ភ្នំពេញ៖ មេធាវីអន្តរជាតិការពារក្តីឱ្យលោក នួន ជា ចង់ឃើញសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ចូលខ្លួនធ្វើសាក្សីក្នុងសំណុំរឿង ០០២/០២ បន្ទាប់ពីសំណុំរឿង ០០២/០១ បានបិទបញ្ចប់។ តែមន្ត្រីរដ្ឋាភិបាលថា នេះជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
ការថ្លែងដូចនេះបន្ទាប់ពីអង្គជំនុំជម្រះវិសាមញ្ញ នៃតុលាការខ្មែរក្រហម បានប្រកាសបិទបញ្ចប់សំនុំរឿង០០២វគ្គ១ ដោយបន្តសំនុំរឿង០០២ វគ្គ២ ដែលមានលោក នួន ជា ប្រធានរដ្ឋសភា និង លោក ខៀវ សំផន ប្រមុខរដ្ឋនៃរបបកម្ពុជា នៅតែជាចុងចោទ ជាប្រវត្តិសាស្ត្រដដែល។ សំនុំរឿង ០០២វគ្គ២នេះ នឹងពេលពេលនេះ រហូតប្រកាសសាលក្រមនៅចុងឆ្នាំ២០១៧។ លោក លៀ ស៊ីណា រាយការណ៍បន្ត៖
ជាការពិតសម្ដេច ហេង សំរិន ធ្លាប់ត្រូវ សហមេធាវីអន្តរជាតិ និង សហព្រះរាជអាជ្ញា ភាគីអង្គការសហប្រជាតិ ចុចឈ្មោះ សុំមកធ្វើជាសាក្សី ច្រើនដងមកហើយ តែមិនអាចទៅរួច ដោយសារមានការជំទាស់ពី សហព្រះរាជអាជ្ញាកម្ពុជា ដោយសំអាងថា សម្ដេច ហេង សំរិន មានអភ័យឯកសិទ្ធសភា។ តែជាថ្មីទៀតនេះ មេធាវីអន្តរជាតិការពារក្តីលោក នួន ជា ស្នើជាថ្មីម្ដងទៀត ឱ្យតុលាការកោះអញ្ជើញប្រធានរដ្ឋសភាមកធ្វើជាសាក្សី ក្នុង នាមសម្ដេចជាអតីតមេទ័ពម្នាក់ នៃរបបកម្ពុជាប្រជាធិបតេយ្យ។
សហមេធាវីអន្តរជាតិការពារក្តីឱ្យលោក នួន ជា គឺលោក Victor Koppe បាននិយាយក្នុងសន្និសីទសារព័ត៌មាន ថា សម្តេច ហេង សំរិន គឺជាសាក្សីសំខាន់ក្នុងសំណុំរឿង០០២/០២ ដែលអង្គជំនុំជម្រះសាលាដំបូងគួរតែអញ្ចើញឱ្យចូលធ្វើជាសាក្សី ។
លោក Victor Koppe ៖«លោក ហេង សំរិន ជាសាក្សីដ៏សំខាន់បំផុតសម្រាប់សំណុំរឿង០០២/០២ ទោះបីគេថាគេមិនទាន់កោះហៅក្តី ប៉ុន្តែគាត់ជាសាក្សីតែម្នាក់គត់យ៉ាងណាក៏ដោយយើងក៏ត្រូវតែគិតពីចំនុចនេះដែរ ហើយក្នុងន័យនេះគឺថាខ្ញុំនៅតែនិយាយថាគាត់ជាសាក្សីដែលមានការពាក់ព័ន្ធសំខាន់មួយ»។
ទាក់ទងនឹងករណីនេះដែរ លោក កែវ រ៉េមី ដែលជាភាគីតំណាងឱ្យរដ្ឋាភិបាល ហើយមានវត្តមាននៅពេលនោះដែរ បាននិយាយយ៉ាងខ្លីថាវាអាស្រ័យទៅលើឆន្ទានុសិទ្ធិរបស់ចៅក្រមតុលាការខ្មែរក្រហមសម្រេចថាកោះអញ្ចើញឬមិនកោះអញ្ចើញ ។
លោក កែវ រ៉េមី៖«ទាក់ទងទៅនឹងសំណួរនេះ គ្រាន់តែជំរាបជូនយ៉ាងខ្លីថានេះជាឆន្ទានុសិទ្ធិរបស់ចៅក្រម ពីព្រោះបើទាក់ទងក្នុងរង្វង់នៃការស៊ើបអង្កេត គឺទាក់ទងនៅនឹងឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបអង្កេត ហើយបើទាក់ទៅនឹងចៅក្រមជំនុំជម្រះអាស្រ័យទៅលើចៅក្រមជាតិ និងអន្តរជាតិ ចេញសេចក្តីសម្រេចរួមគ្នាថា តើការអញ្ចើញហ្នឹងវាមានប្រយោជន៍ដល់សាលាក្តីឬអត់»។
សូមរម្លឹកថា មិនមានតែសម្ដេច ហេង សំរិន ម្នាក់ទេ ដែលមេធាវីអន្តរជាតិ បានស្នើឱ្យតុលាការខ្មែរក្រហមកោះអញ្ជើញមកធ្វើជាសាក្សី នៃសាលាក្ដីខ្មែរក្រហម ក្នុងនោះមានទាំង លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ៣រូបផ្សេងទៀត៕