en     km
en     km

​មេធាវី​ការពារ​ក្តី​ លោក​ នី​ ចរិយា​ នឹង​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​សាលក្រម​តុលាការ​ភ្នំពេញ​

Share

ភ្នំពេញ៖ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ នី​ ចរិយា​ ប្រកាស​ថា​នឹង​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​ សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​សម្រេច​ផ្តន្ទាទោស​កូនក្តី​របស់​លោក​ ៦​ខែ​ ប្រាក់​ចំនួន​ ៦​ លាន​រៀល​ ដោយ​អយុត្តិធម៌​។​  លោក​ ធូ​ វិ​រៈ ​រាយការណ៍​៖

លោក នី ចរិយា
លោក នី ចរិយា

សាលក្រម​នេះ​ ធ្វើ​ឡើង​ដោយ​លោក​ ឃី​ ឆៃ​ ចៅក្រម​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្វើ​ឡើង​ បន្ទាប់​ពី​ តុលាការ​ បាន​បើក​ជំនុំ​ជម្រះក្ដី​រយៈពេល​មួយ​ព្រឹក​ នៅ​ព្រឹក​ ថ្ងៃ​ព្រហស្បត្តិ​ទី​ ២២​ កញ្ញា​នេះ​ ដែល​ធ្វើ​ឡើង​ដោយសារ​មាន​ពាក្យបណ្ដឹង​ របស់​មន្ត្រី​តុលាការ​២​រូប​នៅ​ខេត្ត​ សៀមរាប​ ប្ដឹង​ អតីតមន្ត្រី​សមាគម​ អា​ដ​ហុ​ក​ លោក​ នី​ ចរិយា​ ដូច​បទ​ចោទ​ខាងលើ​នេះ​កាលពី​ចុងឆ្នាំ​២០១៥​។

​ជុំវិញ​ការ​ប្រកាស​សាលក្រម​នេះ​ មេធាវី​ការពារ​ក្តី​ឲ្យ​ លោក​ នី​ ចរិយា​ គឺ​ លោក​ សំ​ សុ​គង់​ យល់​ថា​ការ​សម្រេច​ផ្តន្ទាទោស​ លើ​កូនក្ដី​លោក​គឺជា​រឿង​អយុត្តិធម៌​។​ លោក​មេធាវី​ បាន​បញ្ជាក់​ថា​ ក្រុម​មេធាវី​នឹង​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​។​

លោក​ សំ​ សុ​គង់​៖«​ជំហរ​របស់​កូនក្តី​ក៏​ដូច​មេធាវី​ នឹង​ប្តឹង​ឧទ្ធរណ៍​ចំពោះ​សេចក្តីសម្រេច​ក្នុង​សាលក្រម​នៅ​ព្រឹក​នេះ​ទៅ​សាលាឧទ្ធរណ៍​ ដើម្បី​ឲ្យ​សាលាឧទ្ធរណ៍​ ពិនិត្យ​អំពី​នីតិវិធី​ក៏​ដូច​កាត់សេចក្តី​ឡើង​វិញ​»​។​

​ចំណែក​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​បើក​សវនាការ​ជំនុំជម្រះ​ និង​សម្រេច​ផ្តន្ទាទោស​លើ​ជនជាប់ចោទ​ឈ្មោះ​ នី​ ចរិយា​ ដោយ​យោង​តាម​មាត្រា​ ៣០៥​ មាត្រា​ ៣១១​ មាត្រា​ ៣១២​ និង​មាត្រា​ ៥២២​ នៃ​ក្រមព្រហ្មទណ្ឌ​ នៅ​ថ្ងៃ​ទី​ ២២​ កញ្ញា​ ២០១៦​។​

​លោក​ សុខ​ កែវ​ បណ្ឌិត​ ព្រះរាជអាជ្ញា​រង​ និង​ លោក​ គី​ ឬ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប​ បាន​ប្តឹង​លោក​ នី​ ចរិយា​ ពី​បទ​បរិហារកេរ្ដិ៍​ ពាក់ព័ន្ធ​លើ​ អតីតមន្ត្រី​សមាគម​ អា​ដ​ហុ​ក​ បន្ទាប់​ពី​ លោក​ នី​ ចរិយា​ បាន​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​ ចំនួន​ពីរ​លើក​ ដោយ​ផ្ដោត​អំពី​រឿង​តុលាការ​ខេត្តសៀមរាប​ ចាប់​ឃុំខ្លួន​អ្នក​ភូមិ​ជប់​រំដេង​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ ខេត្តសៀមរាប​ ២​នាក់​គឺ​លោក​ វ៉ែន​ វ៉​ន​ និង​ លោក​ អឿ​ន​ សុខ​ ថា​ធ្វើ​ឡើង​ខុស​នីតិវិធី​។​

​ករណី​នោះ​គឺ​ ទាក់ទង​នឹង​ទៅ​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​ នៅ​ក្នុងភូមិ​ជប់​រំដេង​ ជាមួយ​សហគមន៍​តា​ខ្មៅ​អភិវឌ្ឍន៍​កសិកម្ម​ និង​ឧស្សាហកម្ម​ (Community​ Takhmao​ Development​ Agriculture​ &​ Industrial​ )​។​

​បច្ចុប្បន្ន​នេះ​ តុលាការ​ខេត្តសៀមរាប​ បាន​ដោះ​លែង​អ្នក​ភូមិ​ជប់​រំដេង​ ឃុំ​កន្ទួត​ ស្រុក​ស្វាយ​លើ​ ២​នាក់​នោះ​ហើយ​។​ ចំណែក​ដី​ដែល​មាន​ជម្លោះ​ជាមួយ​សហគមន៍​ តា​ខ្មៅ​នោះ​ សាលាខេត្ត​សៀមរាប​ ក៏​សម្រេច​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ភូមិ​ជប់​រំដេង​ ទទួល​សិទ្ធិ​កាន់កាប់​លើ​ដី​ជម្លោះ​នោះ​វិញ​ ដោយ​ទទួល​បាន​ដី​ដាំ​ដំណាំ​កសិកម្ម​ជា​ធម្មតា​។​

​លោក​ នី​ ចរិយា​ ដែល​កំពុង​ជាប់​ឃុំខ្លួន​នៅ​ ពន្ធនាគារ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ បាន​លាលែង​ពី​បុគ្គលិក​របស់​សមាគម​ អា​ដ​ហុ​ក​ ហើយ​បច្ចុប្បន្ន​លោក​ ជា​អគ្គលេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ទទួល​បន្ទុក​ សវន​កម្ម​ បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។​

​សូម​ជម្រាប​ដែរ​ថា​ ក្រៅពី​ត្រូវ​បាន​ប្ដឹង​ ពី​មន្ដ្រី​តុលាការ​ខេត្តសៀមរាប​ លោក​ក៏​នៅ​មានការ​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ករណី​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ផង​ដែរ​៕


Share

Image
Image
Image