en     km
en     km

CNRP​ស្នើ​ទៅ​ គ​.​ជ​.​ប​ ពន្យា​ពេល​ចុះ​ឈ្មោះ​បី​ថ្ងៃ​ទៀត​ខណៈ​ គ​.​ជ​.​ប​ យក​ទៅ​ពិចារណា​ (មានសំឡេង)

Share

ភ្នំពេញ៖ ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​ គ​.​ជ​.​ប​ នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ស្នើ​ទៅ​គ​.​ជ​.​ប​ ចំនួន​បី​ចំណុច​ក្នុង​នោះ​ គណបក្សប្រឆាំង​បាន​ស្នើ​ឱ្យ​គ​.​ជ​.​ប​ ពន្យា​ពេល​ចុះ​ឈ្មោះ​បី​ថ្ងៃ​ទៀត​។​ តែ​សំណើរ​នេះ​ គ​.​ជ​.​ប​ មិន​ទាន់​យល់ព្រម​នោះ​ទេ​ ដោយ​ធ្វើការ​ពិចារណា​សិន​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​កិច្ច​ពិភាក្សា​រវាង​ គ​.​ជ​.​ប​ ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​នេះ​
​កិច្ច​ពិភាក្សា​រវាង​ គ​.​ជ​.​ប​ ជាមួយ គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២៥​ ខែវិច្ឆិកា​នេះ​

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ស្នើ​សុំ​ឱ្យ​ពន្យា​ពេល​បី​ថ្ងៃ​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចំពោះ​ឃុំ​ សង្កាត់​ណា​ដែល​មាន​អត្រា​អ្នក​ចុះ​ឈ្មោះ​ក្រោម​ ៧០​ភាគរយ​ ឬ​មាន​មនុស្ស​កំពុង​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ចាប់ពី​៥០​នាក់​ឡើង​ទៅ​ក្នុង​មួយ​ថ្ងៃ​។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ បន្ទាប់​ពី​បញ្ចប់​កិច្ច​ពិភាក្សា​ជាមួយ​ គ​.​ជ​.​ប​ នៅ​ថ្ងៃ​ទី​២៥​ វិច្ឆិកា​ នេះ​។​

​តាម​លោក​ យឹ​ម​ សុវណ្ណ​ ការ​ស្នើ​សុំ​ឱ្យ​ពន្យា​ពេល​នេះ​ព្រោះតែ​គណបក្ស​ សង្កេត​ឃើញ​ នៅ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ចំនួន​ពលរដ្ឋ​ដែល​មក​ចុះ​ឈ្មោះ​ជា​រៀងរាល់ថ្ងៃ​នៅ​តាម​ឃុំ​សង្កាត់​នៅ​តែ​មាន​ចំនួន​ច្រើន​នៅឡើយ​។​

​លោក​ យឹ​ម​ សុវណ្ណ​៖«​ឧទាហរណ៍​ដូច​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​នេះ​ ឥលូវ​នេះ​មាន​៩​ពាន់​នាក់​ ម្សិលមិញ​មាន​៩​ពាន់​ទៅ​ចុះ​ឈ្មោះ​ ហើយ​មាន​ខេត្ត​មួយ​ចំនួន​ទៀត​ ពី​១​ពាន់​៥​រយ​ ទៅ​បី​ពាន់​នាក់​ ឃើញ​ថា​មាន​ចំនួន​ច្រើន​ អ​ញ្ចឹ​ង​យើង​ស្នើ​សុំ​ឱ្យ​គ​.​ជ​.​ប​ ពន្យា​ចុះ​ឈ្មោះ​ចំនួន​បី​ថ្ងៃ​។​ បី​ថ្ងៃនេះ​ គឺ​ផ្តោតអារម្មណ៍​ទៅ​លើ​ឃុំ​សង្កាត់​ដែល​មាន​មនុស្ស​កំពុង​ចុះ​ឈ្មោះ​ហ្នឹង​ចាប់ពី​៥០​នាក់​ឡើង​ទៅ​»​។​

​អ្នកនាំពាក្យ​គណបក្សប្រឆាំង​រូប​នេះ​ រំពឹង​ថា​ គ​.​ជ​.​ប​ នឹង​យល់ព្រម​តាម​ការ​ស្នើ​សុំ​នេះ​។​

​ទាក់ទិន​បញ្ហា​នេះ​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រាប់​ថា​ គ​.​ជ​.​ប​ ព្រម​ទទួលយក​សំណើ​នេះ​ទៅ​ពិចារណា​ ប៉ុន្តែ​ការ​សម្រេច​យ៉ាងណា​នោះ​ លោក​នៅ​មិន​ទាន់​បញ្ជាក់​ឱ្យ​ដឹង​នៅឡើយ​ទេ​។​ លោក​ ហង្ស​ ពុទ្ធា​ បានឱ្យ​ដឹង​ថា​ គ​.​ជ​.​ប​ នឹង​ធ្វើការ​ពិចារណា​ នៅ​ពេល​បិទ​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដោយសារ​ គ​.​ជ​.​ប​ មិន​ទាន់​ មាន​តួលេខ​បណ្តោះអាសន្ន​ជា​ស្ថាពរ​នោះ​ទេ​។​ បែប​នេះ​ក្តី​លោក​ថា​ គ​.​ជ​.​ប​ ក៏​មិន​មាន​ពេលវេលា​ច្រើន​សម្រាប់​ការ​ពន្យា​ដែរ​។​

លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត
លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

​លោក​ ហង្ស​ ពុទ្ធា​៖«​នៅ​ពេល​ដែល​ទទួល​ពាក្យ​មួយ​ម៉ាត់​ថា​ ពន្យា​ថ្ងៃ​ភ្លាម​ គ​.​ជ​.​ប​ ត្រូវ​ចំណាយ​លុយ​ប៉ុន្មាន​បន្ថែម​ទៀត​ ពីព្រោះ​៩០​ថ្ងៃ​ហើយ​ នៅ​តែ​មិន​អញ្ជើញ​មក​ចុះ​ខ្ញុំ​គិត​ថា​បី​ថ្ងៃ​គាត់​អញ្ជើញ​មក​ចុះ​ឬ​អត់​នេះ​ជា​បញ្ហា​សំណើរ​ អនុសាសន៍​ចេះ​តែ​ស្នើ​មក​ ប៉ុន្តែ​លទ្ធភាព​ជាក់ស្តែង​ ប៉ុន្តែ​ជំហាន​បឋម​ដែល​សមាជិក​គ​.​ជ​.​ប​ទាំង​៩​នាក់​លោក​បាន​ ចុះ​ទៅ​តាម​ខេត្ត​ហាក់ដូច​អស់ហើយ​ ចេញ​អស់ហើយ​ នៅ​សល់​តែ​អ្នក​ អត់​នៅ​ភូមិ​ទេ​អត់​បាន​ចុះ​ និង​អ្នក​ចាស់ទុំ​បន្តិច​ អ្នកមាន​បញ្ហា​ឯកសារ​តិចតួច​ដែល​អត់​ចុះ​ អ​ញ្ចឹ​ង​បើសិនជា​ពន្យា​ថ្ងៃ​ថែម​ក៏​មិនដឹង​បាន​លទ្ធផល​យ៉ាង​ដែរ​»​។​

​ក្រៅពី​សំណើ​ឱ្យ​ពន្យា​ពេល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​មាន​សំណើ​ពីរ​ចំណុច​ទៀត​ផង​ដែរ​។​

​សំណើ​ទាំង​ពីរ​នេះ​ លោក​ យឹ​ម​ សុវណ្ណ​ បាន​ប្រាប់​ថា​៖​
.​ចង់ឱ្យ​គ​.​ជ​.​ប​ សម្របសម្រួល​ទៅ​លើ​បែបបទ​នៃ​ការ​ចុះ​ឈ្មោះ​ ករណី​ដូច​ជា​ពិបាក​ក្នុង​ការ​បញ្ជាក់​លិខិត​ស្នាម​ផ្សេង​។​
.​ការ​ធ្វើ​បច្ចុប្បន្ន​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ​ក្រោយ​ លោក​ចង់ឱ្យ​គ​.​ជ​.​ប​ ពិនិត្យ​ពិចារណារ​ទៅ​លើ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ក៏​ដូច​ជា​បទបញ្ជា​មួយ​ចំនួន​ ដើម្បី​បើកផ្លូវ​ឱ្យ​ពលករ​ ជាង​មួយ​លាន​នាក់​ដែល​កំពុងធ្វើការ​នៅ​ក្រៅប្រទេស​មាន​លទ្ធភាព​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​សម្រាប់​សំណើ​នេះ​ លោក​ ហង្ស​ ពុទ្ធា​ ថា​ គ​.​ជ​.​ប​ មិន​ទាន់​មានការ​ពិចារណា​នោះ​ទេ​។​លោក​ថា​ ការ​សម្រេចចិត្ត​លើ​បញ្ហា​ណាមួយ​ ត្រូវ​ពិនិត្យ​ទៅ​លើ​ស្ថានភាព​ថវិកា​ ស្ថានភាព​បច្ចេកទេស​ និង​ស្ថានភាព​ច្បាប់​។​

​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គ​.​ជ​.​ប​  បានឱ្យ​ដឹង​ថា​ លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​ ពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​⁣​ ដល់​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៦​ ចំនួន​អ្នក​ដែល​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ចំនួន​ ៧​ ៥៣៧​ ២៦៦​ ស្មើនឹង​ ៧៧.៩៩%៕

Share

Image
Image
Image