en     km
en     km

ជនជាតិ​ដើម​ភាគតិច​ បន្ត​ទទូច​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ដីធ្លី​របស់​ពួក​គាត់​ (មានសំឡេង)

Share

ភ្នំពេញ៖ សហគមន៍​ជនជាតិ​ដើម​ភាគតិច​ ដែល​មក​ពី​ខេត្ត​ចំនួន​៣​បាន​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ កម្ពុជា​គោរព​សិទ្ធិ​ដីធ្លី​របស់​ពួក​គេ​ ខណៈ​ពួក​គេ​លើក​ទ្បើ​ង​ថា​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​រំលោភ​បំពាន​សិទ្ធិ​ដីធ្លី​ជនជាតិ​ដើម​ភាគតិច​ និង​ឱ្យ​ពួក​គាត់​រើ​ផ្ទះសម្បែង​ដោយ​បង្ខំ​។

ស​ន្និ​សិ​ទ​សារព័ត៌មាន​ក្រោម​ប្រធានបទ​ផល​ប៉ះពាល់​ពី​គោលនយោបាយ​ និង​ច្បាប់​ពាក់ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ ការ​បណ្តេញចេញ​ជនជាតិ​ដើម​ភាគតិច​គួ​យ​ចេញ​ដោយ​បង្ខំ​ និង​ប្រើ​អំពើ​ហិង្សា​
ស​ន្និ​សិ​ទ​សារព័ត៌មាន​ក្រោម​ប្រធានបទ​ផល​ប៉ះពាល់​ពី​គោលនយោបាយ​ និង​ច្បាប់​ពាក់ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ ការ​បណ្តេញចេញ​ជនជាតិ​ដើម​ភាគតិច​គួ​យ​ចេញ​ដោយ​បង្ខំ​ និង​ប្រើ​អំពើ​ហិង្សា​

ការ​ថ្លែង​ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន​ក្រោម​ប្រធានបទ​ផល​ប៉ះពាល់​ពី​គោលនយោបាយ​ និង​ច្បាប់​ពាក់ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ ការ​បណ្តេញចេញ​ជនជាតិ​ដើម​ភាគតិច​គួ​យ​ចេញ​ដោយ​បង្ខំ​ និង​ប្រើ​អំពើ​ហិង្សា​ ព្រឹក​ថ្ងៃ​ទី​ ២០​ ខែតុលា​ ឆ្នាំ​២០១៦​ នៅ​ Meta​ House​។​

​ស្រប​ពេល​ជនជាតិ​ដើម​ភាគតិច​ អំពាវនាវ​ដូចនេះ​ លោកស្រី​ រ៉ូ​ណា​ ស្មិត​ អ្នករាយការណ៍​ពិសេស​ អង្គការសហប្រជាជាតិ​ ផ្នែក​សិ​ទិ្ធ​មនុស្ស​ ក៏​បាន​ថ្លែង​ពី​ជនជាតិ​ដើម​ នៅ​កម្ពុជា​ កំពុង​ប្រឈម​មុខការ​បាត់បង់​សិទ្ធិ​របស់​ពួក​គេ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ដែល​ បាន​ទាមទារ​ដូចនេះ​គឺ​មាន​ ជនជាតិ​ ព្នង​ គួ​យ​។​ ពួក​គាត់​ឡើង​ មក​ពី​ខេត្តស្ទឹងត្រែង​ ខេត្តមណ្ឌលគិរី​ និង​ខេត្តព្រះវិហារ​ ដោយ​មាន​តំណាង​ជាង​៣០​មក​ចូលរួម​។​

​តំណាង​ជនជាតិ​ដើម​ភាគតិច​ គួ​យ​ មក​ពី​ភូមិ​ ប្រមេរ​ ឃុំ​ ប្រមេរ​ ស្រុក​ត្បែងមានជ័យ​ ខេត្តព្រះវិហារ​ អ្នកស្រី​ ទេព​ ទឹម​ បាន​និយាយ​ថា​បន្ទាប់​ពី​រដ្ឋាភិបាល​ បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ឱ្យទៅ​ក្រុមហ៊ុន​ ទ្បាន​ ហ្វេ​ង​ (​ខេ​ម​បូ​ឌា​)​មក​គឺ​ក្រុមហ៊ុន​នេះ​ បាន​ចូល​ឈូស​ឆាយដី​ស្រែ​ចំការ​របស់​ពួក​គេ​។​

​អ្នកស្រី​ ទេព​ ទឹម​ បន្ត​ថា​ បញ្ហា​ដែល​ប្រឈម​ខ្លាំង​គឺ​ការ​គំរាមកំហែង​ ការ​រំលោភសិទ្ធិ​មនុស្ស​ជា​ពិសេស​បញ្ហា​ប្រឈម​របស់​ស្ត្រី​ដែល​រង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ រួម​ទាំង​ការ​បណ្តេញ​ចេញពី​លំនៅ​ដ្ឋា​ន​ដោយ​បង្ខំ​ពី​មន្ត្រី​មាន​សមត្ថកិច្ច​។​

​អ្នកស្រី​ ទេព​ ទឹម​ ៖«​ឱ្យ​រដ្ឋាភិបាល​ហ្នឹង​យកចិត្តទុកដាក់​ចំពោះ​សិទ្ធិ​ប្រើប្រាស់​ដីធ្លី​ របស់​ជនជាតិ​ដើម​ភាគតិច​ ការ​រស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​កុំឱ្យ​មានការ​បណ្តេញចេញ​ កុំឱ្យ​មានការ​គំរាមកំហែង​វាយតប់​ កុំឱ្យ​មានការ​រំលោភសិទ្ធិ​មនុស្ស​ត្រូវ​ប្រគល់​ដី​ឱ្យ​ជនជាតិ​ដើម​ភាគតិច​វិញ​ដើម្បី​ឱ្យ​ជនជាតិ​ដើម​ភាគតិច​ហ្នឹង​ រស់នៅ​មាន​សេចក្តីសុខរ​មនា​ ដូច​កាលពី​យើង​រស់នៅ​ពី​សម័យ​ដូនតា​យើង​មក​»​។​

​ចំណែក​ជនជាតិ​ដើម​ភាគតិច​ព្នង​ រស់នៅ​ទំនប់​សេ​សាន្ត​ក្រោម​០២​ មក​ពី​ខេត្តស្ទឹងត្រែង​ អ្នកស្រី​ ស្រាំង​ ទ្បា​ញ់​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ អ្នក​ដែល​រស់នៅ​តំបន់​ខាងលើ​នេះ​ មាន​ជាង​ ១០០​ គ្រួសារ​ ហើយ​មាន​ជាង​ ៥០​គ្រួសារ​ដែល​បាន​សម្រេចចិត្ត​ទៅ​រស់នៅ​ទីតាំង​ថ្មី​ដែល​រដ្ឋាភិបាល​បាន​ផ្តល់​ ឱ្យ​ជា​ថ្នូរ​ការ​ចាក​ចេញពី​តំបន់​នោះ​។​ ប៉ុន្តែ​សំរាប់​អ្នកស្រី​ក៏​ដូច​ជា​ជនជាតិ​ដើម​ភាគតិច​ ព្នង​ ចំនួន​៥០​ គ្រួសារ​ទៀត​មិន​ព្រម​ចាក​ចេញពី​ទីកន្លែង​ដែល​ពួក​គាត់​កំពុង​តែ​រស់នៅ​ ទោះបីជា​រដ្ឋាភិបាល​បាន​ផ្តល់​ទីតាំង​ថ្មី​ ជូន​ពួក​គាត់​ហើយ​ក៏​ដោយ​។​ 

ស​ន្និ​សិ​ទ​សារព័ត៌មាន​ក្រោម​ប្រធានបទ​ផល​ប៉ះពាល់​ពី​គោលនយោបាយ​ និង​ច្បាប់​ពាក់ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ ការ​បណ្តេញចេញ​ជនជាតិ​ដើម​ភាគតិច​គួ​យ​ចេញ​ដោយ​បង្ខំ​ និង​ប្រើ​អំពើ​ហិង្សា​
ស​ន្និ​សិ​ទ​សារព័ត៌មាន​ក្រោម​ប្រធានបទ​ផល​ប៉ះពាល់​ពី​គោលនយោបាយ​ និង​ច្បាប់​ពាក់ព័ន្ធ​ជនជាតិ​ដើម​ភាគតិច​ ការ​បណ្តេញចេញ​ជនជាតិ​ដើម​ភាគតិច​គួ​យ​ចេញ​ដោយ​បង្ខំ​ និង​ប្រើ​អំពើ​ហិង្សា​

អ្នកស្រី​ បន្ត​ថា​អ្នកស្រី​ ស៊ូស្លាប់​មិន​ព្រម​ចាកចេញ​ ពី​ទឹកដី​ដូនតា​របស់​ពួក​គាត់​នោះ​ទេ​ បើ​ទោះបីជា​អ្នកស្រី​ដឹង​ថា​នឹង​ជួប​បញ្ហា​ប្រឈម​យ៉ាងណា​ក៏​ដោយ​ចុះ​។​

​អ្នកស្រី​ ស្រាំង​ ទ្បា​ញ់​៖​ «​បើសិនជា​ពួក​ខ្ញុំ​ចាកចេញ​ ដូច​គាត់​ឱ្យ​ចេញ​ហ្នឹង​ ពួក​ខ្ញុំ​ហ្នឹង​បាត់បង់​អត្តសញ្ញាណ​ របស់​ពួក​ខ្ញុំ​តាំងពី​ដូនតា​ដែល​ធ្លាប់​នៅ​ភូមិ​នោះ​ ដែល​យូរណាស់​មក​ហើយ​ ច្រើន​ជំនាន់​មក​ហើយ​ ចា​សូម​ជួយ​អំពាវនាវ​ឱ្យ​ពិភពលោក​ និង​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ជួយ​ពិចារណា​សារ​ទ្បើ​ង​វិញទៀត​ គិតគូរ​ពី​រឿង​ដីធ្លី​នោះ​ចុះបញ្ជី​ដីធ្លី​ជូន​ពួក​ខ្ញុំ​»​។​

​រីឯ​ជនជាតិ​ដើម​ភាគតិច​ ព្នង​ មួយ​រូប​ទៀត​មក​ពី​ខេត្តមណ្ឌលគិរី​ លោក​ ទឺ​យ​ ធិ​ មាន​ប្រសាសន៍​ថា​ គោលបំណង​ដែល​លោក​ធ្វើ​ស​ន្និ​សិ​ទ​កាសែត​នៅ​ថ្ងៃនេះ​គឺ​ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​យកចិត្តទុកដាក់​ ការ​ប្រើប្រាស់​សិទ្ធិ​ដីធ្លី​ របស់​ជនជាតិ​ដើម​ភាគតិច​។​ លោក​ ទឺ​យ​ ធី​ បញ្ចា​ក់​ដែរ​ថា​ បញ្ហា​ប្រឈម​របស់​ជនជាតិ​ដើម​នោះ​គឺ​ដោយសារ​ក្រុមហ៊ុន​ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ បាន​ឈូស​ឆាយដី​ដូនតា​របស់​ពួក​គាត់​ និង​ធ្វើ​ប៉ះពាល់​ដល់​ព្រៃឈើ​ជាដើម​ ដែល​លោ​កថា​រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ​។​

​លោក​ ទឺ​យ​ ធិ​ ៖«​ខ្ញុំ​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​ធ្វើ​ម៉េច​ត្រូ​ត​ពិនិត្យ​តាម​ខេត្ត​មួយៗ​ ថ្នាក់​ក្រោម​ជាតិ​ត្រូ​ត​ពិនិត្យ​កន្លែង​ហ្នឹង​ ហើយ​អា​ថ្នាក់​ក្រោម​ជាតិ​ នឹង​អនុវត្ត​ច្បាប់​ឬ​អត់​ អ​ញ្ចឹ​ង​យក​ចុះ​សិក្សា​ដល់​សហគមន៍​មូលដ្ឋាន​អ​ញ្ចឹ​ង​ អ្នក​ដែល​ខាង​រាជរដ្ឋាភិបាល​មាន​បណ្តាញ​ ឱ្យ​គាត់​ដែល​ចុះ​ពិនិត្យ​ដល់​មូលដ្ឋាន​ដើម្បី​ឱ្យ​វា​មាន​ប្រសិទ្ធភាព​»​។​

​ពាក់ព័ន្ធ​នឹង​ការ​លើក​ទ្បើ​ង​របស់​ជនជាតិ​ដើម​ភាគតិច​នេះ​ដែរ​ អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​អង្គការសហប្រជាជាតិ​លោកស្រី​ រ៉ូ​ ណា​ស្មី​ត​ បាន​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​ ១៩​ ខែតុលា​ ម្សិលមិញ​ដោយ​លោកស្រី​ព្រួយបារម្ភ​ពី​សិទ្ធិ​របស់​ជនជាតិ​ដើម​ត្រូវ​បាន​ រំលោភ​បំពាន​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​ និង​ខ្វះ​ការ​យកចិត្តទុកដាក់​។​

​លោកស្រី​មាន​ប្រសាសន៍​តាម​រយៈ​អ្នកបកប្រែ​ថា​៖«​ការ​ធ្វើ​ដី​ អភិវឌ្ឍន៍​ផ្សេងៗ​គឺ​ប៉ះពាល់​ខ្លាំង​ដល់​ជីវភាព​រស់នៅ​ ជា​ទំនៀមទំលាប់​ហើយនឹង​វប្បធម៌​របស់​ពួក​គាត់​ ការ​ដំណើរការ​នៃ​ការ​   ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដី​នៅ​តាម​មូលដ្ឋាន​ គឺ​មាន​បញ្ហា​ប្រឈម​ច្រើន​ ស្មុគស្មាញ​ ក្នុង​បេសកកម្ម​នេះ​ខ្ញំ​បាន​ជួប​តំណាង​ជា​ច្រើន​មក​ពី​សហគមន៍​ ជនជាតិ​ដើម​ សួយ​បាទ​ ហើយ​បាន​រក​ឃើញ​ថា​មាន​បញ្ហា​ជា​ច្រើន​បាន​កើត​មាន​ទ្បើ​ង​ក្នុង​ អំ​ទ្បុ​ង​ពេល​ដែល​សមាជិក​មួយ​ចំនួន​ដែល​អ្នកខ្លះ​បានការ​ចុះបញ្ជី​ដីធ្លី​ត្រឹមត្រូវ​ ហើយ​អ្នកខ្លះ​មិន​ទទួល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​នោះ​ទេ​»​។​

​ឆ្លើយ​តប​នឹង​ការ​លើក​ទ្បើ​ង​នេះ​ដែរ​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ បាន​ ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ ក្រសួង​ទទួលយក​ការ​លើក​ទ្បើ​ង​របស់​ជនជាតិ​ដើម​ភាគតិច​ ហើយនឹង​យក​ទៅ​ត្រូ​ត​ពិនិត្យ​ដើម្បី​តាមដាន​ពី​បញ្ហា​ប្រឈម​ ដែល​ពួក​គេ​លើក​ ទ្បើ​ង​ ហើយនឹង​ចាត់វិធានការ​ណ៍​ទៅ​តាម​ផ្លូវច្បាប់​។​

​លោក​ សៅ​ សុភាព​ ៖«​ការ​លើក​ទ្បើ​ង​របស់​សហគមន៍​មូលដ្ឋាន​ ឬ​ក៏​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ពាក់ព័ន្ធ​នឹង​បញ្ហា​នានាៗ​ ដែល​គាត់​ជួប​ប្រទះ​គឺ​យើង​ដែល​ជា​អាជ្ញាធរ​ យើង​ដែល​ជា​ក្រសួង​ស្ថាប័ន​ ដែល​មាន​សមត្ថកិច្ច​ ត្រូវ​តែ​ទទួលយក​យើង​អាច​និយាយ​ថា​ សំណូមពរ​មតិយោបល់​របស់​ពួក​គាត់​ដើម្បី​យក​មក​ពិនិត្យ​ដើម្បី​ដោះស្រាយ​មែនទែន​ ទៅ​គាត់​ត្រូវ​រក​អាជ្ញាធរ​មូលដ្ឋាន​ ឬ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដើម្បី​ស្នើ​ឱ្យ​ អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​»​។​

​សូម​ជំរាប​ថា​ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ថា​ ពួក​គាត់​ត្រូវ​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​រដ្ឋាភិបាល​ចំនួន​៧​ ដើម្បី​រក​អន្តរាគមន៍​ឱ្យ​ជួយ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ដែល​ពួក​គេ​កំពុង​តែ​ជួប​ប្រទះ​។​ ស្ថាប័ន​ទាំងនោះ​រួម​មាន​៖​ ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ ក្រសួង​កិច្ចការ​នារី​ ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ រដ្ឋបាល​ព្រៃឈើ​ ក្រសួងមហាផ្ទៃ​ ខុទ្ទកាល័យ​សម្តេច​ ហ៊ុន​ សែន​ និង​ក្រសួងបរិស្ថាន​៕​

Share

Image
Image
Image