចិត្ត​ឯង​ ដូច្នេះ​វា​ប៉ះពាល់​ដល់​អាជ្ញាធរ​។​ ចាស​ប្រសិនជា​យើង​ចង់​ស្នើ​សូម​ទៅ​សាលា​រាជធានី​អី​វា​ ត្រឹមត្រូវ​ជាង​ តែបើ​យើង​មក​អ​ញ្ចឹ​ង​វា​មិន​ត្រឹមត្រូវ​ទេ​»​។​

ចៅសង្កាត់វាលវង់ ខ័ណ្ឌ៧ មករា អ្នកស្រី កែវ សាកល ។រូបភាពពីWMC(កែវ សុខា)
ចៅសង្កាត់វាលវង់ ខ័ណ្ឌ៧ មករា អ្នកស្រី កែវ សាកល ។រូបភាពពីWMC(កែវ សុខា)
តែ​បែប​នេះ​ក្ដី​ ពលរដ្ឋ​មក​ពី​ភ្នំ​បាត​ នៅ​តែ​ប្ដេជ្ញា​រស់នៅ​ផ្ទះ​ចាស់​របស់​ពួក​គេ​វិញ​។​

​អ្នកស្រី​ តឹង​ វិច្ឆិកា​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​ទាំងនោះ​ និយាយ​ថា​ ពលរដ្ឋ​នឹង​ទាំ​រស់នៅ​តាម​សំយាបផ្ទះ​ពលរដ្ឋ​ក្នុង​តំបន់​បុរី​កីឡា​នេះ​។​ តែ​ជាមួយ​គ្នា​នេះ​អ្នកស្រី​អះអាង​ថា​ ពលរដ្ឋ​នឹង​ត្រឡប់​ទៅ​រស់នៅ​ភ្នំ​បាត​វិញ​ប្រ​សិន​មាន​សំណង​បន្ថែម​។​ ​អ្នកស្រី​ តឹង​ វិច្ឆិកា​៖«​ប្រ​សិន​ទៅ​នៅ​ភូមិ​អណ្តូង​ខ្ញុំ​ទារ​ ៥​ពាន់​ដុល្លារ​ បើ​នៅ​ភូមិ​ភ្នំ​បាត​វិញ​ខ្ញុំ​ទារ​ ១​ម៉ឺន​ដុល្លារ​ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​ជា​បន្ទន់​ បើ​អ​ញ្ចឹ​ង​ពួក​ខ្ញុំ​នឹង​ធ្វើ​តង់​នៅ​ទី​នេះ​ជា​បន្តបន្ទាប់​គ្នា​ឱ្យ​គ្រប់​១៤០​គ្រួសារ​»​។​

​លោក​ អំ​ សំអាត​ មន្ត្រីជាន់ខ្ពស់​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​លី​កាដូ​ដែល​ឈរ​មើល​សកម្មភាព​របស់​ពលរដ្ឋ​ បាន​ លើក​ឡើង​ថា​ តាម​គោលការណ៍​នៃ​ការ​អភិវឌ្ឍ​ គឺ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​មាន​ភាព​រីក​ចំរើន​ តែ​ប្រ​សិន​ពលរដ្ឋ​ជួប​បញ្ហា​លំបាក​ពី​ការ​អភិវឌ្ឍ​ នោះ​រដ្ឋាភិបាល​ និង​ ក្រុមហ៊ុន​ត្រូវ​ទទួលខុសត្រូវ​ជួយ​ដោះស្រាយ​។​ ​លោក​ អំ​ សំអាត​៖«​គោលការណ៍​នៃ​ការ​អភិវឌ្ឍន៍​ គឺ​គេ​អភិវឌ្ឍន៍​ដើម្បី​ឱ្យ​រីក​ចំរើន​ប្រទេស​ជាតិ​ តែ​កត្តា​អភិវឌ្ឍ​ធំ​បំផុត​នោះ​គឺ​អភិវឌ្ឍ​ឱ្យ​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​មាន​ភាពល្អ​ប្រសើរ​ គេ​មិនមែន​អភិវឌ្ឍ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រីក្រ​នោះ​ទេ​ ហេតុ​ដូច្នេះ​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ត្រូវ​ពិនិត្យ​ និង​ពិចារណា​ដោះស្រាយ​ជូន​ពលរដ្ឋ​»​។​

លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ។រូបភាពពីWMC(កែវ សុខា)
លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូ។រូបភាពពីWMC(កែវ សុខា)
​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ ពលរដ្ឋ​ដែល​មក​រស់នៅ​តំបន់​បុរី​កីឡា​ជា​ថ្មី​នេះ​ អះអាង​ថា​ ប្រ​សិន​មិន​មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ​នោះ​ទេ​ គឺ​ពួក​គាត់​នឹង​បើក​យុទ្ធនាការ​ចេញ​ដើរ​សូមទាន​តាម​ស្ថាប័ន​រដ្ឋាភិបាល​ធំៗ​មួយ​ចំនួន​ ដើម្បី​បង្ហាញ​ពី​ទុក្ខវេទនា​ ក្នុង​ការ​រស់នៅ​ពុំ​មានការ​ជួយ​ពី​រដ្ឋា ភិបាល​ ។

​សូម​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​៣​ ខែមករា​ ឆ្នាំ​ពី​២០១២​ ពលរដ្ឋ​រស់នៅ​តំបន់​បុរី​កីឡា​មួយ​ចំនួន​ត្រូវ​អាជ្ញាធរ​ និង​ក្រុមហ៊ុន​ ផា​ន​អ៊ី​ម៉ិច​ បណ្ដេញ​ចេញពី​លំនៅ​ឋាន​ដើម្បី​យក​ទីតាំង​ធ្វើការ​អភិវឌ្ឍ​។​ អតីត​អ្នក​បុរី​កីឡា​ ចំនួន​ ១៤០​គ្រួសារ​ ត្រូវ​បាន​អាជ្ញាធរ​បញ្ជូន​ទៅ​នៅ​តំបន់​ភ្នំ​បាត​ ស្ថិត​នៅ​ភូមិ​ស្រះ​ពោធិ៍​ ឃុំ​ផ្សារ​ដែក​ ស្រុក​ពញាឮ​ ខេត្តកណ្ដាល​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​ ៤០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​ និង​ខ្លះ​ត្រូវ​យក​ទៅ​ដាក់​នៅ​ឯ​ទួល​សំបូរ​ ក្នុង​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​៕​

Share

Image
Image
Image