en     km
en     km

ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ ៦​ ខេត្ត​ដាក់​ញត្តិ​ស្នើ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​(មានសំឡេង)

Share

ភ្នំពេញ ៖ ពលរដ្ឋ​មាន​ជម្លោះដីធ្លី​ប្រមាណ​ ៥០០​ នាក់​មក​ពី​ខេត្ត​ចំនួន​ ៦​ នៅ​ថ្ងៃ​ទី​ ០៥​ ខែធ្នូនេះ​ បាន​ធ្វើ​ដំណើរ​ឡើង​មក​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​ដល់​ក្រសួង​ពាក់ព័ន្ធ​ ឱ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ក្រុមហ៊ុន​ អ្នកមាន​លុយ​ មាន​អំណាច​ បាន​រំលោភ​បំពាន​យក​។​ យ៉ាងណា​ក្រសួង​ពាក់ព័ន្ធ​ដែល​ពលរដ្ឋ​ស្វែងរក​កិច្ច​អន្តរាគមន៍​នោះ​ បាន​ទទួលយក​ញត្តិ​ពី​ពលរដ្ឋ​ហើយ​ ព្រមទាំង​បាន​សន្យា​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​តាម​ដំណាក់កាល​។​

 

ពលរដ្ឋមានជំលោះដីធ្លី ៦ ខេត្តមកក្រសួងដែនដីដើម្បីឱ្យរដ្ឋមន្រ្តីថ្មីជួយដោះស្រាយ។
ពលរដ្ឋមានជំលោះដីធ្លី ៦ ខេត្តមកក្រសួងដែនដីដើម្បីឱ្យរដ្ឋមន្រ្តីថ្មីជួយដោះស្រាយ។

​ពលរដ្ឋ​ទាំងនោះ​មក​ ពី​ខេត្តស្វាយរៀង​ ព្រៃវែង​ កណ្ដាល​ តាកែវ​ កោះកុង​ ព្រះ​សីហ​នុ​ ពួក​គាត់​បាន​ ឡើង​មក​រាជធានី​ភ្នំពេញ​ ប្រគល់​ញត្តិ​ជូន​ដល់​ក្រសួង​ដែនដី​ ក្រសួងកសិកម្ម​ ព្រមទាំង​រដ្ឋសភា​ ដើម្បី​ឱ្យ​ស្ថាប័ន​ទាំង​បី​នេះ​ជួយ​រក​ដំណោះស្រាយ​ ករណី​ក្រុមហ៊ុន​អ្នកមាន​អំណាច​បាន​រំលោភ​យក​ដីធ្លី​របស់​ប្រជាពលរដ្ឋ​។​

​លោក​ ញឹ​ល​ ភាព​ អ្នកសម្របសម្រួល​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ និង​ជា​តំណាង​ប្រជាពលរដ្ឋ​ទាំង​ ៦​ ខេត្ត​ បាន​និយាយ​ថា​ ប្រជាពលរដ្ឋ​ ឡើង​មក​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​ថ្ងៃនេះ​ គឺ​បំណង​ដើម្បី​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ ជួយ​ដោះស្រាយ​វិវាទ​ដីធ្លី​ពលរដ្ឋ​ទាំង​ ៦​ ខេត្ត​ ដែល​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន​ អ្នកមាន​អំណាច​ មាន​ប្រាក់​កាស​ រំលោភ​យក​ដី​ពលរដ្ឋ​។​

​ទន្ទឹម​នឹង​នេះ​ ពលរដ្ឋ​ចោទ​ថា​ អាជ្ញាធរ​មូលដ្ឋាន​ និង​ ក្រុមហ៊ុន​ហាក់​បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ទើប​នាំ​ឱ្យ​បញ្ហា​នេះ​ពិបាក​ដោះស្រាយ​។​ ​លោក​ ញឹ​ល​ ភាព​៖«​ ថ្មីៗ​នេះ​នៅ​សហគមន៍​ព្រះ​សីហ​នុ​ យើង​ឃើញ​ថា​មាន​ឧកញ៉ា​មួយ​ចំនួន​ប្រើ​ទាហាន​ ប្រើ​កងកម្លាំង​ទៅ​បណ្តេញ​ប្រជាពលរដ្ឋ​ ទៅ​រុសរើ​ផ្ទះ​ពលរដ្ឋ​ ប្លន់​ដីធ្លី​ប្រជាពលរដ្ឋ​។​ ដំណើរ​ដីធ្លី​នេះ​ជា​បញ្ហា​ជា​ប្រព័ន្ធ​មាន​ន័យ​ថា​ មន្ត្រី​ទាំង​ថ្នាក់​ក្រោម​ជាតិ​ រហូត​ដល់​ថ្នាក់​ជាតិ​ហ្នឹង​មានការ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​ អ​ញ្ចឹ​ង​បញ្ហា​នេះ​គឺ​ដោះ​មិន​ចេញ​នោះ​ទេ​»​។​ 

ទន្ទឹម​នឹង​ការ​តវ៉ា​រឿង​នេះ​ ពលរដ្ឋ​ទាំងនោះ​ ក៏​បាន​អំពាវនាវ​ឱ្យ​ក្រសួងកសិកម្ម​ ជួយ​រក​ទីផ្សារ​ផលិត​កសិកម្ម​ របស់​ពួក​គាត់​ ។​

ពលរដ្ឋដែលឡើងមកតវ៉ា ត្រូវបានមន្រ្តីក្រសួងដែនដី ឱ្យចូលក្នុងបរិវេនក្រសួង និងដើម្បីបង្ហាញពីទំណាស់ដីធ្លីដែលពួកគាត់ចង់ទារទារឱ្យមានដំណោះស្រាយ។
ពលរដ្ឋដែលឡើងមកតវ៉ា ត្រូវបានមន្រ្តីក្រសួងដែនដី ឱ្យចូលក្នុងបរិវេនក្រសួង និងដើម្បីបង្ហាញពីទំណាស់ដីធ្លីដែលពួកគាត់ចង់ទារទារឱ្យមានដំណោះស្រាយ។

​លោក​ ផុល​ ឌួ​ក​ តំណាង​សហគមន៍​ចុង​អំបិល​មក​ពី​ខេត្តព្រៃវែង​ លើក​ឡើង​ថា​ សហគមន៍​របស់​លោក​ឡើង​មក​រាជធានី​ភ្នំពេញ​ថ្ងៃនេះ​ ក៏​ចង់ឱ្យ​ក្រ សួងកសិកម្ម​ ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​ផលិតផល​របស់​កសិករ​ដែល​ចេះ​តែ​ធ្លាក់​ថ្លៃ​នៅ​ពេល​រដូវ​ប្រមូល​ផល​ និង​ស្នើ​ឱ្យ​ក្រសួង​ជួយ​យកចិត្ត ទុក ដាក់​ផ្តល់​បច្ចេកទេស​ដាំ​ដុះ​ និង​ប្រព័ន្ធ​ស្រោចស្រព​ដល់​ប្រជា​កសិករ​ផង​ដែរ​។​

លោក​ ត្អូញត្អែ​ល​ថា​ កសិករ​ តែង​ជួប​ការ​ខាតបង់​ពី​កា​ងារ​ដាំ​ដុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​  ព្រោះ​ឈ្មួញ​តែងតែ​ទម្លាក់​តម្លៃ​នៅ​រដូវ​ប្រមូល​ផល​ ដោយ​ឈ្មួញ​តែង​លើក​ថា​ បន្លែ​ ផ្លែ​ឈើ​ នាំ​ចូល​ពី​ប្រទេស​ជិតខាង​មាន​តម្លៃ​ថោក​ជាង​ផលដំណាំ​កម្ពុជា​។​ យ៉ាងណា​លោក​សុំ​ឱ្យ​រដ្ឋាភិបាល​បិទ​កា​នាំ​ចូល​ផលិតផល​កសិកម្ម​ពី​បរទេស​ នឹង​ត្រូវ​លើក​ស្ទួយ​ផលដំណាំ​ដែល​កសិករ​ខ្មែរ​ផលិត​បាន​ ទើប​កសិករ​មាន​ដង្ហើមរស់​។​ លោក​ ផុល​ ឌួ​ក​៖«​បាទ​!​ដំណាំ​ផ្សេងៗ​ដែល​គាត់​ធ្វើ​បាន​ ជួនកាល​គាត់​លក់​មិន​ចេញ​។​ អ​ញ្ចឹ​ង​ខ្ញុំ​សូម​សំណុំ​ពរ​ដល់​រដ្ឋាភិបាល​កុំ​នាំ​ បន្លែ​ អង្ករ​ស្រូវ​អី​ កុំ​នាំ​ចូល​ពី​ប្រទេស​ក្រៅ​»​។​

មន្ត្រីនៃក្រសួងដែនដីចេញមកទទួលយកញត្តិពីពលរដ្ឋ និងសន្យាជូនញត្តិពលរដ្ឋឱ្យដល់ដៃរដ្ឋមន្រ្តីដែនដីថ្មីជួយដោះស្រាយ។
មន្ត្រីនៃក្រសួងដែនដីចេញមកទទួលយកញត្តិពីពលរដ្ឋ និងសន្យាជូនញត្តិពលរដ្ឋឱ្យដល់ដៃរដ្ឋមន្រ្តីដែនដីថ្មីជួយដោះស្រាយ។

​បញ្ហា​ដីធ្លី​មិនមែន​ជា​រឿង​ថ្មី​ និង​ចំឡែក​អ្វី​ពេក​ទេ​សម្រាប់​ប្រទេស​កម្ពុជា​។​ មិន​ថា​តែ​ទី​ជនបទ​នោះ​ទេ​ សូ​ម្ប​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ជា​បេះដូង​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​និង​នយោបាយ​ ក៏​ជួប​បញ្ហា​ដីធ្លី​ចាក់ស្រេះ​ពិបាក​ដោះស្រាយ​ជា​ច្រើន​ទស​វត្ស​មក​ដែរ​ តួយ៉ាង​ករណី​សហគមន៍​បឹង​កក់​ សហគមន៍​បុរី​កីឡា​ អេស​អូ​អេស​ ជាដើម​ ។​

លោក​ សៀ​ ភារ​ម្យ​ នាយក​លេខា​ដ្ឋា​ន​ក្រុម​កា​ងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋា​ន​ លើក​ឡើង​ថា​ បញ្ហា​ជំនា​ស​ដីធ្លី​ក្នុង​ប្រទេស​កម្ពុជា​ មិន​មាន​ភាព​ថមថយ​នោះ​ទេ​ ពោល​គឺ​នៅ​មាន​អត្រា​ខ្ពស់​ដ​ដែរ​បើ​ប្រៀបធៀប​ទៅ​នឹង​បណ្តាល​ឆ្នាំ​មុនៗ​។​ តែ​លោក​ថា​ ករណី​អំពើ​ហិង្សា​ដែល​កើត​ចេញពី​ជម្លោះដីធ្លី​មាន ការ​ថយ​ចុះ​ជាង​មុន​ច្រើន​។​ ចំណែក​ដំណោះស្រាយ​របស់​ក្រសួង​វិញ​ លោក​បន្ត​ថា​ ហាក់​នៅ​មាន​ភាព​យឺតយ៉ាវ​ណាស់​ ព្រោះ​ករណី​ជម្លោះដីធ្លី​មួយ​ចំនួន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​។​ លោក​ថា​ ករណី​ដែល​អាច​ដោះ​បាន​ស្រួល​លុះត្រាតែ​មាន​កិច្ច​អន្តរាគមន៍​ ឬ​ បទបញ្ជា​ពី​លោកនាយក​រដ្ឋមន្ត្រី​។​

លោក សៀ ភារម្យ នាយកលេខាដ្ឋានក្រុមកាងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលតែងតាមដានបញ្ហាដីធ្លីក្នុងប្រទេសកម្ពុជា តែលោកបច្ចុប្បន្នកំពុងជាប់បណ្តឹងក្នុងរឿងដីធ្លីដែលលោកជួយដោះស្រាយផងដែរ។
លោក សៀ ភារម្យ នាយកលេខាដ្ឋានក្រុមកាងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលតែងតាមដានបញ្ហាដីធ្លីក្នុងប្រទេសកម្ពុជា តែលោកបច្ចុប្បន្នកំពុងជាប់បណ្តឹងក្នុងរឿងដីធ្លីដែលលោកជួយដោះស្រាយផងដែរ។

​តែង​យ៉ាងណា​លោក​ ភារ​ម្យ​ កោតសរសើរ​ចំពោះ​រដ្ឋមន្ត្រីក្រសួង​ដែនដី​ថ្មី​ថា​ បាន​ដឹកនាំ​ដោះស្រាយ​បញ្ហា​ដីធ្លី​បាន​ល្អ​ប្រសើរ​ នឹង​មាន​យន្តការ​ច្បាស់លាស់​ជាង​រដ្ឋមន្ត្រី​មុនៗ​ជាក់ស្តែង​ករណី​អគារ​បួល​ឌិ​ញ​ជាដើម​។​  លោក​ សៀ​ ភារ​ម្យ​៖«​ជា​ពិសេស​ដូច​ករណី​អគារ​បួល​ឌិ​ញ​ស​ជាដើម​ ខ្ញុំ​បាន​ចូលរួម​ទៅ​ស្តាប់​គាត់​មាន​ប្រស​សន៍​ដែល​ គឺ​បាន​ពីរ​ដង​ប្រជុំ​ជាមួយ​ពលរដ្ឋ​ ខ្ញុំ​ឃើញ​ថា​គាត់​មានការ​បេ្ត​ជ្ញា​ចិត្ត​ខ្ពស់​ណាស់​ គឺ​កាត់​មិន​បណ្តោយ​ឱ្យ​អ្នក​ក្រោម​ធ្វើ​ទេ​ ដោយសារ​តែ​គាត់​អត់​ទុកចិត្ត​អាច​មាន​អំពើ​បន្លំ​ថែមថយ​ ដូច្នេះ​គាត់​ត្រូវ​ដឹកនាំ​ធ្វើ​ជា​ប្រធាន​គណកម្មការ​ខ្លួនឯង​»​។​

​គេ​សង្កេត​ឃើញ​ថា​ ក្នុង​ដំណើរការ​ប្រគល់​ញត្តិ​នេះ​ ភាគី​តាម​ក្រសួង​និ​មួយៗ​ ព្រមទាំង​គណៈកម្មការ​ទី​ ១​ រដ្ឋសភា​បាន​ទទួលយក​ញត្តិ​ពី​ពលរដ្ឋ​ និង​បាន​សន្យា​ជួយ​ដោះស្រាយ​ជូន​ពលរដ្ឋ​តាម​ដំណាក់កាល​។​ តែ​យ៉ាង​ពលរដ្ឋ​អះអាង​ថា​ ប្រសិនបើ​ក្រសួង​មិន​ព្រម​ដោះស្រាយ​ ឬ​អូស​បន្លាយ ពេល​ច្រើន​ ពលរដ្ឋ​នឹង​លើកគ្នា​មក​តវ៉ា​ជា​ថ្មី​ទៀត​មិន​ខាត​៕​

Share

Image
Image
Image