en     km
en     km

មន្ត្រី​ក្រសួងទេសចរណ៍​៖​ ឆ្នាំ​២០២០​ កម្ពុជា​អាច​នឹង​ទទួលភ្ញៀវ​ទេសចរណ៍​បរទេស​ ៧​លាន​នាក់ (មានសំឡេង)​

Share

​នៅ​ក្នុង​ឆ្នាំ​ ២០១៥​ ប្រទេស​កម្ពុជា​ទទួលភ្ញៀវ​ទេសចរណ៍​បរទេស​ប្រមាណ​ជាង​ ៤​លាន​នាក់​ ដោយ​កើន​ទ្បើ​ង​ ៦,១​ ភាគរយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​។​

angkor1​កំណើន​ភ្ញៀវ​ទេសចរណ៍​នេះ​បាន​នាំ​ចំណូល​ចូលជាតិ​ប្រមាណ​ ៣០១២​ លាន​ដុល្លារ​ អា​មេ​រិ​ក​ ដែល​គេ​បាន​ចាត់​ចំណូល​នេះ​ចូល​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ​។​ តាម​រយៈ​នេះ​ដែរ​គេ​រំពឹង​ថា​នៅ​ក្នុង​ឆ្នាំ​ ២០២០​ ប្រទេស​កម្ពុជា​អាច​នឹង​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ ប្រមាណ​ជា​ ៧​លាន​នាក់​បន្ថែម​ ទៀត​។​

​នេះ​ជា​ការ​លើក​ទ្បើ​ង​របស់​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ លោក​ ហោ​ សា​រុន​ ដែល​ថ្លែង​នៅ​ក្នុង​កម្មវិធី​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ការ​អនុវត្ត​បរិស្ថាន​គ្មាន​ផ្សែង​បារី​ ដល់​មន្ត្រី​អធិការកិច្ច​ទេសចរណ៍​កាលពី​ថ្ងៃ​ទី​២៣​សីហា​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​ ព័ត៌មាន​នេះ​៖

 

​វិស័យ​ទេសចរណ៍​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វិស័យ​នេះ​ បាន​នាំ​ចំណូល​ចូល​ក្នុង​សេដ្ឋកិច្ចជាតិ​ ហើយ​ជា​ពិសេស​បាន​បង្កើត​ឱកាស​ការងារ​ ជូន​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​ផង​ដែរ​។​

​អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​ លោក​ ហោ​ សា​រុន​ បាន​ថ្លែង​ថា​ វិស័យ​ទេសចរណ៍​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​វិស័យ​សេដ្ឋកិច្ចជាតិ​ ជា​ពិសេស​កំណើន​វិស័យ​ទេសចរណ៍​បាន​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ រាប់​ម៉ឺន​នាក់​ទៀត​ផង​។​

​លោក​ ហោ​ សា​រុន​ បន្ត​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៥​ កម្ពុជា​ទទួល​បាន​ទេសចរណ៍​អន្តរជាតិ​ជាង​ ៤​ លាន​នាក់​ ដោយ​មានការ​កើន​ទ្បើ​ង​ចំណូល​ ៦,១​ ភាគរយ​បើ​ធៀប​កាលពី​ឆ្នាំ​២០១៤​។​

​លោក​បន្ត​ថា​ ចំពោះ​ភ្ញៀវ​ទេសចរណ៍​បរទេស​ដែល​មក​ប្រទេស​កម្ពុជា​នេះ​ដែរ​ បាន​នាំ​ចំណូល​ចូល​សេដ្ឋកិច្ចជាតិ​កម្ពុជា​ប្រមាណ​ជា​ ៣,០១២​ លាន​ដុល្លារ​ ដែល​ស្មើនឹង​ ១៣​ ភាគរយ​ នៃ​ផលិតផល​សរុប​ក្នុងស្រុក​ (GDP)​ ហើយ​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​ ៦២​ ម៉ឺន​នាក់​ នឹង​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់​ថៀ​ម​ទៀត​។​

​លោក​ ហោ​ សា​រុន​ គូសបញ្ជាក់​ដែរ​ថា​ តាម​រយៈ​ការ​កើន​ទ្បើ​ង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ចូល​មក​កម្ពុជា​មានការ​កើន​ទ្បើ​ង​ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​នេះ​ដែរ​ នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ​កម្ពុជា​ នឹង​អាច​ទទួល​ទេសចរណ៍​អន្តរជាតិ​ប្រមាណ​ជា​ ៧​ លាន​នាក់​បន្ថែម​ទៀត​ ត្រង់​ចំនុច​នេះ​លោ​កថា​បញ្ហា​សុខភាព​ ភ្ញៀវ​ទេសចរណ៍​ អន្តរជាតិ​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ផង​ដែរ​។​

​លោក​ ហោ​ សា​រុន​៖​ «​ឆ្នាំ​២០២០​ កម្ពុជា​នឹង​អាច​ទទួល​ទេសចរណ៍​អន្តរជាតិ​ ប្រមាណ​ ៧​ លាន​ នាក់​ជាមួយនឹង​ចំណូល​សរុប​ប្រមាណ​ ៥​ពាន់​លាន​ដុល្លារ​ នឹង​បង្កើន​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​ជិត​ ១​លាន​នាក់​ បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​ និង​សុខភាព​របស់​ភ្ញៀវ​ទេសចរណ៍​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្ពស់​ដែល​ក្នុង​នោះ​បរិស្ថាន​ គ្មាន​ផ្សេង​បារី​ជា​បរិបទ​មួយ​ដែល​ពិភពលោក​ក៍​ដូច​ជា​តំបន់​បាន​នឹង​កំពុង​ យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​ដែល​អាច​ប៉ះពាល់​ ដល់​បរិស្ថាន​នឹង​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូ​ទាំង​ពិភពលោក​»​។​

​ជុំវិញ​បញ្ហា​នេះ​ដែរ​ អនុប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ ចំណីអាហារ​ និង​សេវាកម្ម​កម្ពុជា​ អ្នកស្រី​ អ៊ូ​ ទេព​ផ​ល្លី​ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ អ្នកស្រី​សាទរ​ចំពោះ​ការ​កើន​ទ្បើ​ង​នៃ​កំណើន​ភ្ញៀវ​ទេសចរណ៍​បរទេស​ ក៏​ដូច​ជា​កំណើន​ថវិកា​ចូល​ សេដ្ឋកិច្ចជាតិ​។​

​ទន្ទឹម​នឹង​ការ​សាទរ​នេះ​ដែរ​ អ្នកស្រី​ ទេព​ផ្លី​ន​ ថា​រាជរដ្ឋាភិបាល​ត្រូវ​បង្កើន​ឱកាស​ការងារ​បន្ថែម​ទៀត​ទៅ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​ពិសេស​ត្រូវ​គិតគូរ​ កត្តា​សុខភាព​ប្រជាពលរដ្ឋ​កម្ពុជា​ និង​សុខភាព​ភ្ញៀវ​ទេសចរណ៍​បរទេស​។​

​អ្នកស្រី​ អ៊ូ​ ទេព​ផ​ល្លី​ន​ បន្ថែម​ទៀត​ថា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​ឱ្យ​ចូល​មក​កម្ពុជា​ឱ្យ​កាន់តែ​ច្រើន​ថែម​ទៀត​នោះ​ រាជរដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​កត្តា​មួយ​ចំនួន​ដូច​ជា​៖​ «​ទី​០១​គឺ​ការ​លើក​ទ្បើ​ង​ទៅ​លើ​កត្តា​សុខភាព​ខ្ញុំ​គាំទ្រ​ ហើយ​ខ្ញុំ​សាទរ​ពីព្រោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​មែន​ ដោយសារ​តែ​ កត្តាសេដ្ឋកិច្ច​កើន​ទ្បើ​ង​ កត្តា​ភ្ញៀវ​ទេសចរណ៍​កើន​ទ្បើ​ង​យើង​ការពារ​តែ​ភ្ញៀវ​ទេសចរណ៍​ ចុះ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ដែល​រស់នៅ​ក្នុង​ប្រទេស​រាល់ថ្ងៃ​ហ្នឹង​ កត្តា​សុខភាព​ហ្នឹង​គឺជា​រឿង​ចាំបាច់​ ទី​០២​ កត្តា​អនាម័យ​ កត្តា​អនាម័យ​យើង​មើលឃើញ​តាំងពី​ការ​បង្កើន​បោះចោល​សំរាម​ ហើយ​បង្រៀន​ប្រជាពលរដ្ឋ​របស់​យើង​ធ្វើ​ម៉េច​ឱ្យ​គាត់​យល់​ដឹង​អំពី​បង្កើន​នូវ​អនាម័យ​ មួយទៀត​ដែរ​គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ហើយ​មួយទៀត​ក៏​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​សន្តិសុខ​ និង​សណ្តាប់ធ្នាប់​ធ្វើ​ម៉េច​យន្តការ​របស់​រដ្ឋ​ហ្នឹង​ធានា​ថា​ភ្ញៀវ​ទេសចរណ៍​មក​ឃើញ​ប្រទេស​យើង​ស្អាតស្អំ​»​។​

​យោង​តាម​របាយការណ៍​ អង្គការ​ទេសចរណ៍​ពិភពលោក​ នៅ​ឆ្នាំ​ ២០១៥​ ពិភពលោក​ទទួល​បាន​ទេសចរណ៍​បរទេស​ចំនួន​ ១,២០០​ លាន​នាក់​ ដែល​កើន​ទ្បើ​ង​ ៤,​ ៤​ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។

​តាម​ការ​ព្យាករណ៍​នៅ​ឆ្នាំ​ ២០៣០​ ពិភពលោក​នឹង​ទទួល​ទេសចរណ៍​បរទេស​ ប្រមាណ​ ១,៨០០​លាន​នាក់​ ដែល​គិត​ជា​មធ្យម​ក្នុង​ ១​ថ្ងៃ​ មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​ ៥​លាន​នាក់​ដែល​ឆ្លងកាត់​ព្រំដែន​។​

​ចំណែក​ តំបន់​ទេសចរណ៍​ប្រទេស​កម្ពុជា​  ដែល​ជនបរទេស​ ទៅ​លេង​ច្រើន​ជាងគេ​ មាន​ខេត្តសៀមរាប​ នៃ​តំបន់​ អង្គរ​ ខេត្ត​ព្រះ​ សីហ​នុ​ ខេត្ត​កែប​ និង​ រាជធានី​ភ្នំពេញ​៕​

Share

Image
Image
Image