en     km
en     km

​ក្លឹ​ប​អ្នកកាសែត​ ប្រាប់​ឱ្យ​អ្នក​សែត​កម្ពុជា​ វិវត្តន៍​ខ្លួន​ទៅ​ជា​អ្នកកាសែត​អន្តរជាតិ​ (មានសំឡេង)

Share

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​ ធ្នូ​នេះ​ ក្លឹ​ប​អ្នកកាសែត​កម្ពុជា​ រួម​ជាមួយ​អ្នកកាសែត​ពី​ស្ថាប័ន​ព័ត៌មាន​នានា​ បាន​ពិភាក្សា​គ្នា​ ដើម្បី​ធ្វើ​យ៉ាងណា​ ឱ្យ​អ្នកកាសែត​កម្ពុជា​ ក្លាយជា​អ្នករាយការណ៍​ព័ត៌មាន​ក្នុង​តំបន់​។​ កិច្ច​ពិភាក្សា​នេះ​ធ្វើ​ឡើង​នៅ​ភោជនីយដ្ឋាន​ទន្លេបាសាក់​២​ ដោយ​មាន​វត្តមាន​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ចូលរួម​ផង​ដែរ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

​លោក​ ប៉ែន​ បូ​ណា​ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា
​លោក​ ប៉ែន​ បូ​ណា​ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា
​លោក​ ប៉ែន​ បូ​ណា​ ប្រធាន​ក្លឹ​ប​អ្នកកាសែត​កម្ពុជា​លើក​ឡើង​ថា​ នៅ​ដំណាក់កាល​នេះ​ត្រូវ​ក្រឡេក​មើល​ឱ្យ​ឆ្ងាយ​ ហើយ​ពង្រឹង​ខ្លួនឯង​ឱ្យ​ក្លាយជា​អ្នក​សារព័ត៌មាន​អន្តរជាតិ​ ដើម្បី​យក​ព័ត៌មាន​សំខាន់ៗ​នៅ​ថ្នាក់​តំបន់​ និង​អន្តរជាតិ​មក​ចែករំលែក​ព័ត៌មាន​ និង​បទ​ពិសោធន៍​ទៅ​កាន់​សាធារណៈជន​។​លោក​ថា​ នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​ព័ត៌មាន​ ពី​តំបន់​អាស៊ាន​ឱ្យ​បាន​ទូលាយ​ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ដឹង​ពី​តំបន់​បាន​ច្រើន​ជាង​មុន​។​

​លោក​ចង់ឱ្យ​ក្រឡេក​មក​មើល​បញ្ហា​ថ្នាក់​តំបន់​វិញ​ ថា​តើ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន​ដល់​កម្រិត​ណា​ ដែល​ពួក​គាត់​អាច​រៀនសូត្រ​ ឬ​ទទួលផល​ចំណេញ​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​។​

​យ៉ាងណាមិញ​លោក​ថា​ ប្រសិនបើ​អ្នកកាសែត​ ក៍​ដូច​ជា​ស្ថាប័ន​ព័ត៌មាន​ មិន​ពង្រឹង​ខ្លួនឯង​ឈាន​ទៅ​ចាប់ផ្តើម​ផ្សាយ​ព័ត៌មាន​បែប​ទូលំ​លាយ​ទេ​នោះ​ ប្រជាជន​នឹង​ឈប់​គាំទ្រ​ ឬ​មើល​ទម្រង់​ព័ត៌មាន​បែប​នោះ​ទៀត​ហើយ​។​

​បែប​នេះ​ក្តី​ លោក​ ប៉ែន​ បូ​ណា​ ទាមទារ​ឱ្យ​អ្នក​សែត​កម្ពុជា​ត្រូវ​ខិតខំ​រៀន​ភាសា​ និង​ស្វែង​យល់​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​ ដើម្បី​អាច​ស្តាប់​ និង​យក​ព័ត៌មាន​បាន​ ហើយ​សរសេរ​មាន​ក្រមសីលធម៌​ វិជ្ជាជីវៈ​។​

​ចំណែក​លោក​ ពុ​យ​ គា​ ភ្នាក់ងារ​ព័ត៌មាន​ត្យូ​តូ​ ដែល​មានបទពិសោធន៍​១៨​ឆ្នាំ​ ក្នុង​ការ​រាយការណ៍​ព័ត៌មាន​នៅ​តំបន់​អាស៊ាន​ បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ថា​ ដើម្បី​អាច​យក​ព័ត៌មាន​នៅ​ស៊ា​ន​បាន​ទាមទារ​ឱ្យ​ចេះ​ភាសា​អង់គ្លេស​ជា​ចាំបាច់​។​

​ជាមួយ​គ្នា​ ឱកាស​ដែល​ក្រុមហ៊ុន​ផ្តល់​ឱ្យ​ក៏​ជា​កត្តា​សំខាន់​ ព្រោះ​កម្រ​មាន​ស្ថាប័ន​ណា​បញ្ជូន​អ្នកកាសែត​ទៅ​យក​ព័ត៌មាន​នៅ​អាស៊ាន​ ដោយសារ​តែ​ចំណាយ​ថវិកា​ច្រើន​។​

លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
លោក ខៀវ កាញរីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
ជុំវិញ​បញ្ហា​នេះ​ លោក​ ខៀវ​ កាញ​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ មាន​ប្រសាសន៍​ថា បើ​ប្រៀបធៀប​នឹង​អ្នកកាសែត​ក្នុង​តំបន់​ កម្រិត​វិជ្ជាជីវៈ​អ្នកកាសែត​កម្ពុជា​ មិន​ចាញ់​គេ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​ពួក​គេ​នៅ​ខ្សោយ​ គឺ​អត្ថបទ​បែប​វិភាគ​។​

​នៅ​ក្នុង​អាស៊ី​អាគ្នេយ៍​  ក៏​មានការ​ដោះ​ដូរ​ទស្សនៈ​គ្នា​ រវាង​អ្នក​សារព័ត៌មាន​ ប្រទេស​និ​មួយៗ​ ផង​ដែរ​។​ អ្នក​សារព័ត៌មាន​ កម្ពុជា​ ច្រើន​បាន​ទៅ​ប្រទេស​ថៃ​ ដើម្បី​ ដោះ​ដូរ​ទស្សនៈ​ ចំណេះដឹង​និង​ ការ​វាយតម្លៃ​សេរីភាព​ សារព័ត៌មាន​នៃ​ប្រទេស​សមាជិក​ក្នុង​ តំបន់​៕​

Share

Image
Image
Image