ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដ៏មានប្រជាប្រិយ៍ភាពមួយព្រះអង្គគឺព្រះតេជគុណ ប៊ុត ប៊ុនទិញ បានបង្ហោះសារ មួយដោយមានថេរដីកាថា ព្រះអង្គនឹងវិលមកកម្ពុជាវិញ ទីកំណើត របស់ព្រះអង្គឲ្យបានមុនបុណ្យភ្ជុំបិណ្ឌ ហើយព្រះអង្គក៏មាន បំណងអញ្ជើញសម្ដេច ហ៊ុន សែន ទៅលំហែនៅឆ្នេរសមុទ្រក្រុងព្រះសីហនុ ជាមួយព្រះអង្គតែពីរនាក់ដើម្បីពិភាក្សាពីបញ្ហាប្រទេសជាតិ។
យ៉ាណា ក៏ដោយ មន្ដ្រីជាន់ខ្ពស់បក្សកាន់អំណាចថាលោកមិនអាចឆ្លើយបានទេ ព្រោះជាសិទ្ធិផ្ទាល់ខ្លួនរបស់សម្ដេច តែលោកបញ្ជាក់ថាសម្ដេចតែងតែបើកចំហដើម្បីទទួលយកការផ្ដល់យោបល់ជានិច្ច។ ចំណែកអ្នកតាមដានសង្គមយល់ថា ការស្នើទៅសម្ដេចនាយករដ្ឋមន្ដ្រីដូចនេះ គឺបង្ហាញពីការយកចិត្ដទុកដាក់ទៅលើអ្នកដឹកនាំប្រទេស ដែលមួយរយៈចុងក្រោយនេះត្រូវបានសង្កេតឃើញថា ការប្រើប្រាស់ពាក្យពេចន៍មិនសូវល្អកាន់តែច្រើន។ លោក លៀ ស៊ីណា រាយការណ៍៖
ព្រះតេជគុណ ប៊ុត ប៊ុនទិញ ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យបានមានថេរដីកា តាមរយៈវីដេអូមួយ កាលពីយប់ថ្ងៃទី ២០ ខែ កញ្ញា ដោយព្រះអង្គបង្ហាញការយល់ឃើញថា សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន មួយរយៈចុងក្រោយនេះ បានប្រើប្រាស់ពាក្យពេចន៍ ហាក់មានឃ្លាអសុរ ច្រើន រហូតប្រមាថខ្លួនឯងទៀតផង។
ក្នុងន័យនេះ ព្រះអង្គចង់និមន្ដមកកម្ពុជាពីសហរដ្ឋអាមេរិក ឲ្យបានមុនថ្ងៃបុណ្យភ្ជុំបិណ្ឌដើម្បី បបួលសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ទៅលំហែនៅឆ្នេរសមុទ្រក្រុងព្រះសីហនុ តែពីរនាក់ដោយមិនចាំបាច់ នាំអ្នកណាទៅជាមួយនោះទេ។
ព្រះអង្គបញ្ជាក់ថា អ្វីដែលនាំឱ្យព្រះអង្គមានបំណងដូចនេះគឺ ចង់ឱ្យសម្ដេច ហ៊ុន សែន និងព្រះអង្គ គូស ផែនទី លើដីខ្សាច់ ហើយ គិតពី បញ្ហា ដី ប្រទេស គេ កាត់យក និងបញ្ហាជាតិជាច្រើនទៀត។
ព្រះតេជគុណ ប៊ុត ប៊ុនទិញ៖«មុន ភ្ជុំបិណ្ឌអាត្មានឹងទៅស្រុកខ្មែរពីសហរដ្ឋអាមេរិកវិញ បើមានពេលអាត្មាចង់នាំញ៉ោមនាយករដ្ឋមន្ដ្រីទៅលេងកំពង់សោមពីរនាក់ មិនបាច់ទៅច្រើនគ្នាទេ។ ទៅអង្គុយលេងនៅមាត់សមុទ្រហើយ មិនបាច់ប្រើប៊ិចប្រើសៀវភៅប្រើក្រដាស់មកនិយាយពីបញ្ហាជាតិទេ ព្រោះយកដីខ្សាច់នៅកំពង់សោមគូសផែនទី គិតរឿងប្រទេសជាតិតទៅមុខ»។
ទាក់ទិនថេរដីការរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ ដូចនេះអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រី លោក ផៃ ស៊ីផាន បានផ្ដល់បទសម្ភាសន៍មកកាន់វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ២១ ខែ កញ្ញា ២០១៦ នេះថា បំណងចង់ជួយប្រទេសជាតិតាមរយៈសម្ដេចនាយករដ្ឋមន្ដ្រីដោយព្រះអង្គ ប៊ុត ប៊ុនទិញ គឺជាសកម្មភាពដែលគួរឲ្យគោរព។ ប៉ុន្ដែលោកបញ្ជាក់ថា ការយល់ព្រម ឬមិនព្រមគឺជាសិទ្ធិរបស់សម្ដេច ហ៊ុន សែន ផ្ទាល់។ ត្រង់ប្រការនេះលោកបន្ថែមដែរថា ប្រសិនព្រះតេជគុណ ចង់ចូលរួមផ្ដល់យោបល់ដើម្បីអភិវឌ្ឍប្រទេស លោកយល់ថា មិនចាំបាច់ធ្វើដំណើរដល់ក្រុងកំពង់សោមក៏បាន គឺអាចធ្វើបានតាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្ដេច។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ដ្រីឲ្យដឹងបន្ដទៀតថា សម្ដេច ហ៊ុន សែន តែងតែបើកចំហជានិច្ច រាល់ការផ្ដល់យោបល់ជូនសម្ដេចដោយមិនប្រកាន់វណ្ណៈ ឬក៏លាក់ខ្លួនក្នុងបន្ទប់មិនហ៊ានមកខាងក្រៅ ដើម្បីទទួលយកមតិយោបល ពលរដ្ឋនោះទេ។
លោក ផៃ ស៊ីផាន៖«សម្ដេចលោក ចំហ ហើយលោកដាក់ខ្លួនស្មើនឹងប្រជាពលរដ្ឋ ដែលអាចជជែកគ្នាបាន អាចពន្យល់បាន អាចដោះស្រាយបាន មិនមែនជារឿងដែលសម្ដេច លោកទៅលាក់ខ្លួនក្នុងបន្ទប់នោះទេ»។
ចំណែកលោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមមានប្រសាសន៍ថា គឺជារឿងដែលគួរឲ្យព្រួយបារម្ភមួយទៅលើការប្រើប្រាស់ពាក្យពេចន៍របស់អ្នកដឹកនាំកំពូល ព្រោះការប្រើប្រាស់ពាក្យពេចន៍គឺជារឿងសំខាន់ដែលបង្ហាញពីសីលធម៌របស់អ្នកដឹកនាំ។
បណ្ឌិតសិក្សាពីសង្គមបន្ដទៀតថាការប្រើពាក្យ ដែលស្ដាប់ទៅហាក់ស្រកៀត្រចៀកហើយបានឮទូទាំងពិភពលោក នឹងធ្វើឲ្យមជ្ឈដ្ឋានមួយចំនួនគិតពីមូលហេតុ បណ្ដាលមកពីកត្ដាអ្វី ដែលត្រង់ចំណុចនេះលោកថា អាចបណ្ដាលមកពីកត្ដាសម្ពាធការងារ និង កត្ដាចរិកមកពីកំណើត។
លោកបណ្ឌិត មាស នី យល់ថា ត្រឹមតែការលំហែដើម្បីឲ្យធ្វើចិត្ដធូរស្រាលបំណងបញ្ចៀសការប្រើប្រាស់ ពាក្យពេចន៍អសុរ និងសម្ពាធការងារគឺមិនគ្រប់គ្រាន់ទេ រឿងសំខាន់បុគ្គលម្នាក់ៗមិនថាអ្នកណាទេ គឺត្រូវតែពង្រឹងសមត្ថភាពខ្លួនឲ្យបានខ្លាំងទើបអាចដោះស្រាយបញ្ហា ដោយសន្ដិវិធីជាជាងការប្រើ ពាក្យអសុរស ។
លោក មាស នី៖ « អញ្ជឹងខ្ញុំគិតថា ការទៅលំហែសមាធិ វាជាផ្នែកមួយហើយ ប៉ុន្ដែមួយទៀតការពង្រឹងសមត្ថភាពបន្ថែមរបស់បុគ្គលហ្នឹងក៏សំខាន់ដែរ ត្រង់នេះខ្ញុំមិនមែនសំដៅទៅលើតែសម្ដេចនាយករដ្ឋមន្ដ្រីទេ ប៉ុន្ដែនៅក្នុងលក្ខណៈទូទៅវាអាចមានបញ្ហាពីរហ្នឹងដែរ ទីមួយគឺសមត្ថភាព ហើយទីពីរទៀតគឺអាចសម្ពាធការងារ ហ្នឹងដែលធ្វើឲ្យការនិយាយហ្នឹងវាបាត់បង់នូវសីលធម៌ ឬក៏ពិបាកទប់នូវកំហឹងផ្សេងៗ»។
តែយ៉ាងណាក៏ដោយ ព្រះសង្ឃប៊ុត ប៊ុនទិញ សង្ឃឺមថា បើ សម្ដេច ហ៊ុន សែន បាន ដើរលំហែកាយបន្តិច នៅឆ្នេរសមុទ្រ ខេត្តព្រះសីហនុ ជាមួយព្រះអង្គ គឺសម្ដេច ហ៊ុន សែន នឹងមានអារម្មណ៍ធូរស្រាល និងធ្វើឱ្យវិបត្តិផ្លូវចិត្ត ក៏ត្រូវកាត់បន្ថយបានដែរ៕