en     km
en     km

លោក​ នី​ ចរិយា​ ត្រូវ​បាន​ផ្ដន្ទាទោស​ ៦​ខែ​ ករណី​ រិះគន់​តុលាការ​ខេត្តសៀមរាប​

Share

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្ដន្ទាទោស​លោក​ នី​ ចរិយា​ អោយ​ជាប់​ពន្ធនាគារ​ រយៈពេល​ ៦​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​៦​លាន​រៀល​ ពី​បទ​បរិហារកេរ្តិ៍​ ជា​សាធារណៈ​ និង​ប្តឹង​បរិហា​បង្កាច់​កេរ្តិ៍​ ផ្សព្វផ្សាយ​នូវ​ការ​អត្ថាធិប្បាយ​ធ្វើការ​ដាក់​សម្ពាធ​លើ​យុត្តាធិការ​។​

លោក​ នី​ ចរិយា
លោក​ នី​ ចរិយា

តាម​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​FM102​ បាន​រាយការណ៍​អោយ​ដឹង​ថា​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ចេញ​សាលដីការ​ផ្ដន្ទាទោស​ លោក​ នី​ ចរិយា​ មាន​ស្ថាន​ទម្ងន់ទោស​ដូចនេះ​ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ នី​ ចរិយា​ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​សវនាការ​ ជំនុំ​ជម្រះក្ដី​រយៈពេល​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​២២​កញ្ញា​នេះ​។​

​យ៉ាងណា​ក៏​ដោយ​មេធាវី​របស់​ លោក​ នី​ ចរិយា​ ថា​នឹង​ប្ដឹង​ទាស់​ចំពោះ​ករណី​នេះ​ ទៅ​សាលាឧទ្ធរណ៍​។​

​តាម​អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​FM102​ សវនាការ​ជំនុំជម្រះ​នៅ​ថ្ងៃនេះ​មិន​មាន​វត្តមាន​ ដើមបណ្តឹង​ចូលរួម​នោះ​ទេ​ គឺ​មាន​តែ​តំណាង​មេធាវី​តែ​ប៉ុណ្នោះ​។​

​កន្លង​មក​លោក​ នី​ ចរិយា​ ត្រូវ​បាន​ លោក​ សុខ​ កែវ​បណ្ឌិត​ ព្រះរាជអាជ្ញា​រង​ និង​ លោក​ គី​ ឬ​ទ្ធី​ ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្តសៀមរាប​ ចោទប្រកាន់​លោក​ នី​ ចរិយា​ ថា​ បាន​បរិហារកេរ្ដិ៍​ ពួក​លោក​ ពាក់ព័ន្ធ​នឹង​ជម្លោះដីធ្លី​របស់​ពលរដ្ឋ​នៅ​ខេត្តសៀមរាប​ ជាមួយ​សមាគម តាខ្មៅ អភិវឌ្ឍន៍ កសិកម្ម និង ឧស្សាហកម្ម (Community​ Takhmao​ Development​ Agriculture​ &​ Industrial​ )​ ដែល​អ្នក​ភូមិ​ ថា​ ក្រុមហ៊ុន​បាន​ព្យាយាម​រឹបអូស​យក​ដីស្រែ​ របស់​ពួក​គាត់​ដោយ​ខុសច្បាប់​។​

​កាលពី​ថ្ងៃ​ទី​ ១៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​បើក​សវនាការ​ ជុំនុំជម្រះ​ពេញអង្គ​ តាម​ពាក្យបណ្ដឹង​របស់​មន្ដ្រី​តុលាការ​ ពីរ​រូប​នេះ​ ដែល​ប្ដឹង​ លោក​ នី​ ចរិយា​ ពី​បទ​បរិហារកេរ្ដិ៍​ ជា​សាធារណៈ​។​ ក្នុង​ពេល​បើក​សវនាការ​ជំនុំជម្រះ​ លោក​ នី​ ចរិយា​ បាន​សម្រេច​ប្ដឹង​ទាស់​ភ្លាមៗ​ ទៅ​សាលាឧទ្ធរណ៍​ ដើម្បី​សុំ​ប្ដូរ​ចៅក្រម​ ដែល​លោក​សំអាង​ថា​ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ធ្វើការ​ជុំនុំជម្រះ​ ដោយ​មិន​មាន​វត្តមាន​ដើមបណ្ដឹង​រដ្ឋប្បវេណី​ចូលរួម​។​

​បន្ថែម​លើ​នេះ​ លោក​ នី​ ចរិយា​ បាន​បញ្ជាក់​ថា​ អ្វី​ដែល​មន្ត្រី​តុលាការ​ខេត្តសៀមរាប​ ប្ដឹង​រូប​លោក​ គឺ​ លោក​មិន​អាច​ទទួលយក​បាន​ឡើយ​។​

​លោក​ នី​ ចរិយា​ ដែល​កំពុង​ជាប់​ឃុំខ្លួន​នៅ​ ពន្ធនាគារ​ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​ បាន​លាលែង​ពី​ បុគ្គលិក​របស់​ សមាគម​ អា​ដ​ហុ​ក​ ហើយ​បច្ចុប្បន្ន​លោក​ ជា​អគ្គលេខាធិការ​រង​ នៃ​គណៈកម្មាធិការ​ជាតិ​ រៀបចំ​ការ​បោះ​ឆ្នោត​ គ​.​ជ​.​ប​ ទទួល​បន្ទុក​ សវន​កម្ម​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​។​

​សូម​ជម្រាប​ដែរ​ថា​ ក្រៅពី​រង​ការ​ចោទប្រកាន់​ពី​មន្ដ្រី​តុលាការ​ខេត្តសៀមរាប​ លោក​ក៏​នូវ​មានការ​ចោទប្រកាន់​ និង​ឃុំខ្លួន​នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ ពាក់ព័ន្ធ​នឹង​ករណី​អ្នក​នាង​ ខុ​ម​ ចាន់​តារា​ទី​ ហៅ​ស្រី​មុំ​ ផង​ដែរ​៕

Share

Image
Image
Image