en     km
en     km

សង្គម​ស៊ី​វិល​នៅ​អាស៊ី​ចំនួន​៤០​រួម​គ្នា​ ជំរុញ​កម្ពុជា​និង​អន្តរជាតិ​គោរព​កិច្ចព្រមព្រៀងទីក្រុង​ប៉ា​រី​ស​

Share

​អង្គការ​សង្គម​ស៊ី​វិល​ នៅ​ទូ​ទាំង​អាស៊ី​ សំដែង​ក្ដី​បារម្ភ​ យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​លទ្ធិប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ ដោយ​អង្គការ​ទាំងនេះ​ ទទូច​ឱ្យ​កម្ពុជា​និង​ភាគី​អន្តរជាតិ​ជួយ​ធានា​ឱ្យ​គោរព​ និង​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ឡើង​វិញ​។​  

paris
​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ី​វិល​នៅ​អាស៊ី​ ដែល​ធ្វើ​ការងារ​ពាក់ព័ន្ធ​លើ​ កិច្ច​ការពារ​សិ​ទិ្ធ​មនុស្ស​ និង​ប្រជាធិបតេយ្យ​ បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ទី​១៩​តុលា​នេះ​ បាន​សរសេរ​ថា​ អស់​រយៈពេល​ ២៥​ឆ្នាំ​មក​ហើយ​ ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ត្រូវ​បាន​បង្កើត​ឡើង​ សម្រាប់​ ប្រទេស​កម្ពុជា​ តែ​ មក​ដល់​ពេល​នេះ​ កម្ពុជា​ មិន​បាន​អនុវត្ត​ ស្មារតី​នៃ​កិច្ចព្រមព្រៀង​នេះ​បាន​ល្អ​ប្រសើរ​ឡើយ​។​

​សេចក្ដីថ្លែងការណ៍​រួម​របស់​អង្គការ​អន្តរជាតិ​ នៃ​បណ្ដា​ប្រទេស​នៅ​អាស៊ី​ បាន​បន្ត​ថា​ គេ​បាន​មើលឃើញ​ពី​ការ​ធ្លាក់​ចុះ​ ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ ប្រជាធិបតេយ្យ​ នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​ កំណត់​ដោយ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​២៣​ តុលា​១៩៩១​។​  

​អង្គការ​អន្តរជាតិ​នៅ​អាស៊ី​ ទាំង​៤០​នេះ​ ក៏​បាន​បាន​ទទូច​ឱ្យ​កម្ពុជា​ បញ្ចប់វិបត្តិ​នយោបាយ​  ដោះ​លែង​ក្រុមប្រឆាំង​ សង្គម​ស៊ី​វិល​ ហើយ​បាន​ទាមទារ​ ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ និង​ បោះ​ឆ្នោត​សភា​ ប្រកបដោយ​ បរិយាកាស​ដែល​ គ្មាន​ការ​ភិតភ័យ​ និង​ មាន​ភាព​ត្រឹមត្រូវ​។​ 

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ដ

ទាក់ទិន​សេ​ក្ដី​ថែ្ល​ង​ការណ៍​នេះ​ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​ លោក​ សុខ​ ឥ​សាន្ត​ អះអាង​ថា​ កម្ពុជា​ បាន​អនុវត្ត​ស្មារតី​នៃ​កិច្ចព្រមព្រៀង​បាន​ល្អ​ច្រើន​ណាស់​ហើយ​ ក្នុង​រយៈពេល​ ២៥​ឆ្នាំ​មកនេះ​ ដែល​លោក​ថា​ លទ្ធិប្រជាធិបតេយ្យ​  និង​មានការ​គោរព​សិទ្ធិ​មនុស្ស​បាន​ដំណើរ​ល្អ​ ជាង​ប្រទេស​ដទៃ​។​

​ចំណែក​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ប្រឆាំង​ធំ​ជាងគេ​ នៅ​កម្ពុជា​  បាន​ប្រកាស​ ថា​នៅ​ថ្ងៃ​ទី​ ២៣​ តុលា​ខាង​មុខ​ នេះ​ គណបក្ស​នឹង​រៀបចំ​ ធ្វើការ​ប្រមូលផ្ដុំ​គ្នា​មួយ​ នៅ​ទីលាន​ប្រជាធិបតេយ្យ​ ដើម្បី​រម្លឹក​ខួប​២៥​ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ដែល​គេ​ថា​ មិន​ត្រូវ​បាន​អនុវត្ត​ឡើយ​ ។​

​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ បាន​នាំ​ឱ្យ​កម្ពុជា​មាន​សន្តិភាព​មាន​ប្រជាធិបតេយ្យ​ និង​មានការ​អភិវឌ្ឍ​ប្រទេស​ឡើង​វិញ​ បន្ទាប់​ពី​កម្ពុជា​ធ្លាក់​ក្នុង​សង្គ្រាមស៊ីវិល​ ជាង​២​ទស​វត្ស​៕​

Share

Image
Image
Image