en     km
en     km

CNRP​ ស្នើ​គ​.​ជ​.​ប​ ចាត់វិធានការ​ កម្លាំងប្រដាប់អាវុធ​ត្រូវ​គេ​ដឹក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​

Share

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP)​ បាន​ដាក់​លិខិត​មួយ​ច្បាប់​ស្នើ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ឲ្យ​ចាត់វិធានការ​ ករណី​ចាត់តាំង​កងកម្លាំងប្រដាប់អាវុធ​ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ទីតាំង​ផ្សេង​ពី​ទីលំនៅ​ ឬ​ខុស​ទី​សំណាក់​ពិតប្រាកដ​របស់​សាមីខ្លួន​។​

cnrp-nec1
គណបក្សប្រឆាំង​នេះ​ថា​ការ​ចាត់វិធានការ​នេះ​គឺ​ដើម្បី​ធានា​ឲ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន​ និង​ការ​បោះ​ឆ្នោត​ ប្រកបដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​។​

​អ្នកនាំពាក្យ​ គ​.​ជ​.​ប​ ថា​ ករណី​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ កំពុងធ្វើការ​ស៊ើបអង្កេត​។​ ចំណែក​មន្ត្រី​ឃ្លាំមើល​កិច្ចការ​បោះ​ឆ្នោត​ នៅ​កម្ពុជា​យល់​ថា​ ករណី​នេះ​មិន​រំលោភច្បាប់​ទេ​ ប៉ុន្តែ​ប្រសិនបើ​មានការ​បង្ខិតបង្ខំ​គឺជា​រំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ​។​ លោក​ ធូ​ វិ​រៈ​ រា​យា​ការណ៍​៖

 

​បើ​តាម​លិខិត​របស់​ CNRP​ ចុះ​ថ្ងៃ​ទី​ ២២​ ខែ​ កញ្ញា​ ម្សិលមិញ​ គណបក្ស​នេះ​បាន​សង្កេត​ឃើញ​ថា​ មាន​ស្ថាប័ន​ កងទ័ព​ និង​នគរបាល​ បាន​ដឹកនាំ​កងកម្លាំង​របស់​ខ្លួន​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ទីតាំង​ផ្សេង​ពី​ទីលំនៅ​ តាម​មូលដ្ឋាន​ក្នុង​ខេត្ត​មួយ​ចំនួន​ដែល​បក្ស​នេះ​ថា​ជា​ការ​សកម្មភាព​ខុសច្បាប់​។​

​លិខិត​របស់​ CNRP​ បាន​បញ្ជាក់​ថា​ ការ​ចាត់តាំង​កងកម្លាំងប្រដាប់អាវុធ​ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ទីតាំង​ផ្សេង​នេះ​គឺជា​សកម្មភាព​ រំលោភ​បំពាន​លើ​ច្បាប់បោះឆ្នោត​  រំលោភ​លើ​បទបញ្ជា​ និង​នីតិវិធី​ សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​នេះ​។​ លិខិត​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ថា​ ករណី​ខាងលើ​នេះ​គឺ​មាន​លក្ខណៈ​បង្ខិតបង្ខំ​ផ្ទុយ​ពី​ឆន្ទៈ​ ពិតប្រាកដ​របស់​អ្នកបោះឆ្នោត​ និង​បាន​បង្ហាញ​រូបភាព​គំរាមកំហែង​ដល់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផ្សេង​ទៀត​។​

​លិខិត​របស់​ CNRP៖«​ការ​ចាត់តាំង​កងកម្លាំងប្រដាប់អាវុធ​យោធា​ និង​នគរបាល​ ឲ្យ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ទីតាំង​ផ្សេង​ ឬ​ទី​សំណាក់​របស់​ស​ម៉ី​ខ្លួន​បែប​នេះ​គឺជា​សកម្មភាព​រំលោភ​បំពាន​លើ​ច្បាប់បោះឆ្នោត​ នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ឆ្នាំ​ ២០១៦​ និង​មាន​លក្ខណៈ​បង្ខិតបង្ខំ​ផ្ទុយ​ពី​ឆន្ទៈ​ពិតប្រាកដ​ របស់​សា​ម៉ី​ខ្លួន​ និង​បាន​បង្ហាញ​រូបភាព​គំរាមកំហែង​ដល់​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ផ្សេង​ទៀត​ជា​ជន​ស៊ី​វិល​ »​។​

​ជុំវិញ​ករណី​នេះ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​ លោក​ ហង្ស​ ពុទ្ធា​ បាន​មាន​ប្រសាសន៍​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជូន​មន្ត្រី​របស់​ខ្លួន​ចុះ​ ទៅ​ស៊ើបអង្កេត​រឿង​នេះ​ហើយ​។​ លោក​ ហង្ស​ ពុទ្ធា​ បាន​បញ្ជាក់​ថា​ កាលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ថា​មាន​កងកម្លាំងប្រដាប់អាវុធ​ ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ទីតាំង​ផ្សេង​ពី​លំនៅ​ពិតប្រាកដ​គឺ​ មិន​ខុសច្បាប់​ទេ​។​

អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា
អ្នកនំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប លោក ហង្ស ពុទ្ធា

លោក​ ហង្ស​ ពុទ្ធា​ បាន​ពន្យល់​ថា​ ការ​ដឹក​កម្លាំងប្រដាប់អាវុធ​ទាំង​ឡានៗ​ គឺជា​ការ​ជួយ​ សម្រួល​ និង​ផ្សព្វផ្សាយ​ការ​ចុះ​ឈ្មោះ​ឆ្នោត​ដល់​ប្រជាពលរដ្ឋ​។​ តែ​លោក​ថា​ ប្រសិនបើ​បុគ្គល​ណាមួយ​ត្រូវ​បាន​គេ​បង្ខិតបង្ខំ​ឲ្យ​បោះ​ឆ្នោត​ខុស​ពី​ឆន្ទៈ​របស់​ខ្លួន​ ពួក​គាត់​អាច​ប្តឹង​មក​ស្ថាប័ន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (​គ​.​ជ​.​ប​)​។​

​លោក​ ហង្ស​ ពុទ្ធា​៖«​ប្រសិនបើ​យើង​យល់​ថា​ នេះ​ជា​ការ​គំរាមកំហែង​ដល់​ពួក​គាត់​អាច​មាន​សិទ្ធិ​ប្តឹង​។​ ស្ថាប័ន​ ឬ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​លោក​មាន​សិទ្ធិ​ក្នុង​ផ្សព្វផ្សាយ​ជម្រុញ​ សម្រួល​ដល់​ប្រជាពលរដ្ឋ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ អ​ញ្ចឹ​ង​ការ​ដឹក​ទាំង​ឡាន​អ្វី​នេះ​គឺ​ ជា​ការ​សម្រួល​ហើយ​។​ បេះដូង​ពិត​ប្រា​ដក​របស់​គាត់​ស្ថិត​នៅ​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ ស្ថិត​នៅ​ក្នុង​បន្ទប់សំងាត់​ ស្ថិត​នៅ​ក្នុង​ដៃ​របស់​គាត់​ដែល​និង​ធិ​ច​គាំទ្រ​គណបក្ស​នយោបាយ​ណាមួយ​»​។​

​ចំណែក​មន្ត្រី​ឃ្លាំមើល​កិច្ចការ​បោះ​ឆ្នោត​នៃ​អង្គការ​ Comfrel​ គឺ​ លោក​ គល់​ បញ្ញា​ យល់​ថា​ ករណី​កងកម្លាំងប្រដាប់អាវុធ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ខុស​ពី​ទីតាំង​រស់នៅ​របស់​ខ្លួន​គឺ​មិន​ខុសច្បាប់​ឡើយ​ ប៉ុន្តែ​បើសិនជា​ការ​បង្ខិតបង្ខំ​គឺជា​រំលោភច្បាប់​យ៉ាងធ្ងន់ធ្ងរ​។​

​លោក​ គល់​ បញ្ញា​៖​ «​បើសិនជា​គាត់​មិនមែន​មាន​ទី​សំណាក់​នៅ​ទីនោះ​ ឬ​គាត់​ជា​អ្នក​មិនមែន​ បាន​មាន​ន័យ​ថា​ គាត់​ទៅ​ចុះ​ឈ្មោះ​កន្លែង​នោះ​ ទៅ​បោះ​ឆ្នោត​មិន​ទៅ​តាម​ឆន្ទៈ​ ដោយ​សេរី​របស់​គាត់​ ដោយ​គេ​បង្ខំ​អាហ្នឹង​ខុសច្បាប់​ហើយ​ ព្រោះ​ការ​ចុះ​ឈ្មោះ​ ការ​បោះ​ឆ្នោត​ គេ​ត្រូវ​គោរព​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​។​ អ្នកបោះឆ្នោត​និង​ គាត់​ទៅ​ដោយ​ឆន្ទៈ​របស់​គាត់​ មាន​ន័យ​ថា​គាត់​ចង់ទៅ​ចុះ​កន្លែង​ គាត់​ចង់​បោះ​កន្លែង​ ហើយ​បើ​មានការ​ចាត់តាំង​ជា​របៀប​គេ​ហៅ​ថា​ ការ​ជម្រុញ​ឲ្យ​គាត់​ដោយ​ប្រឆាំង​នឹង​ឆន្ទៈ​របស់​គាត់​ នេះ​ជា​រំលោភច្បាប់​ធ្ងន់ធ្ងរ​ហើយ​»​។​

​បើ​តាម​ លោក​ ហង្ស​ ពុទ្ធា​ អ្នកនាំពាក្យ​ គ​.​ជ​.​ប​  ចាប់ពី​ដាក់​ឱ្យ​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ ឆ្នាំ​២០១៦​ ពី​ថ្ងៃ​ទី​ ០១​ កញ្ញា​ រហូត​មក​ត្រឹម​ថ្ងៃ​ទី​ ២៣​ កញ្ញា​ គឺ​ គ​.​ជ​.​ប​ បាន​ទទួល​ពាក្យបណ្ដឹង​ ជាង​២០​ពាក្យបណ្ដឹង​ និង​មាន​អ្នកចូលរួម​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជាង​ ៣​លាន​នាក់​។​

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​នេះ​ទៀត​ ធ្វើ​ឡើង​ដោយ​មាន​អ្នកជំនាញ​បច្ចេកទេស​ កុំព្យូទ័រ​ អ្នកជំនាញ​មក​ពី​ប្រទេស​ជប៉ុន​ និង​សហភាព​អឺរ៉ុប​។​ អ្នក​សង្កេតការណ៍​មួយ​ចំនួន​គិត​ថា​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដោយ​មាន​ផ្ដិត​ស្នាម​មេដៃ​ និង​ថត​មុខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ គឺជា​ប្រព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​ប្រសិទ្ធិ​ភាព​ ដោយ​មិន​អាច​មានឈ្មោះ​ស្ទួន​ ឈ្មោះ​ខ្មោច​ និង​អ្នកបោះឆ្នោត​បន្លំ​ទៀត​ឡើយ​៕

Share

Image
Image
Image