en     km
en     km

លោក​ កែម​ ឡី​ បាន​លាចាក​៤​ខែ​ហើយ​ តែ​យុត្តិធម៌​សម្រាប់​លោក​នៅ​មិន​មាន​ពន្លឺ​ (មានសំឡេង)

Share

នៅ​ថ្ងៃ​ទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៦​នេះ​គឺ​មាន​រយៈពេល​៤​ខែ​ហើយ​ ក្រោយ​ពី​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​ កាលពី​ថ្ងៃ​ ១០​កក្កដា​ ឆ្នាំ​២០១៦​ នៅ​កណ្តាល​ក្រុងភ្នំពេញ​។​ ក្រុម​គ្រួសារ​លោក​បណ្ឌិត​ កែម​ ឡី​ និយាយ​ថា​ នៅ​ស​ប្ដា​ហ៍​ក្រោយ​ មិត្តភក្ដិ​លោក​បណ្ឌិត​ នឹង​ហែ​ញត្តិ​ដាក់​ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ព​ន្លឿ​ន​ការ​រក​យុ​ត្ត​ធម៌​។​

សព​លោក​បណ្ឌិត​ កែម​ ឡី​ ​តម្កល់​នៅវត្ត​ពោធិ៍​យា​រាម​
សព​លោក​បណ្ឌិត​ កែម​ ឡី​ ​តម្កល់​នៅវត្ត​ពោធិ៍​យា​រាម​

តែ​ករណី​នេះ​ លោក​ ខៀវ​ សុភ​ក្រ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​ស្ត្រី​ នៅ​រសៀល​នេះ​ថា​ក្រសួង​កំពុង​តែ​បន្ត​នីតិវិធី​ ហើយ​បើ​មាន​មាន​ព័ត៌មាន​ថ្មី​នឹង​ចាប់ខ្លួន​ជនសង្ស័យ​បន្ថែម​ទៀត​។​

​លោក​បន្ត​ថា​ គួរតែ​មានការ​សហការ​ជាមួយ​គ្រួសារ​លោក​បណ្ឌិត​ កែម​ ឡី​ មិន​គួរ​ ទៅ​ហែ​ញត្តិ​បែប​នេះ​ទេ​។​ លោក​ថា​ បើ​លោក​បណ្ឌិត​នៅ​មានជីវិត​ក៏​លោក​ មិន​ ឲ្យ​ធ្វើ​សកម្មភាព​ បែប​នេះ​ដែរ​ ហើយ​ក្នុង​ពិភពលោក​ ក៏​មិន​មានការ​ស្វែងរក​យុ​ត្តិ​ធ​ម៍​ហើយ​ដើរ​ហែរ​ញត្តិ​បែប​នេះ​ទេ​។​

​តែ​បែប​នេះ​ក្ដី​ លោក​ កែម​ រិ​ទ្ធិ​សិត​ ប្អូនប្រុស​លោក​ កែម​ ឡី​ មាន​ប្រសាសន៍​ថា​លោក​មិន​ទាន់​បាន​ដង្ហែរ​ញត្តិ​ ទៅ​ទីណា​ទាំងអស់​ គ្រាន់តែ​គម្រោង​តែ​ប៉ុណ្ណោះ​។​ លោក​ថា​គម្រោង​នេះ​ មក​ពី​លោក​ចង់​ឲ្យ​តុលាការ​ដោះស្រាយ​ និង​ រក​យុ​ត្តិ​ធ​ម៍​ជូន​ គ្រួសារ​លោក​ឲ្យ​បាន​ឆាប់រហ័ស​ និង​ មិន​ចង់​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ដូច​អ្នករ​ង្គ្រោះ​។​

ស្តាប់សំឡេង៖

 

​ចំពោះ​ ការ​លើក​ឡើង​របស់​ មន្ត្រី​ក្រសួងមហាផ្ទៃ​ដែល​ថា​ពុំ​មាន​កិច្ចសហការ​ពី​គ្រួសារ​ជន​រង​គ្រោះ​  លោក​ រិ​ទ្ធិ​សិត​ ថា​កន្លង​ក្រសួង​មិន​មានការ​ទំនាក់ទំនង​មក​លោក​ទេ​ តែបើ​ទៅ​ខាង​ភរិយា​លោក​បណ្ឌិត​លោក​ក៏​មិនដឹង​ដែរ​។

ស្តាប់សំឡេង៖

 

​ទោះជា​យ៉ាងណា​ លោក​ថា​ក៏​ក្រសួង​មិន​គួរ​ មាន​ភាព​យឺតយ៉ាវ​ ក្នុង​ការ​រក​ជនល្មើស​ផ្សេង​ទៀត​មក​ដាក់ទោស​ដែរ​ព្រោះ​ មាន​កាមេរ៉ា​សុ​ត្ថិ​ភាព​មិន​ព្រម​បញ្ចេញ​។​

​ករណី​ឃាតកម្ម​លើក​លោក​បណ្ឌិត​ កែម​ ឡី​ ដែល​ជា​អ្នកវិភាគ​នយោបាយ​សង្គម​ បាន​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម​ ជា​ច្រើន​ពី​សហគមន៍​ជាតិ​និង​អន្តរជាតិ​ ដោយ​ ពួក​គេ​ចាត់ទុកជា​គំនុំ​នយោបាយ​៕​

 

 

Share

Image
Image
Image