en     km
en     km

CNRP​ ទាមទារ​ឱ្យ​រដ្ឋាភិបាល​ទទួលស្គាល់​កំហុស​ ដែល​ស្រូវ​ចុះថោក​ ជា​ជាង​យក​កម្លាំង​ទៅ​បង្ក្រាប​

Share

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​លើក​ឡើង​ថា​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ​ គឺជា​កំហុស​របស់​រដ្ឋាភិបាល​ ដោយ​រដ្ឋាភិបាល​ ពុំ​មាន​នយោបាយ​លើ​វិស័យ​កសិកម្ម​ត្រឹមត្រូវ​ ទើប​បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ​ជា​កសិករ​រង​គ្រោះ​ ព្រោះតែ​គ្មាន​ទីផ្សារ​សម្រាប់​លក់​ផលិតផល​របស់​ខ្លួន​។​

ប្រជាពលរដ្ឋអង្គុយរងចាំឈ្មួញមកទិញស្រូវរបស់ពួគគាត់។
ប្រជាពលរដ្ឋអង្គុយរងចាំឈ្មួញមកទិញស្រូវរបស់ពួគគាត់។

​នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុម​សមាជិក​សភា​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ម្សិលមិញ​នេះ​។​ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា​ការ​លើក​ឡើង​នេះ​ គ្រាន់តែ​ចង់​កេង​ចំណេញ​នយោបាយ​តែ​ប៉ុណ្ណោះ​។​ កញ្ញា​ ណា​តា​ រាយការណ៍​៖

 

​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ របស់​ខ្លួន​ថា​ ក្រៅពី​ទទួលកំហុស​ គឺ​ត្រូវ​រៀប​កែ​លម្អ​ នយោបាយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ដល់​កសិករ​ខ្មែរ​ជា​បន្ទាន់​ ដោយ​មិន​ត្រូវ​ប្រើ​កម្លាំង​ទ័ព​ និង​កម្លាំង​តុលាការ​ ទៅ​គម្រាមកំហែង​កសិករ​ ដែល​កំពុង​ទាមទារ​ឱ្យ​មានការ​ដោះស្រាយ​ លើ​បញ្ហា​ដែល​រដ្ឋាភិបាល​ ជា​អ្នក​ទទួលខុសត្រូវ​នេះ​ទេ​។​

​ជាមួយ​គ្នា​នេះ​ ក្រុម​តំណាងរាស្ត្រ​របស់​គណបក្សប្រឆាំង​ធំ​ជាងគេ​ ក៏​បាន​ទាមទារ​ឱ្យ​មាន​នយោបាយ​ត្រឹមត្រូវ​ ដើម្បី​លើក​ស្ទួយ​ជីវភាព​កសិករ​ខ្មែរ​ ដោយ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​ដីធ្លី​ មធ្យោបាយ​ និង​បច្ចេកទេស​សម្រាប់​ការ​បង្កបង្កើត​ផល​ និង​បង្កើត​ទីផ្សារ​សម្រាប់​លក់​ផលិតផល​បាន​ចំណេញ​។​

​សេចក្តីថ្លែងការណ៍​របស់​ក្រុម​តំណាងរាស្ត្រ​ របស់​គណបក្សប្រឆាំង​នេះ​បន្ត​ថា​ ការ​តវ៉ា​របស់​កសិករ​ នៅ​ស្រុក​សង្កែ​កាលពី​ថ្ងៃ​ទី​ ១៨​កញ្ញា​ គឺជា​លទ្ធិ​ផល​ដែល​បាន​កើតជា​បណ្តើរៗ​ពី​នយោបាយ​ខុស​ របស់​រដ្ឋាភិបាល​ ដែល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ ៩៩​ឆ្នាំ​ ធ្វើ​ឱ្យ​កសិករ​ខ្វះ​ និង​បាត់បង់​ដី​។​ បន្ថែម​លើ​នេះ​រដ្ឋាភិបាល​ មិន​បាន​ផ្តល់​ជំនួយ​បច្ចេកទេស​ ដល់​កសិករ​បាន​ទូលំទូលាយ​សម្រាប់​ការ​បង្កបង្កើន​ផល​ ពុំ​បង្កើត​មូលដ្ឋាន​ទីផ្សារ​សម្រាប់​កសិផល​ និង​ការ​ផ្តល់​ព័ត៌មាន​ទាន់​ពេលវេលា​ ពី​តម្លៃ​ កសិផល​ ជាដើម​។​

​តែ​បែប​នេះ​ក្ដី​ ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ ដល់​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ បញ្ញា​ជាតិ​ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ កាលពី​ថ្ងៃ​ចន្ទ​ទី​ ១៩​កញ្ញា​ សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​បញ្ជាក់​ថា​ មិនមែន​តែ​ប្រទេស​កម្ពុជា​ ដែល​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ នៅ​ប្រទេស​ផ្សេង​ ក៏​តម្លៃ​ស្រូវ​នេះ​ ធ្លាក់​ថ្លៃ​ដែរ​។​ សម្ដេច​ថា​ បញ្ហា​នេះ​ ជា​បញ្ហា​នៅ​ទូ​ទាំង​អាស៊ី​អា​គ្នេ​យ៌​។​

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ
កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវដើម្បីតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ

ទាក់ទិន​នឹង​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​  លោក​ ផៃ​ ស៊ី​ផា​ន​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២០​កញ្ញា​នេះ​ថា​ ការ​លើក​ឡើង​របស់​ក្រុម​តំណាងរាស្ត្រ​គណបក្សប្រឆាំង​ គឺ​គ្រាន់តែ​ចង់​កេង​ចំណេញ​នយោបាយ​ តែ​ប៉ុណ្ណោះ​ ដោយ​មិន​យល់​ពី​សភាពការណ៍​ ហើយ​មិន​បាន​មើល​ថា​រដ្ឋាភិបាល​ បាន​ធ្វើ​អ្វីខ្លះ​ជួយ​ដល់​កសិករ​។​

​លោក​បន្ត​ថា​ ខណៈ​ដែល​អន្តរជាតិ​ និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ដូច​ ថៃ​ ម៉ា​ឡេ​ស៊ី​ដែល​សុទ្ធតែ​ជួប​វិបត្តិ​នេះ​ទាំងអស់​គ្នា​ រដ្ឋាភិបាល​កម្ពុជា​ បាន​រៀបចំ​វិធាន​ចាំ​ជួយ​ការពារ​ហានិភ័យ​នៃ​ការ​ធ្លាក់​តម្លៃ​ស្រូវ​ ដោយ​ផ្ដល់​ថវិកាជាតិ​សម្រាប់​ជួយ​ទិញ​ស្រូវ​ពី​កសិករ​។​

​លោក​ប្រាប់​បន្ថែម​ថា​ ជាមួយ​នេះ​ រដ្ឋាភិបាល​ក៏​មាន​គោលនយោបាយ​ បង្កើន​កសិផល​របស់​កសិករ​ រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ល្អ​សម្រាប់​កសិករ​ មិន​យកពន្ធ​លើ​ដីស្រែ​ និង​ សម្ភារៈ​កសិកម្ម​ ព្រមទាំង​មាន​វិធានការ​ រក​ទីផ្សារ​សម្រាប់​កសិករ​ផង​ដែរ​។​

​លោក​ព្រមាន​ផង​ដែរ​ថា​ នឹង​ចាត់វិធានការ​ទៅ​លើ​អ្នក​ញុះញង់​ឱ្យ​កសិករ​ធ្វើការ​តវ៉ា​ ជា​ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ចង់​កេង​ចំណេញ​ នយោបាយ​ ពី​បញ្ហា​នេះ​។​

​លោក​ ផៃ​ ស៊ី​ផា​ន​ បញ្ជាក់​ថា​៖«​នៅ​ថ្ងៃ​សុក្រ​យើង​សម្រេច​ទម្លាក់​លុយ​២០​លាន​ ទៅ​៣០​លាន​ សម្រាប់​មក​ទិញ​ស្រូវ​ ប៉ុន្តែ​ថ្ងៃអាទិត្យ​ នាំ​គ្នា​យក​ស្រូវ​មក​ចាកចោល​លើ​ថ្នល់​ ដែល​ប្រឆាំង​នឹង​វប្បធម៌​កម្ពុជា​ ដែល​យើង​ហៅ​ស្រូវ​នឹង​ជា​ព្រះ​មេ​ ដូច្នេះ​ពួក​ចាក់ចុច​ទេ​ ជា​ពិសេស​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​មក​ចេញ​សេចក្តីថ្លែងការណ៍​ គឺ​រដ្ឋាភិបាល​បាន​ដោះស្រាយ​រួច​ស្រេច​ទៅ​ហើយ​តើ​ តាំងពី​ថ្ងៃ​សុក្រ​ ចុះ​ហេតុ​ដូច​ម្តេច​បានជា​មាន​ព្រឹត្តិការណ៍​នេះ​ឡើង​ ហើយ​លោក​ជំទាវ​ មូរ​ សុខ​ហួរ​ ហ្នឹង​គាត់​ធ្វើ​សេចក្តីថ្លែងការណ៍​ គាត់​និយាយ​ហ្នឹង​ប្រៀប​ដូច​មនុស្ស​ទើប​ងើប​ពី​ដេក​ គ្មាន​បាន​ធ្វើ​អី​សោះ​ គ្រាន់តែ​ឆក​នយោបាយ​ប៉ុណ្ណោះ​ គាត់​ញុះ​ញ៉​ង់​យើង​ចាត់វិធានការ​»​។​

​ជុំវិញ​បញ្ហា​នេះ​ លោក​ សម​  វិទូ​ នាយក​មជ្ឈមណ្ឌល​សិក្សា​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ ហៅ​កាត់​ថា​ CEDAC​ បាន​លើក​ឡើង​ថា​ ដើម្បី​បញ្ចៀស​បញ្ហា​ ស្រូវ​ធ្លាក់​ថ្លៃ​គំហុក​បែប​នេះ​រដ្ឋាភិបាល​ត្រូវ​រៀបចំ​កញ្ចប់​ថវិកា​ អោយ​បាន​មុន​រដូវ​កសិករ​ច្រូតកាត់​ ហើយ​កញ្ចប់​ថវិកា​នោះ​ត្រូវ​រៀបចំ​ឱ្យ​ត្រឹមត្រូវ​។​

​ជាមួយ​នេះ​លោក​ថា​ រដ្ឋាភិបាល​គួរតែ​ ជំរុញ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ រៀបចំ​សមាគម​ កសិកម្ម​ ដើម្បី​ប្រមូលផ្តុំ​កសិករ​ និង​ប្រមូល​នូវ​ផលិតផល​កសិកម្ម​។​

​លោក​ សម​  វិទូ​៖«​ហើយ​បង្កើត​ឱ្យ​មាន​សហគមន៍​ផលិត​ស្រូវ​ ដែល​សហគមន៍​ ហ្នឹង​មាន​តួនាទី​សំខាន់​ក្នុង​ការ​កសិកម្ម​នូវ​បច្ចេកទេស​ ក៏​ដូច​ជា​ក្នុង​ការ​ផលិត​ដើម្បី​ឱ្យ​ការ​ផលិត​របស់​គាត់​មាន​តម្លៃ​សម​ស្រប​ អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ជិតខាង​បាន​»​។​

​កាលពី​ថ្ងៃ​ទី​ ១៨​កញ្ញា​ ប្រជា​កសិករ​នៅ​ស្រុក​សង្កែរ​ ខេត្តបាត់ដំបង​ ជិត​២០០០​នាក់​ បាន​ផ្ទុះ​ការ​តវ៉ា​ ដោយ​នាំ​គ្នា​ចាក់​ស្រូវ​ចោល​នៅ​លើ​ផ្លូវជាតិ​លេខ​៥​ ដើម្បី​បង្ហាញ​ទៅ​រដ្ឋាភិបាល​ថា​ស្រូវ​របស់​ពួក​គាត់​រាប់​តោន​ត្រូវ​កប់​ចោល​ ដោយ​មិន​មាន​ទីផ្សារ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ជីវភាព​ពួក​គាត់​៕

Share

Image
Image
Image