en     km
en     km

CRNP​ បន្ត​ចោទ​រដ្ឋាភិបាល​ថា​ មិន​គោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ២៣​ តុលា​១៩៩១ (មានសំឡេង)

Share

ភ្នំពេញ៖ គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បន្ត​ចោទ​គណបក្សកាន់អំណាច​ថា​ មិន​គោរព​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​។​ តែ​មន្ត្រី​រដ្ឋាភិបាល​បដិសេធ​ការ​ចោទប្រកាន់​នេះ​។​ ចំណែក​មន្ត្រី​សង្គម​ស៊ី​វិល​ មើលឃើញ​ថា​ ប្រទេស​កម្ពុជា​ បាន​គោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ បាន​តិចតួច​។​ លោក​ធូ​ វិ​រៈ​ រាយការណ៍​ព័ត៌មាន​នេះ​៖


លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្រ្គោះជាតិ
លោក អេង ឆៃអ៊ាង មន្រ្ដីជាន់ខ្ពស់ម្នាក់របស់គណបក្សសង្រ្គោះជាតិ

 

 

 

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​ថ្លែង​ កាលពី​ថ្ងៃ​ទី​ ០២​ ខែ​ កញ្ញា​នេះ​ ថា​គណបក្ស​គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​កាន់​ប្រទេស​ហត្ថលេខី​នៃ​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​ស​ទាំងអស់​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​ បាន​បញ្ជាក់​ថា​ ក្រៅពី​ដាក់​ញត្តិ​ទៅ​ម្ចាស់​ប្រទេស​ហត្ថលេខី​ គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​នឹង​ដាក់​ញត្តិ​ទៅ​ប្រទេស​ជា​សមាជិក​អាស៊ាន​ផង​ដែរ​។​

​លោក​ អេ​ង​ ឆៃ​អ៊ា​ង​៖«​ខ្លឹមសារ​នាំ​ញត្តិ​និង​គឺ​ យើង​និង​បង្ហាញ​ប្រាប់​ទៅ​ប្រទេស​ហត្ថលេខី​ឲ្យ​បាន​ ជ្រាប់​ច្បាស់​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ កំពុង​ធ្វើ​ដំណើរ​ឃ្លាត​ចាក​ពី​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ និង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​ពិសេស​ដំណើរការ​គោល​នៃ​ការ​អនុវត្តន៍​លិ​ទ្ធិ​ប្រជា​ ធិ​បេ​តេ​យ្យ​សេរី​ពហុបក្ស​»​។​

​ការ​ប្រកាន់​ជំហរ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ឡើង​ ស្រប​ពេល​ ខួប​លើក​ទី​២៥​ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​ជា​ប្រវត្តិសាស្ត្រ​នេះ​ នឹង​មក​ដល់​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​។​

​ជុំវិញ​បញ្ហា​នេះ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​ បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ចោទប្រកាន់​ថា​ រាជរដ្ឋាភិបាល​មិន​គោរព​កិច្ចព្រមព្រៀង​ទីក្រុង​បារី​ស​ ២៣​ តុលា​ ដោយ​លោក​អះអាង​ថា​ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​បារី​សបាន​អស់​សពុ​ភាព​ ទៅ​ហើយ​។​

​អ្នកនាំពាក្យ​រូប​នេះ​ជឿជាក់​ថា​ ម្ចាស់​ប្រទេស​ហត្ថលេខី​នឹង​គ្មាន​ចំណាត់ការ​ ទៅ​លើ​ញត្តិ​របស់​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​លោក​ថា​ ប្រទេស​កម្ពុជា​មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ ធ្ងន់ធ្ងរ​នោះ​ទេ​។​

​លោក​ សុខ​ ឥ​សាន្ត​៖«​ទីក្រុង​បារី​សវា​ចប់​តាំងពី​ឆ្នាំ​ ៩៣​ វា​អត់​មាន​សពុ​ភាព​ រហូត​ដល់​សព្វថ្ងៃ​ទេ​ ពេល​ដែល​យើង​បោះ​ឆ្នោត​ហើយ​ បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ​ យើង​បង្កើត​រដ្ឋ​មួយ​ដែល​ហៅ​ថា​ព្រះរាជាណាចក្រ​កម្ពុជា​ វា​មាន​រដ្ឋាភិបាល​ស្របច្បាប់​ មាន​ឯករាជ្យ​ជាតិ​ មាន​បូរណៈភាព​ទឹកដី​ ដល​ញ្ចឹ​ង​វា​គ្មាន​កិច្ចព្រមព្រៀង​បារី​ស​ មក​គ្រប់​ដណ្តប់​ មក​លើ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ទេ​»​។​

​លោក​ គល់​ បញ្ញា​ អ្នក​ឃ្លាំមើល​កិច្ចការ​បោះ​ឆ្នោត​នៃ​អង្គការ​ Comfrel​ យល់​ឃើញ​ថា​ ក្នុង​រយៈពេល​ខួប​ ២៥​ ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលាការ​ គឺ​ប្រទេស​កម្ពុជា​ បាន​គោរព​តាម​បាន​តិចតួច​ ដែល​លោ​ថា​ការ​គោរព​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​ រួម​ទាំង​មានការ​គំរាម​  កំហែង​អង្គការ​សង្គម​ស៊ី​វិល​និង​បក្សនយោបាយ​។​

​លោក​ គល់​ បញ្ញា​៖«​យើង​ឃើញ​មាន​វិស័យ​ខ្លះ​វា​មានការ​ប្រឈម​ ហើយ​វា​កំពុង​ជួប​បញ្ហា​ ដែល​យើង​មិន​បាន​អនុវត្តន៍​កិច្ចព្រមព្រៀង​ ទី​ក្រុងប៉ារីស​ ជា​ពិសេស​បាន​ពេញលេញ​ វិស័យ​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​យើង​នៅ​មាន​ចំនុច​ប្រឈម​ និង​កិច្ចការ​ខ្លះ​កំពុង​តែ​ស្ថិត​នៅ​ចំនុច​ហានិភ័យ​មួយ​ដែល​មិន​ឲ្យ​មាន​រីក​ចំរើន​»​។​

​ទោះបី​យ៉ាងណា​ លោក​ គល់​ បញ្ញា​ ថា​ រយៈពេល​ ២៥​ ឆ្នាំ​នេះ​ ប្រទេស​កម្ពុជា​បាន​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​មានការ​កើនឡើង​ក្នុង​រង្វង់​ ៧​ ភាគរយ​។​

​គួ​រំលឹក​ថា​កិច្ចព្រមព្រៀង​សន្ដិភាព​ទី​ក្រុងប៉ារីស​ ២៣​ តុលា​ ១៩៩១​ គឺជា​ដំណោះស្រាយ​ ប្រវត្ដិសាស្ដ្រ​មួយ​ ជួយ​បញ្ចប់​សង្គ្រាមស៊ីវិល​ នៅ​ប្រទេស​កម្ពុជា​ដោយ​នាំ​មក​នៅ​សន្ដិភាព​ ការ​បង្រួបបង្រួម​ជាតិ​ និង​លទ្ធិប្រជាធិបតេយ្យ​។​

​កិច្ចព្រមព្រៀង​ជា​ប្រវត្ដិសាស្ដ្រ​ពិភពលោក​នេះ​ធ្វើ​ឡើង​ នៅ​ទីក្រុង​ប៉ា​រី​ប្រទេស​បារាំង​ដោយ​មាន​ប្រទេស​ ១៨​ ជា​ភាគី​ជួយ​បញ្ចប់​ជម្លោះ​របស់​ប្រទេស​កម្ពុជា​ ក្នុង​នោះ​មាន​ប្រទេស​មហាអំណាច​ទាំង​ប្រាំ​ និង​ក្រុមប្រឹក្សាសន្ដិសុខ​នៃ​អង្គកា​សហប្រជាជាតិ​ផង​ដែរ​។​ កិច្ចព្រមព្រៀង​នេះ​តម្រូវ​ឲ្យ​កម្ពុជា​អនុវត្ដន៍​គោលនយោបាយ​សេរី​ពហុបក្ស​ ការ​គោរព​សិទ្ធិ​មន​ស្ស​ជា​មូលដ្ឋាន​ ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ប្រទេស​ ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​៕

Share

Image
Image
Image