ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តមសីហមុនី អំពាវនាវឱ្យកម្ពុជា ជារដ្ឋប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស។ព្រះរាជសារបស់ព្រះអង្គដូចនេះ ត្រូវបានសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានអាននៅចំពោះវត្តមាន អ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មានវត្តមានដែរ។
ព្រះអង្គបានផ្ញើព្រះរាជសារ ទៅកាន់សភាកម្ពុជា នៅក្នុងកិច្ចប្រជុំក្នុងឱកាសបើក បវេសនកាលនៃ សម័យប្រជុំសភា លើកទី៧នីតិកាលទី ៥នៅថ្ងៃទី ០៧ខែតុលា ឆ្នាំ២០១៦។
ព្រះរាជសារមានខ្លឹមសារដូច្នេះថា៖«ខ្ញុំសង្ឃឹមថាសភា ដ៏ឧត្តុង្គឧត្តម ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស នឹងខិតខំដោះស្រាយកិច្ចការចំពោះមុខ ដើម្បីសម្រេចទិសដៅជាជំហ៊ានៗ ធានាបាននូវសង្គមកម្ពុជាប្រកបដោយសុខដុមរមនា មានស្ថេរភាពនយោបាយសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ ជាមួយគ្នានេះការអភិវឌ្ឍប្រកបដោយចិរភាព និង សមធម៍ ត្រូវប្រកាន់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ប្រជាជធិបតេយ្យសេរីពហុបក្ស និង ការគោរពសិទ្ធមនុស្ស»។
ទោះជាយ៉ាងណាព្រះអង្គ ក៏បានសរសើរ ពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស។
ក្នុងឱកាសបើក បវេសនកាល នៃរដ្ឋសភានៅថ្ងៃនេះ គេពុំឃើញអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ ចូលប្រជុំសភានោះទេ គឺមានតែអ្នកតំណាងរាស្ដ្រគណបក្សប្រជាជនចំនួន៦៧រូបប៉ុណ្ណោះ។
សម្ដេចនាយករដ្ឋមន្ដ្រីក៏បានចូលរួមប្រជុំសភានេះដែរ ហើយនៅពេលនេះសម្ដេច ហេង សំរិន បានអានព្រះសារលិខិតរបស់ព្រះមហាក្សត្រ ដែលរាជសារនោះបានថ្លែងបើកអំពីកិច្ចប្រជុំពេញអង្គ នីតិកាលទី៥ បន្ទាប់ពីសភា វិស្សមកាល រយៈពេល៣ខែកន្លងមក៕