en     km
en     km

CNRP​ ថា​នៅ​ភ្នំពេញ​ក្តៅ​ខ្លាំង​ដោយសារ​លុប​បឹង​ តែ​ CCP​ ថា​លុប​បឹង​គឺ​កាត់​បន្ថយ​មេរោគ​ (មានសំឡេង)

Share

ភ្នំពេញ៖ ​ខណៈ​ដែល​ សភា​ពេញអង្គ​ ពិភាក្សា​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​។​ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ចង់ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​។​ លោក​ យឹ​ម​ សុវណ្ណ​ តំណាងរាស្ត្រ​ នៅ​មណ្ឌល​ភ្នំពេញ​បាន​លើក​ឡើង​ថា​អាកាសធាតុ​ក្តៅ​ខ្លាំង​រយៈពេល​ចុង​ក្រោយ​នេះ​គឺ​ដោយសារ​លុប​បឹង​ជា​ច្រើន​ តែ​តំណាងរាស្ត្រ​បក្ស​កាន់​អំណាច​ថា​ធ្វើ​ឡើង​ដើម្បី​ការពារ​ពលរដ្ឋ​ពី​ការ​ស្រូប​ខ្លិ​ន​ស្អុយ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

បឹងកក់ នៅពេលដែលពុំទាន់លប់
រូបភាពឯកសា៖ បឹងកក់ នៅពេលដែលពុំទាន់លប់

ថ្លែង​ក្នុង​អង្គប្រជុំ​សភា​នៅ​ថ្ងៃ​ទី​២២​ វិច្ឆិកា​នេះ​ លោក​ យឹ​ម​ សុវណ្ណ​ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា​ ការ​លុប​បឹង​ធម្មជាតិ​ដើម្បី​ការ​អភិវឌ្ឍ​នៅ​តែ​បន្ត​មាន​ ខណៈ​ដី​ដែល​អាច​បម្រើ​ដល់​សេចក្តី​ត្រូវ​នៅ​សល់​ច្រើន​។​

 

​លោក​ថ្លែង​ថា​៖«​ជា​ការ​ពិត​ សេចក្តី​ត្រូវការ​របស់​យើង​សម្រាប់​ ទីលំនៅ​របស់​របស់​ពលរដ្ឋ​ សម្រាប់​ពាណិជ្ជកម្ម​ សកម្មភាព​សេដ្ឋកិច្ច​ វា​ជា​ក្រិ​ត្យ​ក្រម​សង្គម​ដែល​ត្រូវ​វិ​វត្ត​ទៅ​ ប៉ុន្តែ​យើង​មិន​ខ្វះ​ដី​ទេ​ ដូច​ជា​នៅ​ខណ្ឌដង្កោរ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ នៅ​ខណ្ឌ​អី​ទៀត​ យើង​មិនបាច់​លុប​បឹង​ក៏​យើង​នៅ​មាន​ដី​អភិវឌ្ឍ​ដែរ​ តែ​ខ្ញុំ​មិន​យល់​ហេតុ​អី​នៅ​តែ​បន្ត​លុប​បឹង​តទៅ​ទៀត​ ដូច​ជា​នៅ​បឹង​ជើង​ឯង​បឹង​កប់​ស្រូវ​។​ បឹង​កប់​ស្រូវ​កំពុង​តែ​មាន​ផែនការ​លុប​ទៀត​ហើយ​ ខ្ញុំ​មិនដឹង​ថា​តើ​ផែនការ​របស់​រដ្ឋាភិបាល​យ៉ាង​មិច​ទេ​»​។​

​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ​រូប​នេះ​យល់​ថា​ ការ​ឡើង​កំ​ដៅ​ ក្តៅ​ខ្លាំង​នៅ​ទីក្រុង​ភ្នំពេញ​ គឺ​បណ្តាល​មក​ពី​ការ​លុប​បឹង​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ លោក​បន្ថែម​ ចាប់ពី​ពេល​នេះ​ទៅ​ចំពោះ​ បឹង​ដែល​នៅ​សេសសល់​ពី​ការ​លុប​ គួរតែ​បញ្ឈប់​ ហើយ​ទុក​លទ្ធភាព​អភិវឌ្ឍ​នៅ​ក្រៅ​ក្រុង​វិញ​។​

​លោក​បន្ត​ការ​ទុក​បឹង​នៅ​ក្នុង​ក្រុង​ មិន​ត្រឹម​កាត់​បន្ថយ​កំ​ដៅ​នោះ​ទេ​ តែ​វា​ក៏​ជួយ​ស្តុក​ទឹក​នៅ​ខែវស្សា​ ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផង​ដែរ​ ។​

​ទាក់ទិន​បញ្ហា​នេះ​ លោក​ សួ​ស​ យ៉ា​រ៉ា​ តំណាងរាស្ត្រ​មណ្ឌល​ព្រះ​វិហារ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ថា​ការ​លើក​ឡើង​របស់​លោក​ យឹ​ម​ សុវណ្ណ​ គឺ​ការ​ថ្លែង​បែប​សារ​នយោបាយ​ ដែល​មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​បច្ចេកវិទ្យា​ និង​វិទ្យាសាស្ត្រ​។​ លោក​ថា​ ការ​ឡើង​កំ​ដៅ​ និង​ការ​លិច​ទីក្រុង​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ​ក្នុង​តំបន់​ត្រូពិច​ ដែល​ពេល​ខ្លះ​បាន​ បង្ក​ឱ្យ​មាន​រលក​កំ​ដៅ​ ក្តៅ​ខ្លាំង​ ហើយ​ពេល​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

​តំណាងរាស្ត្រ​គណបក្សកាន់អំណាច​រូប​នេះ​ ពន្យល់​បន្ត​ថា​ការ​ដែល​រដ្ឋាភិបាល​សម្រេច​លុប​បឹង​កប់​ស្រូវ​ គឺ​ដើម្បី​គិតដល់​សុ​វត្តិភាព​ និង​ បង្ការ​កុំឱ្យ​បាក់​ទំនប់​  ដែល​អាច​បណ្តាល​ឱ្យ​ប្រជាជន​ជិត​១​លាន​ ៥​សែន​នាក់​រង​គ្រោះ​។​ លោក​បន្ថែម​ថា​ ចំពោះ​បឹង​នៅ​ទិស​ខាងត្បូង​ គឺ​បឹង​ទំពន់​ ដែល​រដ្ឋាភិបាល​អនុម័ត​ឱ្យ​លុប​បឹង​ ដើម្បី​ឱ្យ​មានការ​អភិវឌ្ឍ​នៅ​តំបន់​នេះ​ គឺ​រដ្ឋាភិបាល​មិន​ចង់ឱ្យ​មាន​បឹង​ដែល​មានទឹក​មាន​ មេរោគ​នៅ​ក្នុង​ក្រុង​បន្ត​ រីកសាយ​ភាយ​នៅ​គ្រប់​តំបន់​ទាំងអស់​។​

​ជុំវិញ​ការ​លុប​បឹង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​នេះ​ លោក​ អ៊ី​ សា​រ៉ុ​ម​ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​ ធ្លាប់​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​ថា​ មក​ដល់​ពេល​នេះ​ បឹង​នៅ​ក្នុង​រាជធានី​នៅ​ភ្នំពេញ​មិន​តិច​ជាង​ ២៥​ បឹង​ដែល​ត្រូវ​បាន​លុប​។​

​លោក​សង្កេត​ឃើញ​ថា​ បឹង​ជា​ច្រើន​ត្រូវ​បាន​លុប​ គឺ​អំឡុង​មុន​ឆ្នាំ​ ២០០០​។​ នាយក​ប្រតិបត្តិ​សមាគម​ធាងត្នោត​រូប​នេះ​ បញ្ជាក់​ថា​នា​ពេល​បច្ចុប្បន្ន​នេះ​ បឹង​នៅ​រាជធានី​ភ្នំពេញ​សល់​មិន​ច្រើន​ទៀត​ទេ​។​ លោក​ថា​ បើ​រដ្ឋាភិបាល​នៅ​តែ​បន្ត​អនុញ្ញាត​ ឱ្យ​លុប​បឹង​ នោះ​វា​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ និង​បាត់បង់​នូវ​អត្តសញ្ញាណ​បឹង​ធម្មជាតិ​។​

​លោក​ អ៊ី​ សា​រ៉ុ​ម​ ៖​ «​ថ្មីៗ​នេះ​ ឃើញ​ថា​នៅ​ឆ្នាំ​ ២០០០​ ជាង​ ឃើញ​ថា​មានការ​លុប​បន្តបន្ទាប់​ច្រើន​។​ យើង​ឃើញ​ថា​ ចុង​ក្រោយ​នេះ​ឃើញ​មាន​លុប​បឹង​ស្នោរ​។​ យើង​មើលឃើញ​ចំណុច​សំខាន់​មួយទៀត​នៅ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​ជា​បឹង​មួយ​លាតសន្ធឹង​ធំ​មែនទែន​ ហើយ​បច្ចុប្បន្ន​នេះ​សាលា​រាជធានី​ភ្នំពេញ​ ចាប់ផ្តើម​ធ្វើការ​លុប​មួយ​ចំនួន​ ហើយ​មានការ​អភិវឌ្ឍ​មួយ​ចំនួន​ប៉ះពាល់​ទៅ​លើ​បឹង​…»​។​

លោក សន ជ័យ
លោក សន ជ័យ

ចំណែក​លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រស​ដាស​ន៍​ថា​ ការ​លុប​បឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ភាគច្រើន​ផ្តល់​ប្រយោជន៍​សម្រាប់​តែ​អ្នកមាន​ទ្រព្យសម្បត្តិ​ និង​អ្នក​វិនិយោគ​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។​ លោក​ថា​ វា​មាន​ប្រយោជន៍​តិចតួច​បំផុត​សម្រាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​អ្នក​ដែល​មាន​ចំណូល​ធ​ម្យ​ម​។​​

​យោង​តាម​របាយការណ៍​ស្រាវជ្រាវ​ឆ្នាំ​ ២០១៥​ របស់​សមាគម​ធាងត្នោត​ បាន​រក​ឃើញ​ថា​ បឹង​ធម្មជាតិ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​លុប​ ក្រោម​ហេតុផល​នៃ​ការ​អភិវឌ្ឍ​នោះ​ មាន​ចំនួន​ ២៥​ រួម​មាន​៖​ បឹង​ត្របែក​១​ និង​បឹង​ត្របែក​២,​ បឹង​ទំពុន​១,​ បឹង​ទំពុន​២,​ បឹង​ជើងឯក​,​ បឹង​ស្នោរ​,​ បឹង​ឈូក​,​ បឹង​សាឡា​ង​,​ បឹង​កក់​,​ បឹង​តា​មោក​ ឬ​ទំនប់​កប់​ស្រូវ​,​ បឹង​ពោងពាយ​ និង​បឹង​បា​យ៉ាប​ជាដើម​៕

Share

Image
Image
Image