ភ្នំពេញ៖ ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ដ្រីរាជាណាចក្រថៃ បានចេញសារាចរ ណែនាំ ដល់ប្រជាជនថៃ នៅទូទាំងប្រទេស អោយកាន់ទុក្ខរយៈពេល១ឆ្នាំ ចំពោះព្រះរាជ្យសព ព្រះមហាក្សត្រ ភូមិបុល អាល់ឌុលយ៉ាដេត ដែលបានសោយទិវង្គត កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៣ តុលា ដោយជម្ងឺចាស់ជរា។
សារាចរ ដាក់ចុះដោយឧត្ដមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ភ្លាមៗធ្វើឡើងបន្ទាប់ពីខុទ្ទកាល័យ ព្រះបរមរាជវាំងថៃ បានប្រកាសពីការសោយទិវង្គត ស្ដេច ភូមិបុល អាល់ឌុលយ៉ាដេត។
ក្រៅពីចេញសារាចរ ណែនាំលោក ប្រាយុទ្ធ ចាន់អូចា ក៏បានណែនាំដល់គ្រប់កន្លែងទីកន្លែងកំសាន្ដទាំងអស់ អោយផ្អាកការរាំច្រៀង ជាពិសេសត្រូវផ្អាកនៅថ្ងៃដែលព្រះអង្គសោយទិវង្គតម្សិលមិញនេះផងដែរ។
កាលពីយប់មិញ សភា រាជាណាចក្រថៃបានកោះប្រជុំគ្នាជាបន្ទាន់ ដើម្បីពិនិត្យសភាពការណ៍ឡើងវិញ ហើយត្រៀមប្រកាសនៃការរៀបចំអ្នកស្នងរាជ្យសម្បត្តិ ជំនួសព្រះអង្គ។
តាមលោក ប្រាយុទ្ធ ចាន់អូចា ការរៀបចំអ្នកស្នងរាជ្យពីព្រះអង្គ ភូមិបុល អាល់ឌុលយ៉ាដេត ក៏ចាប់ផ្ដើមធ្វើពិធីផងដែរ ដោយដាក់ស្នើទៅរដ្ឋសភា។
តាមរដ្ឋធម្មនុញ្ញថៃ រាជ្យទាយាទដែលត្រូវស្នងតំណែងគឺ Maha Vajiralongkorn ដែលទ្រងត្រូវបានស្ដេច ភូមិបុល អាល់ឌុលយ៉ាដេត ស្នើតែងតាំង តាំងពីឆ្នាំ២០០៧៕