ភ្នំពេញ៖ មាត្រា៥១នៃរដ្ឋធម្មធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា កម្ពុជាជាប្រទេសដែល អនុវត្តនយោបាយបែបប្រជាធិបតេយ្យសេរីពហុបក្ស។ រីឯប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិ ហើយអំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ។ចុះបើនាយករដ្ឋមន្ដ្រីប្រកាសក្ដែងៗថា លោកនឹងគ្រប់គ្រងអំណាចជានាយករដ្ឋមន្ដ្រី រហូតដល់លោកអាយុ ៩៩ឆ្នាំ តើអាចទៅរួចដែលទេ ?
សារនយោបាយថ្មីមួយទៀតរបស់ សម្ដេច ហ៊ុន សែន ដែលលោកបានប្រកាស ប្រាប់ មហាជន គឺ លោកបានបញ្ជាក់ថា លោកនឹងធ្វើនាយករដ្ឋមន្ដ្រីរហូត បើលោកមានអាយុ៩៩ឆ្នាំ ហើយបើលោកមិនទាន់ស្លាប់ កុំទាន់សង្ឃឹម ហើយក៏កុំទាន់គំរាម បើលោកឈរនៅទីនេះ កុំសង្ឃឹមអោយសោះ។
ការថ្លែងរបស់សម្ដេច ហ៊ុន សែន ដូចនេះ ធ្វើឡើងនៅក្នុងពិធីបុណ្យសមុទ្រ កាលពីថ្ងៃសៅរ៍ ទី២៤ ធ្នូ ឆ្នាំ២០១៦នៅឯខេត្តព្រះសីហនុ។ តែអ្វីដែលនាយករដ្ឋមន្ត្រីកាន់អំណាចជាង៣០ឆ្នាំមកនេះ បានអះអាងថាលោកនឹងមានអាយុ៩៩ឆ្នាំ គឺតាមការទស្សន៍ទាយរបស់ហោរាសាស្ត្រ។ នៅក្នុងពិធីនោះ សម្ដេច ហ៊ុន សែន បានថ្លែងថា៖«ក៏ប៉ុន្ដែតាមទំនាយខ្ញុំមានអាយុដល់៩៩ឆ្នាំឯណ៎ះ ចឹងទេមានន័យថា ខ្ញុំនៅជិត៤០ឆ្នាំទៀតណ៎ះ មិនទាន់ងាប់ងាយៗទេ ហើយអ្នកដែលចង់ទទួលតំណែងពី ហ៊ុន សែន នឹងកុំអាលសង្ឃឹម កុំអាលគំរាម បើ ហ៊ុន សែន ឈរនៅទីនេះ កុំសង្ឃឹម សូមប្រាប់ទៅវិញ…»។
ប្រសាសន៍ របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដូចនេះ អាចជាសារថ្មីមួយទៀត ដែលប្រមុខបក្សកាន់អំណាចរូបនេះ ធ្លាប់តែ ព្រមានថាបើគណបក្សប្រជាជនកម្ពុជាចាញ់ឆ្នោតនឹងមានសង្គ្រាម។ តែពេលនេះ ស្រាប់តែ ប្រើសារថា កាន់អំណាចបានរហូត បើ មានជីវិតដល់អាយុ៩៩ឆ្នាំដែលខ្វះតែមួយឆ្នាំគឺ ១០០ឆ្នាំ។
បើតាម រដ្ឋធម្មនុញ្ញ កម្ពុជា ត្រូវប្រកាន់គោលនយោបាយសេរីពហុបក្ស គឺមានន័យថា បើបក្សណា ចាញ់ឆ្នោត គឺអស់អំណាចហើយ ត្រូវផ្ទេរអំណាចទៅឱ្យបក្សដែលឈ្នះឆ្នោត។
លោក គឹម សុខ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងនយោបាយ យល់ឃើញថា សាររបស់សម្ដេច ហ៊ុន សែន គ្រាន់ជាការភ័យខ្លាចមួយ ចំពោះលទ្ធផលបោះឆ្នោតនៅពេលខាងមុខ តែប៉ុណ្ណោះ។ លោក ព្យាករណ៍ថា ការបោះឆ្នោតឆ្នាំ២០១៨ ទំនងបក្សប្រជាជនកម្ពុជា បន្តធ្លាក់សន្លឹកឆ្នោតទៀត។
លោក គឹម សុខ ៖«គាត់ភ័យខ្លាចបំផុតនៅមុនការបោះឆ្នោតឃុំសង្កាត់នេះ គឺ ការផ្លាស់ប្ដូរក្រុមប្រឹក្សាឃុំសង្កាត់មួយចំនួនធំ ហើយការផ្លាស់ប្ដូរក្រុមប្រឹក្សាឃុំសង្កាត់បើសិនជាគណបក្សដែលមានអាសនៈច្រើននៅក្រុមប្រឹក្សាឃុំសង្កាត់ ជា គណបក្សប្រឆាំង ដូច្នេះគេទៅគ្រប់គ្រងព្រឹទ្ធសភា បើទៅគ្រប់គ្រងព្រឹទ្ធសភា បានន័យថា សភា មានតុល្យភាពអំណាចហើយ គណបក្សកាន់អំណាចទៅគ្រប់គ្រងរដ្ឋសភា គណបក្សប្រឆាំងគ្រប់គ្រងព្រឹទ្ធសភា នៅពេលនោះវានឹងប៉ះពាល់ទៅដល់ការស្រមៃអំណាចរបស់គាត់នៅឆ្នាំ២០១៨»។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្រី្តកាលពីថ្មីៗនេះ លោក សម រង្ស៊ី បានសម្ដែងការសង្ឃឹមថា គណបក្សសង្គ្រោះជាតិ ពិតនឹងឈ្នះឆ្នោត ព្រោះការចុះឈ្មោះបោះឆ្នោតលើកនេះនាំអោយមានភាពសុក្រឹត្យ តម្លាភាព និងយុត្ដិធម៌។
ករណីនេះ មេបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសសង្ឃឹមថា គណបក្សរបស់លោកនឹងឈ្នះឆ្នោតឆ្នាំ២០១៨ ព្រោះគណបក្សកាន់អំណាចមិនអាចបន្លំសន្លឹកឆ្នោតបានទេ។ ជាមួយគ្នានេះ លោក សម រង្ស៊ី បានព្រមានថា បើបក្សកាន់អំណាចមិនផ្ទេរអំណាចដោយសន្ដិវិធី គឺ បក្សមួយនេះនឹងក្លាយជាក្រុមឧទ្ទាម ហើយសហគមន៍អន្ដរជាតិនឹងអន្ដរាគមបង្ខំឱ្យផ្ទេរអំណាច។ យ៉ាងណាក៏ដោយ មេបក្សប្រឆាំងរូបនេះ កំពុងស្ថិតនៅក្នុងស្ថានភាពនិរទេសខ្លួនដោយសារតែ លោកជាប់បណ្ដឹងជាច្រើននៅតុលាការ ដែលប្ដឹងដោយមេដឹកនាំគណបក្សប្រជាជនកម្ពុជា។
សាររបស់សម្ដេច ហ៊ុន សែន ដែលអះអាងថា លោកមានអាយុចូលដល់ ៩៩ឆ្នាំ ហើយឌឺដង ថា កុំសង្ឃឹមថា អ្នកនឹងកាន់អំណាចបាននោះ គឺ គ្មានផ្លូវទេ។
សង្គ្រាមវោហាសាស្ដ្រចាប់ផ្ដើមជាថ្មីទៀត រវាងប្រមុខរដ្ឋាភិបាល និងប្រមុខបក្សប្រឆាំងស្របពេលដែលស្ថានការណ៍នយោបាយថយកម្ដៅបន្ដិចបន្ដួច។
អ្នកវិភាគម្នាក់ទៀត គឺ លោកបណ្ឌិត មាស នី គិតថា សម័យទំនើបនេះ គ្មានបុគ្គលណាតោងអំណាចបានយូរទេ ព្រោះប្រទេសមានច្បាប់ មានទម្លាប់។
លោកបណ្ឌិត មាស នី បានបន្ដទៀតថា តាមធម្មតាអ្នកដឹកនាំម្នាក់ៗតែងតែនិយាយពីអ្វីដែលខ្លួនឯងមាននៅក្នុងចិត្ត ហើយការនិយាយទាំងនោះ សុទ្ធតែឆ្លុះបញ្ចាំងពីចរិតកំណើតរបស់ខ្លួន ដែលមិនអាចទទួលថាខ្លួនឯងចាញ់បាន។
លោកបណ្ឌិត មាស នី បានបញ្ជាក់ដូចនេះថា ៖« ខ្ញុំគិតថា សង្គមជាតិសង្គមជាតិដូចជាមិនដល់ថ្នាក់ទុកគាត់ឱ្យនៅដល់ ៩៩ឆ្នាំនោះទេ ព្រោះថា ការបោះឆ្នោតតែងតែមានការផ្លាស់ប្ដូរ។ ប៉ុន្ដែខ្ញុំមើលថា ពេលខ្លះ មានអ្នកដឹកនាំខ្លះ ដល់ពេលគាត់ង៉កនឹងអំណាចមែនទែន គិតថាគាត់មើលទៅស្អីៗនៅជុំវិញខ្លួនគាត់នឹងសុទ្ធតែជារបស់គាត់ទាំងអស់ គឺ គ្មានអ្នកណាខ្លាំងជាងគាត់ គ្មានអ្នកណាដូចថាមានអំណាចជាងគាត់ គ្មានអ្នកណាពូកែជាងគាត់ ទាល់តែថ្ងៃណាដែលថាទាល់តែថ្ងៃណាធ្លាក់ពីតំណែងតែម្ដងបានទទួលស្គាល់ តែបើល្មមៗនៅតែមិនទទួលស្គាល់។»។
យ៉ាងណាក៏ដោយ តាមគេហទំព័រWikimedia សម្ដេច ហ៊ុន សែន ត្រូវបានរកឃើញថា មេដឹកនាំកាន់អំណាចយូរជាងគេនៅលើពិភពលោក គឺ លេខរៀងទី៦ ក្នុងចំណោម ២៥រូប។ប៉ុន្ដែអ្វីដែលគួរឱ្យចម្លែកនោះជនផ្ដាច់ការនៅប្រទេសស៊ឹមបាវ៉េ នៃទ្វីបអាហ្វ្រិក គឺ លោក Robert Mugabe បន្ដកាន់ អំណាចនៅពេលលោកមានអាយុ ៩២ឆ្នាំ ដោយគិតមកដល់ពេលនេះ លោកកាន់អំណាចបានជាង ៤០ឆ្នាំហើយ។
ប្រជាជនរបស់ប្រទេសនេះ មានអ្នកខ្លះចង់ទម្លាក់រូបលោកពីអំណាច ហើយមានអ្នកខ្លះចង់ឱ្យលោកបន្ដអំណាច ប៉ុន្ដែភាគច្រើនចាត់ទុកបុគ្គលនេះជាជនផ្ដាច់ការ ដោយសារលោកប្រើប្រាស់អំណាចជា អវតា នៃជីវិតរបស់លោក។
លោក សុខ ឥសាន្ដ អ្នកនាំពាក្យរដ្ឋាភិបាល ហាក់មិនយល់ស្របពីការលើកឡើងទាំងនេះទេ។ លោក អះអាងថា សម្ដេច ហ៊ុន សែន និងគណបក្សប្រជាជន នៅតែមានប្រជាប្រិយភាព ហើយប្រជាជននៅតែទុកចិត្តការដឹកនាំ។
លោក សុខ ឥសាន្ដ៖«ខ្ញុំយល់ថា អ្នកដែលថាគណបក្សប្រជាជនធ្លាក់ប្រជាប្រិយភាព គឺ ជាអ្នកប្រឆាំងទេ ដែលថាចឹង។ បើតាមពិតឥលូវគ្រាន់តែចុះឈ្មោះបោះឆ្នោតក្នុងចំណោម ៨១ភាគរយនៃប្រជាពលរដ្ឋដែលចុះឈ្មោះបោះឆ្នោតមាន៦៧ភាគរយហើយ ដែលជាសមាជិកគណបក្សប្រជាជន»។
ក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយទៅកាន់ប្រទេសម៉ាឡេស៊ី ដើម្បីសួរសុខទុក្ខពលករខ្មែរធ្វើការនៅប្រទេសនេះ កាលពីចុងឆ្នាំ ២០១៤ សម្ដេច ហ៊ុន សែន បាននិយាយផ្ទាល់នៅចំពោះមុខលោក សម រង្ស៊ី ថា បើសម្ដេចអស់អំណាច ហើយលោក សម រង្ស៊ី ក្លាយជានាយករដ្ឋមន្ដ្រី សូមទុកឱ្យគ្រួសារ និង សម្ដេច មានសេចក្ដីសុខផង៕