en     km
en     km

អ្នក​គ្មាន​វិជ្ជាជីវៈ​ សុខាភិបាល​ នឹង​មានទោស​ ២​ ឆ្នាំ​ ហើយ​ពិន័យ​ជា​ច្រើន​លាន​រៀល​

Share

​ភ្នំពេញ៖ រដ្ឋសភា​ជាតិ​ សម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ អ្នក​ប្រកប​វិជ្ជាជីវៈ​ វិស័យ​សុខាភិបាល​ ដែល​នៅ​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​ នឹង​ដាក់ទោស​ទណ្ឌ​អ្នក​គ្មាន​វិជ្ជាជីវៈ​ សុខាភិបាល​ត្រឹមត្រូវ​ ដោយ​មានទោស​២​ឆ្នាំ​ និង​ពិន័យ​ប្រាក់​ច្រើន​លាន​រៀល​ថែម​ទៀត​ផង​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

ប្រធានរដ្ឋសភា សម្តេច ហេង សំរិន
ប្រធានរដ្ឋសភា សម្តេច ហេង សំរិន

រដ្ឋ​សភាជាតិ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ តុលា​ នេះ​ បាន​សម្រេច​អនុម័ត​សេចក្តីព្រាងច្បាប់​ ស្តី​ពី​ការ​គ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ ដោយ​សំឡេង​ចំនួន​ ៦៧​ សំឡេង​ នៃ​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ ខណៈ​ដែល​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ចំនួន​ ៥៥​ រូប​ មិន​ចូល​ប្រជុំ​សភា​ ។​

​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​ អ្នក​ប្រកប​វិជ្ជាជីវៈ​វិស័យ​សុខាភិបាល​ មាន​ចំនួន​ ៩​ ជំពូក​ ៣៥​ មាត្រា​។​

​នៅ​ត្រង់​ជំពូក​ទី​ ៧​ និង​ មាត្រា​ទី​ ២៥​ ដល់​ មាត្រា​ ៣០​ នៃ​សេចក្តីព្រាងច្បាប់​នេះ​ បាន​ចែង​ថា​ អ្នក​គ្មាន​វិជ្ជាជីវៈ​សុខាភិបាល​ត្រឹមត្រូវ​ នឹង​ជាប់គុក​ពី​ ៦​ខែ​ ទៅ​ ២​ ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី​ ៥​ លាន​រៀល​ ទៅ​១០​ លាន​រៀល​ ចំពោះ​អ្នក​ដែល​ត្រូវ​បាន​ក្រសួងសុខាភិបាល​ បាន​ផ្អាក​ហើយ​ នៅ​តែ​បន្ត​វិជ្ជាជីវៈ​ទៀត​។

​លោក​ ប៉ែន​ បញ្ញា​ ប្រធាន​គណៈ​ក​ម្មា​ការ​នីតិកម្ម​ នៃ​រដ្ឋសភា​ បាន​អាន​សេចក្តីព្រាងច្បាប់​នេះ​ថា​ ជន​ណា​ដែល​រំលោភ​បំពាន​ ដែន​កំណត់​វិជ្ជាជីវៈ​សុខាភិបាល​ ឬ​បំពាន​លក្ខ​ខ័​ណ្ឌ​ គឺ​ជន​នោះ​នឹង​ពិន័យ​ជា​ប្រាក់​ទ្វេ​ដង​ចំពោះ​ករណី​ ដែល​ទទួល​រង​ការ​ពិន័យ​ម្តង​រួច​ទៅ​ហើយ​។​

​លោក​ ប៉ែន​ បញ្ញា​៖«​មាត្រា​ ៣០​ ត្រូវ​ពិន័យ​ជា​ប្រាក់​ចំពោះ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល​ ដោយ​រំលោភ​បំពាន​ដែន​កំណត់​ ឬ​ លក្ខ​ខ័​ណ្ឌ​ដែល​បាន​កំណត់​ ចំពោះ​ការ​ប្រកប​ វិជ្ជាជីវៈ​សុខាភិបាល​។​ ករណី​ដែល​ទទួល​រង​ការ​ពិន័យ​ម្តង​រួច​ទៅ​ហើយ​ នៅ​តែ​បន្ត​បទល្មើស​ដដែល​ត្រូវ​ផ្តន្ទា​ទោសពិន័យ​ជា​ប្រាក់​ទ្វេ​ដង​»​។​

​នៅ​ពេល​ជាមួយ​គ្នា​នេះ​ប្រធានរដ្ឋសភា​ សម្តេច​ ហេង​ សំ​រិ​ន​ បាន​ថ្លែង​ថា​ សេចក្តីព្រាងច្បាប់​នេះ​គឺ​ មាន​គោលដៅ​ពង្រឹង​សេវា​សាធារណៈ​ និង​លើកកម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ នៅ​ក្នុង​វិស័យ​សុខាភិបាល​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​សម្តេច​ ហេង​ សំ​រិ​ន​៖«​សេចក្តីព្រាងច្បាប់​នេះ​ សំដៅ​ជំរុញ​លើក​ស្ទួយ​សុខភាព​សាធារណៈ​ ឲ្យ​សម​ស្រប​ទាំងស្រុង​ទៅ​តាម​មាត្រា​ ៧២​ នៃ​រដ្ឋធម្មនុញ្ញ​»​។​

​ទាក់ទង​ទៅ​នឹង​សេចក្តីព្រាងច្បាប់​នេះ​ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ បាន​ថ្លែងអំណរគុណ​ដល់​ប្រធានរដ្ឋសភា​ ដែល​បាន​សម្រេច​ អនុម័ត​សេចក្តីព្រាងច្បាប់​នេះ​។​

​យ៉ាងតិច​ណាស់​ គ្រូពេទ្យ​ម្នាក់​ នៅ​ឃុំ​រកា​ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ត្រូវ​បាន​តុលាការខេត្ត​នេះ​ ផ្ដន្ទាទោស​មួយ​ជីវិត​ ករណី​ ព្យាបាល​អ្នកជំងឺ​ដោយ​បណ្ដាល​ឱ្យ​ឆ្លង​មេរោគ​អេ​ដស៍​ ពី​អ្នកជំងឺ​ទៅ​អ្នកជំងឺ​ម្នាក់​ ដោយ​មាន​ជា​ច្រើន​រយ​ នាក់​។​ គ្រូពេទ្យ​ម្នាក់​នេះ​ ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ ត្រូវ​បាន​រក​ឃើញ​ថា​ ជា​គ្រូពេទ្យ​ប្រកប​វិជ្ជាជីវៈ​គ្មាន​អាជ្ញាប័ណ្ណ​៕​

Share

Image
Image
Image