en     km
en     km

លោក​ ខឹ​ម​ វាសនា​ ថា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ពលរដ្ឋ​វៀតណាម​បាន​បោះ​ឆ្នោត​គឺ​ការ​រៀបចំ​ដោយ​មាន​រចនាសម្ព័ន្ធ​

Share

​លោក​ ខឹ​ម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ បាន​ថ្លែង​ថា​ជា​ការ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ជា​ថ្មី​ទៀត​ ដែល​ករណី​កើតឡើង​ ដូច​ប៉ុ​ល​ពត​មេដឹកនាំ​ របប​កម្ពុជា​ប្រជាធិបតេយ្យ​ មិន​បាន​ដឹកនាំ​ពី​សុខទុក្ខ​ពលរដ្ឋ​រស់នៅ​តាម​ជនបទ​ ជា​ពិសេស​ ការ​សម្លាប់​រង្គាល​ ដែល​លោក​ថា​ថ្នាក់ដឹកនាំ​អតីត​របប​នេះ​ខ្លះ​ដូច​ជា​លោក​ សុ​ន​ សេន​ អតីតរដ្ឋមន្ត្រី​សន្តិសុខ​ជាតិ​ ជា​មនុស្ស​វៀតណាម​បង្កប់​។​

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។
លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ។

​ដោយ​ភ្ជាប់​ រឿង​នេះ​ លោក​ ខឹ​ម​ វាសនា​ ថា​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​ឱ្យ​ពលរដ្ឋ​វៀតណាម​ មាន​រៀបចំ​ជា​រចនាសម្ព័ន្ធ​នេះ​ ដែល​លោក​ថា​ សម្ដេច​ ហ៊ុន​ សែន​ មិន​បានដឹង​រឿង​នេះ​ទេ​ ហើយ​ជា​ល្បិច​មួយទៀត​របស់​ វៀតណាម​។​ តែ​ជាមួយ​គ្នា​នេះ​បក្ស​ប្រឆាំង​ CNRP​ នៅ​ថ្ងៃនេះ​ក៏​បាន​ប្រកាស​ទប់ស្កាត់​ ជនបរទេស​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ យ៉ាងណា​ក៏​ដោយ​ ទាំង​មន្ត្រី​បក្ស​កាន់​អំណាច​ ចាត់​ទុក​ការ​អះអាង​របស់​ លោក​ ខឹ​ម​ វាសនា​ ថា​ជា​ការ​បំភ័ន្ត​ប្រជាជន​ ខណៈ​ស្វាគមន៍​ផែនការ​របស់​CNRP​។​ កញ្ញា​ ឆេង ណាតា​ ជូន​សេចក្ដីរាយការណ៍​លម្អិត​៖

អានដោយកញ្ញា ឆេង ណា៖ ស្តាប់សំឡេង៖

 

​ការ​បោះ​ឆ្នោត​ ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ដិ​ទៅ​នៅ​សល់​ជិត​ ១​មួយ​ឆ្នាំ​ទៀត​ ហើយ​ការ​បោះ​ឆ្នោត​សភា​អណ​ត្ដិ​ទី​៦​ ក៏​ជិត​មក​ដល់​ដែរ​ មេ​បក្សនយោបាយ​ជា​ច្រើន​ ចាប់ផ្ដើម​វោហា​សាស្ដ្រ​ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ ដែល​ក្នុង​នោះ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​លោក​ ខឹ​ម​ វាសនា​ អតីត​អ្នកតំណាង​រាស្ដ្រ​គណបក្ស​ សម​ រង្សី​ បាន​ចុះ​ធ្វើ​វេទិកា​ជា​ច្រើន​ រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ​ ។​

​ក្នុង​វេទិកា​នីមួយៗ​លោក​ ខឹ​ម​ វាសនា​ ប្រើប្រាស់​វោហារសាស្ត្រ​របស់​លោក​ ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ប៉ុន្ដែ​ យូៗ​ម្ដង​ លោក​វាយប្រហារ​ប្រមុខ​ដឹកនាំ​គណបក្សកាន់អំណាច​ គឺ​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​។​ នៅ​ក្នុង​វេទិកា​ជួបជុំ​សមាជិក​ និង​អ្នកគាំទ្រ​គណបក្ស​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រៃ​ពក​ ឃុំ​ដងទង់​ ស្រុក​ដងទង់​ ខេត្តកំពត​ កាលពី​ថ្ងៃ​សៅរ៍​ ទី​១៣​ខែសីហា​ ឆ្នាំ​២០១៦​ ប្រធាន​គណបក្ស​ដែល​មជ្ឈដ្ឋាន​ខ្លះ​ដាក់​រហស្សនាម​ថា​ អ្នកនយោបាយ​រិះគន់​ឥត​សំចៃ​ បាន​លើក​ឡើង​ពី​ល្បិច​វៀតណាម​ ចូល​ពាក់ព័ន្ធ​ និង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​អតីត​នាយក​រដ្ឋមន្ដ្រី​ ប៉ុ​ល​ ពត​ ហើយ​ ធ្វើ​ឲ្យ​ខ្មែរ​ក្នុង​របប​នោះ​មិន​ទុកចិត្ដ​គ្នា​ ឈាន​ដល់​ការ​សម្លាប់​រង្គាល​។ លោក​ថា​ការ​ជ្រៀតជ្រែក​ពី​ប្រទេស​ជិតខាង​មួយ​នេះ​ កើត​មាន​ដល់​បច្ចុប្បន្ន​នេះ​ទៀត​។​

​លោក​ លើក​ឡើង​ថា​ពលរដ្ឋ​វៀតណាម​ ដែល​ទទួល​បាន​អត្ដសញ្ញាណប័ណ្ណ​ខ្មែរ​ គឺជា​ផែនការ​នៃ​រចនាសម្ព័ន្ធ​មួយ​ដែល​លោក​ថា​ ជា​ល្បិច​វៀតណាម​។​

​លោក​ ខឹ​ម​ វាសនា​ បាន​ថ្លែង​ដូចនេះ​ថា​៖«​ទី​១.​អា​បរទេស​វា​នៅ​ក្នុង​ហ្នឹង​ វា​ប្រែកាឡា​ ណា​ប្អូន​ដែល​ខ្ញុំ​ហៅ​ថា​ល្បិច​ អន្ទាក់​នុះ​ណា​ ប៉ិន​បើ​យើង​មើលទៅ​ឃើញ​ហើយ​។​ បងប្អូន​ឱ្យ​តែ​ស្រឹប​ហ្មង​ វា​មាន​រចនាសម្ព័ន្ធ​វា​ ឱ្យធ្វើ​អត្តសញ្ញាណប័ណ្ណ​ជនជាតិ​យួន​នៅ​ស្រុក​ខ្មែរ​ឱ្យ​អស់​។​ បងប្អូន​!​ ដល់​ពេល​គ​.​ជ​.​ប​ គេ​ធ្វើ​ច្បាប់​ឱ្យ​តែ​មាន​អត្តសញ្ញាណប័ណ្ណ​ ត្រង់​អត្តសញ្ញាណប័ណ្ណ​ធ្វើ​ខុសច្បាប់​អី​គេ​អត់​ខ្វល់​ គេ​ថាឱ្យ​តែ​មាន​អត្តសញ្ញាណ​ឱ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ ឃើញ​ទេ​បងប្អូន​!​ កាលពីមុន​មាន​តែ​លិខិតបញ្ជាក់​អត្តសញ្ញាណ​អាច​បោះ​ឆ្នោត​បាន​ ដល់​ពេល​ឥលូវ​យើង​តវ៉ា​ថា​មិន​ឱ្យ​ប្រើ​លិខិតបញ្ជាក់​អត្តសញ្ញាណ​ទេ​ ទាល់តែ​អត្តសញ្ញាណប័ណ្ណ​ហ្មង​ ក្រែងលោ​ថា​យួន​វា​ពិបាកធ្វើ​!​ ស្អែក​វា​ពិបាក​ហើយ​!!»​។​

​ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ជា​ធិ​ប​តេ​យ្យ​រូប​នេះ​ អះអាង​ថា​ ពលរដ្ឋ​ខ្មែរ​ខ្លះ​ត្រូវការ​លុយ​ ពិតជា​មិន​ ខ្វល់​ រឿង​នេះ​ទេ​ ដែល​ជា​ហេតុ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​វៀតណាម​ទាំងនោះ​ បាន​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ ហើយ​បាន​ ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​ លោក​ថា​ជា​ការ​ទទួល​ខុ​ត្រូវ​របស់​ក្រសួងមហាផ្ទៃ​។​

​លោក​ ខឹ​ម​ វាសនា​ ៖«​វា​ឱ្យ​រចនាសម្ព័ន្ធ​វា​ធ្វើ​ដល់​មូលដ្ឋាន​។​ ស្រឹបៗ​ៗ​ៗ​ ប៉ូ​លី​ស​ភូមិ​ ប៉ូ​លី​ស​ឃុំ​គេ​ធ្វើ​ ហើយ​ខ្មែរ​ខ្លះ​ចង់បាន​ស៊ីលុយ​គេ​ទៅ​មិនដឹង​ល្បិច​យួន​វា​ឱ្យធ្វើ​ យួន​វា​កាន់​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​ឡើង​អា​លីង​ពេញដៃ​ទាំងអស់​។​ ដល់​មក​ដល់​កន្លែង​ធុង​ឆ្នោត​វិញ​ គ​.​ជ​.​ប​ គេ​ថា​គេ​អត់​ដឹងផង​ ព្រោះ​ច្បាប់បោះឆ្នោត​អ​ញ្ចឹ​ង​ ឱ្យ​តែ​មាន​ឯកសារ​បញ្ជាក់​ថា​គឺជា​ជនជាតិ​ខ្មែរ​ដោយ​អត្តសញ្ញាណប័ណ្ណ​ហ្នឹង​»​។​

​លោក​ខឹ​ម​ វាសនា​ អះអាង​ថា​ ក្រសួងមហាផ្ទៃ​ ក៏​មាន​ជនជាតិ​វៀតណាម​ ធ្វើការ​នៅ​ក្នុង​ក្រសួង​នេះ​ដែរ​។​

​លោក​ ខឹ​ម​ វាសនា​ ៖«​ឥឡូវ​ចូល​មក​ដល់​សម្ដេច​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ យើង​ ខ្ញុំ​ថា​ទៀត​ហើយ​ណា​ យួន​វា​ប្រែ​រូប​ណា​បងប្អូន​ ហើយ​មិន​ប្រែ​រូប​ម៉េច​បើ​ស្រុក​គេ​ប្រែ​ហើយ​ហ្នឹង​ យក​ដី​គេ​ស្រស់ៗ​ម៉េច​បាន​ វា​ត្រូវ​ប្រែ​រូប​ លោក​ នាយក​រដ្ឋមន្ដ្រី​ ហ៊ុន​ សែន​ ហ្នឹង​គេ​បញ្ចើចបញ្ចើ​ទៅ​លក់​ពង​ទា​មាន់​ស្ងោ​អាំង​ អី​ឯណា​មិនដឹង​ស្អីៗ​គាត់​ចឹ​ង​ទៅ​ ។ការងារ​ទាំង​អស់គេ​អ្នក​ធ្វើ​ជា​ពិសេស​ប៉ូ​លី​ស​ ក្រសួងមហាផ្ទៃ​នេះ​ ម៉ែ​អា​យួន​ច្រើន​ គាត់​មាន​ដែរ​ដឹង​ឯណា​ខមាទោស​ និយាយ​ទៅ​ណា​ សឹងតែ​ថា​ច្បាប់បោះឆ្នោត​ច្បាប់​សញ្ជាតិ​ហ្នឹង​គាត់​មិន​មើល​ផង​ មិនដឹង​គេ​សរសេរ​យ៉ាងម៉េច​ផង​ គេ​យក​ទៅ​អនុម័ត​ក្នុង​រដ្ឋសភា​ នុង​ដូច​ ប៉ុ​ល​ ពត​ ទៀត​ហើយ​នោះ។​ ហើយ​ច្បាប់បោះឆ្នោត​ច្បាប់​ស្អី​ច្បាប់​ស្អី​ ហ្នឹង​គេ​បង្ហាញ​គាត់​ តែ​បន្ដិចៗ​ទេ​ ចំណែក​អា​ផ្សេងៗ​ដែល​ជា​ល្បិច​របស់​គេ​ នោះ​យួន​វា​នៅ​ក្នុង​នោះ​ធ្វើ​ វា​បញ្ជូន​ទៅ​កាន់​រដ្ឋសភា​អនុម័ត​អីហ្នឹង។​ សព្វថ្ងៃ​ច្បាប់​ គ​.​ជ​.​ប​ បងប្អូន​មើល​មើ​ ឲ្យ​តែ​មាន​អត្ដសញ្ញាណប័ណ្ណ​គឺថា​ អាច​បោះ​ឆ្នោត​បាន​ហើយ​ ហើយ​ថែម​ទាំង​បើ​មាន​ពី​ណា​ទៅ​រារាំង​បុគ្គល​ដែល​មាន​អត្ដសញ្ញាណប័ណ្ណ​ ទោះបី​បុគ្គល​នោះ​មិន​ចេះ​និយាយ​ខ្មែរ​ក៏​ដោយ​ ជាប់គុក​ទៀត​ណា​ ផាកពិន័យ​មានទោស​ទៀត​ណា​ ហើយ​លោកនាយក​រដ្ឋមន្ដ្រី​គាត់​លក់​ពងមាន់​អាំង​អី​អ​ញ្ចឹ​ង​ទៅ​ មាន​ដឹង​អី​ ទៅ​កន្លែង​ណា​គេ​លាង​ថ្នល់​ អា​ច្បាប់​អី​អ​ញ្ចឹ​ង​គាត់​មាន​ដឹង​អី​»​។​

​មាន​ប្រសាសន៍​ឆ្លើយ​តប​ និង​ការ​ថ្លែង​របស់​លោក​ ខឹ​ម​ វាសនា​ ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ លោក​ ខៀវ​ សុភ័គ​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​មាន​ប្រសាសន៍​ថា​ លោក​ ខឹ​ម​ វាសនា​ គួរតែ​ដឹងគុណ​ថ្ងៃ​រំដោះជាតិ​ឲ្យ​រួច​ផុត​ពី​របប​ប្រល័យពូជសាសន៍​ថ្ងៃ​ ៧​មក​រា​។​ លោក​ថា​ប្រសិនជា​គ្មាន​ថ្ងៃនេះ​ទេ​ លោក​ ខឹ​ម​ វាសនា​ ក៏​មិន​អាច​មក​ឈរ​និយាយ​ស្ដី​បាន​ដូច្នេះ​ដែរ​។​ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បន្ដ​ថា​ការ​ថ្លែង​របស់​ លោក​ ខឹ​ម​ វាសនា​ ដែល​ថា​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ដោយ​អនុញ្ញាត​ ឲ្យ​ជនបរទេស​មាន​អត្ដសញ្ញាណប័ណ្ណ​ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពេល​ខាង​មុខ​ ជា​ការ​រៀបចំ​របស់​បរទេស​ដាក់​មក​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​ លោក​ប្រាប់​លោក​ ខឹ​ម​ វាសនា​ ឱ្យ​បង្ហាញ​ភស្ដុ​តាង​។​

​លោក​ ខៀវ​ សុភ័គ​៖«​ខ្ញុំ​គិត​ថា​ នេះ​គឺជា​ការ​ថ្លែង​ដោយ​ល្មើស​ទៅ​នឹង​សិទ្ធិ​ នៃ​ការ​បញ្ចេញមតិ​ហើយ​ ហើយ​សុំ​ឲ្យ​លោក​ ខឹ​ម​ វាសនា​ ខ្លួនឯង​បង្ហាញ​នូវ​ភស្ដុ​តាង​កន្លែង​ណា​ ដែល​ថា​មានការ​ណែនាំ​ពី​ខាងក្រៅ​ប្រទេស​មក​រាជរដ្ឋាភិបាល​ សូម​ផ្ដល់​ភស្តុ​តាង​ពិតប្រាកដ​កុំ​និយាយ​ឲ្យ​តែ​ឮ​»​។​

​សម្រាប់​លោក​ សុខ​ ឥ​សាន្ដ​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​មាន​ប្រសាសន៍​ថា​ ការ​លើក​ឡើង​របស់​លោក​ ខឹ​ម​ វាសនា​ ត្រឹម​ជា​ការ​ស្រមើស្រមៃ​ប៉ុណ្ណោះ​ ដែល​ជា​ការ​និយាយ​គ្មាន​ភស្ដុ​តាង​ គ្មាន​សំអាង​អ្វី​យក​មក​បញ្ជាក់​ ឲ្យ​ជាក់លាក់​នោះ​ទេ​។​ លោក​បញ្ជាក់​ថា​ រាល់​ការ​ចេញ​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គឺជា​សមត្ថកិច្ច​របស់​ក្រសួងមហាផ្ទៃ​និង​មានច្បាប់​ ត្រឹមត្រូវ​។​

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។
អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ត​។

​លោក​ សុខ​ ឥ​សាន្ដ​៖«​ខ្ញុំ​យល់​ថា​ ការ​និយាយ​របស់​គាត់​ហ្នឹង​គឺជា​ការ​យល់​ឃើញ​ជា​លក្ខណៈ​បុគ្គល​របស់​គាត់​ទេ​ គឺ​មិន​មាន​ភស្ដុ​តាង​ និង​ ហេតុផល​ណា​ច្បាស់លាស់​ទេ​ អ​ញ្ចឹ​ង​ការ​និយាយ​របស់​គាត់​កន្លង​ទៅ​មាន​ប្រជាជន​ណា​ យកចិត្ដទុកដាក់​ការ​និយាយ​របស់​គាត់​ អ​ញ្ចឹ​ង​ការ​និយាយ​នេះ​ទុកជា​ការ​ទទួលខុសត្រូវ​របស់​គាត់​ទៅ​»​។​

​ទាក់ទិន​និង​ជនបរទេស​កាន់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ហើយមាន​សិទ្ធិ​បោះ​ឆ្នោត​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចេញ​យុទ្ធសាស្ត្រ​ទប់ស្កាត់​ ៖

១.​ក្រុម​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ស្នើ​ទៅ​ក្រសួងយុត្ដិធម៌​ ឱ្យ​ផ្ដល់​នូវ​បញ្ជី​ឈ្មោះ​ជនបរទេស​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ តាម​រយៈ​សញ្ជាតិ​តូប​នី​យ​កម្ម​ ត្រឹមត្រូវ​តាម​ច្បាប់​។​

២.​គណបក្ស​ នឹង​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ ដើម្បី​ស្រាវជ្រាវ​និង​ចាត់វិធានការ​ចំពោះ​ការ​ ផ្ដល់​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដោយ​ខុស​នីតិវិធី​ច្បាប់​។​ គណបក្សប្រឆាំង​នេះ​ នឹង​ចូលរួម​សហការ​ជាមួយនឹង​ក្រសួងមហាផ្ទៃ​ ក្នុង​ការ​ផ្ដល់​ឈ្មោះ​ជនបរទេស​ដែល​ទទួល​បាន​ អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដោយ​ខុសច្បាប់​។​

៣.​គណបក្សប្រឆាំង​ធំ​នេះ​ ឱ្យ​ដឹង​ថា​ នឹង​ពឹងពាក់​មេធាវី​ដើម្បី​រៀបចំ​ពាក្យបណ្ដឹង​ប្ដឹង​ជនបរទេស​ដែល​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដោយ​ខុសច្បាប់​ ទៅ​ចុះ​ឈ្មោះ​បោះ​ ឆ្នោត​ ទៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ និង​ទៅ​តុលាការ​ និង​

​ទី​៤.​ គណបក្ស​នេះ​ អះអាង​ថា​ នឹង​រៀបចំ​ភ្នាក់ងារ​សង្កេតការណ៍​តាម​ការិយាល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ដើម្បី​ពិនិត្យ​ឃ្លាំមើល​ ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ហើយ​និង​ប្ដឹង​ជំទាស់​ ប្ដឹង​តវ៉ា​ នូវ​ភាព​មិន​ប្រក្រតី​ទាំងឡាយ​ រួម​ទាំង​ជនបរទេស​ដែល​ប្រើប្រាស់​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ខុសច្បាប់​ យក​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​។​

​ឆ្លើយ​តប​និង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្សប្រឆាំង​ធំ​ជាងគេ​នៅ​កម្ពុជា​នេះ​ដែរ​ លោក​ ខៀវ​ សុភ័គ​ បង្ហាញ​ក្ដី​ស្វាគមន៍​ លោក​ថា​នេះ​ជា​ការ​ប្រសើរ​មួយ​ដែល​ជា​ការ​ជួយ​គ្នា​ ដើម្បី​ភាព​ច្បាស់លាស់​ ប៉ុន្ដែ​លោក​ថា​ ប្រសិនជា​មានការ​ចុះ​អង្កេត​ការណ៍​ទាំង​ដំណើរការ​ចុះ​ឈ្នោះ​ និង​បោះ​ឆ្នោត​ហើយ​ នៅ​ពេល​ដែល​ចេញ​លទ្ធផល​គណបក្ស​សង្គ្រោះ​បដិសេធ​ប្រកែក​មិន​ទទួលលទ្ធផល​បោះ​ឆ្នោត​ទៀត​ គណបក្ស​នេះ​នឹង​ត្រូវ​តែ​ប្រឈម​ចំពោះ​មុខ​ច្បាប់​។​

​លោក​ ខៀវ​ សុភ័គ​៖«​អបអរសាទរ​ត្រង់​ចំណុច​ហ្នឹង​ យើង​មើល​ទាំងអស់​គ្នា​តាំងពី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ យើង​មើល​តាំងពី​ដើម​ទី​ឲ្យ​ហើយ​ ហើយ​កុំ​យក​លេស​ថា​ ចូលរួម​បោះ​ឆ្នោត​តែ​មិន​ទទួលយក​លទ្ធផល​ កុំ​ដូច​ឆ្នាំ​ ២០១៣​ ទៀត​ !​ »​។​

​តែ​យ៉ាងនេះ​ក្ដី​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​រីករាយ​ដែល​ក្រសួងមហាផ្ទៃ​បើកចំហ​ដូចនេះ​។​ លោក​បន្ដ​ទៀត​ថា​ ប្រសិនជា​ដំណើរការ​នៃ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ ការ​បោះ​ឆ្នោត​ប្រកបដោយ​ សេរី​ យុ​ត្ដិ​ធ​ម៍​ និង​ ត្រឹមត្រូវ​ នោះ​មិន​ថា​គណបក្ស​ណា​ទេ​ក៏​នឹង​ទទួលយក​លទ្ធផល​នោះ​ដែរ​។​

​តែ​លោក​បញ្ជាក់​ថា​ ចំពោះ​បញ្ហា​ដែល​កើត​មាន​កន្លង​មក​គឺ​ដោយសារ​កើត​បញ្ហា​ហើយ​មិន​ព្រម​ដោះស្រាយ​ ហើយ​នៅ​ពេល​នេះ​ប្រសិនជា​បានឃើញ​បញ្ហា​ហើយ​ រួម​គ្នា​ដោះស្រាយ​ឲ្យ​ចប់​មុន​ការ​បោះ​ឆ្នោត​ នោះ​ក្រោយ​ពេល​ចេញ​លទ្ធផល​យើង​នឹង​ទទួលស្គាល់​។​

​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។
​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​។

លោក​ យឹ​ម​ សុវណ្ណ​៖«​ធម្មតា​ទេ​ការ​បោះ​ឆ្នោត​តែ​ចេញ​លទ្ធផល​មក​ហើយ​ការ​បោះ​ឆ្នោត​នោះ​ ប្រកបដោយ​ សេរី​ និង​យុ​ត្ដិ​ធ​ម៍​យើង​ដោះស្រាយ​បញ្ហា​ចម្រូងចម្រាស់​ទាំង​ប៉ុន្មាន​ដែល​មាន​ នៅ​មុន​ការ​បោះ​ឆ្នោត​គឺ​វា​ចប់​ហើយ​ គឺ​វា​គ្មាន​អ្វី​ដែល​មាន​បញ្ហា​ទៀត​ទេ​ កន្លង​មក​គឺ​មក​ពី​អត់​ដោះស្រាយ​ ប៉ុន្ដែ​ឥឡូវ​បើ​យើង​ឃើញ​មាន​បញ្ហា​យើង​រួម​គ្នា​ដោះស្រាយ​ កាលណា​ដោះស្រាយ​ចប់​ តែ​លទ្ធផល​ចេញ​មក​យ៉ាងម៉េច​យើង​ទទួលស្គាល់​ ទាំងអស់​គ្នា​ តែ​ប្រសិនជា​មិន​ដោះស្រាយ​ទុក​ឲ្យ​បញ្ហា​នៅ​តែ​បន្ដ​ហ្នឹង​បញ្ហា​នៅ​តែ​បន្ដ​ទៀត​ហើយ​បាទ​»​។​

​ប៉ុន្ដែ​អ្នកនាំពាក្យ​គណបក្សកាន់អំណាច​លោក​ សុខ​ ឥ​សាន្ដ​ ដែល​ផ្ដល់​បទ​សម្ភាសន៍​មក​កាន់​វិទ្យុ​ស្ដ្រី​ មាន​ប្រសាសន៍​ថា​ លោក​មិន​គាំទ្រ​ការ​ទាមទា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ជុំវិញ​បំណង​ចង់​ដាក់​អ្នក​សង្កេតការណ៍​តាម​មណ្ឌល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​ បោះ​ឆ្នោត​នោះ​ទេ​ ។​

​លោក​ សុខ​ ឥ​សាន្ដ៖​«​យើង​មិន​ស្វាគមន៍​ទេ​យើង​ស្វាគមន៍​តែ​អ្វី​ដែល​ជា​នីតិវិធី​ និង​បទបញ្ជា​របស់​គ​.​ជ​.​ប​ ដែល​មាន​លក្ខណៈ​ស្មើភាព​គ្នា​ចំពោះ​គណបក្ស​នយោបាយ​នានា​ដែល​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​»​។​

​ចំណែក​លោក​ សូ​ ច​ន្ថា​ សាស្ដ្រាចារ្យ​វិទ្យាសាស្ដ្រ​នយោបាយ​មាន​ប្រសាសន៍​ថា​ ប្រសិនជា​មាន​ជនបរទេស​ដែល​មក​រស់នៅ​កម្ពុជា​ហើយ​បាន​ទទួល​ព្រះ​រាជ្យ​ក្រឹត្យ​ពី​ព្រះមហាក្សត្រ​ដែល​បញ្ជាក់​ថា​ ជន​នោះ​បាន​ចូល​ជា​សញ្ជាតិ​ខ្មែរ​ ហើយ​ជន​នោះ​គឺ​មាន​សិទ្ធិ​គ្រប់គ្រាន់​ដូច​ពលរដ្ឋ​ខ្មែរ​ដែរ​ក្នុង​ការ​បោះ​ឆ្នោត​ស្រប​ទៅ​តាម​ច្បាប់​។​ ប៉ុន្ដែ​លោក​ថា​ ប្រសិនជា​ជនបរទេស​ មិន​ទាន់​ទទួល​បាន​ព្រះ​រាជ្យ​ក្រឹត្យ​ពី​ព្រះមហាក្សត្រ​ចូលសញ្ជាតិ​ខ្មែរ​ទេ​។ តែ​បែរជា​មាន​អត្ដសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ហើយ​អាច​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។ ទាំងនេះ​គឺ​ជា​ការ​ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ ​​ព្រោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋធម្មនុញ្ញ​ធ្ងន់ធ្ងរ​ ដែល​ចែង​អំពី​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស​។​

​លោក​ សូ​ ច​ន្ថា​៖«​ខ្ញុំ​ថា​វា​ប៉ះពាល់​ខ្លាំង​ណាស់​ទី​មួយ​រដ្ឋធម្មនុញ្ញ​ បាន​ចែង​យ៉ាង​ច្បាស់​ ថា​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស​ ជា​ម្ចាស់​ទឹក​ ម្ចាស់​ដី​ ជា​ម្ចាស់​វាសនា​របស់​ប្រទេស​កម្ពុជា​ អ​ញ្ចឹ​ង​មាន​តែ​ពលរដ្ឋ​ខ្មែរ​ដែល​មាន​សញ្ជាតិ​ខ្មែរ​ទេ​ ដែល​អាច​សម្រេច​វាសនា​ក្នុង​ជ្រើសរើស​មេដឹកនាំ​បាន​ ប៉ុន្ដែ​បើ​ឲ្យ​ជនបរទេស​ដែល​មិន​ទាន់​ទទួល​បាន​សញ្ជាតិ​ហើយ​ធ្វើការ​សម្រេច​ដែរ​នោះ​ នេះ​គឺជា​ជ្រៀតជ្រែក​មួយ​ហើយ​»​។​

​ជនបរទេស​ដែល​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ គេ​សង្កេត​ឃើញ​មាន​ច្រើន​ជាតិ​សាសន៍​ ប៉ុន្ដែ​ជនជាតិ​វៀតណាម​ ឬ​គេ​ហៅ​ថា​ ជនអន្ដោប្រវេសន៍​ មាន​ចំនួន​ច្រើន​ជាងគេ​ ដែល​បក្ស​ប្រឆាំង​អះអាង​ក្រៅផ្លូវការ​ថា​ អាច​មាន​ជាង​១​លាន​នាក់​ តែ​រដ្ឋាភិបាល​អះអាង​ថា​ មាន​ជាង​១០​ម៉ឺន​នាក់​ ៕

Share

Image
Image
Image