en     km
en     km

ស្ត្រី​រង​គ្រោះ​ដីធ្លី​ជាង​១០០​នាក់​ ដេក​លើ​ចិញ្ចើមថ្នល់​មុខ​វត្ត​សាមគ្គី​រង្សី​ ខណៈ​អធិការ​វត្ត​នេះ​មិន​ហ៊ាន​អនុ​ញ្ញ​ត​ (សំឡេង)

Share

ភ្នំពេញ៖ ស្ត្រី​ដែល​ទទួល​រង​គ្រោះ​ដីធ្លី​មក​ពី​ខេត្តកោះកុង​ ជាង​១០០​នាក់​ តំណាង​ឱ្យ​ ៤៧​ គ្រួសារ​ ដេក​ហាល​មូស​ ហាលខ្យល់​ នៅ​ចិញ្ចើមថ្នល់​មុខ​វត្ត​សាមគ្គី​រង្សី​ ពេញ​០១​យប់​ ព្រោះតែ​អធិការ​វត្ត​មិន​ហ៊ាន​អនុ​ញ្ញ​ត​ឱ្យ​ពួក​គាត់​ចូល​សម្រាក​ក្នុង​វត្ត​ ដោយ​អះអាង​ថា​គ្មាន​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែនដី​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​ស្ត្រី​រង​គ្រោះ​ដីធ្លី​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២១​ ខែធ្នូ​ ឆ្នាំ​២០១៦​នេះ​។​ តែ​ព្រះ​ចៅអធិការ​វត្តមាន​ថេរ​ដីកា​ថា​ ព្រះ​អង្គ​មានការ​អាណិតអាសូរ​ខ្លាំង​ណាស់​ដល់​ពលរដ្ឋ​ទាំងនោះ​ ។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

kohkong-11
ស្ត្រី​ដែល​ទទួល​រង​គ្រោះ​ដីធ្លី​មក​ពី​ខេត្តកោះកុង​ ជាង​១០០​នាក់តំណាង​ឱ្យ​ ៤៧​ គ្រួសារ​ ដេក​ហាល​មូស​ ហាលខ្យល់​ នៅ​ចិញ្ចើមថ្នល់​មុខ​វត្ត​សាមគ្គី​រង្សី​

ប្រជាពលរដ្ឋ​ ក្មេង​ ចាស់​ ប្រុស​ ស្រី​ ជា​ច្រើន​នាក់​ អ្នកខ្លះ​ស្រែកយំ​ ខ្លះ​ទៀត​ស្រែក​ទាមទារ​រក​កិច្ច​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល​រឿង​ជម្លោះដីធ្លី​ ហើយ​ខ្លះ​ទៀត​ស្រែកយំ​សុំ​ស្នាក់​នៅ​វត្ត​សាមគ្គី​រង្សី​ បន្ទាប់​ពី​ពួក​គេ​សម្រាក​ខាងក្រៅ​វត្ត​សាមគ្គី​រង្សី​អស់​ពេញ​មួយ​យប់​។​

​អ្នកស្រី​ សូម​ ដើ​ង​ មក​ពី​ខេត្តកោះកុង​ បាន​ផ្តល់​បទ​សម្ភាស​ន៌​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ មូលហេតុ​ដែល​ពលរដ្ឋ​ស្នាក់​នៅ​ក្រៅ​វត្ត​ពេញ​មួយ​យប់​នេះ​ ពីព្រោះ​ចៅអធិការ​វត្ត​មិន​អនុញ្ញាត្តិ​ឱ្យ​ពួក​គេ​ស្នាក់​នៅ​ខាងក្នុង​វត្ត​។​ អ្នកស្រី​ បន្ត​ថា​អ្នកស្រី​នឹង​បន្ត​ស្នាក់​នៅ​ភ្នំពេញ​រហូត​ទាល់​រាជរដ្ឋាភិបាល​រក​ដំណោះស្រាយ​ជូន​ពួក​គាត់​បើ​មិន​ដូច្នោះ​ទេ​ពួក​គាត់​នឹង​មិន​ត្រ​ទ្ប​ប់​ទៅ​វិញ​នោះ​ទេ​។​

​អ្នកស្រី​ សូម​ ដើ​ង​៖«​ចៅអធិការ​ថា​គាត់​អត់​ហ៊ាន​ឱ្យ​យើង​ចូល​ អត់ឱ្យ​ប្រជាពលរដ្ឋ​ចូល​ព្រោះ​គេ​ចោទប្រកាន់​គាត់​ពេក​ ហៅ​គាត់​ទ្បើ​ង​តុលាការ​រហូត​ យល់​ឃើញ​ថា​វា​ពិបាក​ដែរ​ហ្នឹង​ណា​ពិបាក​វេទនា​អា​រឿង​ដីធ្លី​គេ​យក​អស់ហើយ​មក​ដេក​លើ​ដី​ លើ​ថ្នល់ជាតិ​ទៀត​ ខ្ញុំ​អត់​ទៅ​ណា​ទេ​ទាល់តែ​ដោះស្រាយ​ចេញ​បាន​ទៅ​ បើ​ដោះស្រាយ​អត់​ចេញ​អត់​ទៅ​»​។​

​ចំណែក​ពលរដ្ឋ​ម្នាក់​ទៀត​ គឺ​អ្នកស្រី​ ជា​ មុំ​ បាន​លើក​ទ្បើ​ង​ថា​ ដើមចម​ដែល​ពលរដ្ឋ​មក​ស្នាក់​ខាងក្រៅ​វត្ត​សាមគ្គី​រង្សី​ ព្រោះ​កាល​រសៀល​ម្សិលមិញ​ស្ត្រី​រង​គ្រោះ​ដីធ្លី​ដែល​មក​ពី​ខេត្តកោះកុង​នេះ​ បាន​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា​ និង​ក្រសួងបរិស្ថាន​ ពី​រឿង​ជម្លោះដីធ្លី​ ហើយ​ស្ថាប័ន​ទាំង​០២​សន្យា​ថា​នឹង​ដោះស្រាយ​ជូន​ បន្ទាប់​មក​ពួក​គាត់​ត្រូវ​បាន​កងកម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន​ ដឹក​ពួក​គាត់​យក​ទៅ​ទុក​ខាង​មុខ​វត្ត​សាមគ្គី​រង្សី​។​ អ្នកស្រី​ ជា​ មុំ​ បន្ត​ថា​ចៅ​ធិ​ការ​វត្ត​មិន​អាច​ឱ្យ​ពួក​គាត់​ស្នាក់​នៅ​នោះ​ទេ​ព្រោះ​គ្មាន​ការ​សុំ​អនុ​ញ្ញត្តិ​ពី​ថ្នាក់លើ​ ។​

«​លោក​ថា​អត់​មានការ​អនុញ្ញាត​ពី​ខាងលើ​ ក្រសួង​អត់​សុំ​ចៅអធិការ​វត្ត​ចឹ​ង​គាត់​អត់​ហ៊ាន​ឱ្យ​ចូល​វត្ត​បាន​ទេ​ បើ​អត់​ចូល​ចឹ​ង​ខ្ញុំ​ករុណា​សុំ​ដេក​តាម​ចិញ្ចើមថ្នល់​តាម​ហ្នឹងហើយ​ យល់​ឃើញ​ថា​វេទនា​កំសត់​ខ្លួន​ប៉ុណ្ណឹង​សុំ​ឱ្យ​តែ​រដ្ឋាភិបាល​ដោះស្រាយ​ ឱ្យ​តែ​ប៉ុណ្ណឹង​ហើយ​បើ​គេ​មិន​ឱ្យ​ចូល​ខ្ញុំ​មិន​តូចចិត្តតូចថ្លើម​អី​ទេ​ មិន​ចេះ​តែ​ងាយ​បាន​ទៅ​បាន​មក​ទេ​ ចេះ​តែ​នៅ​ តែ​ដេក​ កំសត់​ខ្លួន​អ​ញ្ចឹ​ង​ទៅ​ ដាក់​ឆ្នាំងបាយ​ អង្ករ​ដាំ​ហូប​តាម​ហ្នឹង​ទៅ​»​។​

​ទាក់ទង​នឹង​ករណី​នេះ​ដែរ​ អភិបាល​ខណ្ឌមានជ័យ​ លោក​ ពេ​ជ្យ​ កែវ​មុន្នី​ បាន​មក​ជួយ​អន្តរាគមន៍​សុំ​ឱ្យ​ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ អនុញ្ញាត​ឱ្យ​ពួក​គាត់​ស្នាក់​នៅ​ក្នុង​វត្ត​បណ្តោះអាសន្ន​សិន​។​

​លោក​ ពេ​ជ្យ​ កែវ​មុន្នី​ ពន្យល់​ប្រាប់​ពលរដ្ឋ​ថា​មូលហេតុ​ដែល​ចៅអធិការ​វត្ត​ មិន​អនុញ្ញាត​ឱ្យ​ស្នាក់​នៅ​វត្ត​នេះ​ ព្រោះ​ខ្វះ​ការ​ទំនាក់ទំនង​គ្នា​រវាង​ខណ្ឌចំការមន​ និង​ព្រះសង្ឃ​នៅ​វត្ត​នេះ​។​

kohkong-11-3
អភិបាល​ខណ្ឌមានជ័យ​ លោក​ ពេ​ជ្យ​ កែវ​មុន្នី​

លោក​ ពេ​ជ្យ​ កែវ​មុន្នី​៖«​យើងខ្ញុំ​សុំ​អភ័យទោស​ និង​អធ្យាស្រ័យ​ផង​ដែរ​ដោយសារ​តែ​ខ្វះ​ការ​ទំនាក់ទំនង​គ្នា​រវាង​ខណ្ឌចំការមន​ ជាមួយ​និង​បងប្អូន​ខ្វះ​ការ​ទំនាក់ទំនង​គ្នា​ក៏​ដូច​ជា​ជាមួយ​ព្រះសង្ឃ​នៅ​ក្នុង​វត្ត​នេះ​អ​ញ្ចឹ​ង​ហើយ​បាន​ជាង​លោកសង្ឃ​មិន​ឱ្យ​បងប្អូន​ចូល​ក្នុង​វត្ត​ដោយសារ​តែ​ខ្វះ​ការ​ទំនាក់ទំនង​គ្នា​ »​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ ព្រះ​តេជគុណ​ ថា​ច់​ ហា​សំអាង​ មាន​សង្ឃដីកា​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ មូលហេតុ​ដែល​មិន​អនុញ្ញាត​ឱ្យ​ស្ត្រី​រង​គ្រោះ​ដីធ្លី​ចូល​សម្រាក​ក្នុង​វត្ត​នោះ​ព្រោះ​កន្លង​មក​ វត្ត​ព្រះ​តេជគុណ​ធ្លាប់​ទទួល​បានការ​ចោទប្រកាន់​ថាឱ្យ​អ្នកមាន​ជម្លោះដីធ្លី​ស្នាក់​នៅ​ដោយ​ខុសច្បាប់​ ឬ​គ្មាន​ការ​ជូនដំណឹង​ឱ្យ​អាជ្ញាធរ​បានដឹង​ជាដើម​។​ ព្រះ​អង្គ​បន្ត​ថា​ដោយសារ​បញ្ហា​នេះ​ហើយ​ទើប​មានការ​រឹត​បន្តឹង​ការ​សុំ​ស្នាក់​អាស្រ័យ​ពី​ពលរដ្ឋ​ដោយ​ព្រះ​តេជគុណ​មាន​សង្ឃដីកា​រថា​ ជា​កំហុស​របស់​អាជ្ញាធរ​ខណ្ឌចំការមន​ដែល​មិន​មក​អន្តរ​គម​ន៍​ករណី​នេះ​។​  

kohkong-11-2
ចៅអធិការ​វត្ត​សាមគ្គី​រង្សី​ ព្រះ​តេជគុណ​ ថា​ច់​ ហា​សំអាង

ព្រះ​តេជគុណ​សង្ឃដីកា​ដូច្នេះ​ថា​ «​ពេល​ដែល​យើង​អនុញ្ញាត​  ឱ្យ​ជន​ងរ​គ្រោះ​ដីធ្លី​នៅ​វត្ត​គឺ​យើង​មិន​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​អាហ្នឹង​ជា​កត្តា​ធំ​  អ​ញ្ចឹ​ង​ហើយ​នៅ​ពេល​នេះ​គឺ​ដើម្បី​ឱ្យ​ញាត​ញ៉ម​ ចូល​នៅ​វត្ត​បាន​តាម​ពិត​ព្រះសង្ឃ​លោក​បើក​បេះដូង​ស្រាប់​ហើយ​មិន​ចាំបាច់​ឱ្យ​នៅ​ក្រៅ​ ចាំ​អាជ្ញាធរ​ដែនដី​មក​អ​ញ្ចឹ​ង​ទេ​តែ​ដោយសារ​តែ​យើង​ចង់ឱ្យ​អាជ្ញាធរ​បានដឹង​ថា​យើង​ធ្វើ​គឺ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ យើង​សហការ​ជាមួយ​គាត់​ទៅ​ជៀសវាង​ការ​ចោទប្រកាន់​ព្រះសង្ឃ​ពេល​ថ្ងៃក្រោយ​ទៀត​»​។​

​សូម​ជម្រាប​ថា​ ក្រុម​ស្ត្រី​រង​គ្រោះ​ដីធ្លី​ខេត្តកោះកុង​ ដែល​ទ្បើ​ង​មក​រាជធានី​ភ្នំពេញ​នេះ​ គឺ​ក្នុង​គោលបំណង​ដើម្បី​រក​កិច្ច​អន្តរា​មន៍​ ពី​រាជរដ្ឋាភិបាល​ក្នុង​សំណុំរឿង​ជម្លោះដីធ្លី​រវាង​ក្រុមហ៊ុន​ឯកជន​ធ្វើ​ស្ករអំពៅ​មួយ​របស់​លោក​ ឧក​ញ្ញ៉ា​ លី​ យ៉ុ​ង​ផាត់​ ដែល​ពួក​គេ​ថា​ក្រុមហ៊ុន​នេះ​បាន​រំលោភ​បំពាន​យក​ដីធ្លី​របស់​ពួក​គាត់​។​ គូរ​ជម្រាប​ដែរ​ថា​ ស្ថាប័ន​ដែល​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ រក​កិច្ច​អន្តរាគមន៍​នោះ​មាន​ដូច​ជា​ រដ្ឋសភា​ជាតិ​ ក្រសួងបរិស្ថាន​ ក្រសួង​ដែនដី​ នគរូបនីយកម្ម​ណ​និង​សំណង់​ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​៕

Share

Image
Image
Image