en     km
en     km

មេដឹកនាំ​វៀតណាម​ ស្នើ​សម្តេច​ ហ៊ុន​ សែន​ ព​ន្លឿ​ន​ផ្តល់​ឯកសារ​ស្របច្បាប់​ឱ្យ​ពលរដ្ឋ​ខ្លួន​រស់នៅ​កម្ពុជា​

Share

ភ្នំពេញ៖ ​ជា​ថ្មី​ម្តងទៀត​ មេដឹកនាំ​វៀតណាម​ បាន​ស្នើ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  ព​ន្លឿ​ន​ក្នុង​ផ្តល់​ឯកសារ​ស្របច្បាប់​ឱ្យ​ពលរដ្ឋ​វៀតណាម​ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធានា​ថា​ ពលរដ្ឋ​វៀតណាម​ទាំងនោះ​ មាន​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​ និង​រកស៊ី​នៅ​កម្ពុជា​។​ តែ​យ៉ាងនេះ​ក្ដី​  បក្ស​ប្រឆាំង​ និង​អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ លើក​ឡើង​ការ​ផ្តល់​ភាព​ស្របច្បាប់​នេះ​ គួរតែ​ធ្វើ​ឡើង​ដោយ​ផ្អែក​ទៅ​លើ​ច្បាប់​មួយ​ដ៏​ត្រឹមត្រូវ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

hunsen-vn-1-pre
សម្តេច ហ៊ុន សែន និង នាយកមន្ត្រីវៀតណាម

​ការ​ជំរុញ​របស់​មេដឹកនាំ​វៀតណាម​ ឱ្យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ព​ន្លឿ​ន​ក្នុង​ការ​ផ្តល់​ឯកសារ​ស្របច្បាប់​ទៅ​ជនជាតិ​វៀតណាម​ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ធ្វើ​ឡើង​ខណៈ​ដែល​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ទៅ​ធ្វើ​ទស្សនៈកិច្ច​ផ្លូវការ​នៅ​ប្រទេស​វៀតណាម​ រយៈពេល​ពីរ​ថ្ងៃ​។​

​យោង​តាម​ កាសែត​វៀតណាម​ញ៉ូ​វ​  មេដឹកនាំ​វៀតណាម​ សង្ឃឹមថា​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ នឹង​បន្ត​ដឹកនាំ​ព​ន្លឿ​ន​ការងារ​ទាក់ទិន​ឯកសារ​ស្របច្បាប់​ ដែល​ជនជាតិ​វៀតណាម​បាន​តាំងទី​លំនៅ​ ក្នុង​ប្រទេស​កម្ពុជា​។​ ជាង​នេះ​ទៀត​សម​ភាគី​វៀតណាម​ស្នើ​ឱ្យ​កម្ពុជា​បង្ក​ភាព​ងាយស្រួល​សម្រាប់​ជនជាតិ​វៀ​ម​ណា​ម​ ស្របច្បាប់​ ដើម្បី​ស្វែងរក​ជំរក​ដែល​ជា​ការ​រួមចំណែក​ដល់​ទំនាក់ទំនង​ទ្វេភាគី​។​

​ទាក់ទិន​បញ្ហា​នេះ​  លោក​ យ៉ែ​ម​ បុញ្ញ​ឬ​ទ្ធិ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ ការ​ផ្តល់​ភាព​ស្របច្បាប់​ទៅ​បាន​គឺ​ត្រូវ​យោង​ទៅ​លើ​ច្បាប់​។​ លោក​ថា​ ការ​អនុវត្ត​ច្បាប់​គឺជា​រឿង​មួយ​ដែល​ត្រឹមត្រូវ​។​ ជាមួយ​គ្នា​នេះ​ លោក​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ដែល​សព្វ​ថ្ងៃនេះ​ពិនិត្យ​ទៅ​លើ​ករណី​ជនអន្តោប្រវេសន៍​។​ សម្រាប់​ អ្នក​ដែល​អាច​មាន​សញ្ជាតិ​ខ្មែរ​បាន​ គឺ​ត្រូវធ្វើ​តាម​ច្បាប់​សញ្ជាតិ​ ហើយ​មុន​នឹង​ចូល​សញ្ញា​តិ​ខ្មែរ​បាន​ ត្រូវ​មាន​ទីលំនៅ​ក្នុង​ប្រទេស​កម្ពុជា​ រស់នៅ​ស្រុក​ខ្មែរ​ ចេះ​ប្រវត្តិសាស្ត្រ​ និង​ចេះ​និយាយ​ខ្មែរ​ ហើយ​មាន​ព្រះរាជ​ក្រិ​ត្យ​ពី​ព្រះមហាក្សត្រ​។​

«​យើង​គិត​ថា​ រដ្ឋាភិបាល​យើង​នឹង​ពិនិត្យ​ទៅ​លើ​ផ្លូវច្បាប់​ ដូច​ច្នេះ​ដូច​ខ្ញុំ​បញ្ជាក់​ជូន​អ​ម្បិ​ញ​មិ​ញ​ ច្បាប់​ ទាំង​ច្បាប់​ស​ញ្ជ​តិ​ ទាំង​ច្បាប់​អន្តោប្រវេសន៍​ ដូច្នេះ​លក្ខណៈ​ស្របច្បាប់​ ឬ​មិន​ស្របច្បាប់​គឺ​រដ្ឋាភិបាល​ខ្មែរ​ជា​អ្នក​កំណត់​»​។​

vn-people
ពលរដ្ឋវៀតណាមដែលមករស់នៅប្រទេសកម្ពុជា

ជុំវិញ​បញ្ហា​នេះ​ដែរ​ លោក​ មាស​ នី​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ យល់​ថា​ ការ​ផ្តល់​សុវត្ថិភាព​ ឬ​ការ​រស់នៅ​សមរម្យ​ ឱ្យ​ពលរដ្ឋ​របស់​គេ​ គឺជា​បំណង​ធម្មតា​របស់​ប្រទេស​នីមួយៗ​។​ ប៉ុន្តែ​សម្រាប់​ កម្ពុជា​មុន​នឹង​គិត​ពី​ការ​ផ្តល់​ភាព​ស្របច្បាប់​ឱ្យ​ជនជាតិ​វៀតណាម​ ត្រូវ​ពិនិត្យ​ថា​តើ​អ្នក​នោះ​ មាន​ភាព​ស្របច្បាប់​ប៉ុណ្ណា​ដែល​អាច​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​។​

​លោក​ មាស​ នី​ ៖«​ការ​ផ្តល់​កន្លែង​រស់នៅ​ត្រឹមត្រូវ​ យើង​ត្រូវ​ពិនិត្យ​សិន​ថា​តើ​អ្នក​ដែល​មក​ហ្នឹង​មាន​ភាព​ស្របច្បាប់​ប៉ុណ្ណា​ ហើយ​បើសិនជា​យើង​មិន​មានការ​គ្រប់គ្រង​ក្នុង​ភាព​ស្របច្បាប់​ទេ​ ហើយ​រដ្ឋាភិបាល​យើង​មាន​តួនាទី​ ក្នុង​ការ​ថែទាំ​គេ​ពេក​អាហ្នឹង​ក៏​វា​មិន​ទាន់​គ្រប់គ្រាន់​ មិន​ទាន់​ត្រឹមត្រូវ​ដែរ​  អ​ញ្ចឹ​ង​ទី​១​ត្រូវ​ពិនិត្យ​មើល​ភាព​ស្របច្បាប់​ ហើយ​ទី​២​ ប្រព័ន្ធ​គ្រប់គ្រង​ ហើយ​ជនអន្តោប្រវេសន៍​នៅ​ស្រុក​យើង​នេះ​ យើង​ត្រូវ​ពង្រឹង​ថែម​ទៀត​»​។​

​ចំណែក​លោក​ គឹ​ម​ សុខ​ អ្នក​ឃ្លាំង​មើល​ការ​អភិវឌ្ឍន៍​សង្គម​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ​។​ លោក​ថា​ ប្រសិនបើ​នាយក​រដ្ឋមន្ត្រី​ផ្តល់​ភាព​ស្របច្បាប់​ឱ្យ​ជនជាតិ​វៀតណាម​ ទាំង​អស់នេះ​មែន​ កម្ពុជា​អាច​នឹង​ជៀស​មិន​ផុត​ ពី​ការ​ក្លាយជា​ជនជាតិភាគតិច​រស់​លើ​ទឹកដី​ខ្លួនឯង​។លោក​យល់​ថា​ការ​ស្នើ​សុំ​របស់​មេដឹកនាំ​វៀតណាម​ គឺជា​យុទ្ធសាស្ត្រ​ឈ្លានពាន​កម្ពុជា​ បែប​ទំនើប​របស់​ខ្លួន​។​

​លោក​ គឹ​ម​ សុខ​ ៖«​បើ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ក្នុង​ការ​ផ្តល់​ឯកសារ​ ស្របច្បាប់​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​ទាំងនោះ​ទេ​ និយាយ​រួម​មិន​ធ្វើ​តាម​ច្បាប់​ត្រឹមត្រូវ​នៃ​ការ​ផ្តល់​ឯកសា​សញ្ជាតិ​ ទៅ​ឱ្យ​ជនជាតិ​វៀត​ទាំង​អស់នោះ​ទេ​ នោះ​មាន​ន័យ​ច្បាស់​ណាស់​ ការ​ធ្វើ​បែប​ហ្នឹង​វា​គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​ក្នុង​ទិស​ដៅ​ គ្រប់គ្រង​កម្ពុជា​បាន​បែប​សម័យ​ទំនើប​ដែល​គេ​មិន​ធ្វើសង្គ្រាម​ក្នុង​ការ​វាយ​យក​ទេ​ ក៏​ប៉ុន្តែ​គេ​បញ្ជូន​មនុស្ស​ឱ្យ​វាយ​ផ្ទាល់​..»​។​

​ឆ្លើយ​តប​ បញ្ហា​នេះ​ លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ កម្ពុជា​ស្វាគមន៍​ចំពោះ​ជនជាតិ​វៀតណាម​ ដែល​ស្របច្បាប់​ ប៉ុន្តែ​ជនអន្តោប្រវេសន៍​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យ​រស់​នៅឡើយ​។​  

​សូម​ជម្រាប​ផង​ដែរ​ថា​ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​វៀតណាម​ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​  និង​មេដឹកនាំ​ប្រទេស​វៀតណាម​ បាន​ជួប​ពិភាក្សា​គ្នា​លើ​បញ្ហា​ជា​ច្រើន​ ក្នុង​នោះ​រួម​មាន​បញ្ហា​ព្រំដែន​ សេដ្ឋកិច្ច​ កិច្ច​សហប្រតិបត្តិការ​ និង​បញ្ហា​ផ្សេង​ទៀត​។​ ឆ្លៀតឱកាស​នោះ​ សម្ដេច​ ហ៊ុន​ សែន​ បាន​ទៅ​ គោរព​វិញ្ញាណក្ខន្ធ​វីរៈជន​ វៀតណាម​ លោក​ ហូ​ជី​មិ​ញ​៕

Share

Image
Image
Image