en     km
en     km

​មន្ត្រី​ពលកម្ម​អន្តរជាតិ​អា​មេ​រិ​ក​ ៖​ EU​ និង​ US​ ជាទី​ផ្សារ​សំខាន់​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​?

Share

ភ្នំពេញ៖ តំណាង​ពិសេស​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ​ លោកស្រី​ Sarah​ Fox​ មាន​ប្រសា សន៍​ថា​ សហភាព​អ៊ឺ​រ៉ុ​ប​ និង​ សហរដ្ឋអាមេរិក​ គឺជា​ទីផ្សារ​សំខាន់​ក្នុង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ ។​ ការ​លើក​ទ្បើ​ង​ដូចនេះ​ ធ្វើ​ទ្បើ​ង​នៅ​ក្នុង​វេទិកា​តុមូល​ដែល​មាន​អ្នក​សារព័ត៌មាន​ចូលរួម​ប្រមាណ​ ១០​ រូប​ សាកសួរ​ជុំវិញ​ច្បាប់​ស្តី​ពី​សហជីព​ និង​ ជុំវិញ​សិទ្ធិ​ការងារ​កម្មករ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៤​ ខែតុលា​ ឆ្នាំ​ ២០១៦​ នេះ​ នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​។​

ស្តាប់សំឡេង៖

 

អ្នកស្រី Sarah Fox តំណាងពិសេសក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិ ។រូបភាព៖WMC
អ្នកស្រី Sarah Fox តំណាងពិសេសក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកកិច្ចការពលកម្មអន្តរជាតិ ។រូបភាព៖WMC

​នេះ​ជា​ថ្ងៃ​ទី​ពីរ​ហើយ​ ដែល​តំណាង​ពិសេស​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ​ លោកស្រី​ Sarah​ Fox​ បាន​មក​កម្ពុជា​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ មន្ត្រី​សង្គម​ស៊ី​វិល​ ពី​បញ្ហា​ប្រាក់ខែ​កម្មករ​ និង​ជួប​អង្គការ​សង្គម​ស៊ី​វិល​ ដើម្បី​លើកកំពស់​សេរីភាព​នៃ​ការ​ប្រមូលផ្តុំ​ និង​បញ្ហា​មួយ​ចំនួន​ទៀត​។​

​ខណៈ​ដែល​លោកស្រី​មក​បំពេញ​ទស្សនៈកិច្ច​នេះ​ដែរ​ លោកស្រី​បាន​ធ្វើ​វេទិកា​តុមូល​មួយ​ដល់​អ្នក​សារព័ត៌មាន​ជុំវិញ​បញ្ហា​សំខាន់ៗ​មួយ​ចំនួន​ទាក់ ទង​សិទ្ធិ​ការងារ​ ច្បាប់​សហជីព​ និង​បញ្ហា​ប្រាក់ខែ​កម្មករ​នៅ​កម្ពុជា​ជាដើម​។​

​លោក​ ស្រី​ Sarah​ Fox​ មាន​ប្រសាសន៍​ថា​ ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​ដែរ​ នៅ​ពេល​ដែល​ច្បាប់​ បាន​ចេញ​ទៅ​ហើយ​នោះ​ គឺ​ពិតជា​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពលរដ្ឋ​ ហើយ​ករណី​នេះ​ រដ្ឋាភិបាល​នឹង​ធ្វើ​វិសោធនកម្ម​មាត្រា​មួយ​ចំនួន​ដែល​ប៉ះពាល់​នោះ​។​

ជា​តួយ៉ាង​ដូច​ជា​ច្បាប់​ស្តី​ពី​សហជីព​នៅ​កម្ពុជា​ ដែល​បាន​ចូល​ជា​ធរមាន​នា​ពេល​កន្លង​មក​ សហជីព​ទាម​ ទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​នូវ​មាត្រា​មួយ​ចំនួន​ដែល​ពួក​គេ​អះអាង​ថា​ ច្បាប់​នោះ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​ពួក​គេ​ ក៏​ដូច​ជា​កម្មករ​ជាដើម​។​

កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ
កម្មការិនីរោងចក្រកាត់ដេរ ដុង ឌូ ថេកស្ថាយ (ខេមបូឌា) ស្ថិតនៅភូមិ ទឹកថ្លា សង្កាត់ក្រំាពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រមាណជាង ៣០០នាក់ ស្វែងរកអន្តរាគមន៍ ពីរដ្ឋមន្រ្តីក្រសួងការងារ

​បន្ថែម​ពី​នេះ​ទៀត​នោះ​ លោកស្រី​លើក​ទ្បើ​ង​ថា​ រដ្ឋាភិបាល​កម្ពុជា​គួរ​បន្ត​ចរចា​ជាមួយ​សហជីព​ និង​កម្មករ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ដើម្បី​ឱ្យ​សិទ្ធិ​ការ ងារ​ និង​សិទ្ធិ​របស់​កម្មករ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​។​ នៅ​ក្នុង​វេទិការ​នោះ​ដែរ​ លោកស្រី​ Sarah​ Fox​ បាន​សង្កត់ធ្ងន់​ថា​ សហរដ្ឋអាមេរិក​ និង​សហ ភាព​អ៊ឺ​រ៉ុ​ប​ គឺជា​ទីផ្សារ​ដ៏​សំខាន់​ក្នុង​ការ​នាំ​ចូល​នូវ​សម្លៀក​បំពាក់​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​ទាំង​ ២​ នេះ​។​  លោកស្រី​បន្ត​ថា​ ដើម្បី​អាច​ចូលរួម​ប្រកួតប្រជែង​លើ​ទីផ្សារ​អន្តរជាតិ​នេះ​ រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បន្ត​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​ដល់​កម្មករនិយោជិត​។​

លោកស្រី​  Sarah​ Fox​ ៖«​សហរដ្ឋអាមេរិក​ និង​ សហភាព​អ៊ឺ​រ៉ុ​ប​ គឺជា​ទីផ្សារ​ដ៏​សំខាន់​ក្នុង​នាំ​ចេញ​សម្លៀក​បំ​   ពាក់​ពី​ប្រទេស​កម្ពុជា​ ហើយ​ដែល​មាន​អ្នក​ប្រើប្រាស់​ច្រើន​ជា​ប្រចាំ​ផង​ដែរ​ ដែល​ធ្វើ​ឱ្យ​កម្មករ​អាច​ផលិត​សម្លៀក​បំពាក់​កាន់តែ​ច្រើន​ថែម​ទៀត​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​»​។​

​ជុំវិញ​នឹង​ការ​លើក​ទ្បើ​ង​របស់​លោកស្រី​ Sarah​ Fox​ នេះ​ដែរ​ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​ ហៅ​កាត់​ថា​ (CCAWDU)​ លោក​ អាត់​ ធន់​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​ទទួលស្គាល់​ថា​ សហរដ្ឋអាមេរិក​ និង​សហភាព​អ៊ឺ​រ៉ុ​ប​ ពិតជា​ទីផ្សារ​សំខាន់​ដែល​បាន​នាំ​យក​សម្លៀក​បំពាក់​ពី​កម្ពុជា​។​ លោក​ អាត់​ ធន់​ បន្ត​ថា​ទីផ្សារ​ដែល​នាំ​ចេញ​សម្លៀក​បំពាក់​ពី​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​ ០១​ គឺ​សហ ភាព​អ៊ឺ​រ៉ុ​ប​ ហើយ​សហរដ្ឋអាមេរិក​ជាប់​ចំណាត់ថ្នាក់​លេខ​ ០២​។​

លោក​ អាត់​ ធន់​ បញ្ជាក់​ថា​ កម្មករនិយោជិត​កម្ពុជា​មិនសូវ​មាន​ជំនាញ​ខ្ពស់​ដូច​ប្រទេស​គេ​ដែល​ជឿនលឿន​នោះ​ទេ​ ព្រោះ​មាន​កត្តា​សំខាន់ៗ​មួយ​ចំនួន​ដូច​ជា​៖​ «​ពេល​ក្រុមហ៊ុន​ដែល​បើក​ដំបូង​រដ្ឋាភិបាល​មិន​បានឱ្យ​ក្រុមហ៊ុន​បង្កើត​ជា​រោង​ជាង​ ឬ​កូនជាង​ដែល​ច្បាប់​តំរូវ​ឱ្យ​បើក​វគ្គ​បណ្តុះបណ្តាល​នោះ​ទេ​ ចំណែក​កម្មករ​ដែល​មា​ជំនាញ​បែ​ជា​នាំ​គ្នា​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ក្រៅ​ដោយសារ​ប្រាក់ខែ​របស់​ពួក​គេ​នៅ​កម្ពុជា​មាន​កម្រិត​»​។​

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់

​លោក​ អាត់​ ធន់​ បាន​បន្ថែម​ ថា​កាលពី​រសៀល​ថ្ងៃ​ទី​ ០៤​ ខែតុលា​នេះ​ លោក​បាន​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​ Sarah​ Foz​ ដើម្បី​បង្ហាញ​ក្តី​កង្វល់​មួយ​ចំនួន​ ដើម្បី​ឱ្យ​លោកស្រី​ជួយ​សម្របសម្រួល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ពី​បញ្ហា​នេះ​ដូច​ជា​៖«​ដូច​ជា​ច្បាប់​ស្តី​ពី​សហជីព​ ដូច​ជា​កិច្ចសន្យាការងារ​ខ្លី​ ដូច​ជា​សិទ្ធិ​សេរីភាព​សហជីព​ ដូច​ជា​ប្រាក់​ឈ្នួល​ជាដើម​ គឺ​យើង​បាន​លើក​ទ្បើ​ង​ពន្យល់​គាត់​អស់ហើយ​ ហើយ​គាត់​ថា​នឹង​យក​អ្វី​ដែល​ជា​កង្វល់​របស់​យើង​ទៅ​ជជែក​នឹង​ខាង​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ជា​ពិសេស​គាត់​ប្រើប្រាស់​ឥទ្ធិពល​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​អា​មេ​រិ​ក​កម្ពុជា​ដើម្បី​ធ្វើការ​ជជែក​កែ​លម្អ​ទៅ​នឹង​ស្ថានភាព​ការងារ​កម្មករ​យើង​»​។​

​សូម​ជំរាប​ថា​ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អា​មេ​រិ​ក​  លោកស្រី​ Sarah​ Fox​ តំណាង​ពិសេស​ទទួល​បន្ទុក​ផ្នែក​កិច្ចការ​ពលកម្ម​អន្តរជាតិ​ នឹង​ជួប​ជាមួយ​មេដឹកនាំ​ជាន់ខ្ពស់​មក​ពី​រដ្ឋាភិបាល​កម្ពុជា​ អង្គការ​ពលកម្ម​អន្តរជាតិ​ អង្គការ​សង្គម​ស៊ី​វិល​ និង​វិស័យ​ឯកជន​ ដើម្បី​លើកកំពស់​សេរីភាព​ក្នុង​ការ​ចងក្រង​ជា​ក្រុម​សមាគម​ និង​ការ​ចរចា​អនុសញ្ញា​រួម​ ការ​ជំរុញ​ឱ្យ​មានការ​ងារ​ត្រឹមត្រូវ​ និង​កំណើនសេដ្ឋកិច្ច​សំរាប់​ទាំងអស់​គ្នា​៕

Share

Image
Image
Image