ភ្នំពេញ៖ខណៈប្រទេសកម្ពុជាប្រារព្ធពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ ពីថ្ងៃទី១៣ដល់ ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ២០១៦ គេក៏សង្កេតឃើញមានទូកងដែលមានឈ្មោះគួរឲ្យចាប់អារម្មណ៍ជាច្រើនប្រើសុទ្ធតែនាមរបស់មន្ដ្រីកំពូលៗ នៃថ្នាក់ដឹកនាំជាន់ខ្ពស់នៅខាងដើម។
ក្នុងនោះមានដូចជាទូកងសម្ដេចពញាចក្រី ហេង សំរិន សម្ដេចសាយ ឈុំ សម្ដេច ស ខេង និងនាមរបស់សម្ដេច តេជោ ហ៊ុន សែន ជាដើម។ ដោយឡែកក្រៅពីទូកងដែលប្រើសុទ្ធសឹងតែឈ្មោះរបស់មន្ដ្រីកំពូលៗនៅខាងដើមគេក៏សង្កេតឃើញមានឈ្មោះទូកងដែលគួរឲ្យចាប់អារម្មណ៍មួយផងដែរគឺទូកងដែលមានឈ្មោះថា ក្ដាមប្រៃ។
តាមប្រវត្តិទូកងក្ដាមប្រៃដែលជម្រាបជូនដោយលោក អឹម ចំរើន គណៈកម្មាការគ្រប់គ្រងទូកងបញ្ជាក់ថា ទូកងក្ដាមប្រៃនេះជាទូករបស់សមាគមពលរដ្ឋនៅភូមិកំពង់ក្ដារ ឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តាមការបញ្ជាក់របស់លោក អឹម ចំរើន ទូកងនេះបង្កើតឡើងតាំងពីសម័យសង្គមរាស្ដ្រនិយមមកម្ល៉េះ ប៉ុន្ដែតាំងពីដើមមកទូកនេះមិនដែលបានចូលរួមប្រកួតការប្រណាំងទូកនោះទេទើបតែចាប់ផ្ដើមចូលប្រកួតនៅទីក្រុងភ្នំពេញនៅពាក់កណ្ដាលទសវត្ស១៩៩០។ តាមលោក អឹម ចំរើន ដដែលទូកក្ដាមប្រៃនេះក៏បានប្រែមុខមាត់ថ្មីនៅឆ្នាំ២០១២ និង២០១៣ ក្រោមការគ្រប់គ្រងនិងឧបត្ដម្ភផ្ទាល់ពីរដ្ឋមន្ត្រីព្រះបរមរាជវាំង គង់ សំអុល។ ទោះជាប្ដូរមុខមាត់ថ្មីក៏ទូកក្ដាមប្រៃនេះមិនបានផ្លាស់ប្ដូរអត្ដសញ្ញាណនៃឈ្មោះខាងដើមរបស់ខ្លួន ដែរ ។
តាមប្រវតិ្តដែលជម្រាបជូនដោយលោក អឹម ចំរើន ទូកងក្ដាមប្រៃ នៅពេលនេះមិនមានអត្ថន័យអ្វីច្រើននោះទេបើតាមលោកគឺ ទូកងនេះ គ្រាន់តែចង់បញ្ជាក់អំពីភាពសាមញ្ញារបស់អ្នកស្រុក អ្នកភូមិ ហើយធ្វើអោយងាយស្រួលក្នុងការហៅតែប៉ុណ្ណោះ។
លោក អឹម ចំរើន៖«ចឹងគាត់(សម្ដេចចៅហ្វាវាំង គង់ សំអុល)អត់ចង់អោយដាក់អ្វីដែលមិនមែនជាសាមញ្ញជននោះទេ ព្រោះគាត់មិនចង់អោយបាត់ភាពសាមញ្ញ និងអត្ដសញ្ញាណដែលមានតាំងពីដើម»។
បើតាមការបញ្ជាក់ពីលោក អឹម ចំរើន ដដែលទូកងក្ដាមប្រៃគឺមានឈ្មោះបែបនេះតាំងពីយូរលង់ណាស់មកហើយ ប៉ុន្ដែឈ្មោះនេះ គឺទើបតែត្រូវបានគេស្គាល់នៅក្នុងឆ្នាំ២០១២ និង ២០១៣ ប៉ុណ្ណោះ។ តាមលោក អឹម ចំរើន ទូកងក្ដាមប្រៃ បានប្រកួតឈ្នះ២ ថ្ងៃមកហើយ ។
តាមការកត់សម្គាល់ ទូកង ដែលមាននាម ចូលគ្នា រវាងឈ្មោះដើមនិង ឈ្មោះមន្ត្រីកំពូលៗគឺភាគច្រើនបានទទួល ជំនួយពីសប្បុរសជនច្រើនហើយមានរហូតក្រុមអ្នកឧកញ៉ា ឬឯកឧត្តមក៏ជួយឧបត្ថម្ភដែរ។
ពិធីបុណ្យអុំទូកឆ្នាំ ២០១៦នេះ មានទូកងចូលរួមមកប្រកួត ២៥៦ ទូក។ ដែលគេសង្កេតឃើញទូកដែលមិនមានឈ្មោះមន្ត្រីកំពូលៗមាន តិចតួចប៉ុណ្ណោះ៕