en     km
en     km

​បក្ស​ប្រឆាំង​ថា​ខ្លួន​មិន​គាំទ្រ​កញ្ចប់​ថវិកា​ឆ្នាំ​២០១៧​ ព្រោះ​ការ​ចំណាយ​មិន​ត្រូវ​វិស័យ​អាទិភាព​

Share

ភ្នំពេញ៖ ​សេចក្តីព្រាងច្បាប់​ថវិកាជាតិ​ឆ្នាំ​២០១៧​ត្រូវ​បាន​រដ្ឋសភា​សម្រេច​អនុម័ត​យក​មក​ប្រជុំ​ពិភាក្សា​ ដោយ​ សំឡេង​៦៦​ លើ​១០៦​រូប​ ខណៈ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​៣៩​រូប​ មិន​បាន​លើកដៃ​គាំទ្រ​។​ សេចក្តីព្រាងច្បាប់​ហិរញ្ញវត្ថុ​នេះ​ ត្រូវ​បាន​អនុម័ត​នៅ​ម៉ោង​ប្រមាណ​ជិត​៥​រសៀល​ថ្ងៃ​អង្គារ​ទី​២២​វិច្ឆិកា​នេះ​ បន្ទាប់​ពី​តំណាង​រា​ស្រ​ទាំង​ ១០៦​ រូប​បាន​ធ្វើការ​ពិភាក្សា​យ៉ាង​ផុស​ផល់​។​

លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង
លោក សុន ឆ័យ តំណាងរាស្រ្តគណបក្សប្រឆាំង

​លោក​ សុ​ន​ ឆ័​យ​ តំណាងរាស្ត្រ​គណបក្សប្រឆាំង​ដែល​បាន​ចូល​ ប្រជុំ​សភា​ បាន​លើក​ឡើង​ថា​ ថវិកា​សម្រាប់​ឆ្នាំ​២០១៧​ គួរតែ​ផ្តល់​ទៅ​លើ​វិស័យ​ អប់រំ​ និង​វិស័យ​សុខាភិបាល​ច្រើន​ជាង​វិស័យ​ផ្សេងៗ​ទៀត​។​

​លោក​បន្ត​ថាបើ​ទោះបីជា​ វិស័យ​អប់​រំជា​វិស័យ​អាទិភាព​ក៏​ ដោយ​ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា​ ថវិកា​សម្រាប់​វិស័យ​មួយ​នេះ​ នៅ​តែ​មាន​ចំនួន​តិច​ បើ​ប្រៀបធៀប​នឹង​វិស័យ​ផ្សេង​ទៀត​។​

​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ទទួល​បាន​គម្រោង​ចំណាយ​ ចំនួន​ ២​ ៣៨៣​ ៦៧៣​លាន​រៀល​ មាន​សមាមាត្រ​ស្មើនឹង​១៨,៣%​ នៃ​ការ​ចំណាយ​ចរន្ត​ថវិកាជាតិ​ ត្រូវជា​២,៦៨%​នៃ​ផ​.​ស​.​ស​ គឺ​មាន​កំណើន​១៧,៤%​ ធៀប​នឹង​ឆ្នាំ​២០១៦​ ដោយ​ក្នុង​នោះ​សមាមាត្រ​នៃ​ចំណែក​ចំណាយ​បន្ទុក​បុគ្គលិក​មាន​៨១,២%​នៃ​ថវិកា​សរុប​របស់​ក្រសួង​។​

​ចំណាយ​អាទិភាព​ ក្នុង​វិស័យ​នេះ​គឺ​ផ្តោត​លើ​ ការ​បន្ត​គាំទ្រ​ដល់​ការ​ពង្រីក​ការ​ទទួល​បាន​សេវា​អប់រំ​ និង​ការ​លើកកម្ពស់​គុណភាព​អប់រំ​ តាម​រយៈ​ការ​បន្ត​ ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​ក្រីក្រ​ ការ​បន្ត​គាំទ្រ​ដល់​ការ​សាងសង់​បង្គន់​អនាម័យ​ និង​ប្រព័ន្ធ​ទឹក​ស្អាត​នៅ​តាម​សាលារៀន​។​ ជាមួយ​គ្នា​នេះ​ គឺ​ការ​បន្ត​វិនិយោគ​លើ​ការ​កសាង​អគារសិក្សា​ និង​ការ​ជួស​ជុស​ ថែទាំ​អគារសិក្សា​  និង​បន្ត​គាំទ្រ​ដល់​កិច្ច​ដំណើរការ​របស់​សាលារៀន​ និង​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​នៅ​តាម​សាលារៀន​។​

​ចំណែក​ក្រសួងសុខាភិបាល​មាន​ គ្រោង​ចំនួន​១​ ២០១​ ៨៥៥​លាន​រៀល​ សមាមាត្រ​ស្មើនឹង​៩,២​ នៃ​ចំណាយ​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​ ត្រូវជា​១,៣៥%​នៃ​ផ​.​ស​.​ស​ គឺ​មាន​កំណើន​ ៨,២%​ធៀប​នឹង​ឆ្នាំ​២០១៦​។​
​បើ​ទោះជា​មិន​មានការ​គាំទ្រ​ពី​បក្ស​ប្រឆាំង​ក្ដី​ តែ​សេចក្ដី​ព្រាង​ ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៧​ ត្រូវ​បាន​ តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ ដែល​មាន​សំឡេង​ភាគច្រើន​នៃ​រដ្ឋសភា​បាន​ប្រជុំ​អនុម័ត​ ដោយ​គេ​រំពឹង​ថា​ នឹង​អនុម័ត​ទាំងស្រុង​ លើ​ខ្លឹមសារ​រួម​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​៕​

 


Share

Image
Image
Image