en     km
en     km

ជា​ថ្មី​ម្ដងទៀត​ កម្ពុជា​ស្នើ​ឱ្យ​វៀតណាម​បញ្ឈប់​ការ​រំលោភ​បំពាន​ព្រំដែន​កម្ពុជា​

Share

ភ្នំពេញ៖ ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចេញ​កំណត់​ទូត​តវ៉ា​ប្រទេស​ វៀតណាម​ ដែល​ប្រទេស​ជិតខាង​នេះ​រំលោភ​ព្រំដែន​កម្ពុជា​។​

ប្រជាពលរដ្ឋខ្មែរបានប៉ះទង្កិចគ្នាជាមួយវៀតណាម នាពេលកន្លងមក។
ប្រជាពលរដ្ឋខ្មែរបានប៉ះទង្កិចគ្នាជាមួយវៀតណាម នាពេលកន្លងមក។

​នេះ​បើ​យោង​តាម​កំណត់​ទូត​របស់​ក្រសួងការបរទេស​ ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​ ១៨​ ខែសីហា​ ឆ្នាំ​២០១៦​ម្សិលមិញ​។​ ករណី​នេះ​ អ្នកវិភាគ​ បញ្ហា​សង្គម​ ថា​ លើក​ទី​១​ វៀតណាម​ មិន​ ឆ្លើយ​តប​ ហើយ​ ឥឡូវ​លើក​ទី​២​ ទៀត​។​ លោក​ថា​ ជា​រឿង​ ត្រូវ​ចង​ចាំ​បន្ត​ទៀត​តែ​លោក​ យល់​ថា​ ជា​គុណវិបត្តិ​ដែល​ អ្នកនយោបាយ​បែកបាក់​គ្នា​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​បន្ត​៖

​កំណត់​ទូត​របស់​ក្រសួងការបរទេស​កម្ពុជា​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​សីហា​ ដោយ​ស្នើ​ឱ្យ​ប្រទេស​វៀតណាម​បញ្ឈប់​សកម្មភាព​នានា​ដែល​បាន​រំលោភ​បំពាន​មក​លើ​ព្រំដែន​កម្ពុជា​។​

​កំណត់​ទូត​បញ្ជាក់​ថា​ការ​ សង់​ប៉ុស្តិ៍​រដ្ឋបាល​ ការ​ជីក​ស្រះ​ និង​សាងសង់​ផ្លូវ​ជាដើម​ដោយ​ត្រូវ​រង់ចាំ​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​បញ្ចប់​ការ​ខណ្ឌសីមា​ជា​ស្ថាពរ​នៅ​តំបន់​ពាក់ព័ន្ធ​ទាំងនោះ​។​

​យោង​តាម​កំណត់​ទូត​នេះ​ គឺ​ ក្រសួងការបរទេស​កម្ពុជា​បាន​ស្នើ​ឱ្យ​ប្រទេស​វៀតណាម​ បញ្ឈប់​សកម្មភាព​នានា​ និង​ការ​រំលោភ​បំពាន​មក​លើ​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​ ខេត្តមណ្ឌលគិរី​ ខេត្តរតនគិរី​ ខេត្តស្វាយរៀង​ ខេត្តកណ្តាល​ជាដើម​ រហូត​ដល់​គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ បញ្ចប់​ខណ្ឌសីមា​ជា​ស្ថាពរ​នៅ​តំបន់​ទាំងនេះ​។​

​ស្រប​តាម​ស្មារតី​ខ្លឹមសារ​នៃ​កំណត់​ទូត​ខាងលើ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជា​ថ្មី​ម្តងទៀត​ សូម​ឱ្យ​បញ្ឈប់​សកម្មភាព​សាងសង់​ទាំងអស់​ជា​បន្ទាន់​ និង​ធ្វើ​ឱ្យ​ស្ថានភាព​បរិស្ថាន​នៅ​តំបន់​ដែល​រំលោភ​បំពាន​ទាំងនោះ​ឱ្យ​មាន​សភាព​ដូច​ដើម​វិញ​ ព្រមទាំង​ចាត់វិធានការ​រារាំង​កុំឱ្យ​ពលរដ្ឋ​វៀតណាម​ ចូល​មក​ដាំ​ដុះ​ ឬ​ធ្វើ​សកម្មភាព​នៅ​តំបន់​ព្រំដែន​ ទាំង​ទ្បា​យ​ណា​ដែល​មិន​ទាន់​បញ្ចប់​ការ​ខណ្ឌសីមា​ និង​បោះបង្គោល​ព្រំដែន​។​

​ចំណែក​អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​បណ្ឌិត​ មាស​ នី​ បាន​ផ្តល់​បទ​សម្ភាសន៍​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃនេះ​ថា​ លោក​មិន​ទាន់​មាន​ជំនឿ​ចិត្ត​ថា​ វៀតណាម​អាច​នឹង​ធ្វើ​តាម​សំណើ​របស់​កម្ពុជា​នៅ​ទ្បើ​យ​នោះ​ទេ​។​ លោក​លើក​ទ្បើ​ង​ថា​ នា​ពេល​កន្លង​មក​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​ ស្នើ​ឱ្យ​វៀតណាម​បញ្ឈប់​ការ​រំលោភ​បំពាន​មក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ​ ប៉ុន្តែ​ជា​លទ្ធផល​វៀតណាម​ នៅ​តែ​មិន​គោរព​តាម​សំណើ​របស់​រដ្ឋាភិបាល​ដដែល​។​

​លោក​បណ្ឌិត​ មាស​ នី​ បន្ត​ថា​នេះ​ជា​កំណត់​ការទូត​លើក​ទី​០២​ ហើយ​ ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ស្នើ​ឱ្យ​វៀតណាម​ប​ឈ្ឈប់​ការ​រំលោភ​បំពាន​មក​លើ​ប្រទេស​កម្ពុជា​។​ ត្រង់​ចំនុច​នេះ​លោក​បាន​ចោទ​ជា​សំណួរ​ថា​តើ​ កំណត់​ការទូត​លើក​ទី​០២​ អាច​នឹង​ធ្វើ​ឱ្យ​វៀតណាម​គោរព​តាម​សំណើ​នេះ​ដែរ​ឬទេ​។​

​លោក​បណ្ឌិត​ មាស​ នី​៖​ «​នៅ​ពេល​នេះ​ជា​កំណត់​ការទូត​ទី​០២​ បាទ​ហើយ​យើង​រង់ចាំ​មើល​ទៀត​មើល​ថា​តើ​នៅ​ពេល​ដែល​កំណត់​ការទូត​ទី​០១​ វៀតណាម​គេ​មិន​ធ្វើ​តាម​ ហើយ​ឥលូវ​នេះ​ទី​០២​ទៀត​ថា​តើ​វៀតណាម​គេ​នឹង​ឆ្លើយ​តប​យ៉ាងម៉េច​ ឬ​ក៏​វៀតណាម​គេ​នៅ​តែ​ប្រកាន់​ជំហរ​ថា​គេ​មិន​ខ្វល់​ជាមួយ​យើង​ គេ​ចង់​ធ្វើ​អី​ក៏​ធ្វើ​ទៅ​អាហ្នឹង​ចាំ​មើល​ថា​តើ​កំណត់​ការទូត​របស់​កម្ពុជា​មាន​តម្លៃ​សំរាប់​វៀតណាម​ដែរ​ឬ​អត់​ នេះ​គឺជា​រឿង​ដែល​យើង​រង់ចាំ​មើល​»​។​

​លោក​ មាស​ នី​ ផ្ដល់​អនុសាសន៍​ថា​ដើម្បី​ទប់ស្កាត់​ការ​រំលោភ​បំពាន​ផ្សេងៗ​ ពី​បណ្តា​ប្រទេស​ជិតខាង​នោះ​ថ្នាក់ដឹកនាំ​ប្រទេស​ ត្រូវ​ពង្រឹង​វិស័យ​នយោបាយ​ និង​សេដ្ឋកិច្ច​ឱ្យ​បាន​រឹង​មាំ​ជា​មុន​សិន​ ជា​ពិសេស​អ្នកនយោបាយ​ត្រូវ​ផ្សះផ្សា​គ្នា​ទ្បើ​ង​វិញ​ មួយវិញទៀត​មិន​ត្រូវ​យក​ខ្មែរ​ជាស​ត្រូវ​គ្នា​ឯង​នោះ​ទេ​ ដែល​អាច​ធ្វើ​ឱ្យ​ខ្មែរ​ឈាន​ទៅ​រក​ការ​បែកបាក់​គ្នា​។​

​លោក​ មាស​ នី​ ៖«​ខ្ញុំ​គិត​ថា​សម្រាប់​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បច្ចុប្បន្ន​នេះ​ បើសិនជា​យើង​នៅ​តែ​មិន​ទាន់​បាន​ពង្រឹង​ខ្លួន​យើង​ឱ្យ​បាន​រឹង​មាំ​ទេ​ ហើយ​យើង​នៅ​តែ​ចំណាយពេល​ឈ្លោះ​គ្នា​ឯង​ ហើយ​រករឿង​តែ​គ្នា​ឯង​ដូច​សព្វ​ថ្ងៃនេះ​ទៀត​ខ្ញុំ​គិត​ថា​ទី​០១​ វា​ប៉ះពាល់​ទៅ​ដល់​សេដ្ឋកិច្ច​របស់​យើង​បើកាលណា​សេដ្ឋកិច្ច​ ហើយ​និង​នយោបាយ​របស់​យើង​វា​មិន​មាន​ភាព​ខ្លាំង​ទេ​នោះ​គឺ​ទោះបីជា​ យើង​ទៅ​ទាក់ទង​ប្រទេស​មហាអំណាច​ក៏​នៅ​តែ​ធ្វើ​ឱ្យ​ប្រទេស​យើង​ស្ថិត​នៅ​ភាព​ងាយ​រង​គ្រោះ​»​។​

​យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បក្ស​កុម្មុយនីស្ត​វៀតណាម​ កាលពី​ថ្ងៃ​ទី​ ១៩​ខែមីនា​ ឆ្នាំ​២០១៦​ នៅ​ទីក្រុង​ហូ​ជី​មី​ញ​  ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ស្នើ​សុំ​ប្រទេស​បារាំង​ផ្តល់​អ្នកជំនាញ​បច្ចេកទេស​ខាង​ផែនទី​មក​ចម្លង​ខ្សែ​ព្រំដែន​ពី​ផែនទី​បោ​ន​ ខ្នាត​ ១/១០០​ ០០០​ ទៅ​លើ​ផែនទី​ UTM​ ខ្នាត​១/​ ៥០​ ០០០​។​

​ចំណុច​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា​នេះ​ គឺ​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​ ៣០-៤០​ ស្ថិត​ក្នុង​ខេត្តរតនគិរី​ និង​នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​១៣៨-១៤៧​ ស្ថិត​ក្នុងភូមិ​ដូង​ខេត្តស្វាយរៀង​ ។​

​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ សង្ឃឹមថា​ គណៈកម្មការ​ចម្រុះ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ ដែល​គ្រោង​នឹង​ប្រជុំ​ចង្អៀត​ នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៦​ នៅ​ភ្នំពេញ​៕

>

Share

Image
Image
Image