en     km
en     km

ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ ស្នើ​ឲ្យ​ក្រសួង​បញ្ចុះតម្លៃ​អគ្គី​ស​នី​និង​ការ​បង់ពន្ធ​

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​លើក​ឡើង​ថា​ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ជា​ច្រើន​បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ចុះតម្លៃ​អគ្គី​ស​នី​ និង​ការ​បង់ពន្ធ​ស្រូវ​។​ មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និយាយ​ថា​ការ​ស្នើ​សុំ​របស់​ម្ចាស់​ រោង​ម៉ាស៊ីនកិនស្រូវ​ ដួច​នេះ​មិន​ធ្វើ​ឱ្យ​កសិករ​ ទទួល​បាន​ចំណេញ​ច្រើន​ទេ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ ការ​ប្រមូល​ទិញ​ស្រូវ​ អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​
កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ ការ​ប្រមូល​ទិញ​ស្រូវ​ អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​

​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ ការ​ប្រមូល​ទិញ​ស្រូវ​ អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​នេះ​ថា​ ម្ចាស់​រោង​ម៉ាស៊ីន​ បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​បញ្ចុះតម្លៃ​អគ្គី​ស​នី​ និង​ការ​យកពន្ធ​ស្រូវ​។​

 

​លោក​ ប៉ាន​ សូរ​ស័ក្តិ​៖«​ខាង​អ្នក​ផលិត​អង្ករ​សុំ​បញ្ចុះ​ពន្ធ​ ទាក់ទង​កសិផល​ ហើយ​បញ្ហា​អគ្គី​ស​នី​ដែល​ថ្លៃ​គួរតែ​មាន​អគ្គី​ស​នី​តម្លៃ​ថោក​នៅ​ពេល​យប់​….​ »​។​

​លោក​ ប៉ាន​ សូរ​ស័ក្តិ​ បាន​បន្ត​ថា​ ក្រៅពី​នេះ​ ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ចំនួន​ក៏​សុំ​ឲ្យ​ធនាគារ​ផ្តល់​ប្រាក់​កម្ចី​ទាប​ ឬ​សម្រួល​ដល់​ការ​ពន្យា​នៃ​ការ​បង់ការ​ប្រាក់​ជាដើម​។​

​ជុំវិញ​សំណើរ​នេះ​ លោក​រដ្ឋមន្ត្រី​ មិន​ទាន់​បាន​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​។​ លោក​ថា​ នឹង​ផ្ញើ​របាយការណ៍​ នៃ​កិច្ចប្រជុំ​ព្រឹក​មិ​ញ​នេះ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​ ហ៊ុន​ សែន​ ធ្វើការ​សម្រេច​។​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​ បន្ថែម​ថា​ ប្រទេស​ចិន​បាន​សន្យា​ទិញ​អង្ករ​ ពី​ប្រទេស​កម្ពុជា​ចំនួន​ ២​ សែន​ តោន​ នៅ​ក្នុង​ឆ្នាំ​ ២០១៦​នេះ​។​ លោក​ថា​ ក្រៅពី​ប្រទេស​ចិន​គឺ​ ប្រទេស​ទី​ម័​រ​ និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ក៏​កម្ពុជា​កំពុង​តែ​បញ្ចុះបញ្ចូល​ឲ្យ​ជួយ​ទិញ​អង្ករ​ពី​កម្ពុជា​ដែរ​។​

​ចំណែក​ លោក​ សុខ​ ពុទ្ធិ​វុ​ធ​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ សហព័ន្ធ​ស្រូវ​អង្ករ​ កម្ពុជា​ បាន​ដាក់​សំណើសុំ​ថវិកា​កម្ចី​ប្រមាណ​ ៣០​ លាន​ដុល្លារ​ពី​រាជរដ្ឋាភិបាល​ ដើម្បី​ប្រើប្រាស់​ ក្នុង​វិស័យ​ស្រូវ​អង្ករ​ និង​ដោះស្រាយ​បញ្ហា​ស្រូវ​កសិករ​ដែល​ធ្លាក់​ថ្លៃ​ដូចនេះ​។​

​ដោយឡែក​ប្រធាន​អង្គការ​សេ​ដាក​ លោក​ សម​ ពិ​ទូ​ យល់​ឃើញ​ថា​ កសិករ​ហាក់ដូចជា​ទទួល​បាន​ផល​ចំណេញ​តិចតួច​ នៃ​ការ​ស្នើ​សុំ​របស់​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​មួយ​ចំនួន​ ឲ្យ​រាជរដ្ឋាភិបាល​បញ្ចុះតម្លៃ​អគ្គី​ស​នី​ និង​ការ​បង់ពន្ធ​ស្រូវ​។​ លោក​បន្ត​ថា​ រាជរដ្ឋាភិបាល​គួរ​ផ្តល់​ព័ត៌មាន​អំពី​តម្រូវការ​ប្រភេទ​ស្រូវ​ អង្ករ​ សម្រាប់​នាំ​ចេញ​ទៅ​ក្រៅប្រទេស​ឲ្យ​ទូលំទូលាយ​ដល់​ប្រជា​កសិករ​ ដើម្បី​ឲ្យ​កសិករ​ត្រៀមខ្លួន​ជា​មុន​។​

លោក​ សម​ ពិ​ទូ​៖«​ខាង​ម្ចាស់​អាជិ​វករ​ គាត់​ចេះ​ចង់​ធ្វើ​ដូច​ម្ត៉េ​ច​បន្ធូរ​បន្ថយពន្ធ​ មានការ​កាត់​ពន្ធ​នាំ​ចេញ​ អនុគ្រោះ​ពន្ធ​នាំ​ចូល​នៅ​សម្ភារៈ​ ព្រោះ​ដើម្បី​អាជីវកម្ម​របស់​គាត់​ដើរ​ តម្លៃ​អគ្គី​ស​នី​នៅ​ក្នុង​បញ្ហា​នេះ​ វា​ជួយ​ដល់​ម្ចាស់​ម៉ាស៊ីនកិនស្រូវ​ ប៉ុន្តែ​វា​ជួយ​ផ្ទាល់​ទៅ​ដល់​កសិករ​ទេ​ ប្រសិនបើ​ម្ចាស់​ម៉ាស៊ីន​ដំណើរការ​បាន​ល្អ​អ​ញ្ចឹ​ង​គាត់​អាច​ទិញ​ផលិតផល​ពី​កសិករ​ អាច​ថា​តម្លើង​តម្លៃ​ស្រូវ​»​។​

​បន្ទាប់​ពី​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​ ធនាគារ​ស្រូវ​កម្ពុជា​ បាន​ប្រកាស​ឱ្យ​កសិករ​ក្នុង​ខេត្តបាត់ដំបង​ ពោធិសាត់​ និង​បន្ទាយ​មាន​ជ័យ​ ឈប់​លក់​ស្រូវ​សើម​សែន​ក្រអូប​ ទៅ​ឱ្យ​ឈ្មួញ​ ក្នុង​តម្លៃ​ក្រោម​ ៨៤០​រៀល​ ឬ​ស្មើនឹង​៧​បាត​ក្នុង​មួយ​គីឡូក្រាម​ ដោយ​ធនាគារ​នេះ​ប្រកាស​ទិញ​ស្រូវ​សើម​សែន​ក្រអូប​ ក្នុង​តម្លៃ​ចាប់​ ៨៤០​រៀល​ ឡើង​ទៅ​ ក្នុង​មួយ​គីឡូក្រាម​ ពី​កសិករ​ផ្ទាល់​នៅ​នឹង​ស្រែ​តែ​ម្តង​។​ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​ធនាគារ​ស្រូវ​ ចេញ​កាលពី​ថ្ងៃ​ទី​ ១៥​ ខែកញ្ញា​ ម្សិលមិញ​។​

កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ ការ​ប្រមូល​ទិញ​ស្រូវ​ អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​
កិច្ចប្រជុំ​ពិភាក្សា​ស្តី​ពី​ ការ​ប្រមូល​ទិញ​ស្រូវ​ អង្ករ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ នៅ​ថ្ងៃ​ទី​ ១៦​ ខែ​ កញ្ញា​

ជាមួយ​គ្នា​នេះ​ធនាគារ​ស្រូវ​ ប្រកាស​ទិញ​ស្រូវ​សែន​ក្រអូប​ ក្នុង​តម្លៃ​ចាប់ពី​ ៩០០​រៀល​ ក្នុង​មួយ​គីឡូក្រាម​ ពី​កសិករ​ដែល​យក​មក​លក់​ នៅ​ទីតាំង​ធនាគារ​ស្រូវ​(​កម្ពុជា​)​ ភី​អិ​ល​ស៊ី​ ផ្ទាល់​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ផ្លូវជាតិ​លេខ​៥​ ភូមិ​ព្រៃ​កូន​សេក​ សង្កាត់​អូរ​ចារ​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​។​

​ធនាគារ​ស្រូវ​បញ្ជាក់​ផង​ដែរ​ថា​ ចំពោះ​កសិករ​ដែល​មិន​ចង់​លក់​ស្រូវ​ អាច​ដឹកស្រូវ​មក​ស​ម្ងួ​ត​ និង​ផ្ញើ​ទុក​ នៅ​ធនាគារ​ស្រូវ​ក៏​បាន​ដែរ​។​

​សេចក្តីជូនដំណឹង​របស់​ធនាគារ​ស្រូវ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ធនាគារ​ស្រូវ​បាន​កំពុង​ធ្វើ​កិច្ចសហការ​គាំទ្រ​ ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុង​ការ​ដឹកស្រូវ​មក​បញ្ចាំ​ស្តុក​ទុក​ នៅ​ធនាគារ​ស្រូវ​ និង​ទិញ​កាត់​ស្រូវ​ពី​ធនាគារ​ស្រូវ​ បញ្ចាំ​ស្តុក​ទុក​ ដោយ​ទទួល​បាន​ប្រាក់​កម្ចី​៧០%​ពី​ធនាគារ​ស្រូវ​។​

​នៅ​រយៈពេល​ ៨​ខែ​ ក្នុង​ឆ្នាំ​២០១៦​នេះ​ ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​បាន​ ៣២​ ម៉ឺន​តោន​ ធ្លាក់​ចុះ​ ៦​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៥​។​ នេះ​បើ​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​។​

​សូម​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៥​ កម្ពុជា​ បាន​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ បាន​ចំនួន​ជាង​៥៣​ម៉ឺន​៨​ពាន់​តោន​ កើនឡើង​៣៩​ភាគរយ​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។​  ប្រទេស​ដែល​នាំមុខ​គេ​ក្នុង​ការ​នាំ​ចូល​អង្ករ​ពី​កម្ពុជា​ច្រើន​ជាងគេ​ គឺ​ចិន​ ប្រមាណ​ជាង​ ១០​ម៉ឺន​តោន​  ប្រទេស​បារាំង​ ប្រមាណ​ជាង​ ៧​ម៉ឺន​តោន​ លេខ​៣​ប្រទេស​ប៉ូ​ឡូញ​ ប្រមាណ​ជាង​៦​ម៉ឺន​តោន​ ទី​៤​ ប្រទេស​ហូ​ឡង់​ បាន​ជិត​ ៦​ម៉ឺន​តោន​ និង​ទី​៥​ ប្រទេស​ម៉ា​ឡេ​ស៊ី​ បាន​ជិត​ ៥​ម៉ឺន​តោន​៕

Share

Image
Image
Image