en     km
en     km

ពលរដ្ឋ​នៅ​ជនបទ​ចាប់ផ្តើម​គិតគូ​ ពី​បញ្ហា​អនាម័យ​តែ​អ្នកខ្លះ​បន្ត​បន្ទោបង់​ពាស​វាល​ពាស​កាល (មានសំឡេង)​

Share

​អនាម័យ​ក្នុង​ការ​រស់នៅ​ គឺជា​កត្តា​សំខាន់​ក្នុង​ការ​លើកកម្ពស់​សុខុមាលភាព​សង្គម​ សេដ្ឋកិច្ចជាតិ​ សេដ្ឋកិច្ច​គ្រួសារ​ តែ​គេ​សង្កេត​ឃើញ​នៅ​តាម​ទី​ជនបទ​បច្ចុប្បន្ន​ ពលរដ្ឋ​រស់នៅ​ដោយ​ខ្វះ​អនាម័យ​ ជា​ពិសេស​ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​នៅ​តែ​មាន​។​

រូបតំណាង បង្គន់អនាម័យនៅតាមជនបទ
រូបតំណាង បង្គន់អនាម័យនៅតាមជនបទ

ការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ បាន​បង្ក​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ប្រភេទ​ ជា​ពិសេស​ជំងឺរាក​រួស​។​ តែ​បែប​នេះ​ក្ដី​ពលរដ្ឋ​មួយ​ចំនួន​នៅ​ពេល​ដែល​ពួក​គេ​ជួប​បញ្ហា​ ដោយសារ​តែ​កង្វះ​អនាម័យ​ អ្នកខ្លះ​បាន​កែប្រែ​ទម្លាប់​។​ តែ​ជាមួយ​គ្នា​នេះ​អ្នកខ្លះ​ដែល​ បាន​ជួប​ប្រទះ​ជំងឺ​រាករូស​ក៏​ដោយ​ ក៏​ពួក​នៅ​តែ​បន្ត​រស់នៅ​ដោយ​ខ្វះ​អនាម័យ​ដដែល​។​

​តទៅ​នេះ​សូម​អញ្ជើញ​ស្តាប់​បទ​យកការណ៍​ដែល​រៀបចំ​ដោយ​កញ្ញា​ ឆេ​ង​ ណា​តា​ ដូច​តទៅ​៖

 

«​វា​ពិបាក​បត់​ដៃ​ បត់ជើង​ កន្លង​មក​យើង​កាប់​កប់​វា​ទៅ​ មាន់​វា​កាយ​ វា​ធំក្លិន​វា​ប៉ះពាល់​ដល់​សុខភាព​យើង​ទៀត​។​ ជំងឺ​វា​ ដល់​ខែ​យើង​ឈឺ​ជួនកាល​វា​គ្រុនឈាម​អ​ញ្ចឹ​ង​ទៅ​ ចម្លង​តាម​ព្រៃ​ វា​ច្រើន​កាល​ហ្នឹង​យើង​ទុក​គ្រាន់​បាន​បត់ជើង​ មូស​វា​នៅ​ហ្នឹង​ រាគ​រូស​ក៏​មាន​ដែរ​ វា​ចម្លង​តាម​អាហ្នឹង​ វា​មក​រាគ​រូស​»​ ។​

​នេះ​ជា​ការ​លើក​ឡើង​ របស់​ប្រជាពលរដ្ឋ​ម្នាក់​នៅ​ភូមិ​ខ្នារ​ ឃុំ​ស្រឡប់​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ ដែល​រៀបរាប់​ពី​បញ្ហា​ដែល​គ្រួសារ​ របស់​លោក​ ក៏​ដូច​ជា​អ្នក​ជិតខាង​បាន​ជួប​ប្រទះ​ មុន​ពេល​ដែល​លោក​មិន​ទាន់​សាងសង់​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​។​

​លោក​ ថន​ ធុន​ អាយុ​៥៥​ឆ្នាំ​ ដែល​កំពុង​អង្គុយ​មើល​ចៅ​តូចៗ​ពីរ​នាក់​នៅ​ក្រោមផ្ទះ​ឈើ​មួយ​ខ្នង​ បាន​រៀបរាប់​ថា​ បន្ទាប់​ពី​លោក​បាន​សាងសង់​បង្គន់​អានា​ម័​យ​រួច​ បញ្ហា​ឈឺ​ថ្កាត់​ដែល​គ្រួសារ​លោក​តែង​ជួប​ប្រទះ​ ក៏​ពុំ​សូវ​មាន​ទៀត​ដែរ​ ហើយ​ជីវភាព​គ្រួសារ​លោក​បាន​ប្រសើរ​ជាង​មុន​ ព្រោះ​មិនសូវ​ចំណាយ​លុយ​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​ដូច​មុន​។​

​លោក​ ថន​ ធុន​៖«​ដូច​មិនសូវ​ឈឺ​ដែរ​ខ្ញុំ​ ដល់​វា​បង្គន់​អ​ញ្ចឹ​ង​ទៅ​ មិនឃើញ​មាន​ចម្លងជំងឺ​ ចម្លង​អី​ទេ​ កាត់​បន្ថយ​ច្រើន​ដែរ​ មួយ​ឆ្នាំៗ​»​។​

​បុរស​វ័យ​ចំណាស់​ដែល​មាន​សំបុរ​ខ្មៅ​ស្រអែម​រូប​នេះ​ បាន​រៀបរាប់​បន្ថែម​ថា​ ការ​ដែល​លោក​សម្រេច​សង់​បង្គន់​ប្រើប្រាស់​នេះ​ មិន​ត្រឹមតែ​ដើម្បី​ទប់ស្កាត់​ការ​ឈឺ​ថ្កាត់​នោះ​ទេ​ តែ​ក៏​ដើម្បី​បង្ក​ភាព​ងាយស្រួល​កូនៗ​របស់​លោក​ផង​ដែរ​ ដែល​ភាគច្រើន​សុទ្ធតែ​ស្រីៗ​។​

​លោក​ ថន​ ធុន​៖«​ពិបាក​ដែរ​អត់​បង្គន់​ យើង​មានកូន​ស្រី​ ភ្ញៀវពន្លឺ​អី​មក​ផ្ទះ​ពិបាក​រក​កន្លែង​បត់​ដៃ​បត់ជើង​មិន​បាន​ គ្នា​ស្រីៗ​។​ ធ្វើ​បង្គន់​ទៅ​វា​បាន​ស្រួល​ វា​ស្រួល​មែន​ យើង​ធ្វើ​តូច​អីចឹង​អស់​តិច​ដែរ​ ៧០០​ ទៅ​៨០០​ បើ​ធ្វើ​ធំ​អស់​ច្រើន​»​។​

​ចំណែក​អ្នកស្រី​យី​ម​ ដែល​ជា​ស្ត្រី​ម៉េ​ម៉ា​យ​ មានកូន​ស្រី​៤​នាក់​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ អ្នកស្រី​បាន​សាងសង់​បង្គន់​អនាម័យ​នេះ​ជាង​២​ឆ្នាំ​ហើយ​។​ អ្នកស្រី​បានឱ្យ​ដឹង​ថា​ បង្គន់​ដែល​បាន​សាងសង់​នេះ​បាន​ចំណាយ​ប្រាក់​១២០០​ដុល្លារ​។​

រូបតំណាង បង្គន់អនាម័យនៅតាមជនបទ
រូបតំណាង បង្គន់អនាម័យនៅតាមជនបទ

​អ្នកស្រី​ថា​ប្រាប់​ថា​ ការ​សម្រេច​សាងសង់​បង្គន់​នេះ​ឡើង​គឺ​ ដើម្បី​អនាម័យ​ក្នុង​គ្រួសារ​ និង​កុំឱ្យ​មាន​ភាព​ខ្មាស់​អៀន​ ព្រោះ​មានកូន​សុទ្ធតែ​ស្រី​។​

​អ្នកស្រី​ យី​ម​៖«​កុំឱ្យ​វា​មានការ​អៀនខ្មាស់​អី​ ហើយ​ឱ្យ​មាន​ស្រួល​ក្នុង​បត់ជើង​យប់​ព្រលប់​។​​ខ្ញុំ​មាន​ដី​ម៉ា​ប្លង​ហ្នឹង​លក់​បាន​មួយ​ពាន់​ជាង​ ធ្វើ​បង្គន់​ទាំងអស់​ហ្នឹង​ អត់​មាន​សល់​អី​មួយ​រយ​ទេ​។​ ខ្ញុំ​គិតគូ​យូ​ហើយ​ តែ​ខ្ញុំ​អត់​មាន​»​។​

​អ្នកស្រី​រៀបរាប់​បន្ត​ថា​ កាលពីមុន​ពេល​ដែល​អត់​បង្គន់​អនាម័យ​ មានការ​លំបាក​ ពេល​ត្រូវការ​បន្ទោបង់​ម្តងៗ​ ទៅរ​ត់ទៅ​កាប់​រណ្តៅ​នៅ​ក្រោយ​ផ្ទះ​។​

​អ្នកស្រី​បន្ត​ថា​ ម្យ៉ាង​កូន​សុទ្ធតែ​ស្រីៗ​ ដែល​ជា​ការ​បារម្ភ​ខ្លាច​មាន​បញ្ហា​ណាមួយ​កើតឡើង​នៅ​ពេល​ពួក​គេ​ទៅ​បន្ទោបង់​នៅ​ព្រៃ​ក្រោយ​ផ្ទះ​។​

​កំពុង​យោល​ចៅ​នៅ​ក្នុង​អង្រឹង​ ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​រូប​នេះ​ បាន​និយាយ​បន្ត​ថា​ បន្ទាប់​ពី​បាន​សាងសង់​បង្គន់​អនាម័យ​ ឃើញ​ថា​កូនចៅ​មិនសូវ​ឈឺ​ថ្កាត់​ច្រើន​ដូច​មុន​នោះ​ទេ​ ខណៈ​ដែល​កាល​មិន​ទាន់​មាន​បង្គន់​អនាម័យ​ កូនចៅ​អ្នកស្រី​ឧស្សាហ៍​កើត​ជំងឺ​រាគ​រូស​។​

​បើ​ទោះបីជា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាប់ផ្តើម​យល់​ដឹង​ពី​បញ្ហា​កង្វះ​ អនាម័យ​ដែល​បណ្តាល​ពី​អត់​បង្គន់​អនាម័យ​ក៏​ដោយ​ តែ​ប្រជាពលរដ្ឋ​នៅ​តំបន់​មួយ​ចំនួន​ទៀត​ នៅ​តែ​មាន​អ្នក​បន្ត​ទៅ​បន្ទោបង់​នៅ​ព្រៃ​ពាស​វាល​ពាស​កាល​។​

​បញ្ហា​កង្វះ​អនាម័យ​ និង​ទម្លាប់​បន្ទោបង់​ពាស​វាល​ពាស​កាល​ អាច​បណ្ដាល​អោយ​កើត​ជំងឺ​ផ្សេងៗ​ ជា​ពិសេស​គឺ​រាករូស​។​ ភាគច្រើន​ជំងឺរាក​ ប៉ះពាល់​ដល់​កុមារ​តូចៗ​។​

​តាម​ការ​ស្រាវជ្រាវ​ ជំងឺ​រាករូស​គឺជា​មូលហេតុ​ចម្បង​ ដែល​ធ្វើ​អោយ​កុមារ​ស្លាប់​នៅ​អាយុ​ក្រោម​ ៥​ឆ្នាំ​ ហើយ​ការ​ខ្វះ​អនាម័យ​នេះ​ ក៏​បណ្តាល​ឱ្យ​ក្មេង​កើត​ជំងឺ​ក្រិន​ផង​ដែរ​។​

​កុមា​រា​ ម្នាក់​ឈ្មោះ​សំ​អុ​ន​អាយុ​ ១៣​ឆ្នាំ​រស់នៅ​ភូមិ​ផ្សេង​មួយទៀត​គឺ​ភូមិ​ខ្នាយ​ បាន​ប្រាប់​ថា​ គ្រួសារ​របស់​ខ្លួន​ដែល​មាន​គ្នា​៤​នាក់​ក្នុង​គ្រួសារ​នៅ​តែ​បន្ត​ បន្ទោបង់​ពាស​វាល​ពាស​កាល​ ដោយសារ​គ្រួសារ​គ្មាន​លទ្ធភាព​សាងសង់​បង្គន់​អនាម័យ​សម្រាប់​ប្រើប្រាស់​។​

​កុមា​រា​រូប​នេះ​ និយាយ​បន្ត​ថា​«​តាម​ភ្លឺ​  បើ​ថា​មាន​នេះ​ ខ្ចី​ចប់កាប់​គេ​យក​ទៅ​កាប់​ បើ​ទឹក​លិច​អស់​អ​ញ្ចឹ​ង​ រក​កន្លែង​ណា​ដែល​គួរសម​។​ ពេល​ខ្ញុំ​ទៅ​ដាក់​មង​ ខ្ញុំ​ឃើញ​លាមក​នៅ​តា​មក​ន្លែ​អ​មាត់ទឹក​ ហើយ​រួច​ទៅ​ខ្ញុំ​ដើរ​ជៀស​ទៅ​ដាក់​កន្លែង​ខាង​ផ្សេង​។​ ខ្ញុំ​ចង់​មាន​បន្ទប់ទឹក​ និង​បង្គន់​ឆាប់ៗ​ ព្រោះ​ខ្ញុំ​ឃើញ​បត់​អី​ស្រួល​ អត់​ទៅ​វាល​ដូច​យើង​ទេ​»​ ។​

​តែ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ អ្នកស្រី​ ផា​ន់​ ប៉ា​ង​ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្រឡប់​ បានឱ្យ​ដឹង​ថា​ នៅ​ក្នុង​ឃុំ​របស់​អ្នកស្រី​ មាន​ ភូមិ​ ចំនួន​២០​ មាន​៣០០០​គ្រួសារ​។​ អ្នកស្រី​បាន​ប្រាប់​បន្ត​ថា​ ក្នុង​ចំណោម​ភូមិ​ទាំងអស់​នៅ​ក្នុង​ឃុំ​ស្រឡប់​គឺ​ ភូមិ​ខ្នារ​ជា​ភូមិ​គំរូ​ជាងគេ​ ព្រោះ​ប្រជាជន​នៅ​ក្នុងភូមិ​មាន​បង្គន់​ប្រើប្រាស់​ស្ទើរ​គ្រប់​គ្រួសារ​ ហើយ​ចំណែក​អ្នក​ដែល​មិន​មាន​បង្គន់​ប្រើប្រាស់​ ក៏​ទៅ​ប្រើប្រាស់​ជាមួយ​អ្នក​ក្បែរ​ខាង​ គឺ​លែង​មានការ​បន្ទោបង់​ពាស​វាល​ពាស​កាល​ដូច​មុន​ទៀត​ហើយ​ ខុស​ពី​ភូមិ​ដទៃ​ទៀត​ ដែល​ពលរដ្ឋ​នៅ​តែ​មាន​ទម្លាប់​ដដែល​។​

​អ្នកស្រី​ ថា​ នៅ​ភូមិ​ផ្សេង​ទៀត​ ដែល​ប្រជាពលរដ្ឋ​មិន​មាន​បង្គន់​ប្រើប្រាស់​នៅ​តែ​បន្ត​បន្ទោ​ ពាស​វាល​ពាស​កាល​ ដោយ​ប្រជាពលរដ្ឋ​សំអាង​ថា​ពួក​គេ​គ្មាន​លុយ​សម្រាប់​ទិញ​បង្គន់​ប្រើប្រាស់​។​

​​អ្នកស្រី​មាន​ប្រសាសន៍​ថា​«​បើ​និយាយ​ពី​រឿង​ចុះ​តាម​ភូមិ​ហ្នឹង​ចុះ​រហូត​អត់​ដែល​មាន​ខាន​ទេ​ ចុះ​រហូត​ស្តី​ពី​បង្គន់​អនាម័យ​ហ្នឹង​ ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​គ្រួសារ​មួយៗ​ឱ្យ​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​គ្រប់​គ្នា​ ប៉ុន្តែ​ប្រជាពលរដ្ឋ​សំណូមពរ​ថា​ ចាំ​ដល់​ខែប្រាំង​នឹង​មាន​ផល​ដែល​ហុច​ឱ្យ​ដូច​ជា​ដក​ដំឡូង​ ដក​អី​អ​ញ្ចឹ​ង​ បន្ទាប់​មក​គេ​ធ្វើ​។​គ្រួសារ​ខ្លះ​ដែល​គេ​មិន​មាន​បង្គន់​ហ្នឹង​ គ្រួសារ​ខ្លះ​ក្រ​ខ្លាំង​ តែ​វា​ដូច​ជា​ផ្សំ​ដែរ​ គ្រួសារ​ខ្លះ​ក្រ​ខ្លាំង​ប៉ុន្តែ​បើ​គេ​ឆ្លៀត​ គេ​បាន​ប្រើ​ អ្នកខ្លះ​ដែល​មើលទៅ​ធូ​ ដែល​គ្រាន់​អាច​ធ្វើ​បាន​ដែរ​ តែ​គេ​ថា​មិន​ទាន់​»​។​

បើ​តាម​អ្នកស្រី​សង្កេត​ឃើញ​ អ្នក​ដែល​មាន​គ្មាន​បង្គន់​ប្រើប្រាស់​ គឺ​ពួក​គាត់​ច្រើន​តែ​ជួប​បញ្ហា​ ការ​កើត​ជំងឺ​ឈឺ​ថ្កាត់​ជាង​អ្នក​ដែល​មាន​បង្គន់​ប្រើប្រាស់​។​

«​អ្នក​ដែល​អត់​បង្គន់​ មាន​បញ្ហា​ច្រើន​ជាង​អ្នក​ដែល​មាន​បង្គន់​ប្រើ​ ទី​មួយ​បញ្ហា​កង្វះ​អនាម័យ​ បត់ជើង​ពាស​វាល​ពាស​កាល​ ហើយ​កាលណា​បត់ជើង​ពាស​វាល​ពាស​កាល​ ដល់​សួរ​ទៅ​គាត់​ថា​ ជីក​កប់​ ប៉ុន្តែ​ទន្ទឹម​នឹង​ជីក​កប់​ហ្នឹង​ ជួនកាល​វា​មិនមែន​តែ​ដាក់​ត្រុយ​ចំ​នៅ​ហ្នឹង​ទេ​ ដល់​ពេល​យើង​ទៅ​បន្ទោបង់​ក្រោយ​ទៀត​ ទៅ​កាប់​ទៅ​ ប៉ះ​ទៅ​ ដូច​ជា​មាន​ឆ្កែ​ ឬ​ក៏​សត្វ​អី​រោម​ទៅ​ អ​ញ្ចឹ​ង​ឃើញ​ថា​ខ្លះ​អនាម័យ​នៅ​ត្រង់​ហ្នឹង​ មាន​ខ្លះ​ក៏​ឈឺ​មាន​ខ្លះ​ក៏​អត់​ឈឺ​ដែរ​ ។​ មាន​អ្នកខ្លះ​ក៏​ឡង​មក​វិញ​ដែរ​ កាលណា​យើង​និយាយ​ពន្យល់​អ​ញ្ចឹ​ង​ទៅ​មាន​អ្នកខ្លះ​និយាយ​ថា​ អ្និ​ក​ដែល​មាន​បង្គន់​ហើយ​នៅ​តែ​ឈឺ​ អ្នក​ដែល​ង​បង្គន់​ក៏​ឈឺ​​»​។​

​លោក​ ឈ​ន​ ឈឿ​ន​ មន្ត្រី​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ​ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​វគ្គ​សិក្សា​មួយ​ដែល​សហការ​ជាមួយ​អង្គការ​ភ្លែ​ន​ បានឱ្យ​ដឹង​ថា​ ការ​អត់​បង្គន់​អនាម័យ​ នាំ​ឱ្យ​កើត​ជំងឺឆ្លង​តាម​លាមក​ ដូច​ជា​ជំងឺ​អាសន្នរោគ​ ជំងឺរាក​រួស​។​

​លោក​ថា​ជាមួយ​គ្នា​នេះ​ ក៏​បណ្តាល​ឱ្យ​មាន​អា​ត្រា​បោះបង់​ការ​សិក្សា​មាន​កំរិត​ខ្ពស់​ផង​ដែរ​ ពិសេស​សិស្ស​ស្រី​ហើយ​មិនតែប៉ុណ្ណោះ​កង្វះ​បង្គន់​អនាម័យ​ បាន​ធ្វើ​ឱ្យ​ស្ត្រី​ប្រឈម​នឹង​គ្រោះថ្នាក់​ផ្សេងៗ​ដូច​ជា​ការ​ចាប់រំលោភ​ និង​មាន​ភាព​អៀនខ្មាស់​ជាដើម​។​

​លោក​បន្ត​ថា​ នៅ​កម្ពុជា​ ចាប់តាំងពី​ឆ្នាំ​២០០៧​ ដល់​ឆ្នាំ​២០១៥​ ការ​ប្រើប្រាស់​បង្គន់​អនាម័យ​ បាន​កើនឡើង​ ជាង​ ៥០%​។​

​លោក​បន្ថែម​ថា​ នៅ​ឆ្នាំ​២០១៥​ ក្រសួង​អភិវឌ្ឍន៍ជនបទ​នឹង​ខិតខំ​ ធ្វើ​ ឱ្យ​មានការ​ ប្រើប្រាស់​បង្គន់​អនាម័យ​បាន​១០០%​ ដោយ​ត្រូវធ្វើ​ឱ្យ​បាន​ ៤៤០​បង្គន់​ក្នុង​មួ​យស​ប្តា​ហ៍​ ហើយ​រៀង​រាល់​ស​ប្តា​ហ៍​ យ៉ាង​ហោច​ណាស់​៣​ឃុំ​សម្រេច​បាន​បង្គន់​អនាម័យ​១០០%​។​

​លោក​ថា​ បញ្ហា​កង្វះ​អនាម័យ​គឺជា​បញ្ហា​សកល​ ដែល​បច្ចុប្បន្ន​មាន​មនុស្ស​ជាង​២.៥​កោដិ​នាក់​ មិន​ទាន់​មាន​បង្គន់​ប្រើប្រាស់​ ពោល​គឺ​មនុស្ស​នាក់​ក្នុង​ចំណោម​១០​នាក់​មិន​ទាន់​មាន​បង្គន់​ប្រើប្រាស់​។​

​តាម​របាយការណ៍​ស្រាវជ្រាវ​របស់​ Unicef​ នៅ​ក្នុង​តំបន់​អាស៊ី​បូព៌ា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ធំ​ជាងគេ​ទី​៣​ ដែល​មាន​ប្រជាជន​បន្ទោបង់​ពាស​វាល​ពាស​កាស​។​

​តាម​របាយការណ៍​ដដែល​នេះ​ នៅ​កម្ពុជា​ ប្រជាជន​៨​លាន​នាក់​គ្មាន​បង្គន់​ប្រើប្រាស់​ ខណៈ​ប្រទេស​ចិន​ មាន​ប្រជាជន​ប្រមាណ ១៣០០​លាន​នាក់​​ តែមានប្រជាជន​ជាង​១០​លាន​នាក់​ប៉ុន​នោះ​គ្មាន​បង្គន់​អនាម័យ​ប្រើប្រាស់​៕

Share

Image
Image
Image