ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ ថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងដោយងាយបំផុត នៅពេលដែលអ្នកបើកបរធ្វេសប្រ ហែស និងមើលស្រាលវា។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មានថ្លែងបែបនេះ នៅក្នុងវេទិកានិពន្ធនាយកសារព័ត៌មាន ស្ដីពី «ការបន្ដរួមគ្នាជំរុញការពាក់មួកសុត្ថិភាព សម្រាប់អ្នករួមដំណើរតាមទោចក្រយានយន្ដ ព្រមទាំងកុមារនៅកម្ពុជា» នៅថ្ងៃអង្គារ៍ ទី២៣ ខែសីហា ឆ្នាំ២០១៦ នេះ ។
ក្នុងវេទិការដែលមានអ្នកសារព័ត៌មាន និងនិពន្ធនាយកចូលរួមប្រមាណជា៤០នាក់ នៅឯសណ្ឋាគារកាំប៊ូឌីយ៉ាណា ថ្ងៃនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានថ្លែងបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលអាចកើតមានឡើង ដោយងាយបំផុតគឺនៅពេលដែលទាំងអស់គ្នាតែងតែគិតថា មិនអី ប៉ុន្ដែ គ្រោះថ្នាក់ចរាចរណ៍អាចកើតមានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបានដោយចៃដន្យ។ លោក ខៀវ កាញារីទ្ធ៖«ឥលូវនេះស្ទើរតែគ្រប់គ្នាបានយល់ អំពីផលប្រយោជន៍នៃការពាក់មួកសុវត្ថិភាព ហើយភាគច្រើននៅសល់តិចតួច ដោយសារប្រជាជនយើងគាត់យល់ថា ធ្វើដំណើរខ្លី ទៅនេះតែមួយភ្លែត មួយភ្លែត ប៉ុន្ដែគាត់ភ្លេចថាគ្រោះថ្នាក់វាកើតឡើងដោយមិនបានព្រាងទុក»។
ចំនុចនេះលោក ខៀវ កាញារីទ្ធ បានជម្រុញឱ្យអ្នកសារព័ត៌មាន សរសេររឿងពាក់មួកសុវត្ថិភាពឱ្យបានច្រើន ដោយបញ្ចូលលក្ខណៈវិទ្យាសាស្ដ្រអមជាមួយ នៅពេលសរសេរអត្តបទ ឬ ផលិតរឿងខ្លី និងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ របស់វិទ្យុ ទូរទស្សន៍ ឬនៅលើគេហទំព័ររបស់ស្ថាប័នខ្លួន ដើម្បីឱ្យប្រជាពលរដ្ឋទទួលព័ត៌មានឱ្យបានទូលំទូលាយ ក្នុងរឿងនេះ។ លោក ខៀវ កាញរីទ្ធ ថា ៖«ពីព្រោះ បើយើងគ្រាន់តែនិយាយធម្មតា គាត់អត់យល់អស់ទេ បើយើងពន្យល់ថាកាលណាវាដួលទៅវាទម្ងន់ប៉ុណ្ណា ប្លែកទៅប៉ុណ្ណា បើគាត់យល់ថាអាហ្នឹងវាគ្រោះថ្នាក់ …»។
លោក ខៀវ កាញរីទ្ធ លើកឡើងបែបនេះ ស្របពេលដែរលោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ី AIP បានរកឃើញថា នៅកម្ពុជាក្នុងមួយឆ្នាំៗ មានមនុស្សប្រមាណជាង ២ពាន់នាក់បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រោះថ្នាក់ចរាចរណ៍ និងជាច្រើនពាន់នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ស្រាល ហើយនៅក្នុងនោះភាគច្រើនបំផុតនៃជនរងគ្រោះ គឺជាអ្នកធ្វើដំណើរតាមទោចក្រយានយន្ដតែងទទួលរងប៉ះទង្គិចក្បាល។ លោក គឹម បញ្ញា ៖« ហើយទន្ទឹមនឹងហ្នឹង ភាគច្រើនបំផុត នៃជនរងគ្រោះ គឺជាអ្នកធ្វើដំណើរតាមទោចក្រយានយន្ដ ដែលយើងហៅសាមញ្ញ គឺ ម៉ូតូហ្នឹងតែម្ដង ហើយទទួលរងនៃការប៉ះទង្គិចក្បាល ។ ទន្ទឹមនឹងហ្នឹង គ្រោះថ្នាក់ចរាចរណ៍នេះ បានបង្ករឱ្យមានការខាតបង់ថវិការអស់រាប់រយលានដុល្លារសហរដ្ឋអាមេរិក ។ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយៗឆ្នាំ គឺ មានចំនួនប្រមាណ៣០ដង ច្រើនជាងអ្នកស្លាប់ដោយសារជម្ងឺគ្រុនឈាម ជម្ងឺគ្រុនចាញ់ គ្រាប់មីន បីប្រភេទនេះបូកបញ្ចូលគ្នា»។
នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីរូបនេះ បានលើកឡើងបន្ដថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍វាគួរឲ្យព្រួយបាម្ភ ប៉ុន្ដែទោះជាយ៉ាងណាក្ដី ការស្លាប់ និងករណីរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍គឺជាបញ្ហាគួរឲ្យព្រួយបារម្ភមួយសម្រាប់សង្គមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជានោះ មួយភាគធំ គឺអាចការពារបានប្រសិន បើទាំងអស់គ្នាមានវិធានការសមស្រប និងការពាក់មួកសុវត្ថិភាពបានត្រឹមត្រូវ។ លោក គឹម បញ្ញា៖«បើតាមការសិក្សាស្រាវជ្រាវរបស់អង្គការអន្ដរជាតិមួយ សហការជាមួយនិងវិទ្យាស្ថានដែលគាត់មានមូលដ្ឋាននៅបរទេស គាត់រកឃើញថា ប្រសិនបើយើងមានវិធានការសមស្រប តាមរយៈការចាត់ជាសកម្មភាពក្នុងការអប់រំផ្សព្វផ្សាយ ការអនុវត្តច្បាប់ ការកែសម្រួលរចនាសម្ព័ន្ធ យើងគិតថាក្នុងរយៈពីពេល១០ឆ្នាំ ២០១១ ដល់២០២០ វាអាចសង្គ្រោះជីវិតមនុស្ស បានរហូតទៅដល់ ៧៣៥០នាក់យ៉ាងហោចណាស់ …»។
របាយការណ៍របស់អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈលោក ទី ឡុង បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ គិតត្រឹមរយៈពេល ៦ខែ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍សរុបមានចំនួន ១៩០០លើក ក្នុងនោះគ្រោះថ្នាក់ដែលបង្កឡើងដោយម៉ូតូ មានចំនួនសរុប ១៦១២នាក់ មានអ្នកស្លាប់ចំនួន ៦៥៩នាក់ និងអ្នករួមដំណើរមានចំនួន ១៩៤នាក់។ ដោយឡែក អ្នករងរបួសដោយសារគ្រោះថ្នាក់បង្កឡើងដោយម៉ូតូ មានចំនួនសរុប ៩៥៣នាក់ និងអ្នករួមដំណើរ ៥៧៣នាក់ ក្នុងនោះអ្នកពាក់មួកសុវត្ថិភាពចំនួន ២១៣នាក់ និងអ្នកដែលមិនបានពាក់មួកសុវត្ថិភាពមានចំនួន ៧៤០នាក់។
សូមជម្រាបដែរថា វេទិការស្ដីពីនិពន្ធនាយក រួមគ្នាជម្រុញការពាក់មួកសុវត្ថិភាព ដែលរៀបចំឡើងដោយអង្គការមូលនិធិបង្ការរបួសអាស៊ី AIP សហការជាមួយ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃនេះ មានគោលបំណងបង្ហាញពីសមទ្ធិផល និងបទពិសោធន៍នៃការផ្សព្វផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងការតាំងចិត្តរបស់និពន្ធនាយកសារព័ត៌មាន ក្នុងការបន្ដផ្សព្វផ្សាយទាក់ទងសុវត្ថិភាពចរាចរណ៍ សំខាន់ការជម្រុញការពាក់មួកសុវត្ថិភាពក្នុងចំណោមអ្នករួមដំណើរតាមម៉ូតូ ព្រមទាំងកុមារ បន្ទាប់ពីការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅកម្ពុជា៕