ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យពលរដ្ឋ មានការប្រុងប្រយ័ត្ន ចំពោះខ្យល់ព្យុះថ្មីមួយ បក់បោកមកពីសមុទ្រចិនខាងត្បូងឆ្លងកាត់ប្រទេសកម្ពុជា នៅចុងខែវិច្ឆិកានេះ។ សេចក្ដីជូនដំណឹង ចុះនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម បានព្យាករណ៍លើស្ថានភាពអាកាសធាតុដូចនេះថា៖
-ជ្រលងសម្ពាធខ្ពស់មានឥទ្ធិពលខ្សោយមកលើព្រះរាជាណាចក្រកម្ពុជា និងតំបន់ឥណ្ឌូចិន ជាមួយគ្នានេះឥទ្ធិពលសម្ពាធទាបពីសមុទ្រចិនខាងត្បូងក៏កំពុងគ្របដណ្ដប់មកលើកម្ពុជា។
-នៅចុងខែវិច្ឆិកានេះ ក៏អាចនឹងមានព្យុះទី២៥ ឈ្មោះ TOKAGE កើតឡើងទៅភាគអាគ្នេយ៍ប្រទេសហ្វីលីពីន។ ព្យុះនេះនឹងធ្វើដំណើរចូលមកសមុទ្រចិនខាងត្បូង រួចបន្ដដំណើរទៅដល់តំបន់ឆ្នេរប្រទេសវៀតណាមភាគអាគ្នេយ៍ នាអំឡុងថ្ងៃទី២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។
យោងតាមព្យាករណ៍ស្ថានភាពអាកាសធាតុបែបនេះនឹងបង្កឱ្យ៖
-បណ្ដារាជធានី ខេត្តមួយចំនួទន រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង កណ្ដល កំពង់ស្ពឺ តាកែវ ស្វាយរៀង ព្រៃវែង កំពង់ចាម ត្បូងឃ្មុំ និងបណ្ដាខេត្តនៅតាមតំបន់មាត់សមុទ្រ អាចនឹងមនភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។
-បន្ទាប់ពីព្យុះទី ២៥ អស់ឥទ្ធិពលទៅជ្រលងសម្ពាធខ្ពស់ លាយឡំជាមួយជំនោរពីទិសខាងជើង នឹងចាប់ផ្ដើមបង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា។
យោងលើស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើនេះ ក្រសួងធនធានទឹកនិងឧតុនិយម ស្នើដល់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ និងសាធារណជន ជ្រាបជាព័ត៌មាន៕