ជាថ្មីម្ដងទៀតអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង លោក គង់ សភា និងសហការី បានចុះពិនិត្យ និងអង្កេតតាមបណ្ដោយព្រំដែនកម្ពុជា វៀតណាម ដែលតំណាងរាស្ដ្របក្សប្រឆាំងរូបនេះ បានអះអាងថា នៅតាមបន្ទាត់ព្រំដែនខេត្ដស្វាយរៀង ស្ថិតក្នុងសង្កាត់ប្រាសាទ និងឃុំ ទួលស្ដី ឃុំចន្ទ្រា ស្រុកចន្ទ្រា ពលរដ្ឋខែ្មរនៅតែបន្ដជួលដីឲ្យទៅពលរដ្ឋវៀតណាមដដែល ។ ក៏ប៉ុន្ដែអភិបាលខេត្ដស្វាយរៀង បានឆ្លើយតបថា ពុំមានការជួលដីព្រំដែនដូចសមាជិកសភា គណបក្សប្រឆាំង ចោទនោះទេ។ លោក លៀ ស៊ីណា រាយការណ៍៖
លោក គង់ សភា បានថ្លែងដូចនេះតាមរយៈវីដេអូខ្លីមួយ ដែលបានបង្ហោះក្នុងបណ្ដាញសង្គម ហ្វេសប៊ុក នៅថ្ងៃ ពុធទី ៣១ខែសីហា ដោយក្នុងនោះក៏មាន ពលរដ្ឋមួយចំនួន បានអះអាងថាពិតជាមានពលរដ្ឋ វៀតណាមជួលដីធ្វើស្រែពីកសិករខ្មែរ ហើយយកកម្មករខ្មែរជាអ្នកចាំដី ទៀតផង។
អ្នកតំណាងរាស្ដ្រមកពីគណបក្សប្រឆាំង ធំជាងគេនេះក៏បានអះអាងថា លោកនឹងនាំដំណឹងនេះទៅជម្រាប រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃដើម្បី មានវិធានការជាក់ស្ដែង។
លោក គង់ សភា៖«ខ្ញុំបានសរសេរលិខិតហ្នឹងទៅឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃហើយ ហើយសុំឲ្យឧបនាយករដ្ឋមន្ដ្រី រកឲ្យឃើញនូវម្ចាស់ដីដែលជួលដី ឲ្យយួនពិតប្រាកដ ថាតើដីហ្នឹងជារបស់អ្នកណា»។
តាមរយៈវីដេអូខ្លីនេះក៏មាន កសិករខ្មែររស់នៅតាមព្រំដែនបានអះអាងថា ពិតជាមានពលរដ្ឋវៀតណាមមកជួលដីខ្មែរពិតមែន ក៏ប៉ុន្ដែពួកគេបានយកឈ្មោះពលរដ្ឋខ្មែរ ទៅដាក់ដើម្បីកុំឲ្យមានការចាត់វិធានការលើពួកគេ។
ពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋជាច្រើនដែលបានថ្លែង ក្នុងវីដេអូខ្លីនេះបាននិយាយថា កាលពីមុនគឺពលរដ្ឋវៀតណាម ចូលមកក្នុងទឹកដីខ្មែរ ហើយដើរបាញ់ថ្នាំស្មៅ ដោយអះអាងថាពលរដ្ឋខ្មែរបានជួលដីឲ្យពួកគេ។ លុះក្រោយពេលមានការតវ៉ាច្រើនពីពលរដ្ឋខ្មែរ ទើបមានអ្នកតំណាងម្នាក់ ជាខ្មែរមកនិយាយថាដីទាំងនោះជាដីរបស់គេ មិនបានជួលឲ្យពលរដ្ឋវៀតណាមទេ។
សំលេងពលរដ្ឋ៖«កាលពីមុនយួនអ្នកចូលបាញ់ហ្នឹង ខ្ញុំសួរថាអ្នកណាជួលដីឲ្យ វាថាខ្មែរ សួរថាឈ្មោះអីវាអត់ប្រាប់ទេវាក្រវីក្បាលសុទ្ធហ្មង ហើយក្រោយមកដល់ពួកខ្ញុំតវ៉ាច្រើនទៅ បានមានខ្មែរចេញមកអះអាងថាគាត់ជាអ្នក ធ្វើពិតប្រាកដ ប៉ុន្ដែធាតុពិតគឺយួនអ្នកធ្វើទេ»។
ត្រង់ប្រការនេះពលរដ្ឋម្នាក់ទៀតបានអះអាងថា ការជួលដីឲ្យពលរដ្ឋវៀតណាមគឺមានផលប៉ះពាល់ជាច្រើន គឺក្នុងនោះគេតែងតែបាញ់ថ្នាំស្មៅដែលមានលាយជាតិពុល ដែលអាចធ្វើឲ្យសត្វគោ ក្របីដែលស៊ីស្មៅនោះ និងបង្កឲ្យសត្វងាប់បាន។
សំឡេងពលរដ្ឋ៖ «ផលប៉ះពាល់ ទី១វាបាញ់ថ្នាំស្មៅ លាយថ្នាំ ហេវ៉ាង អីដែលយើងអត់ដឹង ហើយគោក្របីស៊ីទៅអាចហើមពោះបើស៊ីយូរ ក្នុងមួយថ្ងៃយើងអត់ដឹងអាចងាប់»។
ក្រៅពីនេះពលរដ្ឋដដែលបញ្ជាក់ថា លោកមានការព្រួយបារម្ភដល់អនាគតកូនចៅជំនាន់ក្រោយ ថាអាចនឹងត្រូវបាត់បង់ដីធ្លីព្រោះពលរដ្ឋវៀតណាម ដែលជួលដីយូៗទៅ អាចកេងបន្លំយកដីនោះជាកម្មសិទ្ធិរបស់ពួកគេ។
សំឡេងពលរដ្ឋ៖ «ព្រួយៗបារម្ភថា ខ្លាចដល់ជំនាន់ក្រោយកូនចៅខ្ញុំមិនដឹង ឃើញតែយួនធ្វើ យួនធ្វើ ហើយយួនវាថាដីវា តើកូនចៅជំនាន់ក្រោយធ្វើម៉េចដឹង បើខ្មែរធ្វើអញ្ចឹង ហើយឥឡូវខ្ញុំសូមឯកឧត្ដម ខាងលើជួយរកឲ្យឃើញអ្នកដែលឈរហ្នឹងថា ដីអ្នកហ្នឹងគ្រប់១០០ហិចតាដែរ ដែលគេអះអាងថា ដីគេមែន»។
ថ្លែងឆ្លើយតបនិងបញ្ហានេះលោក ម៉ែន វិបុល អភិបាលខេត្ដស្វាយរៀង បានផ្ដល់បទសម្ភាសន៍ខ្លីមួយ មកកាន់វិទ្យុស្ដ្រីFM102 នៅថ្ងៃទី ៣១ ខែ សីហា ថា លោកបានបញ្ជាឲ្យគណៈកម្មការ ក៏ដូចជាម្ចាស់ដីដែលត្រូវទទួលរងកាចោទប្រកាន់នោះទៅជួបដោះស្រាយគ្នា ដោយផ្ទាល់។
លោក ម៉ែន វិបុល បញ្ជាក់ថា ការថ្លែងរបស់លោក គង់ សភា និងក្រុមការងារ របស់លោក សភា គឺជាការបំប៉ោងការពិតដែលមិនឆ្លុះបញ្ចាំង ពីស្ថានភាពពិត នៅតាមព្រំដែននោះទេ។
លោក ម៉ែន វិបុល៖«ខ្ញុំដូចជាឆ្ងល់ដែរ តែឥឡូវហ្នឹងគឺត្រូវទៅមើលមួយសារទៀត នាំទាំងម្ចាស់ដី និងសមាជិកគាត់ដែលចង្អុលពីរបីនាក់ហ្នឹង ទៅចង្អុលឲ្យច្បាស់ថា ម្ដុំណាហើយរបៀបម៉េច ព្រោះយើងមានខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ណាស់ព្រោះឥឡូវនេះសូម្បីគ្រឿងចក្រ ក៏ខ្ញុំមិនឲ្យយកចូលដែរ»។
ទាក់ទិនការអះអាងមិនស្របគ្នារវាងពលរដ្ឋ និងមន្ដ្រីអាជ្ញាធរនេះដែរ អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី បង្ហាញការយល់ឃើញថា ជាធម្មតាអាជ្ញាធរតែងតែ ឆ្លើយរាល់សំនួរទាំងអស់ដើម្បីយករួចខ្លួន ព្រោះតែសារាចរ របស់ក្រសួងមហាផ្ទៃបានចេញរួចហើយ ជុំវិញការហាមប្រាមមិនឲ្យពលរដ្ឋវៀតណាម ជួលដីកសិករខ្មែរ បន្ដទៀត។
បណ្ឌិតសិក្សាការអភិវឌ្ឍសង្គមរូបនេះ ផ្ដល់យោបល់ថា រាជរដ្ឋាភិបាលគួរដាក់ចេញនៅយុទ្ធសាស្ដ្រ ឲ្យបានច្បាស់លាស់ ក្រោយពេលដែលខ្លួន សម្រេចបញ្ឈប់ការជួលដីឲ្យទៅពលរដ្ឋវៀតណាម។
លោក មាស នី៖ «ខ្ញុំគិតថាអាជ្ញាធរក៏ត្រូវការពារខ្លួនគាត់ដែរ ដោយសារតែសេចក្ដីអំពាវនាវ ឬក៏ ស.ជ.ណ របស់រាជរដ្ឋាភិបាលបានចេញ អញ្ចឹងប្រសិនជាគាត់ទទួលស្គាល់ថា នៅមានជួលដីគឺបានន័យថាគាត់អ្នកខុស អញ្ចឹងទាំងគេទាំងខ្ញុំត្រូវតែថ្លែងដើម្បីការពារខ្លួនបាទ នេះជារឿងធម្មតាទេយើងមិនចាំបាច់ឆ្ងល់ទេ នៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់អ្នកក្រោមលាក់ អ្នកលើ អ្នកលើ ចេះតែជឿ អ្នកក្រោមរហូតធ្លាក់ទឹកទាំងអស់គ្នា»។
សូមជម្រាបថា ក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៥ បានចេញសារាចរ ណែនាំមួយដោយតម្រូវ ឲ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ ដែលជាប់ព្រំដែន មន្ទីរ និងអង្គភាពជំនាញ ដែលជាប់ព្រំដែនទាំងអស់ ឲ្យបញ្ឈប់សកម្មភាពជួលដី នៅតាមព្រំដែនទៅឲ្យប្រជាពលរដ្ឋ នៃប្រទេស ជាប់ព្រំដែនទាំងអស់នេះរួមមានប្រទេស វៀតណាម ថៃ និងឡាវ។
ស្របពេលនេះសម្ដេចនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកដាស់តឿន ពលរដ្ឋខ្មែរ ដែលរស់នៅតាមបណ្ដោយព្រំដែនវៀតណាម ឲ្យបញ្ឈប់ការជួលដី ហើយពេលនោះសម្ដេច ក៏បានបញ្ជាឲ្យ អាជ្ញាធរដែនដី ទាំងអស់ពិនិត្យករណីនេះឡើងវិញទៀតផង៕