en     km
en     km

សមត្ថកិច្ច​ពុំ​ទាន់​អាច​កំណត់​មុខសញ្ញា​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​សង្កាត់​បឹង​កេងកង​ ៣🔊

Share

ភ្នំពេញ៖ ​មន្ត្រី​នាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែ​ កញ្ញា​នេះ​ថា​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពុំ​ទាន់​អាច​កំណត់​មុខសញ្ញា​ជន​ដៃដល់​ករណី​បោក​គ្រាប់បែកដៃ​មួយ​គ្រាប់​ នៅ​តាម​បណ្តោយ​ផ្លូវ​ ១៦៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣​ ខ័​ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ កាលពីដើម​ខែកញ្ញា​បាន​នៅឡើយ​នោះ​ទេ​។​ យ៉ាងណា​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ ទទូច​ឲ្យ​សមត្ថកិច្ច​វែកមុខ​អ្នក​បោក​គ្រាប់បែក​ឲ្យ​ឃើញ​ដើម្បី​ផ្តល់​ភាព​ទុកចិត្ត​នៃ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​។​

 

ហេតុការណ៍ផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអង្គារទី ០៦ កញ្ញា នៅផ្លូវសំខាន់មួយនៅកណ្ដាលរាជធានីភ្នំពេញ បានបណ្ដាលឱ្យមនុស្ស ៤ នាក់បានរងរបួស។
ហេតុការណ៍ផ្ទុះគ្រាប់បែក កាលពីយប់ថ្ងៃអង្គារទី ០៦ កញ្ញា នៅផ្លូវសំខាន់មួយនៅកណ្ដាលរាជធានីភ្នំពេញ បានបណ្ដាលឱ្យមនុស្ស ៤ នាក់បានរងរបួស។

​យ៉ាងតិច​ណាស់​មាន​មនុស្ស​ ៣​ នាក់​ បាន​រង​របួស​ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែកដៃ​មួយ​គ្រាប់​នៅ​តាម​បណ្តោយ​ផ្លូវ​ ១៦៣​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​៣​ ខ័​ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​៧​ និង​ ៤៥​ នាទី​យប់​ថ្ងៃ​ទី​០៦​ កញ្ញា​ នា​ពេល​កន្លង​ទៅ​។​

អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ លោក​ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​ បាន​អះអាង​ថា​ ចាប់តាំងពី​ថ្ងៃ​កើតហេតុ​រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​ពុំ​ទាន់​កំណត់​មុខសញ្ញា​ និង​អត្តសញ្ញាណ​ជនសង្ស័យ​បាន​នៅឡើយ​ទេ​។​

​លោក​ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​ បាន​បញ្ជាក់​ថា​ សមត្ថកិច្ច​ក៏​ពុំ​ទាន់​អាច​កំណត់​មូលហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់បែក​បាន​នោះ​ដែរ​ ដោយ​លោក​ថា​ សមត្ថកិច្ច​កំពុង​បន្ត​ការ​ស៊ើបអង្កេត​ និង​ពិនិត្យ​ទៅ​លើ​វី​ឌី​អូ​ឃ្លី​ប​មួយ​ចំនួន​ទៀត​យ៉ាង​យកចិត្តទុកដាក់​។​ លោក​ឧត្តមសេនីយ៍​ ខៀវ​ សុ​ភ័​ក្រ​៖«​មិន​ទាន់​មាន​អ្វី​ទេ​ក្មួយ​ គេ​កំពុង​តែ​រក​។​ រូបភាព​ខ្លះ​យើង​ឃើញ​ថា​ ប្រវែង​ចូល​ក្នុងផ្ទះ​ ប៉ុន្តែ​ផ្លោ​កមក​ពាក់​កណ្តាលផ្លូវ​ រូបភាព​ខ្លះ​មាន​បញ្ហា​ នេះ​យើង​មិន​ទាន់​ប្រាកដ​ យើង​កំពុង​តែ​សិក្សា​តាម​រូបភាព​ដែល​យើង​ថត​បាន​»​។​

លោក​ ខៀវ​ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​
លោក​ ខៀវ​ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​

​យោង​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ និង​វី​ឌី​អូ​ឃ្លី​ប​ត្រូវ​បាន​គេ​បង្ហោះ​ចែកចាយ​បន្ត​គ្នា​ នៅ​លើ​បណ្តាញ​ទាក់​ទំនង​សង្គម​បន្ទាប់​ពី​កើតហេតុ​បាន​បង្ហាញ​ថា​ មាន​យុវជន​ ២​ នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​តាម​ពីក្រោយ​រថយន្ត​ឡិច​ស៊ី​ស​ AX​ 330​ ពណ៌​ស​មួយ​គ្រឿង​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ជនសង្ស័យ​ក៏​បាន​បោះ​គ្រាប់​ បែក​ធ្លាក់​មក​លើ​ទ្រង់​ផ្លូវ​ រួច​បាន​ផ្ទុះ​ដោយ​បាន​បង្ករ​ឱ្យ​មនុស្ស​ ៣​ រង​របួល​ និង​បាន​បង្ក​ឱ្យ​រថយន្ត​ និង​ម៉ូតូ​មួយ​ចំនួន​រង​ការ​ខូចខាត​ផង​ដែរ​។​

​អ្នក​រង​របួស​ទាំង​ ៣​ នាក់​នោះ​មាន​ស្រី្ត​ ២​នាក់​ ម្នាក់​ជា​ជនជាតិ​ឥណ្ឌា​ និង​ម្នាក់​ទៀត​ជា​ជនជាតិ​ខ្មែរ​ ជា​គ្រូបង្រៀន​ដូច​គ្នា​ ស្នាក់​នៅ​រាជធានី​ភ្នំពេញ​ និង​បុរស​ម្នាក់​ទៀត​ជា​ជនជាតិ​វៀតណាម​។​ អ្នក​ទាំង​បី​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ក្រោយ​កើតហេតុ​។​

​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ភាពយឺត​យ៉ាវ​របស់​អាជ្ញាធរ​ ក្នុង​ការ​វែកមុខ​ជនសង្ស័យ​មក​ផ្តន្ទាទោស​ ដើម្បី​ធ្វើ​ឲ្យ​មតិ​មហាជន​ស្ងប់ចិត្ត​អំពី​សន្តិសុខ​សុវត្ថិភាព​របស់​ពួក​គាត់​។​

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ទទូច​ឲ្យ​អាជ្ញាធរ​ព​ន្លឿ​ន​ចាប់​ជន​ដៃដល់​មក​កាត់ទោស​តាម​ច្បាប់​ ដើម្បី​ធានា​អំពី​សន្តិសុខ​សុវត្ថិភាព​សង្គម​។​ 

លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា។
លោក​ សន​ ជ័យ​ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា។

លោក​ សន​ ជ័យ​ បាន​រិះគន់​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ដែល​មាន​ភាព​យឺតយ៉ាវ​ក្នុង​ការ​វែកមុខ​ជន​ដៃ​សង្ស័យ​ ករណី​បោក​គ្រាប់បែក​នៅ​ខ័​ណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ កាល​យប់​ថ្ងៃ​ទី​០៦​ កញ្ញា​ និង​ករណី​ឃាតកម្ម​បាញ់​សម្លាប់​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត​ កែម​ ឡី​ ជាង​ករណី​ក្តីក្តាំ​របស់​គណបក្សប្រឆាំង​។​ ​លោក​ សន​ ជ័យ​៖«​យើង​ចង់​ឃើញ​លទ្ធផល​ឲ្យ​បាន​ឆាប់រហ័ស​ដែរ​ ដើម្បី​ជា​ការ​ស្រាយ​ច​ម្ង​ល់​របស់​មហាជន​លើ​បញ្ហា​កើតឡើង​ ដូច​ជា​ការ​គប់​គ្រាប់បែក​នេះ​ជាដើម​ បាន​កើតឡើង​នៅ​ក្នុង​ពេលវេលា​មួយ​ ដែល​ការ​ចុះ​អ្នក​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​បាន​ចាប់ផ្តើម​ ជា​សញ្ញា​គំរាម​គំ​ហែង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​ យើង​ស្នើ​ដោយ​ទទូច​ឲ្យ​សមត្ថកិច្ច​វែក​រកមុខ​រក​ជន​ប្រព្រឹត្តិ​ ឬ​ក្រុម​នៅ​ពីក្រោយ​ដែល​ពាក់ព័ន្ធ​យក​មក​ផ្តន្ទាទោស​ ដើម្បី​ស្តារ​នៅ​ការ​បារម្ភ​របស់​មហាជន​ទៅ​លើ​បញ្ហា​សន្តិសុខ​នោះ​បាទ​»​។​

​បន្ទាប់​ពី​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ភា្ល​មៗ​នោះ​ ក្រសួងមហាផ្ទៃ​បាន​សេចក្ដីថ្លែងការណ៍​ ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ ចំពោះ​សកម្មភាព​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​នេះ​។​ សេចក្ដីថ្លែងការណ៍​ដដែល​ក៏​បាន​ទទូច​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ ចាត់វិធានការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​ ដើម្បី​ស្វែងរក​ជនល្មើស​បញ្ជូន​ទៅ​តុលាការ​ធ្វើការ​ផ្ដន្ទាទោស​។​

​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ​ អ្នកវិភាគ​បញ្ហា​សង្គម​ក៏​បាន​ស្តីបន្ទោស​ទៅ​រាជរដ្ឋាភិបាល​ថា​ ខ្វះ​យន្តការ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ​មិន​បាន​ល្អ​ប្រសើរ​ និង​គ្មាន​ប្រសិទ្ធភាព​៕

Share

Image
Image
Image