en     km
en     km

បទវិភាគ៖ តើកម្ពុជាគួរមានច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែរឬទេ?

Share

ភាព​​ចម្រូង​​ចម្រាស់​​រវាង​​រាជ​​រដ្ឋា​ភិបាល​​ ​​និង​​អង្គការ​​សង្គម​​ស៊ី​​វិល​​ជុំវិញ​​សេចក្តី​​ព្រាង​​ច្បាប់​​គ្រប់​​ គ្រង​​​ ​សមាគម​​​និង​​អង្គការ​​មិន​មែន​​រដ្ឋា​ភិបាល​​ ដែល​​​ធ្វើ​​ឲ្យ​​មតិ​​ជាតិ​​ និង​​អន្តរ​ជាតិ​​មាន​​ការ​​ចាប់​​អារម្មណ៍​​ជាខ្លាំង​​។​​ ​សង្គម​​ស៊ី​វិល​​បាន​​បង្ហាញ​​ការ​​ព្រួយ​​បារម្ភ​​នៅ​ពេ​ល​ច្បាប់​​នេះ​​ ចូ​ល​​ជា​​ធរ​​មាន​​ ព្រោះ​​វា​​អាច​​ប៉ះពា​ល់​​ដល់​​សេរីភាព​​បញ្ចេញ​​មតិ​​ សេរី​ភាព​​ក្នុង​​ការ​​បង្កើត​​អង្គការ​​សមាគម​​ ត្រូវ​​បាន​​ធានា​​ដោយ​​រដ្ឋ​​ធម្មនុញ្ញ​​កម្ពុជា​​។ ​ឯ​​រា​ជរ​ដ្ឋា​ភិបាល​​ បាន​​អំពាវ​​នាវ​​ឲ្យ​​សង្គម​​ស៊ី​វិល​​កុំ​​ព្រួយ​បារម្ភ​​អី​​ ព្រោះ​​ច្បាប់​​នេះ​​មិន​​បាន​​បិទ​​សេរីភាព​​របស់​​ពួកគេ​​ទេ​​ តែ​​ជា​ការ​សម្រួល​​ និង​​ការ​កា​រ​​ពារ​ដល់​​សកម្មភាព​​របស់​​អង្គការ​​សមាគម​​ទៅ​វិញ​​ទេ​​។​

សូមស្តាប់បទវិភាគ ដែលរៀបចំឡើងដោយអ្នកយកព័ត៌មានរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា លោក រឹម ភារី៖

សំឡេង៖
Cover
សកម្មភាពតវ៉ារបស់តំណាងសហគមន៍ដីធ្លី ពលរដ្ឋ ព្រះសង្ឃ និងសង្គមសុីវិលនៅមុខព្រឹទ្ធ​សភាកាលពី​ព្រឹក​ថ្ងៃ​ទី ​២៤​ ខែ​កក្កដា ​ឆ្នាំ ​២០១៥

សេចក្តី ​ព្រាង​ច្បាប់​គ្រប់​គ្រង​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​ ដែល​មក​ដល់​ពេល​នេះ​ ​នៅ​មិន​ទាន់​មាន​ការឯក​ភាព​គ្នា​​ ​រវាង​អង្គ​ការ​សង្គម​ស៊ី​វិល​ និង​រដ្ឋា​ភិបាល​កម្ពុជា​។​ ​ភាព​​ចម្រូង​​ចម្រាស់​​នេះ​ កើត​​ឡើង​​ដោយ​​សារ​​តែ​​ភាគី​ទាំង​ពីរ​ មិន​ព្រម​អង្គុយ​រក​ដំណោះ​ស្រាយ​ តែ​ប្រកាន់​យក​គំនិត​ឈ្នះ​រៀង​ៗ​ខ្លួន​។​ រដ្ឋា​ភិបាល​ ជា​​ពិសេស​លោក​ នា​យក​រដ្ឋ​មន្រ្តី​   ហ៊ុន​ សែន​ បា​ន​ជម្រុញ​សេច​ក្តី​ព្រាង​ច្បាប់​នេះ​ឲ្យ​ចេញ​ឆាប់​ៗនេះ​ ដោយ​លើក​ហេតុ​ផល​ថា​ ​​​សង្គម​ស៊ី​វិល​​គ្មាន​សិទ្ធិ​ធ្វើ​ច្បាប់​នោះ​ទេ​ ព្រោះ​អ្នក​ធ្វើ​ច្បាប់​គឺ​ជា​តួ​នាទី​របស់​​ រដ្ឋា​ភិ​បាល​ និង​សភា​ ដែល​មាន​ការ​គាំ​ទ្រ​ពី​ប្រជា​ពល​រដ្ឋ​ជា​ម្ចាស់​ឆ្នោត​។​ ការ​​លើក​​ឡើង​​នេះ​​ធ្វើ​​ឲ្យ​​ក្រុម​​​អង្គ​​ការ​​​សង្គម​​​ស៊ី​​វិល​​ជាតិ​និង​អន្តរជាតិ​​ មាន​​ប្រតិកម្ម​​យ៉ាង​​ខ្លាំង​ៗ​​ រហូត​​ធ្វើ​​ ​​ឲ្យ​មាន​បាតុក​ម្ម​ប្រឆាំង​នឹង​សេចក្តី​ព្រាង​ច្បាប់​​នេះ​​ជា​​ច្រើន​លើក ​ច្រើន​សារ​ ព្រោះ​ពួក​គេយល់ថា​ ច្បាប់​នេះ​បាន​បិទ​សេរីភាព​ នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការងារ​របស់​ពួកគេ​។​

ការ​ប្រឆាំង​នឹង​ សេចក្តី​ព្រាង​ច្បាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​ អង្គការ​សង្គម​ស៊ីវិល​ ​និង​មតិ​អន្តរជាតិ​ មិនមែន​ជា​រឿង​ថ្មី​ថ្មោង​នោះ​ទេ​ ពីព្រោះ​កន្លង​មក​អង្គការ​សង្គម​ស៊ីវិល​តែង​ធ្វើ​សកម្មភាព​ប្រឆាំង​ទៅ​នឹង​ សេចក្តី​ព្រាង​ច្បាប់​របស់​រដ្ឋាភិបាល​ដូចជា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ បទល្មើស​តាម​ប្រព័ន្ធ​អ៊ីនធើណែត​​ សេចក្តី​​ព្រាង​​ច្បាប់​​ស្តី​ពី​​សហជីព​​ និង​​ចុង​​ក្រោយ​​នេះ​​ គឺ​​សេចក្តី​​ព្រាង​​ច្បាប់​​ស្តី​​ពី​​ ការ​​គ្រប់​​គ្រង​​សមាគម​​ និង​​អង្គការ​​មិនមែន​​រដ្ឋាភិបាល​​​។​​

ជា​ការ​​ពិត​​ សកម្មភាព​​របស់​​សង្គម​​ស៊ីវិល​​ត្រូវ​​បាន​​រដ្ឋា​​ភិបាល​​តាម​ដាន​​យ៉ាង​​ យក​​ចិត្ត​​ទុក​​ដាក់​ ​ហើយ​​​ពេល​​ខ្លះ​​ទៀត​​ សង្គម​​ស៊ី​​វិល​​មួយ​​ចំនួន​​ ដែល​​ធ្វើ​ការ​​ពាក់​ព័ន្ធ​នឹង​​រឿង​​រសើប​​ដូចជា​​ ពាក់ព័ន្ធ​​នឹង​​សិទ្ធិ​​មនុស្ស​​​និង​ប្រជាធិបតេយ្យ​ជា​ដើម​ ​ត្រូវ​ស្ថិត​ក្រោម​ក្រសែ​ភ្នែក​របស់​មន្រ្តី​ ​រដ្ឋា​ភិបាល​ទាំង​ថ្នាក់​ជាតិ​ ​និង​ថ្នាក់​ក្រោម​ជាតិ​​។​ ​ការ​រា​រាំង​សង្គម​​ស៊ី​វិល​ផ្នែក​រដ្ឋ​បាល​បាន​បង្ក​បញ្ហា​ស្មុគ​ស្មាញ​ ផ្នែក​ឯក​សារ​ ​នៅ​ពេល​ពួក​គេ​ធ្វើ​សកម្ម​ភាព​ទៅ​តាម​មូល​ដ្ឋាន​គឺ​ជា​រឿង​ដែល​ធ្វើ​ឲ្យ​ សង្គម​ស៊ី​វិល​ឈឺ​ក្បាល​រួច​ទៅ​ហើយ​។​ ​ឈឺ​ក្បាល​ ​ពី​ព្រោះ​ថា​ ​ពួក​គេ​ត្រូ​វ​រង​សម្ពាធ​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ក្នុង​ការ​កំណត់​បែប​នេះ​ ​ឬ​បែប​នេះ​ ​ដែល​ពេល​ខ្លះ​​ ​ការ​កំណត់​នោះ​ទៀត​សោត​ ​គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ​ ​និង​អន្ត​រ​ជាតិ​ទាំង​ស្រុង​។​ ​សកម្ម​ភាព​ទាំង​នេះ​ហើយ​ ​ដែល​ធ្វើ​ឲ្យ​សង្គម​ស៊ី​វិល​ពិបាក​ក្នុង​ការ​ធ្វើ​ការ​ជា​មួយ​ប្រជា​ពល​រដ្ឋ​ ​ហើយ​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​​សង្គម​ស៊ី​វិល​ប្រៀប​ដូច​ជា​សត្វ​ឆ្មា​ ដែល​រលាក​ទឹក​ក្តៅ​ដោយ​សារ​ ​សកម្ម​ភាព​របស់​អាជ្ញាធរ​​រួច​ម្តង​ទៅ​ហើយ​ ​ហើយ​ពេល​នោះ​គ្មាន​ច្បាប់​គ្រប់​គ្រង​សមា​គម​ ​និង​អង្គ​ការ​សង្គម​ស៊ី​វិល​ផង​ តែ​បើ​ច្បាប់​នេះ​ ​ត្រូវ​បាន​អនុ​ម័ត​រួច​រាល់​មែន​នោះ​ ​អាជ្ញា​ធរ​នឹង​ប្រើ​ច្បាប់​នេះ​ ​ដើម្បី​កំណត់​សកម្ម​ភាព​ ​ឬ​រា​រាំង​សកម្ម​ភាព​អង្គ​ការ​ស៊ី​វិល​ណា​ដែល​ពាក់​ព័ន្ធ​នឹង​សកម្ម​ភាព​ នយោ​បាយ​ ​បើ​ទោះ​បី​ជា​ ​សកម្ម​ភាព​នោះ​ជា​សកម្ម​ភាព​ត្រឹម​ត្រូវ​ក៏​ដោយ​។​

ngo law analyisis11
សកម្មភាពតវ៉ាប្រឆាំងរបស់ប្រជាពលរដ្ឋ ដើម្បី​ស្នើឱ្យ​ព្រឹទ្ធ​សភា​​ទម្លាក់​ចោល​សេចក្ដី​​ព្រាង​ច្បាប់ ​«​សមា​គម​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​» នៅមុខព្រឹទ្ធ​សភាកាលពី​ព្រឹក​ថ្ងៃ​ទី ​២៤​ ខែ​កក្កដា ​ឆ្នាំ ​២០១៥

ការ​​តាម​ ដាន​យ៉ាង​ស្អិត​រ​មួត​ ​ចំពោះ​ការ​ងារ​របស់​សង្គម​ស៊ី​វិល​ ​វា​មិន​មែន​ជា​រឿង​គ្មាន​ហេតុ​ផល​នោះ​ទេ​ ​ព្រោះ​សង្គម​ស៊ី​វិល​មួយ​ចំនួន​គឺធ្វើ​សកម្ម​ភាព​នយោ​បាយ​ ​ដែល​ផ្ទុយ​នឹង​និន្នា​​ការ​បក្ស​កាន់​អំណាច​។​ ​ហើយ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ ​មិន​ខ្លាច​នឹង​ការ​ប្រកាស​គាំ​ទ្រ​បក្ស​នយោបាយ​ដោយ​បើក​ចំហ​នៅ​ពេល​ជិត​ដល់ ​ការ​បោះ​ឆ្នោត​ម្តង​ៗ​។​ ឯ​អ្នក​នយោ​បាយ​មួយ​ចំនួន​ ​គឺ​ចាប់​ផ្តើម​កសាង​កេរ្តិ៍​ឈ្មោះ​ ​ក្នុង​អង្គ​ការ​សង្គម​ស៊ី​វិល​ ​ហើយ​នៅ​ពេល​ពួក​គេ​ល្បី​ល្បាញ​ក្នុង​សង្គម​ហើយ​ ​ពួក​គេ​បាន​លោត​ចូល​ក្នុង​សកម្ម​ភាព​នយោ​បាយ​ ​ដោយ​ពេញ​មុខ​ពេញ​មាត់​តែ​ម្តង​។​ ​

ជា​ការ​ពិត​មិន​អាច​ប្រ​កែក​បាន​ ​កម្ពុជា​ជា​ប្រទេស​នីតិរដ្ឋ​ ​បាន​ន័យ​ថា​ ​កម្ពុជា​ត្រូវ​តែ​មាន​ច្បាប់​សម្រាប់​គ្រប់​គ្រង​ប្រទេស​របស់​ខ្ល​ន​។​ ច្បាប់​រដ្ឋ​ធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ ​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ទេ​ ​តែ​ត្រូវ​មាន​ច្បាប់​តូច​ៗ​ដទៃ​ទៀត​ ​ដែល​លម្អិត​ទៅ​លើ​ផ្នែក​នី​មួយ​ៗ​។​ តួ​យ៉ាង​សេច​ក្តី​ព្រាង​ច្បាប់​ទាំង​បី​ខាង​លើ​នេះ​ ត្រូវ​មាន​មហា​ជន​ ​ជា​ពិសេស​សង្គម​ស៊ី​វិល​ជាតិ​ ​និង​អង្គ​ការ​អន្តរ​ជាតិ​បាន​រិះ​គន់​យ៉ាង​ចាស់​ដៃ​ ​តែ​វា​មិន​មែន​ជា​រឿង​ចម្លែក​នោះ​ទេ​ ​មិន​ចម្លែក​ពី​ព្រោះ​ថា​ ​សេច​ក្តី​ព្រាង​ច្បាប់​ទាំង​នោះ​ ​ហាក់​មាន​បំណង​បិទ​បាំង​ប្រជា​ពលរដ្ឋ​ ​អង្គ​ទូត​ ​និង​អង្គ​ការ​សមាគម​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​។​ ​ជាក់​ស្តែង​ច្បាប់​គ្រប់​គ្រង​សមាគម​ ​និង​អង្គ​ការ​មិន​មែន​រដ្ឋា​ភិបាល​ត្រូវ​បាន​ព្រាង​ឡើង​តាំង​ពី​អំឡុង​ ឆ្នាំ​១៩៩៥ ​មក​ម៉្លេះ​ ​ប៉ុន្តែ​ការ​ពង្រាង​ច្បាប់​នេះ​ ​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នោះ​ទេ​។​ ​ទង្វើ​បែប​នេះ​ ទើប​ធ្វើ​ឲ្យ​សង្គម​ស៊ី​វិល​មាន​ការ​ព្រួយ​បារម្ភ​ ពីព្រោះពួកគេមិនអាចសហការណ៍ជាមួយរដ្ឋាភិបាល ដើម្បីពិនិត្យខ្លឹមសារច្បាប់ តែដល់ជិតដល់អនុម័ត ទើបផ្សព្វផ្សាយ ហើយពិគ្រោះយោបល់ដើម្បីបង្រ្គប់កិច្ចតែម្តង។

ក្នុង​សង្គម​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​ ​ច្បាប់​នី​មួយៗ​​ ​មុន​នឹង​រុញ​ឲ្យ​សភា​​អនុ​ម័ត​ច្បាប់​នោះ​ ​ត្រូវ​ឆ្លង​កាត់​ប្រជា​ពល​រដ្ឋ​ពិនិត្យ​ខ្លឹម​សារ​ និង​ពិ​គ្រោះ​យោ​បល់​ឲ្យ​បាន​ដិត​ដល់​ជា​មុន​​ ​តាម​រយៈ​ ​ការ​ប្រកាស​ផ្សាយ​ជា​សាធារណៈ​ ​តែ​បើ​មិន​មាន​ផល​ប៉ះ​ពាល់​ធ្ងន់​ធ្ងរ​​ទេ​ ​ទើប​ច្បាប់​នោះ​អាច​អនុម័ត​បាន​។​ ​ការ​ធ្វើ​បែប​នេះ​ ​គឺ​ដើម្បី​ឲ្យ​ច្បាប់​ ​ត្រូវ​បាន​ដឹង​លឺ​ដល់​ប្រជា​ពលរដ្ឋ​ ​និង​មាន​ការ​ព្រម​ព្រៀង​ទាំង​អ្នក​អនុ​វត្ត​ច្បាប់​ ​និង​អ្នក​គោរព​ច្បាប់​។​

ដូច្នេះ​ល្មម​ដល់​ពេល​ហើយ​ ​ដែល​សង្គម​ស៊ី​វិល​ ​និង​រដ្ឋា​ភិបាល​ត្រូវ​ចេះ​សហ​កាណ៍​ ​ពិគ្រោះ​យោបល់​ ​និង​ពិភាក្សា​គ្នា​ដើម្បី​ធ្វើ​ឲ្យ​ច្បាប់​មួយ​ដែល​មាន​ ​យុត្តិ​ធម៌​ ​តម្លា​ភាព​និង​គណ​នេយ្យ​ភាព​។​ ​មិន​ត្រឹម​តែ​បញ្ហា​ច្បាប់​នោះ​ទេ​ ​តែ​បញ្ហា​គ្រប់​បែប​យ៉ាង​ដែ​ល​ត្រូវ​ដោះ​ស្រាយ​គឺ​ត្រូវ​ចូល​រួម​ពី​គ្រប់​ មជ្ឍដ្ឋាន​ ​ពី​ព្រោះ​ ​​រដ្ឋា​ភិបាល​ដែល​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រទេស​កំពុង​អភិវឌ្ឍ​យ៉ាង​ ដូច្នេះ​ ​ដៃ​គូរ​អភិវឌ្ឍដែល​ល្អបំផុត​ ​ដែល​ជា​ដៃ​ជើង ​និង​ជា​ភ្នែក ​ច្រមុះ​របស់​រដ្ឋ​នោះ​ ​គឺ​អង្គ​ការ​សង្គម​ស៊ី​វិល​នេះ​ឯង​។​

Share

Image
Image
Image