en     km
en     km

សម្តេច​ ហ៊ុន​ សែន​ ៖​ ផែនទី​ខ្នាត​ ១/១០០​ ពាន់​នៅ​តែ​ជា​ផែនទី​ផ្លូវការ​ដដែល​

Share

​ភ្នំពេញ​ ៖​ សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បន្ត​បកស្រាយ​ពី​ខ្នាត​រង្វាស់រង្វាល់​ព្រំប្រទល់​កម្ពុជា​-​វៀតណាម​យ៉ាង​ដូច្នេះ​ថា​ ផែនទី​ខ្នាត​ ១/១០០​ពាន់​ នៅ​តែ​ជា​ផែនទី​ផ្លូវការ​ដដែល​ ដើម្បី​យក​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ដោះស្រាយ​ការ​វាស់វែង​ និង​បោះបង្គោល​ព្រំដែន​ករណី​មាន​ភាព​មិន​ប្រក្រតី​។​ សម្តេច​នាយក​រដ្ឋមន្ត្រី​ លើក​ឡើង​ដូច្នេះ​ គឺ​ឆ្លើយ​តប​នឹង​ម្ចាស់​ Facebook​ ម្នាក់​ដែល​មានឈ្មោះ​ថា​  មុ​ វិ​ណុ​ ចាន់​(Mu​ Vinu​ Chan)​ ដែល​បាន​ចូល​ខម​មែន​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្តេច​ ដោយ​ស្នើ​ឱ្យ​ពន្យល់​ពី​បំណង​ដែល​ចង់​យក​ផែនទី​ខ្នាត​ ១/៥០​ ពាន់​មក​វាស់វែង​ជំនួស​ផែនទី​ខ្នាត​ ១/១០០​ ពាន់​ ថា​តើ​ជា​ផែនទី​ដែល​ចង់​យក​ប្រើ​នោះ​ជា​ផែនទី​ចាស់​ ឬ​ក៏​ជា​ផែនទី​ដែល​សម្តេច​ចង់ឱ្យ​បារាំង​ធ្វើ​ថ្មី​។​

នាយករដ្ឋមន្រ្តីកម្ពុជានៅខាងស្តាំ, ប្រធានាធិបតីវៀតណាម នៅខាងឆ្វេង។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជានៅខាងស្តាំ, ប្រធានាធិបតីវៀតណាម នៅខាងឆ្វេង។ រូបភាពពីហ្វេសប៊ុកសម្តេច ហ៊ុន សែន

​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ម្ចាស់​ Facebook​ មានឈ្មោះ​ថា​ មុ​ វិ​ណុ​ ចាន់​(Mu​ Vinu​ Chan)​ ដែល​បាន​ស្នើ​ឱ្យ​សម្តេច​ ហ៊ុន​ សែន​ ពន្យល់​ពី​ច​ម្ង​ល់​ដែល​ថា​ តើ​សម្តេច​ ហ៊ុន​ សែន​ យក​ដែន​ទី​ ១/៥០​ ពាន់​ចាស់​ដែល​មាន​ស្រាប់​ ឬ​យក​ផែនទី​ថ្មី​ដែល​សម្តេច​ចង់ឱ្យ​បារាំង​ធ្វើ​ថ្មី​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ឆ្លើយ​តប​កាលពី​ល្ងាចម្សិលមិញ​ ក្នុង​សំ​ណេ​រ​ដើម​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ នេះ​មិនមែន​បង្កើត​ផែនទី​ថ្មី​ទេ​គឺ​ចម្លង​ផែនទី​ពី​ផែនទី​ខ្នាត​1/100,000​ មក​ខ្នាត​ 1/50,000​ ដើម្បី​ងាយ​ ស្រួល​វាសវែង​ និង​ បោះបង្គោល​។​ផែនទី​ខ្នាត​1/100,000​នៅ​តែ​ជា​ផែនទី​ផ្លូវការ​។​ ក្នុង​ករណី​យ​មានការ​យល់​ខុស​គ្នា​ ត្រូវ​យក​ផែនទី​ខ្នាត​1/100,000​ មក​ធ្វើ​ជា​មូល​ដា្ឋ​ន​ក្នុង​ការ​ដោះស្រាយ​ដដែល​»​។​

​សម្តេច​ ហ៊ុន​ សែន​ បន្ត​ថា​៖«​និយាយ​រួមការ​ផ្ទេរ​ផែនទី​ ឬ​ ចម្លង​ផែនទី​ត្រូវ​តែ​ធានា​ភាព​ត្រឹមត្រូវ​តាម​ផែនទី​ដើម​ និង​ ដើម្បី​យក​មក​ធ្វើការ​វាស់វែង​ បោះបង្គោល​ព្រំដែន​ឱ​បាន​ត្រឹមត្រូវ​»​។​

​សម្តេច​បន្ថែម​ទៀត​ថា​៖«​យើង​សុំ​ជំនាញការ​បារាំង​អាស្រ័យ​ដោយ​បារាំង​ ជា​អ្នក​ផលិត​ផែនទី​នេះ​ពេល​បារាំង​ដាក់​អាណានិគម​លើ​ប្រទេស​កម្ពុជា​ វៀតណាម​ និង​ ឡាវ​»​។​

កាលពី​ថ្ងៃ​ទី​ ២៦​ ខែវិច្ឆិកា​ម្សិលមិញ​ សម្ដេច​ ហ៊ុន​ សែន​ បាន​គូសបញ្ជាក់​ថា​ ការ​ប្រើប្រាស់​ផែនទី​បោ​ន​ខ្នាត​១/១០០​ពាន់​ គឺ​លំបាក​រក​ចំណុច​ ដើម្បី​បោះបង្គោល​ព្រំដែន​ ព្រោះ​វា​តូច​ពេក​ ។​ ដូច្នេះ​ត្រូវ​ផ្ទេរ​មក​ផែនទី​ UTM​ ខ្នាត​ ១/៥០​ ពាន់​វិញ​ទើប​ងាយស្រួល​ ។​

​មាត្រា​ ២​ នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា​ បូរណភាព​ទឹកដី​របស់​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣​ -១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​។​

សូម​ជម្រាប​ថា​ កម្ពុជា​-​វៀតណាម​ មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង​ ១២៧០​ គីឡូម៉ែត្រ​ ដែល​ត្រូវការ​បោះបង្គោល​ព្រំដែន​ចំនួន​ ៣១៤​ បង្គោល​។​ បើ​តាម​គណៈកម្មការ​ព្រំដែន​  គិត​រហូត​ដល់​ពេល​នេះ​ ភាគី​ទាំង​ពីរ​បាន​ធ្វើការ​បោះបង្គោល​ព្រំដែន​បាន​ចំនួន​ ៨៣​ ភាគរយ​ហើយ​ នៅ​ប្រមាណ​ ១៧​ ភាគរយ​ទៀត​ប៉ុណ្ណោះ​៕

Share

Image
Image
Image