en     km
en     km

​លី​កាដូ​៖​ ការ​បញ្ចាំ​ខ្លួន​ដើម្បី​ដោះបំណុល​នាំ​ឱ្យ​កម្មករ​ផលិត​ឥដ្ឋ​ ក្លាយជា​ទាសករ​

Share

ភ្នំពេញ៖ របាយការណ៍​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិ​មនុស្ស​ លី​កាដូ​ ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​ ០២​ ធ្នូ​ ឆ្នាំ​ ២០១៦​នេះ​ បាន​បង្ហាញ​ថា​ ភាព​រីក​រាល់ដាល​នៃ​ការ​ប្រើប្រាស់​ទម្រង់​ទាសភាព​នៅ​ក្នុង​ឧស្សាហកម្ម​ផលិតផល​ឥដ្ឋ​នៅ​កម្ពុជា​កាន់តែ​អាក្រក់​ ដោយសារ​តែ​កម្មករ​ កាន់តែ​ក្រ​ដោយ​ជំពាក់​បំណុល​ថៅកែ​។​

child-work
​របាយការណ៍​អង្គការ​លី​កាដូ​ ស្តី​ពី​«​ទាសភាព​នៃ​ ការ​បញ្ចាំ​ខ្លួន​ដោះបំណុល​ និង​ពលកម្ម​កុមារ​សិប្បកម្ម​ផលិតផល​ឥដ្ឋ​នៅ​កម្ពុជា​»​។​ របាយការណ៍​សិក្សា​ស្រាវជ្រាវ​នេះ​ បាន​បញ្ជាក់​ថា​ កម្មករ​បាន​ចាប់ផ្តើម​ខ្ចីប្រាក់​ពី​ថៅកែ​សិប្បកម្ម​ឥដ្ឋ​ពី​ ប្រមាណ​ជា​២០០​ ឬ​៣០០​ ដុល្លារ​ ហើយ​បន្ទាប់​មក​ប្រាក់​បំណុល​កាន់តែ​កើនឡើង​រហូត​ដល់​កម្មករ​ខ្លះ​ ជំពាក់​បំណុល​ប្រមាណ​១០០០​ ដុល្លារ​ ទៅ​ ៦០០០​ ដុល្លារ​។​ របាយការណ៍​នេះ​ក៏​បាន​បង្ហាញ​ដែរ​ថា​ កម្មករ​ទាំងនោះ​ត្រូវ​សង​បន្ត​ពី​គ្រួសារ​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​ ហើយ​រហូត​ដល់​គ្រួសារ​ខ្លះ​សង​ បំណុល​ថៅកែ​ដល់​ទៅ​៣​ជំនាន់​ទើប​រួច​ហើយ​មូលហេតុ​កម្មករ​ខ្ចី​លុយ​ថៅកែ​គឺ​ បញ្ហា​សុខភាព​គ្រួសារ​ ឬ​បញ្ហា​កសិផល​ដំណាំ​មិន​ទទួល​បាន​ផល​ល្អជា​ដើម​។​

​របាយការណ៍​អង្គការ​លី​កាដូ​៖«​ជា​ទូទៅ​គឺ​បណ្តាល​មក​ពី​បញ្ហា​មួយ​ចំនួន​ដូច​ជា​ ការ​ឈឺ​ស្កាត់​នៅ​ក្នុង​គ្រួសារ​ ឬ​ទិន្នផល​ដំណាំ​មិនល្អ​ ហើយ​ប្រាក់​កម្ចី​ដំបូង​មាន​ចំនួន​តិច​ទេ​គឺ​ត្រឹមតែ​២០០​ទៅ​៣០០​ដុល្លារ​តែ​ប៉ុណ្ណោះ​។​ ប៉ុន្តែ​រយៈពេល​កាន់តែ​យូរៗ​ទៅ​ ប្រាក់​បំណុល​កាន់តែ​កើនឡើង​ ហើយ​កម្មករ​ដែល​បាន​ផ្ដល់​ការ​សម្ភាស​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​នេះ​មាន​ជាប់ជំពាក់​បំណុល​ជា​សរុប​ចាប់ពី​១០០០​ដុល្លារ​ ទៅ​៦០០០​ដុល្លារ​ ជា​ចំនួន​ទឹកប្រាក់​មួយ​ដែល​អ្នក​ទាំងនោះ​មិន​អាច​មាន​លទ្ធភាព​សង​អស់​ឡើយ​»​។​

​របាយការណ៍​នេះ​ បាន​លើក​ឡើង​ថា​ ម្ចាស់​សិប្បកម្ម​ជ្រើសរើស​កម្មករ​ដោយ​ផ្តល់​ប្រាក់​កម្ចី​ និង​កន្លែង​ស្នាក់​នៅ​ដល់​គ្រួសារ​ទីទាល់​ក្រ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ម្ចាស់​សិប្បកម្ម​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្មករ​ដោយ​ឲ្យ​ពួក​គេ​សន្យា​ធ្វើការ​ក្នុង​សិប្បកម្ម​ឥដ្ឋ​រហូត​ដល់​សង​ប្រាក់​ឱ្យ​អស់​។​ របាយការណ៍​នេះ​បន្ថែម​ថា​ ប្រទេស​កម្ពុជា​មាន​បទ​បញ្ញា​ត្តិ​ច្បាប់​យ៉ាង​ទូលំទូលាយ​ដោយ​បាន​អនុម័ត​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ​ ដើម្បី​ដាក់ទោស​ព្រហ្មទណ្ឌ​ ចំពោះ​ការ​ប្រើប្រាស់​ការ​បញ្ចាំ​ខ្លួន​ដោះបំណុល​និង​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​។​ ជាមួយ​គ្នា​នេះ​ របាយការណ៍​នេះ​ បាន​រិះគន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​បាន​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​លុប​បំបាត់​បទល្មើស​ឡើយ​ ជាក់ស្តែង​បទល្មើស​ទាំងនេះ​កំពុង​តែ​បន្ត​កើត​មាននៅ​ឡើយ​។​

​របាយការណ៍​នេះ​បាន​សិក្សា​ស្រាវជ្រាវ​នៅ​តាម​តំបន់​ផលិត​ឥដ្ឋ​ចំនួន​ ១១​ កន្លែង​នៅ​ក្បែរ​រាជធានី​ភ្នំពេញ​គឺ​មាន​សិប្បកម្ម​ឥដ្ឋ​ជាង​ ១០០​ ដោយ​មាន​កម្មករ​រាប់​ពាន់​នាក់​។​ របាយការណ៍​នេះ​ បាន​សម្ភាសន៍​ជាមួយ​កម្មករ​ប្រហែល​ ៥០​នាក់​ កម្មករ​ពេញវ័យ​ និង​កុមារ​៕

Share

Image
Image
Image