en     km
en     km

​សង្គម​ស៊ី​វិល​ថា​ អនុសាសន៍​៥០%​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សេចក្តី​ព្រាង​ក្រម​បរិស្ថាន (មានសំឡេង)​

Share

ភ្នំពេញ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​នេះ​ អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​ពាក់ព័ន្ធ​បាន​បើក​ធ្វើ​សិក្ខាសាលា​មួយ​ ដើម្បី​ផ្តល់​មតិយោបល់​លើ​សេចក្តី​ព្រាង​ «​ក្រម​ធនធានធម្មជាតិ​ និង​ បរិស្ថាន​នៃ​ប្រទេស​កម្ពុជា​»​។​

លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាល
លោក តឹក វណ្ណារ៉ា នាយកប្រតិបត្តិអង្គការវេទិកាមិនមែនរដ្ឋាភិបាល

​សិក្ខាសាលា​នេះ​ធ្វើ​ឡើង​មុន​មួយ​ថ្ងៃ​នៃ​សិក្ខាសាលា​ថ្នាក់​ជាតិ​ ដែល​ក្រសួងបរិស្ថាន​ នឹង​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​វិច្ឆិកា​នេះ​ ក្នុង​គោលបំណង​ ឱ្យ​សង្គម​ស៊ី​វិល​ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​នានា​ មាន​លទ្ធភាព​ពិនិត្យ​ទៅ​លើ​សេចក្តី​ព្រាង​ក្រម​ធនធានធម្មជាតិ​និង​បរិស្ថាន​ និង​ស្វែងរក​មតិរួម​ យក​ទៅ​ដាក់​ក្នុង​សិក្ខាសាលា​។​ ក្នុង​កម្ម​វី​ធី​នេះ​នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​បានឱ្យ​ដឹង​ថា​ អនុសាសន៍​ដែល​សង្គម​ស៊ី​វិល​ បាន​ពិ​ភា​ក្ស​គ្នា​កន្លង​មក​ ត្រូវ​បាន​ក្រសួង​ទទួលយក​៥០%​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

​លោក​ តឹក​ វ​ណ្ណា​រ៉ា​ នាយក​ប្រតិបត្តិ​អង្គការ​វេទិកា​មិនមែន​រដ្ឋាភិបាល​ បាន​ថ្លែង​អបអរ​សារ​ទរ​ដែល​ អនុសាសន៍​របស់​សង្គម​ស៊ី​វិល​ ក៏​ដូច​ជា​ប្រជា​សហគមន៍​ ត្រូវ​បាន​ក្រុម​មេធាវី​វិស្ណុ​ និង​ក្រសួងបរិស្ថាន​ដែល​ជា​អ្នក​រៀបចំ​តាក់តែង​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​ ទទួលយក​៥០%​  ។​

​លោក​បន្ត​ថា​ ក្រម​នេះ​មាន​សារសំខាន់​គឺ​ធានា​នូវ​ការ​ចូលរួម​របស់​សាធារណៈជន​ នៅ​ក្នុង​ហេតុផល​ប៉ះពាល​បរិស្ថាន​ និង​ធានា​ឱ្យ​គម្រោង​អភិវឌ្ឍ​ទាំងអស់​ក្នុង​ប្រទេស​កម្ពុជា​ មុន​នឹង​ធ្វើការ​អភិវឌ្ឍ​ត្រូវ​ធ្វើការ​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិ​សា្ថ​ន​ជា​មុន​។​ លោក​ពន្យល់​ថា​ ប្រការ​នេះ​ជំរុញ​ឱ្យ​មានការ​ដោះស្រាយ​ជម្លោះ​ ដែល​អាច​កើត​មាន​ជម្លោះ​រវាង​ក្រុមហ៊ុន​ និង​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​។​ ជាមួយ​គ្នា​នេះ​ដែរ​លោក​ថា​ ក្រម​នេះ​ក៏​មាន​វិសាលភាព​គ្រប់​ដណ្តប់​ទៅ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ផង​ដែរ​។​
 

​បើ​តាម​លោក​ តឹក​ វ​ណ្ណា​រ៉ា​ ប្រសិនបើ​ក្រសួង​ទទួល​អនុសាសន៍​ទាំងអស់​ ឱ្យ​បាន​ពេញលេញ​ដាក់​ទៅ​ក្នុង​ក្រម​នេះ​ លោក​ជឿជាក់​ថា​ ក្រម​នេះ​នឹង​អាច​ធានា​នូវ​ប្រសិទ្ធភាព​នៃ​ការ​ អនុវត្ត​ដែល​មាន​លក្ខណៈ​ល្អ​ប្រសើរ​ និង​ឆ្លើយ​តប​ ទៅ​នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ ព្រមទាំង​ជំរុញ​ឱ្យ​មាន​ប្រសិទ្ធភាព​ទៅ​លើ​ការ​គ្រប់គ្រង​ធនធានធម្មជាតិ​ ដូច​ជា​ព្រៃឈើ​ ធនធានទឹក​ជាដើម​។​

​នាយក​ប្រ​តិ​បត្ត​អង្គការ​វេទិការ​មិនមែន​រដ្ឋាភិបាល​រូប​នេះ​ បានឱ្យ​ដឹង​បន្ថែម​ថា​ ទិដ្ឋភាព​សំខាន់ៗ​ដែល​សង្គម​បាន​ស្នើ​រួម​មាន​ ស្នើ​ឱ្យ​មានការ​គិតគូរ​ដាក់​បញ្ចូល​បន្ថែម​ទាក់ទង​នឹង​គោលការណ៍​ធុរកិច្ច​ និង​សិទ្ធិ​មនុស្ស​ ការ​ទទួលខុសត្រូវ​របស់​សាជីវកម្ម​ ការ​គ្រប់គ្រង​តំបន់ដីសើម​ប្រកប​ ដោយ​និរន្ត​ភាព​ ដោយ​ស្នើ​ឱ្យ​មាន​ទៅ​ក្រុង​បៃតង​ និង​ការ​គ្រប់គ្រង​សំណល់​រឹង​រាវ​ ការ​ប្រើប្រាស់​ថាមពល​កើតឡើង​វិញ​ រួម​ទាំង​ការ​ចូលរួម​របស់​សាធារណៈជន​នៅ​ក្នុង​ដំណើរការ​វាយតម្លៃ​ហេតុផល​ប៉ះពាល​បរិ​សា្ថ​ន​ជាដើម​។​

​ទីប្រឹក្សា​អម​ក្រសួងបរិស្ថាន​ និង​ជា​ប្រធាន​ក្រុមបច្ចេកទេស​តាក់តែង​ក្រម​ធនធានធម្មជាតិ​ និង​បរិស្ថាន​ លោក​ ឯ​ វុ​ទ្ធី​ បាន​អះអាង​ថា​ ក្រម​នេះ​ពិតជា​មាន​ផលប្រយោជន៍​សំខាន់​បំផុត​ សម្រាប់​ការ​ការពារ​ អភិរក្ស​ ធនធានធម្មជាតិ​ ដែល​នៅ​សេសសល់​។​ លោក​បញ្ជាក់​ថា​ដើម្បី​ឱ្យ​ការងារ​នេះ​បាន​សម្រេច​គេ​ត្រូវ​ បង្កើត​ក្រប​ខណ្ឌ​ច្បាប់​តែ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ ដែល​ទាក់ទង​និង​បរិស្ថាន​ ធនធានធម្មជាតិ​ និង​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ ប្រកបដោយ​និរន្តរភាព​ ហើយ​ក៏​ជា​ផ្នែក​មួយ​នៃ​របៀបវារៈ​កំណែទម្រង់​ទូលំទូលាយ​ សម្រាប់​អភិវឌ្ឍន៍​ដោយ​ចីរភាព​ និង​អភិវឌ្ឍន៍​បៃតង​។​

​លោក​បន្ត​ថា​ ក្រសួង​បាន​បើក​ឱ្យ​មានការ​ចូលរួម​ផ្តល់​យោបល់​យ៉ាង​ទូលំទូលាយ​ ពី​សាធារណៈជន​ទាំងអស់​ដែល​ពាក់​តាំងពី​ដើម​ទី​មក​ ដើម្បី​ឱ្យ​ក្រម​នេះ​ទទួលយក​បាន​ទាំងអស់​គ្នា​។​

​សេចក្តី​ព្រាង​ក្រម​បរិស្ថាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​រយៈ​ការ​ការពារ​បរិស្ថាន​ និង​ការ​ប្រើប្រាស់​ប្រកបដោយ​ចីរភាព​នៃ​ធនធានធម្មជាតិ​។​ ក្រម​បរិស្ថាន​នេះ​ត្រូវ​បាន​ផ្តួចផ្តើម​បង្កើត​ឡើង​តាំងពី​ចុងឆ្នាំ​២០១៣​ ក្រោយ​ពេល​លោក​រដ្ឋមន្ត្រី​ សាយ​ សំ​អាល់​ ឡើង​កាន់​តំណែង​ និង​ចាប់ផ្តើម​តាក់តែង​ នៅ​ចុងឆ្នាំ​២០១៤​ ហើយ​ក្រម​បរិស្ថាន​នេះ​ នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​២០១៦​នេះ​។​

​លោក​តឹក​ វ​ណ្ណា​រ៉ា​ រំពឹង​ថា​ សេចក្តី​ព្រាង​ក្រម​ធនធានធម្មជាតិ​ និង​បរិស្ថាន​នេះ​ នឹង​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​ នៅ​ដើមឆ្នាំ​២០១៧​ ដើម្បី​ធ្វើការ​អនុម័ត​៕

Share

Image
Image
Image