en     km
en     km

រដ្ឋមន្ត្រី​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ជួសជុល​ផ្លូវ​ដែល​ខូច​មិន​ត្រូវ​រង់ចាំ​កា​រិះគន់​(មានសំឡេង)

Share

ភ្នំពេញ ៖ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ដល់​មន្ត្រី​ក្រោម​ឱវាទ​របស់​ខ្លួន​ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​ការ​ជួសជុល​ផ្លូវ​ គឺ​ត្រូវ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ម៉ត់ចត់​ ដោយ​មិន​ត្រូវធ្វើ​មិនដឹង​មិន​ឭ​ ករណី​នេះ​ទេ​។​
​ការ​ថ្លែង​នេះ​ធ្វើ​ទ្បើ​ង​ក្នុង​ពិធី​បើក​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦​ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧​ ព្រឹក​ថ្ងៃ​ទី​២៨​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​។​

 

ផ្លូវថ្នល់ខូចខាតនៅក្នុងសង្កាត់មួយក្នុងរាជធានីភ្នំពេញ។
ផ្លូវថ្នល់ខូចខាតនៅក្នុងសង្កាត់មួយក្នុងរាជធានីភ្នំពេញ។
បញ្ហា​ផ្លូវថ្នល់​ជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​រិះគន់​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ ពី​បញ្ហា​ផ្លូវ​ខូច​ និង​ការ​កកស្ទះ​ចរាច​ណ៍​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​ ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​ ករណី​នេះ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ ស៊ុន​ ចាន់​ថុ​ល​ ទទួលស្គាល់​ថា​ បញ្ហា​ផ្លូវថ្នល់​ពិតជា​ក្តី​កង្វល់​របស់​ប្រជាពលរដ្ឋ​។

​ទន្ទឹម​នឹង​រឿង​នេះ​ លោក​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ មាន​ប្រសាសន៍​ថា​លោក​លែង​ទទួល​ការ​លើក​ទ្បើ​ង​របស់​ប្រ ជាពលរដ្ឋ​និង​ ការ​រិៈ​គន់​ថា​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ធ្វើ​ផ្លូវ​ជាប់​រហូត​ទៀត​ហើយ​ តែ​ក្រសួង​ត្រូវធ្វើ​ផ្លូវ​ឱ្យ​បាន​រឹង​មាំ​តាម​លក្ខណៈ​បច្ចេក ទេស​ត្រឹមត្រូវ​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​។​

លោក​រដ្ឋមន្ត្រី​បាន​លើក​ទ្បើ​ង​ដែរ​ថា​ ផ្លូវ​ដែល​មាន​គ្រលុក​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ មិន​ទាន់​ឃើញ​មានការ​គូស​ គំនូស​ថ្នាំ​ស​ដើម្បី​បង្ហាញ​ថា​ នឹង​ជួសជុល​ផ្លូវ​នៅ​ទ្បើ​យ​ទេ​។​ ករណី​នេះ​លោក​បាន​ ផ្តល់​ឱវាទ​មន្ត្រី​របស់​លោក​ត្រូវ​ពង្រឹង​ការ​យកចិត្ត ទុកដាក់​ទ្បើ​ង​វិញ​ ក្នុង​ការ​ជួសជុល​ផ្លូវ​ឱ្យ​បាន​ល្អ​ ជៀសវាង​ទទួល​ការ​រង​កា​រិះគន់​ពី​នាយក​រដ្ឋមន្ត្រី​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ម្តង​ហើយ​ម្តងទៀត​។​ លោក​ស៊ុន​ ចាន់​ថុ​ល​៖​ «​យើង​ជា​សេនាធិកា​របស់​រាជរដ្ឋាភិបាល​ របស់​សម្តេច​នាយក​ត្រូវ​បើកភ្នែក​មើលផ្លូវ​ហ្នឹងឯង​បើ​ឃើញ​សំបុកមាន់​យក​អា​ថ្នាំ​ហ្នឹង​គូស​ទៅ​ដាក់​ថ្ងៃ​ទៅ​យ៉ាងតិច​បើ​មិន​ទាន់​បាន​ជួសជុល​ប្រជាពលរដ្ឋ​ក៏​ថា​អូ​គេ​មាន​ភ្នែក​គេ​មើលឃើញ​ដែរ​អាហ្នឹង​សំខាន់​ណាស់ណា​ដោយសារ​អត់​បាន​ហ្នឹងហើយ​បាន​គេ​ថា​យើង​អត់​ព្រម​មើល​អា​សំបុកមាន់​ ហើយ​សូម​មន្ទីរ​ចាប់ផ្តើម​ថ្ងៃ​០១​ ពី​ខែ​០១​ ២០១៧​ សូម​គូស​អា​សំបុកមាន់​ឱ្យ​បាន​ គូស​ព័ណ៌​ស​គ្រប់​សំបុកមាន់​ទាំងអស់​អានេះ​និយាយ​គ្នា​ឱ្យ​ហើយ​ម្តងនេះ​»។​

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។រូបភាពពីWMC (សារ៉េត)
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។រូបភាពពីWMC (សារ៉េត)
ទាក់ទង​និង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​លោក​ សន​ ជ័យ​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ នេះ​ថា​ លោក​សាទរ​ ប៉ុន្តែ​លោក​ថា​ មិនមែន​មាន​តែ​ផ្លូវ​ខូចខាត​នោះ​ទេ​ តែ​សូ​ម្បី​ស្លាក​សញ្ញា​ចរាចរណ៍​តាម​ផ្លូវ​ក៏​នៅ​មាន​កម្រិត​ផង​ដែរ​។​ បញ្ហា​នេះ​លោក​ថា​ ក៏​ត្រូវ​មាន​វិធានការ​អនុវត្ត​ឱ្យ​បាន​ប្រសើរ​ផង​ដែរ​។​

លោក​ សន​ ជ័យ​ បន្ត​ថា​ បញ្ហា​ដែល​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម​របស់​ក្រសួង​សាមី​អសកម្ម​ក្នុង​ការ​ចូលរួម​អនុវត្ត​តួនាទី​របស់​ពួក​គេ​ អាច​បណ្តាល​មក​ពី​ការ​បែងចែក​ធនធាន​ថវិកា​ពី​ថ្នាក់​ជាតិ​ទៅ​ដល់​ថ្នាក់​ក្រោម​នៅ​មាន​កម្រិត​ ហើយ​ទី​ពីរ​ អាច​បណ្តាល​មក​ពី​មន្ត្រី​ទាំងនោះ​ពិតជា​មាន​ភាព​អសកម្ម​ក្នុង​ការ​អនុវត្ត​តួនាទី​របស់​ពួក​គេ​ពិតមែន​ ទើប​ធ្វើ​ឱ្យ​មានការ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយ​តប​ពី​បញ្ហា​ផ្លូវថ្នល់​។​  លោក​ សន​ ជ័យ​ ៖«​ទី​០១​ការ​បើកចំហ​នៃ​ដំណើរការ​លទ្ធកម្ម​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ក្តី​ការ​ដាក់​បណ្តាញ​លូ​ក្តី​ត្រូវ​តែ​បើកចំហរ​ ទី​០២​ គឺ​បើក​ទូលាយ​ឬ​ក៏​បើកចំហរ​បង្កើត​ឱ្យ​មាន​យន្តការ​តាមដាន​ពី​តួអង្គ​ពាក់ព័ន្ធ​ដូច​ជា​សង្គម​ស៊ី​វិល​ ប្រជាពលរដ្ឋ​នៅ​តំបន់​ដែល​មានការ​កសាង​  ហេ​ដ្ឋា​រចនា​សម្ព័​ន្ថ​ហ្នឹង​ធ្វើ​ម៉េច​បើកចំហរ​ឱ្យ​មានការ​ចូលរួម​តាមដាន​ ទី​០៣​ គឺ​ក្រៅពី​ទទួល​បាន​ព័ត៌មាន​នៅ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ហ្នឹង​ក្រសួង​ត្រូវ​តែ​ចាំបាច់​ផ្សព្វផ្សាយ​នូវ​កិច្ចសន្យា​នៃ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នោះ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ដើម្បី​ឱ្យ​មហាជន​បានដឹង​»​។​

​តាម​របាយការណ៍​សង្ខេប​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​ ២០១៦​ និង​ទិ​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​ ២០១៧​ របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ គម្រោង​ការងារ​ជា​ប្រចាំ​ និង​ការងារ​ជួសជុល​ផ្លូវ​ សម្រាប់​ឆ្នាំ​ ២០១៦​ ផ្លូវជាតិ​ ផ្លូវ​ខេត្ត​ និង​ផ្លូវ​ក្នុងស្រុក​ ក្រាល​កៅស៊ូ​គ្រប់​ប្រភេទ​ប្រវែង​ ៥.៩១២,៥០​ គ​.​ម​ និង​ផ្លូវ​ក្រួស​ក្រហម​ប្រវែង​ ២.៤៦៧,៩៧​ គ​.​ម​ ដោយ​សម្រេច​បាន​ ៧៧,៨៦%​ បើ​ធៀប​ទៅ​នឹង​ការងារ​ថែទាំ​ជា​ប្រចាំ​សំរាប់​ឆ្នាំ​២០១៥៕​

Share

Image
Image
Image