ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ វិច្ឆិកានេះ ក្រុមស្ត្រីសហគមន៍បឹងកក់បានបន្ត យកញត្តិទៅដាក់នៅខុទ្ទកាល័យ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងបំណងសើ្នឱ្យសម្តេចអន្តរាគមន៍ ដោះលែងអ្នកស្រី ទេព វន្នី ខណៈពួកគាត់ ចោទសាលារាជធានីថាចាប់ខ្លួនអ្នកស្រី ទេព វន្នី ដោយសាររឿងគំនុំ។
ក្រុមស្ត្រីទាំងនោះ ដែលស្រែកតវ៉ាតាមឃោសនស័ព្ទ សង្ឃឹមថាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងជួយអន្តរាគមន៍ ឱ្យមានការដោះលែងអ្នកស្រី ទេព វន្នី ជាបន្ទាន់។
អ្នកស្រី ប៊ូវ សោភា តំណាងក្រុមស្ត្រីសហគមន៍បឹងកក់ បានលើកឡើងថា ការឃុំខ្លួនអ្នកស្រីទេព វន្នី គឺជាការគុំគួនរបស់សាលារាជធានីភ្នំពេញ ដែលមានបំណងប្លន់យកដីបឹងកក់ តែមិនបានសម្រេចតាមបំណងរបស់ពួកគេ ទើបមានការកុំគួន រហូតធ្វើការចាប់ខ្លួនអ្នកស្រីទេព វន្នី ឃុំឃាំងដូចនេះ។
អ្នកស្រី ប៊ូវ សោភា៖«ថ្ងៃនេះពួកខ្ញុំសូមផ្ញើសារទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ប្រជាពលរដ្ឋនៅតំបន់បឹងកក់ មិនមែនជាសត្រូវរបស់សាលារាជធានីភ្នំពេញទេ។……ហើយមានការសោកស្តាយមែនទែន ដែលសាលារាជធានីភ្នំពេញនិយាយថាគាត់ចាប់ផ្តើមតាមដានសកម្មភាព អ្នកបឹងកក់ដើម្បីកសាងសំណុំរឿងទៅតុលាការនេះ គឺជារឿងគួរឱ្យអស់សំណើច»។
ទន្ទឹមនឹងការស្រែក ឱ្យផ្តាំទៅលោកនាយករដ្ឋមន្ត្រី ឱ្យជួយដោះលែងតំណាងរបស់ពួកស្ត្រីទាំងនោះ បានប្រាប់ទៅអ្នកទទួលញត្តិថា ត្រូវប្រាប់សម្តេចឱ្យត្រង់បំណងរបស់ខ្លួន កុំនិយាយបំភ្លើស។
«ពួកខ្ញុំនិយាយត្រង់ សុំឱ្យអ្នករាយការណ៍ហ្នឹងមានភាពស្មោះត្រង់ ជាមួយពួកខ្ញុំផង ថាពួកខ្ញុំមកនេះ មកគោលបំណងអី តើចង់បានអី កុំមកប្រឌិតរឿងផ្សេងៗទៀត»។
យ៉ាងណាក៏ដោយ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ លោក មាន ចន្ទយ៉ាដា និយាយក្នុងបទសម្ភាសន៍ខ្លីមួយជាមួយ វិទ្យុស្ត្រីថា សាលារាជធានី មិនដែលគិតចងគំនុំ នឹងពលរដ្ឋខ្លួនឯងទេ។ លោកបញ្ជាក់ថា ទង្វើរបស់អ្នកស្រី ទេព វន្នី គឺរំលោភច្បាប់។
សូមជម្រាបថា អ្នកស្រី ទេព វន្នី សកម្មជនការពារដីធ្លីនៅសហគមន៍បឹងកក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យជាប់ពន្ធនាគារព្រៃសជាថ្មី ពាក់ព័ន្ធនឹងសំណុំរឿងហិង្សាក្បែរផ្ទះសម្ដេចនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៣ ដោយចៅក្រមស៊ើបសួរមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់៕