en     km
en     km

ប្រធានាធិបតី​ហ្វី​លី​ពី​ន​៖​ លោក​ អូ​បា​ម៉ា​ ត្រូវ​តែ​ស្តាប់​ខ្ញុំ​ជា​មុន​សិន​ មុន​ជជែក​គ្នា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​

Share

​ម៉ានីល​៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ ទី​៣១​ សីហា​នេះ​ថា​ លោក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​មួយ​ជា​លោក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ នៅ​ពេល​ពួក​គេ​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​ឡាវ​ស​ប្តា​ហ៍​ក្រោយ​នេះ​ ប៉ុន្តែ​លោក​បន្ថែម​ថា​ លោក​ប្រធានា ធិបតី​សហរដ្ឋអាមេរិក​ត្រូវ​តែ​ស្តា​ប់លោក​ជា​មុន​សិន​ មុន​នឹង​អូ​បា​ម៉ា​ចោទសួរ​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​នោះ​។​

៖ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។រូបភាពReuters
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte។រូបភាពReuters

​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ី​ន​តោន​ សម្តែង​ការ​ព្រួយបារម្ភ​អំពី​ការ​កើនឡើង​នៃ​ការ​សម្លាប់​មនុស្ស​ ដែល​មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចាប់តាំងពី​លោក​ Duterte​ បាន​ឡើង​មក​កាន់​អំណាច​ជា​ប្រធានាធិបតី​ ជាង​ពីរ​ខែ​កន្លង​មកនេះ​។​ អ្វី​ដែល​ជា​ការ​ព្រួយបារម្ភ​នោះ​ ព្រោះ​លោក​ Rodrigo​ Duterte​ បាន​សន្យា​នៅ​ពេល​ស្បថ​ចូល​កាន់​តំណែង​ថា​ លោក​នឹង​បោសសំអាត​បញ្ហា​គ្រឿងញៀន​ចេញពី​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​ ហើយ​លោក​ Duterte​ ក៏​បាន​ព្រមាន​ដល់​ពួក​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ទាំងអស់​ថា​ ពួក​គេ​នឹង​ប្រថុយ​និង​ការ​ស្លាប់​ ប្រសិនបើ​ពួក​គេ​មិន​បាន​កែប្រែ​ទេ​នោះ​។​

​បន្ទាប់​ពី​ការ​សន្យា​ លោក​ Duterte​ បាន​បញ្ចេញ​កណ្ដាប់ដៃ​ដែក​របស់​ខ្លួន​ក្នុង​យុទ្ធនាការ​បោសសំអាត​គ្រឿងញៀន​ ដែល​រហូត​មក​ទល់​ពេល​នេះ​ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​គ្រឿងញៀន​ប្រមាណ​ ២​ពាក់​ ហើយ​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។​

កាលពី​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ អ្នក​សារព័ត៌​មានបាន​សួរ​លោក​ Duterte​ ថា​ តើ​លោក​នឹង​មាន​ឆន្ទៈ​ក្នុង​ការ​ពិភាក្សា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយនឹង​លោក​ អូ​បា​ម៉ា​ នៅ​ក្រៅ​កិច្ចប្រជុំ​កំពូល​អាស៊ី​ខាងកើត​ដែរ​រឺទេ​?​ លោក​ Duterte​ ឆ្លើយ​តប​ថា​៖​ «​វា​គឺ​អាស្រ័យ​ទៅ​នឹង​អ្វី​ដែល​យើង​បាន​ព្រមព្រៀង​»​។​

​ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Duterte​ និយាយ​ថា​៖«​ពួក​គេ​ត្រូវ​តែ​យល់​ពី​បុព្វហេតុ​នៃ​បញ្ហា​ជាដំបូង​សិន​ មុន​ពេល​ដែល​យើង​ជជែក​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​។​ ខ្ញុំ​នឹង​ទទូច​ឱ្យ​ស្ដាប់​ខ្ញុំ​សិន​ នេះ​គឺជា​អ្វី​ដែល​ជា​បញ្ហា​ ដែល​យើង​អាច​ជជែក​គ្នា​បាន​»​

រូបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលត្រូវបានប៉ូលិសបាញ់សម្លាប់។រូបភាពពីCNA
រូបជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនដែលត្រូវបានប៉ូលិសបាញ់សម្លាប់។រូបភាពពីReuters

គេ​នៅ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​ តើ​លោក​ Rodrigo​ Duterte​ នឹង​យក​អ្វី​ទៅ​ជជែក​ការពារ​ខ្លួន​ពី​បញ្ហា​សិទ្ធិ​មនុស្ស​នេះ​ ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ពោល​គឺ​ការ​បាញ់​សម្លាប់​មនុស្ស​ដែល​ជាប់​ទាក់ទិន​នឹង​គ្រឿងញៀន​នា​ពេល​កន្លង​មក​ ស្រប​ពេល​ដែល​អង្គការសហប្រជាជាតិ​ បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​ក្រុង​ ម៉ានីល​ បញ្ឈប់​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​ការ​សម្លាប់​ជនសង្ស័យ​គ្រឿងញៀន​ផ្សេង​ទៀត​។​

​យ៉ាងណា​ក្តី​ ប្រធានាធិបតី​ហ្វ៊ី​លី​ពី​ន​លោក​ Duterte​ បញ្ជាក់​កាលពី​ពេល​ថ្មីៗ​នេះ​ថា​ យុទ្ធនាការ​បង្ហូរឈាម​ប្រឆាំង​នឹង​គ្រឿងញៀន​របស់​លោក​ ដែល​សម្លាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជាង​ ២​ពាន់​នាក់​កន្លង​មកនេះ​ គឺ​មិន​មាន​ជាប់​ទាក់ទិន​នឹង​អំពើ​ប្រល័យពូជសាសន៍​នោះ​ទេ​ ហើយ​លោក​ថា​ លោក​ត្រៀមខ្លួន​រួច​ជា​ស្រេច​ ដើម្បី​ចូល​ទៅ​កាន់​ពន្ធនាគារ​ ប្រ​សិន​មាន​អ្នក​ដាក់​ពាក្យ​ប្តឹង​លោក​លើ​ករណី​ប្រល័យពូជសាសន៍​នេះ​។​

លោក​ Rodrigo​ Duterte​ ក៏​ធ្លាប់​ព្រមាន​ដើរ​ចេញពី​អង្គការ​សហ​ប្រជា​តិ​ផង​ដែរ​ បន្ទាប់​ពី​អង្គការ​មួយ​នេះ​ បាន​រិះគន់​សង្គ្រាម​គ្រឿងញៀន​របស់​លោក​ ដែល​មិន​បាន​អនុលោម​តាម​ច្បាប់​អន្តរជាតិ​។​ ហើយ​ប្រធានាធិបតី​ហ្វី​លី​ពី​នរូ​ប​នេះ​ ក៏​ធ្លាប់​បាន​បោះសម្តី​ថា​ លោក​នឹង​សួរ​ទៅ​ប្រទេស​ចិន​ និង​ប្រទេស​នៃ​ទ្វីបអាហ្វ្រិក​មួយ​ចំនួន​ដើម្បី​បង្កើត​អង្គការ​មួយ​ផ្សេង​ទៀត​៕ប្រភព៖CNA​

Share

Image
Image
Image