en     km
en     km

ទស្សនៈ​មេធាវី​៖​ ប្រធាន​គណៈមេធាវី​ថ្មី​ នឹង​លើកកម្ពស់​កិត្យានុភាព​គណៈមេធាវី​ល្អ​ជាង​មុន (មានសំឡេង)​

Share

ភ្នំពេញ៖ កាលពី​ថ្ងៃ​ទី​១៦​ ខែតុលា​ លោក​ សួន​ វិសាល​ ត្រូវ​បាន​អង្គ​មហាសន្និបាត​លើក​ទី​ ២១​ របស់​គណៈមេធាវី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បោះ​ឆ្នោត​ប្រគល់​សេចក្តី​ទុកចិត្ត​ ឱ្យធ្វើ​ជា​ប្រធាន​គណៈមេធាវី​ថ្មី​សម្រាប់​អាណត្តិ​ទី​ ១១​ ជំនួស​តំណែង​លោក​ ប៊ុ​ន​ ហុ​ន​។​

លោក សួន វិសាល ត្រូវបានអង្គមហាសន្និបាតលើកទី ២១ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតប្រគល់សេចក្តីទុកចិត្ត ឱ្យធ្វើជាប្រធានគណៈមេធាវីថ្មី
លោក សួន វិសាល ត្រូវបានអង្គមហាសន្និបាតលើកទី ២១ របស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជាបោះឆ្នោតប្រគល់សេចក្តីទុកចិត្ត ឱ្យធ្វើជាប្រធានគណៈមេធាវីថ្មី

ការ​ចូល​មក​កាន់​តំណែង​ជា​ប្រធាន​គណៈមេធាវី​ថ្មី​នេះ​ មេធាវី​មួយ​ចំនួន​ រំពឹង​ថា​ លោក​ សួន​ វិសាល​ នឹង​ពង្រឹង​ឯករាជ្យ​ភាព​ ក៏​ដូច​ជា​កិត្យានុភាព​ របស់​ស្ថាប័ន​មួយ​នេះ​ល្អ​ជាង​មុន​ ខណៈ​ដែល​កន្លង​មក​ គណៈមេធាវី​ត្រូវ​បាន​គេ​រិះគន់​ថា​ អនុវត្ត​ពុំ​ទាន់​មាន​ភាព​ឯករាជ្យ​ និង​មាន​ភាព​លម្អៀង​ទៅ​ខាង​រដ្ឋាភិបាល​នៅឡើយ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

​លោក​មេធាវី​ សំ​ សុ​គង់​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​នេះ​ថា​ កន្លង​មក​លោក​ពិនិត្យ​ឃើញ​ថា​ គណៈមេធាវី​ អនុវត្ត​មិន​ទាន់​បាន​ល្អ​១០០​ភាគរយ​នៅឡើយ​ទេ​ ជា​ពិសេស​ទាក់ទង​នឹង​ឯករាជ្យ​ភាព​របស់​ស្ថាប័ន​មួយ​នេះ​។​

​ប៉ុន្តែ​លោក​ថា​ បើ​ទោះបីជា​លោក​ សួន​ វិសាល​ ឡើង​កាន់​តំណែង​ថ្មី​ក៏​ដោយ​ សម្រាប់​រូប​លោក​មិន​រំពឹង​ថា​អាច​ធានា​ នូវ​ឯករាជ្យ​ភាព​របស់​គណៈមេធាវី​ បាន​១០០​ភាគរយ​ដែរ​ ដោយសារ​តែ​មានការ​ជ្រៀតជ្រែក​ និង​ឥទ្ធិពល​នយោបាយ​ ទៅ​លើ​គណៈមេធាវី​។​

​លោក​ សួន​ វិសាល​ ៖«​អ្វី​ដែល​យើង​សង្ឃឹមថា​ នឹង​ឱ្យ​គណៈមេធាវី​ឯករាជ្យ​ភាព​នោះ​ គឺ​យើង​ពឹង​លើ​សមាជិក​ សមាជិការ​ ដែល​ជា​មេធាវី​ហ្នឹង​ ដើម្បី​ធ្វើ​ឱ្យ​គណៈមេធាវី​ហ្នឹង​ឱ្យ​មាន​ឯករាជ្យ​ភាព​ និង​វិជ្ជាជីវៈ​មេធាវី​កាន់តែ​មាន​កិត្យានុភាព​ទៅ​ថ្ងៃ​អនាគត​»​។​

​បែប​នេះ​ក្តី​លោក​មេធាវី​ សំ​ សុ​គង់​ បាន​ផ្តល់​ជា​អនុសាសន៍​ថា​ គណៈមេធាវី​ គួរតែ​ពង្រឹងសមត្ថភាព​ និង​វិជ្ជាជីវៈ​របស់​មេធាវី​។​ បន្ថែម​ពី​នេះ​លោក​បន្ត​ថា​ គួរតែ​មានការ​ចាត់​វិធា​ការ​ ឬ​ ការ​ដាក់​ពិន័យ​ទៅ​លើ​មេធាវី​ណា​ ប្រព្រឹត្តិ​ខុស​វិជ្ជាជីវៈ​។​

​ចំណែក​លោក​មេធាវី​ ហុង​ គឹ​ម​សួន​ មេធាវី​សាលាក្តី​ខ្មែរក្រហម​ មាន​ប្រសាសន៍​ថា​ ក្នុង​អាណត្តិ​របស់​លោក​ ប៊ុ​ន​ ហុ​ន​ លោក​សង្កេត​ឃើញ​ថា​ ធ្វើ​បាន​ល្អ​ហើយ​ លោក​រំពឹង​ថា​ អាណត្តិ​របស់​លោក​ សួន​ វិសាល​ ប្រធាន​គណៈមេធាវី​អាណត្តិ​ថ្មី​នេះ​ នឹង​ឱ្យ​គណៈមេធាវី​កាន់តែ​មាន​កិត្យានុភាព​ និង​តម្លាភាព​ជាង​មុន​។​

​លោក​បន្ត​ថា​ លោក​ចង់ឱ្យ​ប្រធាន​គណៈមេធាវី​ថ្មី​ ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ដើម្បី​ លើក​ស្ទួយ​តម្លៃ​វិជ្ជាជីវៈ​មេធាវី​ ឱ្យ​មានការ​គោរព​មេធាវី​ និង​គោរព​ច្បាប់​ឱ្យ​ដូច​គ្នា​ កុំឱ្យ​មានការ​បកស្រាយ​ខុស​ រវាង​តុលាការ​ និង​គណៈមេធាវី​។​

​លោក​មេធាវី​ ហុង​ គឹ​ម​សួន​៖«​មាន​ន័យ​ថា​ បើ​តុលាការ​បកស្រាយ​ផ្សេង​ គណៈមេធាវី​បកស្រាយ​ អ​ញ្ចឹ​ង​ខ្ញុំ​ចង់ឱ្យ​គណៈមេធាវី​ ដែល​មាន​ថ្នាក់ដឹកនាំ​ជា​ប្រធាន​គណៈមេធាវី​ និង​សមាជិក​ក្រុមប្រឹក្សា​គណៈមេធាវី​ គឺ​ប្រឹងប្រែង​ឡើង​ ដើម្បី​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​មាន​ក្រសួងយុត្តិធម៌​ មាន​តុលាការ​ និង​ស្ថាប័នរដ្ឋ​ឱ្យ​មានការ​សហការ​គ្នា​ ឱ្យ​យល់​គ្នា​អំពី​ការ​អនុវត្ត​និ​តិ​វិធី​ កុំ​បកស្រាយ​តាមតែ​នឹកឃើញ​ មិន​យក​ច្បាប់​ជា​មូលដ្ឋាន​។​…​ ក្នុង​នាម​ខ្ញុំ​ជា​មេធាវី​មួយ​រូប​ដែរ​ នៃ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខ្ញុំ​ចង់​ឃើញ​ មេធាវី​ទាំងអស់​សូម​ឱ្យ​មានការ​រួបរួម​គ្នា​ យើង​ឱ្យ​យោបល់​គ្នា​ យើង​កុំ​មានគំនិត​បំបែកបំបាក់​គ្នា​ យើង​កុំ​ប្រកាន់បក្ស​ ប្រកាន់ពួក​ ទោះបី​ថា​អ្នក​ណា​ដឹកនាំ​ក៏​ដោយ​ យើង​ជួយ​គ្នា​ ជួយ​ឱ្យ​យោបល់​គ្នា​ កុំ​កាច់​កុង​គ្នា​ ដើម្បី​តែ​មុខមាត់​»​។​

​ជាមួយ​គ្នា​នេះ​ដែរ​ លោក​មេធាវី​  សុខ​ សំ​អឿ​ន​  បាន​ផ្តល់​អនុសាសន៍​ថា​ គណៈមេធាវី​ គួរតែ​ធ្វើការ​កែទម្រង់​កម្មវិធី​ហ្វឹកហ្វឺន​អប់រំ​មេធាវី​ថែម​ទៀត​រិ​ត​តែ​ប្រសើរ​។​

​លោក​មេធាវី​  សុខ​ សំ​អឿ​ន​  ៖«​យើង​ឃើញ​មាន​កាល​លោក​ ប៊ុ​ន​ ហុ​ន​ ឃើញ​គាត់​មាន​ពង្រឹង​ខ្លះ​ហើយ​ តែ​ខ្ញុំ​គិត​ថា​ បើសិនជា​អាច​កែទម្រង់​កម្មវិធី​វ៉ឹ​ក​វ៉ើ​ន​អប់រំ​មេធាវី​ថែម​ទៀត​រិ​ត​តែ​ប្រសើរ​»។​

​លោក​ សួន​ វិសាល​ បាន​ទទួល​សំលេង​គាំទ្រ​  ឱ្យធ្វើ​ជា​ប្រធាន​គណៈមេធាវី​អាណត្តិ​ថ្មី​ ចំនួន​៦២២​សំលេង​។​ ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​ លោក​ សួន​ វិសាល​ បានឱ្យ​ដឹង​ថា​  បន្ទាប់​ពី​លោក​ជាប់​ជា​ប្រធាន​គណៈមេធាវី​ លោក​នឹង​ធ្វើ​ទំនើប​កម្ម​រដ្ឋបាល​ ពង្រឹង​ និង​ការពារ​វិជ្ជាជីវៈ​មេធាវី​  និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​។​

​លោក​ សួន​ វិសាល​៖«​ទី​មួយ​ខ្ញុំ​គិត​ពី​ការ​អនុវត្ត​ច្បាប់​ ទី​ពីរ​ ខ្ញុំ​គិត​ពី​តម្លៃ​របស់​មេធាវី​ ហើយ​ទី​បី​ ខ្ញុំ​គិត​ពី​បញ្ហា​សង្គម​ តើ​សង្គម​របស់​យើង​ត្រូវការ​ មេធាវី​កម្រិត​ណា​»​។​

​តួនាទី​របស់​គណៈមេធាវី​ គឺ​ជួយ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ គឺ​ក្នុង​គោលបំណង​មួយ​ ឱ្យ​សង្គម​មាន​នីតិរដ្ឋ​ ពិតប្រាកដ​។​ តែ​កន្លង​មក​ គេ​ពុំ​ឃើ់ញ​ គណៈមេធាវី​ កម្ពុជា​ចេញ​មុខ​ប្រឆាំង​ នឹង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ ដែល​មជ្ឈដ្ឋាន​ខ្លះ​ថា​ មិន​ទាន់​ឯករាជ្យ​និង​អ​ព្យា​ក្រឹត្យ​នោះ​ទេ​៕

 

Share

Image
Image
Image