ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារបានលើកឡើងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ត្រូវបើកវគ្គបណ្តុះបណ្តាលពីច្បាប់សហជីពដល់នយោជក ដែលមកវិនិយោគលើវិស័យវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងនៅក្នុងប្រទេសកម្ពុជា។ ការលើកឡើងនេះ គឺនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់សហជីពជូនដល់នយោជកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ នៅទីស្តីការក្រសួងការងារ ។ លម្អិតព័ត៌មាននេះ ដោយលោក មៅ់ សំណាង
ចំពោះមុខនយោជក និង តំណាងក្រុមហ៊ុនវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងនៅក្នុងប្រទេសកម្ពុជា ប្រមាណជា ១៥០ នាក់ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់សហជីព ជូនដល់នយោជកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែធ្នូ នេះ លោក អ៊ិន ខេមរា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ត្រូវបើកវគ្គបណ្តុះបណ្តាលពីច្បាប់សហជីពដល់នយោជកដែលមកវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើងនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីនៃអគ្គនាយកដ្ឋានការងាររបស់ក្រសួងការងាររូបនេះបានបញ្ជាក់ថា ការសុំឱ្យ GMAC បើកវគ្គបណ្តុះបណ្តាលពីច្បាប់សហជីពនេះ ក្នុងគោលបំណងឱ្យនយោជនជាអ្នកគ្រប់គ្រងក្រុមហ៊ុនកាត់សម្លៀកបំពាក់ និង ស្បែកជើង បានយល់ឱ្យកាន់តែច្បាស់ពីច្បាប់សហជីពដែលកំពុងអនុវត្តជាធរមាននៅកម្ពុជា ។ លោកថា ប្រសិនបើម្ចាស់រោងចក្រវាយនភណ្ឌទាំងនោះ មិនទាន់មានការយល់ដឹងពីច្បាប់ទូលំទូលាយនោះទេ បញ្ហាមិនចុះសម្រុងគ្នារវាងសហជីពតំណាងឱ្យកម្មករនិងអ្នកគ្រប់គ្រងរោងចក្រនៅតែបន្តកើតឡើង ជាក់ស្តែងដូចជាករណីកូដកម្មទាមទារប្រាក់ឈ្នួលជាដើម។
ឆ្លើយតបនឹងការលើកឡើងខាងលើ មន្ត្រីការងារនៃសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា (GMAC) លោក អ៊ុំ វិសាល មានប្រសាសន៍ថា GMAC កំពុងធ្វើកិច្ចការជាមួយនឹងនយោជក ដើម្បីបញ្ជ្រាបចំណេះដឹងពីច្បាប់សហជីពនេះ ។ លោកថា ការបណ្តុះបណ្តាលពីច្បាប់សហជីពទៅដល់នយោជក ជាម្ចាស់វិស័យវាយនភណ្ឌនាពេលបច្ចុប្បន្នមិនទាន់ទូលំទូលាយនៅឡើយទេ ព្រោះច្បាប់នេះទើបអនុម័តឱ្យប្រើប្រាស់។ លោកបន្ថែមថា សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា នឹងសហការជាមួយក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលទៅនយោជកជាបន្តបន្ទាប់ចាប់ពីពេលនេះតទៅ ។
ជុំវិញបញ្ហាបនេះ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា មានប្រសាសន៍ថា លោកគាំទ្រចំពោះការបណ្តុះបណ្តាលដល់នយោជកឱ្យយល់ដឹងពីច្បាប់ស្តីពីសហជីព ព្រោះអ្នកគ្រប់គ្រងឧស្សាហ៍កម្មទាំងនោះធ្វើការងារដោយផ្ទាល់ជាមួយកម្មករ និង សហជីព ។ ទន្ទឹមគ្នានេះ លោកយល់ថា ច្បាប់សហជីពដែលរដ្ឋាភិបាលដាក់ឱ្យអនុវត្តនេះ បានរឹតត្បិតចំណុចជាច្រើនចំពោះសហជីពឯករាជ្យដែលធ្វើការងារជួយកម្មករ ជាពិសេសគឺនីតិវិធីនៃការបង្កើតសហជីព និង សមាគមសហព័ន្ធសហជីពជាដើម ។
មន្ត្រីរដ្ឋបាលនិងជាតំណាងនយោជននៃរោងចក្រកាត់ដេរសម្លៀកបំពាក់ SUNTEX កញ្ញា ប៊ិន ច័ន្ទថាវី បាននិយាយថា ការផ្សព្វផ្សាយពីច្បាប់ស្តីពីសហជីពដល់នយោជកក្នុងវិស័យវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង គឺពិតជាសំខាន់ ដើម្បីផ្តល់ចំណេះដឹងពីច្បាប់នេះឱ្យកាន់តែទូលំទូលាយ។ កញ្ញាថា នយោជននឹងចូលរួមស្វែងយល់បន្ថែមពីច្បាប់ស្តីពីសហជីព ព្រោះច្បាប់នេះគឺទាក់ទងនឹងកិច្ចការរបស់កម្មករ សហជីព និងអ្នកគ្រប់គ្រងឧស្សាហ៍កម្មវាយនភ័ណ្ឌសម្លៀកបំពាក់។
សូមជម្រាបថា នាព្រឹកថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៦ នេះ តំណាងរោងចក្រកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង ប្រមាណជាង ១៥០ នាក់នៅកម្ពុជាបានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីច្បាប់សហជីពជូនដល់នយោជកនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា រៀបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ គិតមកដល់ចុងខែតុលា ឆ្នាំ ២០១៦ អង្គការវិជ្ជាជីវៈបានចុះបញ្ជីការនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន ៣ ៦២៦ ក្នុងនោះ សហភាពព័ន្ធសហជីពមានចំនួន ១៨ សហព័ន្ធសហជីពចំនួន ១០៣ សហជីពមូលដ្ឋានចំនួន ៣ ៤៩៧ និងសហគមនយោជកចំនួន ១៨ ៕