ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចចេញសេចក្តីប្រកាសដាក់ឲ្យប្រើប្រាស់ក្រមសីលធម៌ចំនួន៥ប្រការ ជាផ្លូវការ កាលពីថ្ងៃពុធទី ២៨ កញ្ញា ដល់ភាគីពាក់ព័ន្ធ ក្នុងការបោះឆ្នោត។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបានប្រកាសកាលពីពុធទី ២៨ កញ្ញា ប្រព័ន្ធផ្សព្វផ្សាយ មន្ត្រីបោះឆ្នោត យោធិន នគរបាល និងភ្នាក់ងារសន្តិសុខបោះឆ្នោត គណបក្សនយោបាយ បេក្ខជន និងភ្នាក់ងារគណបក្ស នយោបាយ និង អ្នកសង្កេតការណ៍ ត្រូវអនុវត្តក្រមសីលធម៌ ដែល គ.ជ.ប បាន ប្រកាសនេះ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ក្រមសីលធម៌ទាំង៥ នេះ គ.ជ.ប បានផ្តល់ជូនទៅភាគីពាក់ព័ន្ធរួមមាន ក្រសួងមហាផ្ទៃ រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងការពារជាតិ សហភាពអ៊ឺរ៉ុប ស្ថានទូតជប៉ុន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុន ស៊ិនប៉ិច អង្គការខមហ្វ្រែល និងអង្គការសហគមន៍គ្រួសារអភិវឌ្ឍកសិកម្ម ដើម្បីផ្តល់អនុសាសន៍។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានប្រសាសថាសីលធម៌ ដែលបានដាក់ឱ្យអនុវត្ត គឺជាសារមួយសម្រាប់ដាស់តឿនឱ្យមានការយកចិត្តទុកដាក់បំពេញតួនាទី ។
លោកបន្តថា ប្រសិនបើមានការក្រើន រម្លឹកហើយ បុគ្គលណាម្នាក់ មានចេតនាប្រព្រឹត្តល្មើសផ្ទុយពីក្រមសីលធម៌គឺ ត្រូវចាត់វិធានទៅតាមច្បាប់ ដែលបានចែងក្នុងច្បាប់បោះឆ្នោត។ «អញ្ចឹង គ.ជ.ប គ្មានជម្រើសផ្សេងក្រៅពីយកច្បាប់ មកពិនិត្យលើទោសទណ្ឌទេ បើសិនជាប្រព្រឹត្តដោយអចេតនា»។
បើតាម គ.ជ.ប ក្រមសីលធម៌នេះ ត្រូវបានរៀបចំតាក់តែងឡើងស្របទៅតាមច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការបោះឆ្នោត។
គ.ជ.ប ថា ការអនុវត្តបានល្អនូវក្រមសីលធម៌នេះនឹង ជួយកាត់បន្ថយបាននូវអំពើហឹង្សា ជម្លោះ ការរើសអើង ការបែងចែករវាងអ្នកមាននិន្នាការនយោបាយ ផ្សេងៗគ្នា ក្នុងសង្គម៕