en     km
en     km

មន្ត្រី​រដ្ឋាភិបាល​៖​ ឈ្មួញ​រកស៊ី​ឈើ​ដូរ​មុខរបរ​ តែ​សកម្មជន​ព្រៃឈើ​ថា​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា​ ឈ្មួញ​រកស៊ី​ឈើ​ធំៗ​មួយ​ចំនួន​បាន​ដូរ​មុខ​របស់​ពួក​គេ​ហើយ​នោះ​ ប៉ុន្តែ​វីរៈជន​បរិស្ថាន​ពិភពលោក​ លោក​អ៊ូច​ ទ្បេ​ង​ ថា​ទោះបីជា​ពួក​គេ​ដូរ​មុខរបរ​ ក៏​ដោយ​ចុះ​ តែ​រាជរដ្ឋាភិបាល​ត្រូវ​តែ​ អនុវត្ត​នីតិវិធី​ទៅ​តាម​ផ្លូវច្បាប់​ ចំពោះ​ឈ្មួញ​ដែល​បាន​រកស៊ី​ឈើ​ធំៗ​ទាំងនោះ​។​ លោ​កថា​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តែ​បន្ត​។​

ដើម រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល
រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល

ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ធ្វើ​ទ្បើ​ង​ ក្នុង​វេទិកា​និពន្ធ​នាយក​ស្ដី​ពី​«​ការ​ចូលរួម​ចំណែក​របស់​វិស័យ​សារព័ត៌មាន​ ដើម្បី​លើកកម្ពស់​ការ​ការពារ​បរិស្ថាន​នៅ​កម្ពុជា​ និង​ តំបន់​ទន្លេមេគង្គ​»​ កាលពី​ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​ម្សិលមិញ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​បញ្ហា​ព្រៃឈើ​នៅ​តែ​ជា​ប្រធានបទ​ក្តៅ​ ដែល​សង្គម​ស៊ី​វិល​ធ្វើការ​ពាក់ព័ន្ធ​បរិស្ថាន​ តែងតែ​រិៈ​គន់​ថា​ បើ​ទោះបីជា​សម្តេច​ ហ៊ុន​ សែន​ ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ ចេញ​វិធានការ​ការពារ​បរិស្ថាន​ ដោយ​អភិរក្ស​ព្រៃឈើ​ក៏​ដោយ​ចុះ​តែ​ គេ​នៅ​តែ​សង្កេត​ឃើញ​ថា​ឈ្មួញ​រកស៊ី​ឈើ​ធំៗ​ នៅ​តែ​អាច​ប្រកប​ របរ​ រកស៊ី​ឈើ​បាន​ដដែល​។​

​ទាក់ទង​នឹង​ការ​រិះគន់​ចំពោះ​បញ្ហា​ព្រៃឈើ​នេះ​ដែរ​ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ លោក​ សាយ​ សំ​អាល់​ ផ្តល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ០៦​ ខែតុលា​ ម្សិលមិញ​ថា​ឈ្មួញ​ឈើ​ធំៗ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ដូរ​មុខរបរ​ហើយ​ ខណៈ​មេ​ឈ្មួញ​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្ដឹង​ទៅ​តុលាការ​។​

​លោក​ សាយ​ សំ​អាល់​ បន្ត​ថា​ឈ្មួញ​ឈើ​មួយ​ចំនួន​កំពុង​ប្រឈម​មុខ​ នៅ​តុលាការ​ ដោយសារ​តែ​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ ទៅ​តុលាការ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ពួក​គេ​នោះ​ឡើយ​។​

​លោក​ សាយ​ សំ​អាល់​៖«​យើង​និយាយ​អំពី​ឧកញ៉ា​ ខ្នា​ ទ្រី​ ភាព​ ថៃ​ អុល​។​ ពួក​គាត់​និយាយ​ថា​ បាន​ប្តូរ​មុខរបរ​ហើយ​»​។​

​ចំណែក​ វីរៈជន​បរិស្ថាន​ពិភពលោក​ ដែល​ទទួល​បាន​ពានរង្វាន់​ពិភពលោក​ ទាក់ទង​នឹងបរិស្ថាន​ លោក​ អ៊ូច​ ទ្បេ​ង​ បាន​ផ្តល់​បទ​សម្ភាសន៍​ ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​សាទរ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ចេញ​វិធានការ​ការពារ​អភិរក្ស​ព្រៃឈើ​ ប៉ុន្តែ​លោក​ថា​វិធានការ​នេះ​មិន​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ទ្បើ​យ​នោះ​ទេ​។​

លោក អ៊ូច ទ្បេង វីរៈជនបរិស្ថានពិភពលោក ដែលទទួលបានពានរង្វាន់ពិភពលោក ទាក់ទងនឹង បរិស្ថាន
លោក អ៊ូច ទ្បេង វីរៈជនបរិស្ថានពិភពលោក ដែលទទួលបានពានរង្វាន់ពិភពលោក ទាក់ទងនឹង បរិស្ថាន

លោក​ អ៊ូច​ ទ្បេ​ង​ បន្ត​ថា​មិន​ទាន់​មាន​ប្រសិទ្ធភាព​នោះ​ ដោយសារ​តែ​លោក​សង្កេត​ឃើញ​ថា​ មាន​ រោងចក្រ​អា​ឈើ​ សិប្បកម្ម​កែ​ច្នៃ​ឈើ​ ជា​ច្រើន​នៅ​ក្បែរ​តំបន់​ការពារ​ព្រៃឈើ​។​ លោក​ ផ្ដល់​អនុសាសន៍​ថា​ដើម្បី​ឱ្យ​វិធានការ​ របស់​រដ្ឋាភិបាល​មាន​ប្រសិទ្ធភាព​ នោះ​លុះត្រាតែ​រដ្ឋាភិបាល​ខ្លួនឯង​ មាន​ឆ​ន្ទះ​ពិតប្រាកដ​ ក្នុង​ការ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​អភិរក្ស​ព្រៃឈើ​ឱ្យ​បាន​គង់​វង់​។​ ​

​លោក​ អ៊ូច​ ទ្បេ​ង​៖«​ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​ក្នុង​តំបន់​ការពារ​ មានការ​កាប់​យ៉ាង​គគ្រឹកគគ្រេង​ ហើយ​ដឹក​ជញ្ជូន​។​ អាច​នឹង​មានការ​បន្ត​រូបភាព​យ៉ាង​ធំ​ទៀត​ បន្ទាប់​ពី​រដូវវស្សា​នេះ​។​ វា​ងាយស្រួល​បំផុត​និង​សំខាន់​គឺ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​ ថា​គាត់​ហ៊ាន​ធ្វើ​ឬ​ក៏​អត់​ ហ៊ាន​ធ្វើ​យ៉ាងម៉េច​ ហ៊ាន​ធ្វើ​ត្រូវ​តែ​លុប​បំបាត់​ចោល​អាជ្ញាប័ណ្ណ​ នាំ​ឈើ​ចេញ​ទៅ​ក្រៅប្រទេស​ទាំងអស់​ មិន​ឱ្យ​មាន​ជា​ពិសេស​ប្រទេស​វៀតណាម​ និង​ប្រទេស​ចិន​ ដែល​ប្រទេស​ទាំង​ពីរ​នេះ​តែងតែ​ប្រើ​ឥទ្ធិពល​ផ្នែក​សេដ្ឋកិច្ច​ និង​ផ្នែក​នយោបាយ​មក​លើ​ប្រទេស​កម្ពុជា​។​ ប្រមូល​ធនធានធម្មជាតិ​ជា​ពិសេស​ព្រៃឈើ​ពី​ប្រទេស​កម្ពុជា​»​។​

​ជុំវិញ​ការ​លើក​ទ្បើ​ង​នេះ​ដែរ​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត​ មាស​ នី​ មាន​ប្រសាសន៍​ថា​ លោក​មិន​ទាន់​ដឹង​ថា​តើ​ ការ​ដូរ​មុខរបរ​របស់​ឈ្មួញ​ឈើ​ធំៗ​នេះ​ អាច​នឹង​ធ្វើ​ឱ្យ​ព្រៃឈើ​គង់​វង់​នៅ​ទ្បើ​យ​នោះ​ទេ​។​ តែ​លោក​សង្កេត​ឃើញ​ថា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​តែ​បន្ត​មាន​ ហើយ​កន្លែង​ខ្លះ​ថែម​ទាំង​មាន​ច្រើន​ទៀត​ផង​។​ ​

​លោក​ មាស​ នី​៖​ «​ខ្ញុំ​មិនដឹង​ច្បាស់​ថា​ដូរ​ប៉ុណ្ណា​នោះ​ទេ​ ប៉ុន្តែ​បើ​និយាយ​ពី​ការ​បំផ្លាញ​ព្រៃឈើ​នៅ​ខាងក្រោម​មក​ដល់​ពេល​នេះ​ គឺ​អត់​ថយ​នោះ​ទេ​ គឺ​កន្លែង​ខ្លះ​កើន​ទ្បើ​ង​ ហើយ​តើ​ប្រព័ន្ធ​ព្រៃឈើ​ហ្នឹង​ ប្រព័ន្ធ​នៃ​ការ​កាប់​ឈើ​ហ្នឹង​វា​ប្រតិបត្តិការ​ជា​ប្រព័ន្ធ​ម៉េច​ ប៉ុន្តែ​រឿង​មួយ​ដែល​ខ្ញុំ​សង្កេត​ឃើញ​គឺ​ហាក់បីដូចជា​មាន​អ្នក​នៅ​ពីក្រោយ​ខ្នង​ គឺ​មាន​អ្នក​ចាំ​ទិញ​ឈើ​ពី​ពលរដ្ឋ​ភូមិ​វិញ​ គឺ​ពលរដ្ឋ​កាប់​ឈើ​នឹង​កើន​ទ្បើ​ង​ ចូល​ទៅ​កាប់​ព្រៃឈើ​ព្រៃ​ដឹក​យក​មក​ភូមិ​ ហើយ​មាន​អ្នក​ប្រមូល​ទិញ​ចេញពី​ភូមិ​ទៅ​វិញ​ »​។​

​លោក​ មាស​ នី​ ផ្តល់​ជា​អនុសាសន៍​ថា​ដើម្បី​រក្សា​ទុក​ព្រៃឈើ​ឱ្យ​បាន​គង់​វង់​នោះ​ រាជរដ្ឋាភិបាល​ និង​ក្រសួង​ពាក់ព័ន្ធ​ ត្រូវ​ពង្រឹង​ការ​ត្រួតពិនិត្យ​ ពី​ឃ្លាំង​ដែល​ស្តុក​ឈើ​ធំៗ​ ព្រោះ​ឃ្លាំង​ស្តុក​ឈើ​ធំៗ​នេះ​នៅ​តែ​បន្ត​នាំ​ឈើ​ដដែល​ ហើយ​ប្រសិនបើ​អ្នកមាន​អំណាច​ មិន​ត្រូវ​បាន​រដ្ឋាភិបាល​តាមដាន​ទេ​នោះ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​នឹង​នៅ​តែ​បន្ត​កើត​មាន​ដដែល​។​

​គួរ​បញ្ជាក់​ថា​ឈ្មួញ​ដែល​រកស៊ី​ឈើ​ដ៏​ល្បី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ដូច​ ជា​លោក​ ឧកញ៉ា​ ទ្រី​ ភាព​នោះ​ បច្ចុប្បន្ន​ លោក​ កំពុង​អភិវឌ្ឍន៍​ លើ​វិស័យ​ឧស្សាហកម្ម​ដំណាំ​ ម្រេច​ និង​កៅស៊ូ​ លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិច​តា​ ក្នុង​ខេត្ត​មួយ​ចំនួន​៕ ​

Share

Image
Image
Image