en     km
en     km

​រដ្ឋាភិបាល​ដាក់​ចេញ​យុទ្ធនាការ​បោសសំអាត​ថ្នាំ​ញៀន​ បន្ទាប់​ពី​បរុស​ខ្លាំង​ហ្វី​លី​ពី​ន​មក​កម្ពុជា​(មានសំឡេង)

Share

ភ្នំពេញ ៖ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​គ្រឿងញៀន​ក្នុង​ប្រទេស​កម្ពុជា​ ដែល​កំពុង​រីក​រាល​ស្ទើរ​ពេញ​ផ្ទៃ​ប្រទេស​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​ដាក់​ចេញ​ផែនការ​ ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​ ១​ ដែល​មាន​រយៈពេល​ ៦​ ខែ​ ពោល​គឺ​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ដល់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៧​។​ 

​ការ​ដាក់ចុះ​ផែនការ​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ រ៉ូ​ទ្រី​ហ្គូ​ ឌូ​ធើ​តេ​ ដែល​គេ​ស្គាល់​ថា​ជា​បុរស​ខ្លាំង​ហ្វី​លី​ពី​ន​ក្នុង​ការ​បោស សំអាត​គ្រឿងញៀន​ បាន​មក​បំពេញ​ទស្សនកិច្ច​រយៈពេល​ ២​ថ្ងៃ​នៅ​កម្ពុជា​។​

​យ៉ាងណា​សង្គម​ស៊ី​វិល​កម្ពុជា​ដែល​ធ្វើ​ការងារ​តាមដាន​លើ​បញ្ហា​សង្គម​សាទរ​ចំពោះ​យុទ្ធនាការ​នេះ​ តែ​ស្នើ​ឱ្យ​មានការ​បង្ក្រាប​ជា​ទ្រង់ទ្រាយ​ធំ​លើ​ឧក្រិដ្ឋជន​ជួញដូរ​ធំៗ​ ព្រោះ​សព្វថ្ងៃ​សមត្ថកិច្ច​ចាប់​បាន​តែ​អ្នក​ជួញដូរ​ និង​ប្រើប្រាស់​តូចៗ​តែ​ប៉ុណ្ណោះ​ ហើយ​បញ្ហា​គ្រឿងញៀន​នេះ​បាន​រីក​រាល ដាល​ពី​ទីប្រជុំជន​ទៅ​កាន់​ទី​ជន​ដាច់​ស្រយាល​ទៀត​ផង​។​

 

គ្រឿងញៀនដែលអាជ្ញាធររឹមអូសបាន និងដុតបំផ្លាញចោលនាពេលកន្លងទៅ។
គ្រឿងញៀនដែលអាជ្ញាធររឹមអូសបាន និងដុតបំផ្លាញចោលនាពេលកន្លងទៅ។
ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នេះ​ គឺ​ស្រប​ពេល​ដែល​លោក​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ រ៉ូ​ទ្រី​ហ្គូ​ ឌូ​ធើ​តេ​ បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ដែល​ប្រមុខ​រដ្ឋាភិបាល​ កម្ពុជា​បាន​ ហៅ​បុរស​រដ្ឋ​នៃ​ប្រទេស​ អាស៊ី​អា​គេ្ន​យ៌​មួយ​នេះ​ ថា​ បុរស​ខ្លាំង​ ។​

​ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​របស់​លោក​ ឌូ​ធើ​តេ​ ត្រូវ​គេ​ដឹង​ថា​ មានការ​បាញ់​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ និង​អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ឱ្យ​អស់ពី​ប្រទេស​។​ យ៉ាងនេះ​ក្តី​ មានការ​ជំទាស់​ពី​អន្តរជាតិ​ជា​ច្រើន​ជុំវិញ​យុទ្ធនាការ​របស់​លោក​ ដូ​ធើ​តេ​ នេះ​ថា​ បាន​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ខ្វះ​ការ​ស៊ើបអង្កេត​ច្បាស់លាស់​ និង​បាន​សម្លាប់​ជន​ស្លូតត្រង់​ជាដើម​។​ ចុះ​កម្ពុជា​បាន​ទទួល​ឱវាទ​អ្វីខ្លះ​ពី​លោក​ ដូ​ធើ​តេ​ ?

​ដោយ​គ្រាន់តែ​មេ​ដឹក​ហ្វី​លី​ពី​ន​មាន​វត្ត​មាននៅ​កម្ពុជា​ភ្លាម​ ស្រាប់តែ​ប្រមុខ​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​យុទ្ធនាការ​បោសសំអាត​គ្រឿង​ដូច​ប្រទេស​ហ្វី​លី​ពី​ន​ ដែរ​។​

បើ​តាម​សារ​ចរ​របស់​រាជរដ្ឋាភិបាល​ ស្តី​ពី​ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​ ១​ រយៈពេល​ ៦​ខែ​ គឺ​ចាប់ពី​ថ្ងៃ​ទី​០១​ ខែមករា​ ដល់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៧​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣​ ធ្នូ​ ម្សិលមិញ​ ដែល​អ្នក​សារព័ត៌មាន​ទើប​ទទួល​បាន​នៅ​ថ្ងៃនេះ​ មិន​មាន​ចែង​ពី​ការ​សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន​ដូច​ហ្វី​លី​ពី​ន​នោះ​ទេ​ ពោល​គឺ​គ្រាន់តែ​មាន​វិធានការ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

វិធានការ​របស់​កម្ពុជា​លើក​ការ​បោសសំអាត​គ្រឿងញៀន​រួម​មាន​ វិធានការ​អប់រំ​ វិធានការ​រដ្ឋបាល​ វិធានការ​អនុវត្ត​ច្បាប់​ វិធានការ​ព្យាបាល​ ស្តារ​នីតិ​សម្បទាន​ និង​សមាហរណកម្ម​ និង​កិច្ចសហការ​ប្រតិបត្តិការ​អន្តរជាតិ​។

គ្រឿងញៀនដែលអាជ្ញាធររឹមអូសបាន និងដុតបំផ្លាញចោលនាពេលកន្លងទៅ។
គ្រឿងញៀនដែលអាជ្ញាធររឹមអូសបាន និងដុតបំផ្លាញចោលនាពេលកន្លងទៅ។
នៅ​ក្នុង​វិធានការ​ទាំងនេះ​ រដ្ឋាភិបាល​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ ពិសេស​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​ផ្សព្វផ្សាយ​អប់រំ​ពី​បញ្ហា​គ្រឿងញៀន​នេះ​ ជា​រៀងរាល់ថ្ងៃ​ដោយ​លើក​ឡើង​ពី​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន​។​ វិធានការ​មួយទៀត​ រដ្ឋាភិបាល​ក៏​ជំរុញ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​យកចិត្តទុកដាក់​តាមដាន​ និង​បើក​យុទ្ធនាការ​បោសសំអាត​ពី​សកម្មភាព​ជួញដូរ​ សកម្មភាព​ផលិត​ និង​ប្រើប្រាស់​ជាដើម​។​

ទាក់ទិន​វិធានការ​របស់​រដ្ឋាភិបាល​ខាងលើ​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ដែល​ធ្វើការ​លើ​បញ្ហា​សង្គម​លើក​ឡើង​ថា​ ការ​ដាក់​ចេញ​នូវ​យុទ្ធនាការ​នេះ​ គឺ​គ្រាន់តែ​ឱ្យ​ល្អមើល​តែ​ប៉ុណ្ណោះ​ ព្រោះ​វិធានការ​ខាងលើ​សុទ្ធ​សឹង​ជា​វិធានការ​ចាស់​មិនសូវ​មាន​ប្រសិទ្ធិ​ភាព​នោះ​ទេ​។​

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​កម្ពុជា​ និយាយ​ថា​ បញ្ហា​គ្រឿងញៀន​នៅ​កម្ពុជា​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ​ ហើយ​ការ​រីក​រាលដាល​នៃ​ការ​ចរាចរ​ថ្នាំ​ញៀន​ទៀត​សោត​ ក៏​មាន​ទំហំ​ធំ​ទៅៗ​ ដែល​លោក​ថា​ កម្ពុជា​ត្រូវ​ចាត់វិធានការ​ក្តៅ​និង​បន្ត​ធ្វើ​ឱ្យ​បាន​ជាប់លាប់​ជា​ប្រចាំ​។

យ៉ាងណា​លោក​ សន​ ជ័យ​ សង្កត់​ធ្ង​រថា​ វិធានការ​បច្ចុប្បន្ន​ហាក់​នៅ​ទន់ខ្សោយ​មិនសូវ​មាន​ប្រសិទ្ធិ​ភាព​ជា​ដុំ​កំ​ផួ​ន​ក្នុង​ការ​បង្ក្រាប​នោះ​ទេ​ ព្រោះ​អ្នក​ចែកចាយ​គ្រឿងញៀន​ធំៗ​អាច​ជា​អ្នកមាន​តួនាទី​ មាន​ឋានៈ​ និង​មាន​អំណាច​ ព្រមទាំង​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ក៏​មាន​។​ លោក​ សន​ ជ័យ​៖«​ទ្រង់ទ្រាយ​អ្នក​នៃ​អ្នក​អ្នក​ជួញដូរ​គ្រឿងញៀន​នឹង​ គឺជា​ប្រភព​នៃ​ក្រុម​ដែល​មាន​អំណាច​រឹង​មាំ​។​ អ​ញ្ចឹ​ង​!​គេ​ហៅ​ថា​ អំណាច​នៃ​ការ​អនុវត្ត​ច្បាប់​មួយ​ចំនួន​ហ្នឹង​មាន​បញ្ហា​ ជា​ពិសេស​របៀប​ឬ​ បច្ចេកទេស​នៃ​ការ​ស៊ើបអង្កេត​ ឬ​ក៏​ការ​តាមដាន​ហ្នឹង​ វា​មិន​មាន​អ្វី​ថ្មី​ មិន​មាន​អ្វី​ដែល​ប្លែក​ទេ​។​ ម្យ៉ាងទៀត​វិធានការ​របស់​រដ្ឋាភិបាល​គឺ​ដ​ដែរៗ​»​។​

លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពកម្ពុជា
លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពកម្ពុជា
ចំណែក​លោក​ យ៉ង់​ គឹ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ​ និង​ សន្តិភាព​ លើក​ឡើង​ថា​ លោក​សាទរ​ចំពោះ​វិធានការ​របស់​រដ្ឋាភិ បាល​ដែល​បាន​ដាក់ចុះ​ផែនការ​នេះ​ ព្រោះ​បញ្ហា​គ្រឿងញៀន​ បាន​រីក​រាលដាល​ដល់ទី​ជន​ដាច់​ស្រយាល​ ដែល​យុវជន​ភាគច្រើន​នៅ​ទី​ជនបទ​ឆាប់​ទទួលផល​រង​គ្រោះ​ណាស់​ ។​

​លោក​បន្ត​ថា​ បញ្ហា​គ្រឿងញៀន​នេះ​បាន​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ ក្រុម​គ្រួសារ​ និង​ប៉ះពាល់​ដល់​សុខភាព​ ព្រមទាំង​សតិអារម្មណ៍​អ្នក​ប្រព្រឹត្ត​ផង​ដែរ​។​ លោក​ យ៉ង់​ គឹ​ម​អេ​ង​៖«​ផល​ប៉ះពាល់​ធំ​ណាស់​ ទ​បញ្ហា​សង្គម​ ទាំង​បញ្ហា​អសន្តិសុខ​ ចោរលួច​ ចោរប្លន់​ កាប់សម្លាប់​គ្នា​ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ រឿង​សព្វបែបយ៉ាង​នៅ​ក្នុង​សង្គម​ហ្នឹង​ដែល​យើង​មានការ​ព្រួយបារម្ភ​»​។​

សារាចរ​របស់​រាជរដ្ឋាភិបាល​លេខ​ ០១​ ផ​ក​ ស្តី​ពី​ យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​ ១​ រយៈពេល​ ៦​ខែ​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែ មករា​ ដល់​ថ្ងៃ​ទី​៣០​ ខែមិថុនា​ ឆ្នាំ​២០១៧​ នេះ​ ក៏​បាន​ទទួលស្គាល់​ការ​កើនឡើង​នូវ​ទិ​ន្នា​ការ​នៃ​ការ​ចរាចរ​ និង​ការ​ជួញដូរ​ថ្នាំ​ញៀន​ដែល​មិន​មានការ​ថមថយ​។​ ជាក់ស្តែង​នៅ​ឆ្នាំ​ ២០១៦​ នរ​គ​បាល​ និង​កងរាជអាវុធហត្ថ​ បង្ក្រាប​បាន​ ៤១៩១​ ករណី​ក្នុង​នោះ​ករណី​ប្រើប្រាស់​មាន​ ១១១២​ករណី​ ចាប់​បាន​ជនសង្ស័យ​សរុប​ ៩៨០២​ នាក់​ ក្នុង​នោះ​អ្នក​ប្រើប្រាស់​គ្រឿងញៀន​មាន​ ៣៦១១​នាក់​ និង​រឹប​បាន​គ្រឿងញៀន​ ១៧៥​ គីឡូក្រាម​។​

​សារាចរ​របស់​រាជរដ្ឋាភិបាល​លេខ​ ០១​ ផ​ក​ ដដែល​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​នៃ​ចំនួន​ការ​ប្រើប្រាស់​ និង​ការ​ជួញដូរ​ដែល​ចេះ​តែ​កើនឡើង​ ដែល​រីក​រាល​ដាន​ពី​ទីក្រុង​រហូត​ដល់ទី​ជនបទ​ដាច់​ស្រយាល​មួយ​ចំនួន​។​ តាម​តួលេខ​ដែល​បាន​ស្រង់​ លើ​អ្នក​ញៀន​គ្រឿងញៀន​បាន​បង្ហាញ​ថា​ មាន​ចំនួន ​១៨៥៥៤​នាក់​ កើនឡើង​ ៤២៤២​នាក់​ ស្មើនឹង​ ២៩.៦៣%​ បើ​ធៀប​នឹង​ពេល​មុន​៕

Share

Image
Image
Image