សហរដ្ឋអាមេរិកសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះរដ្ឋាភិបាលប្រទេសម៉ាឡេស៊ីដែលបានបន្ដឃុំខ្លួនមេដឹកនាំសង្គមស៊ីវិល ដោយសារពួកគេដឹកនាំការធ្វើបាតុកម្មដើម្បីឲ្យលោកនាយករដ្ឋមន្ដ្រី ណាជីព ណាហ្សាក់ ចុះចេញពីតំណែងពាក់ព័ន្ធ រឿងអាស្រូវពុករលួយ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក អាលីហ្សា អីវ៉ាដ បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយដែលស្រង់មកចុះផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន AFP ថា អាមេរិក មានការសោកស្ដាយយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានចាប់ឃុំខ្លួនមេដឹកនាំកែទម្រង់ដោយយកលេស ថា រំលោភច្បាប់សន្ដិសុខជាតិ។ ករណីនេះគឺជាការបំបិទសំឡេងរបស់អ្នករិះគន់នឹងបំបិទសំឡេងអ្នកនយោបាយក្រុមប្រឆាំង។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក បានធ្វើឡើងបន្ទាប់ពីប្រជាជនម៉ាឡេស៊ី រាប់ម៉ឺននាក់កាលពីសប្ដាហ៍មុន បានធ្វើបាតុកម្មដាក់សម្ពាធលើនាយករដ្ឋមន្ដ្រីណាជីព ចំពោះរឿងអាស្រូវដែលបាតុករចោទថា មេដឹកនាំរូបនេះបានលួចបង្វិលប្រាក់ពីធនាគាររបស់រដ្ឋនូវទឹកប្រាក់ប្រាមាណជាង ៧រយលានដុល្លាអាមេរិក ចូលទៅក្នុងគណនេយ្យផ្ទាល់ខ្លួន។
v ក្រុមបាតុករបានប្រកាសថា នៅចុងសប្ដាហ៍នេះ ពួកគេនឹងធ្វើបាតុកម្មជាថ្មីម្ដងទៀតដើម្បី ទាមទារឲ្យដោះលែងតំណាងរបស់ខ្លួនមកវិញ ដែលត្រូវបានចាប់ខ្លួនកាលពីសប្ដាហ៍មុន។ បាតុកម្មកាលពីសប្ដាហ៍មុននេះបាតុករយ៉ាងតិច ៦០នាក់ត្រូវបានចាប់ខ្លួន៕ប្រភព:The Nation