en     km
en     km

សាលាដំបូង​ក្រុងភ្នំពេញ​ បន្ត​សាកសួរ​អ្នកស្រី​ ទេព​ វ​ន្នី​ ករណី​រឿង​ចាស់​ឆ្នាំ​២០១៣​

Share

ភ្នំពេញ៖ ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​ ០៨​ កញ្ញា​ នេះ​បន្ដ​សាកសួរ​អ្នក​ស្ដ្រី​ ទេព​ វ​ន្នី​ ក្នុង​សំណុំរឿង​ចាស់​ឆ្នាំ​ ២០១៣​ ខណៈ​ស្ដ្រី​បឹង​កក់​បី​រូប​ទៀត​ បាន​ទទួល​ដីការ​កោះហៅ​មក​សាកសួរ​ ករណី​នេះ​នៅ​ថ្ងៃ​ទី​១៩​ខែ​ កញ្ញា​នេះ​ ដែរ​ ។​

tep-vanny8
ខណៈ​ការ​សាកសួរ​អ្នកស្រី​ ទេព​ វ​ន្នី​ សហគមន៍​បឹង​កក់​ជា​ច្រើន​នាក់​ ក៏​បាន​មក​ប្រមូលផ្ដុំ​គ្នា​ហើយ​ បាន​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​របស់​ខ្លួន​នឹង​ទម្លាក់​បទ​ចោទ​ ។​ យ៉ាងណា​ក៏​ដោយ​មន្ដ្រី​តុលាការ​មិន​អើពើ​ របស់​ក្រុម​ស្ដ្រី​សហគមន៍​បឹង​កក់​នោះ​ទេ​។​

​ការ​សាកសួរ​អ្នកស្រី​ ទេព​ វ​ន្នី​ គឺ​ចាប់ផ្ដើម​ពី​ព្រឹក​រហូត​ដល់​ម៉ោង​ ១១​ ទើប​នាំ​ខ្លួន​ស្ដ្រី​ឆ្នើម​រូប​នេះ​ត្រឡប់​ទៅ​ពន្ធនាគារ​ព្រៃ​ស​ វិញ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖

 

​សហគមន៍​បឹង​កក់​ប្រហែល​ ២០​ នាក់​បាន​មក​ស្រែក​ តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៨​ ខែ​ កញ្ញា​ នេះ​ ខណៈ​អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​មន្ត្រី​អនុរក្ស​ ពន្ធនាគារ​ ដឹក​តាម​រថយន្ត​ពន្ធនាគារ​ មណ្ឌល​ ម​២​ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​សាកសួរ​ ក្នុង​សំណុំរឿង​អំពើ​ហិង្សា​មួយ​កាលពី​ឆ្នាំ​២០១៣​។​

​ហិង្សា​បាន​កើតឡើង​ នៅ​ពេល​សហគមន៍​បឹង​កក់​ ទៅ​ស្វែងរក​ កិច្ច​អន្តរាគមន៍​ ពី​សម្តេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ឲ្យ​ជួយ​អន្តរាគមន៍​រឿង​ជម្លោះដីធ្លី​ កាលពី​៣​ឆ្នាំ​មុន​នេះ​។

​អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ ត្រូវ​បាន​បញ្ជូន​ទៅ​ ពន្ធនាគារ​ព្រៃ​ស​ វិញ​នៅ​ម៉ោង​ប្រមាណ​ជាង​ ១១​ ព្រឹក​ថ្ងៃ​ព្រហស្បត្តិ​ នេះ​ បន្ទាប់​ពី​សាកសួរ​រួច​។​

​នៅ​ក្នុង​សំណុំរឿង​អំពើ​ហិង្សា​នេះ​ សកម្មជន​ដីធ្លី​ម្នាក់​គឺ​ កញ្ញា​ សុង​ ស្រី​លាភ​ បាន​បដិសេធ​ការ​ យ៉ាង​ដាច់ខាត​ថា​ សហគមន៍​ស្ត្រី​បឹង​កក់​មិន​បាន​ប្រើ​អំពើ​ហិង្សា​ ទៅ​លើ​ កងកម្លាំង​សមត្ថកិច្ច​នោះ​គ្រានោះ​ តែ​ កញ្ញា​ថា​ កងកម្លាំង​សមត្ថកិច្ច​ទៅ​វិញ​ទេ​ ដែល​ប្រើ​អំពើ​ហិង្សា​ មក​លើ​សហគមន៍​បឹង​កក់​។​

​កញ្ញា​ ស្រី​ លាភ​ និយាយ​ថា​ ការ​ចាប់ខ្លួន​សកម្មជន​បឹ​ក​កក់​ អ្នកស្រី​ ទេព​ វ​ន្នី​ បញ្ជូន​ទៅ​តុលាការ​ ជា​ថ្មី​ទៀត​នេះ​គឺជា​ ការ​បំបិទ​សំឡេង​របស់​សហគមន៍​បឹង​កក់​ មិន​ចង់​ឲ្យ​ចេញ​តវ៉ា​ប៉ុណ្ណោះ​។​ តែ​ជាមួយ​គ្នា​នេះ​ កញ្ញា​ ស្រី​ លាភ​ ហាក់​គ្មាន​សង្ឃឹមថា​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ អាច​នឹង​នៅ​ក្រៅ​ឃុំ​ឡើយ​។​

​កញ្ញា​ ស្រី​ លាភ​៖«​ចំពោះ​ពួក​ខ្ញុំ​កន្លង​មក​ ខ្ញុំ​អត់​មាន​សង្ឃឹម​នៅ​ប្រព័ន្ធ​តុលាការ​ ព្រោះ​ពួក​ខ្ញុំ​ត្រូវ​ជាប់គុក​បន្តបន្ទាប់​ តាំងពី​ឆ្នាំ​ ២០១២​ មក​តំណាង​សហគមន៍​ បឹង​កក់​ ជាប់គុក​ រហូត​ដល់​ថ្ងៃនេះ​គឺ​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ ទៀត​។​ ពួក​ខ្ញុំ​អត់​មាន​សង្ឃឹម​អ្វី​ទាំង​លើ​ប្រព័ន្ធ​តុលាការ​ ប្រសិនជា​ចៅក្រម​ ព្រះរាជអាជ្ញា​គាត់​ធ្វើការ​ដោយ​សម្បជញ្ញៈ​ ដោយ​គោល​ឯករាជ្យ​របស់​គាត់​ តែបើ​គាត់​ធ្វើ​តាម​ការ​បញ្ជា​ តេ​ឡេ​បញ្ជា​ពី​ថ្នាក់លើ​យើង​អត់​មាន​សង្ឃឹម​ទេ​»​។​

​មេធាវី​ការពារ​ក្តី​ឲ្យ​អ្នកស្រី​ ទេព​ វ​ន្នី​ គឺ​ អ្នកស្រី​ សាម​ សុ​គ​ន្ធា​ សុំ​មិន​ធ្វើការ​អត្ថាធិប្បាយ​ ជុំវិញ​ដំណើរការ​សាកសួរ​ ព្រោះ​សិ្ថ​ត​នៅ​ក្នុង​ដំណាក់កាល​សាកសួរ​។

​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ (Telegrame)​ ថា​ ចៅក្រម​ស៊ើបសួរ​ លោក​ នូ​ វាសនា​ បាន​បង្គាប់​ឲ្យ​អ្នកស្រី​ ទេព​ វ​ន្នី​ មក​សាលាដំបូង​រាជធានី​ភ្នំពេញ​ដូចនេះ​គឺ​ ដើម្បី​សាកសួរ​បន្ថែម​ អំពី​បទ​ចោទ​ហឹ​ង្សា​ ដោយ​ ចេតនា​ មាន​ស្ថាន​ទម្ងន់ទោស​ តាម​មាត្រា​ ២១៨​ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​បាន​ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ សង្កាត់​ ទន្លេបាសាក់​ ខណ្ឌ​ ដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​ មិ​នា​ ឆ្នាំ​ ២០១៣​។​

​លោក​ លី​ សុ​ផា​ណា​៖«​ លោក​ នូ​ វាសនា​ ចៅក្រម​សើ​ប​សួរ​ បាន​សាកសួរ​បន្ថែម​ទៅ​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ​ ទេព​ វ​ន្នី​ ពី​បទ​ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​  ប្រព្រឹត្ត​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ សង្កាត់​ ទន្លេបាសាក់​ ខណ្ឌ​ ដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ១៣​ ខែ​ មិ​នា​ ឆ្នាំ​ ២០១៣​ តាម​មាត្រា​ ២១៨​ នៃ​ក្រមព្រហ្មទណ្ឌ​ នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​ ៩៥៦​ ចុះ​ថ្ងៃ​ទី​ ២៦​ មិ​នា​ ២០១៣»​។​

​ជាមួយ​គ្នា​នេះ​ សកម្មជន​ស្ត្រី​បឹង​កក់​ ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​គឺ​ អ្នកស្រី​ គង់​ ច​ន្ថា​ និង​ អ្នកស្រី​ ប៊ូ​ ឆវី​ រួម​ទាំង​ អតីត​ស្ត្រី​បឹង​កក់​ម្នាក់​ទៀត​គឺ​ អ្នកស្រី​ ហេង​ មុំ​ នឹង​មក​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​ ១៩​ កញ្ញា​ ខាង​មុខ​នេះ​។​

​សហគមន៍​បឹង​កក់​ម្នាក់​អះអាង​ថា​ ការ​កោះហៅ​នេះ​ ក្នុង​សំណុំរឿង​បទ​ចោទ​ថា​ ស្ត្រី​សហគមន៍​បឹង​កក់​បាន​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​សាធារណៈ​ និង​បទ​ចោទ​ប្រមាថ​មន្ត្រី​សាធារណៈ​ នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ នៅ​ពេល​ពួក​គេ​តវ៉ា​ទាមទារ​សំណង​ បន្ថែម​ក្នុង​រឿង​ដីធ្លី​នៅ​បឹង​កក់​ កាលពី​ឆ្នាំ​ ២០១១​។​

​អង្គការ​សង្គម​ស៊ី​វិល​យល់​ឃើញ​ថា​ ការ​ចេញ​ដីការ​កោះហៅ​ សកម្មជន​បឹង​កក់​បី​នាក់​ទៀត​ នេះ​គឺជា​ ការ​បំបិទ​សិទ្ធិ​សេរីភាព​ និង​ទប់ស្កាត់​មិន​ឲ្យ​មាន​សំឡេង​ តវ៉ា​មុន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​ក្រុម​ព្រឹក្សា​-​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​ និង​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨៕

Share

Image
Image
Image